Saturday, January 22, 2011

រដ្ឋាភិបាល​យល់​​ព្រម​កែ​សម្រួល​ចំណុច​ខ្លះ​នៃ​ច្បាប់​​គ្រប់គ្រង​អង្គការ

រដ្ឋាភិបាល​យល់​​ព្រម​កែ​សម្រួល​ចំណុច​ខ្លះ​នៃ​ច្បាប់​​គ្រប់គ្រង​អង្គការ

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​បាន​ជួប​​​ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២១ ខែ​មករា​នេះ ដើម្បី​ពិភាក្សា​​គ្នា​អំពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តាក់តែង​ដោយ​រដ្ឋាភិបាល​កម្ពុជា តែ​ត្រូវ​បាន​​​អង្គការ​មិនមែន​រដ្ឋាភិបាល​រិះគន់​ថា រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​បាន​ព្យាយាម​​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​ចំណុច​​ទាំងនោះ​វិញ។

លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធ​កម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ មាន​ប្រសាសន៍​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ជា​អ្នក​តាក់តែង​ច្បាប់​នេះ បាន​យល់​ព្រម​​កែ​សម្រួល​ចំណុច​ខ្លះ​តាម​ការ​តវ៉ា​របស់​មន្ត្រី​អង្គការ​​ ក្រៅ​រដ្ឋាភិបាល​​​មួយ​ចំនួន​ហើយ។

លោក សុក សំអឿន មាន​ប្រសាសន៍​ទៀត​ថា ៖ «និយាយ​រួម​ទៅ​ខាង​រដ្ឋាភិបាល​គេ​លើក​យក​ចំណុច​ដែល​អង្គការ​សមាគម​បាន​ស្នើ​ ឡើង​នៅ​ថ្ងៃ​១០ (មករា) មក​ជជែក​គ្នា​ម្ដង​មួយៗ។ មាន​ចំណុច​ច្រើន​ដែល​យើង​ព្រមព្រៀង​គ្នា»។

រដ្ឋាភិបាល​បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ ដែល​មាន ៥៨​មាត្រា និង ១១​ជំពូក។ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​មិន​មែន​អង្គការ​រដ្ឋាភិបាល​បាន​តវ៉ា​ថា មាន​ចំណុច​ជា​ច្រើន​​ដែល​បាន​ចែង​ក្នុង​សេចក្ដី​ព្រាង​​នោះ​ដូច​ជា​រឹតត្បិត ​​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​​ជ្រុល​ពេក ដូច​ជា​ការ​ដាក់​កំហិត​​ នៃ​ការ​ចុះបញ្ជី រួម​ទាំង​​តម្រូវ​ឲ្យ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អង្គការ​ជាដើម ដោយ​ក្រុម​មន្ត្រី​​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា សេចក្ដី​ព្រាង​នេះ​ជា​ការ​រើស​អើង​ដល់​ក្រុម​ឯកជន​ដែល​មិន​មែន​​អង្គការ​ ក្រៅ​រដ្ឋាភិបាល ដូចជា​អ្នក​ផ្ទុក​មេរោគ​អេដស៍ អ្នក​គាំទ្រ​កីឡា និង​សាសនា​ជាដើម ហើយ​ក្រុម​មន្ត្រី​​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ក៏​បាន​ព្យាយាម​សុំ​ឲ្យ​ រដ្ឋាភិបាល​កែ​សម្រួល​ចំណុច​ទាំង​នោះ​ជា​បន្ត​បន្ទាប់។

ចំណែក​ភាគី​រដ្ឋាភិបាល​វិញ​បាន​អះអាង​ថា ការ​រៀបចំ​ច្បាប់​នេះ​ឡើង គឺ​ក្នុង​បំណង​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ឲ្យ​បាន​ពេញលេញ ព្រោះ​ថា មាន​អង្គការ​មួយ​ចំនួន​​មិន​គោរព​ច្បាប់ ហើយ​បាន​បង្ក​អនាធិបតេយ្យ​​​​ក្នុង​សង្គម​ខ្មែរ ដែល​តម្រូវ​ឲ្យ​ក្រសួង​ត្រូវ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ងាយ​ស្រួល​ចាត់​វិធានការ​តាម​ច្បាប់។

លោក សុក សំអឿន មាន​ប្រសាសន៍​ថា ការ​តវ៉ា​លើក​នេះ​របស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ភាគី​រដ្ឋាភិបាល​ហាក់​ដូចជា​បន្ទន់​ជំហរ​ច្រើន​ជាង​មុន ៖ «កន្លង​​មក​យើង​​​ស្នើ​ច្រើន​ចំណុច ច្រើន​មាត្រា និយាយ​រួម​ទៅ​ណា ក៏​ប៉ុន្តែ​គ្រាន់​តែ​ពាក់ព័ន្ធ​សំខាន់​ត្រង់​ចំណុច​ចុះ​បញ្ជី យើង​ព្រឹក​មិញ (២១ មករា) អូ.ខេ (O.K) ហើយ ហើយ​ពាក់ព័ន្ធ​ក្រុម​ដែល​ជា​មិន​មែន​ជា​អង្គការ​សមាគម​អី​ហ្នឹង យើង​​បាន​ជជែក​គ្នា​ហើយ»។

យ៉ាង​ណា​ក្ដី លោក សុក សំអឿន បង្ហើប​ថា កិច្ច​ពិភាក្សា​នេះ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ហើយ​នៅ​មាន​ចំណុច​សំខាន់​​ជា​​ច្រើន​​ទៀត ដែល​នឹង​ត្រូវ​ជជែក​គ្នា​បន្ត​ទៅ​ទៀត ហើយ​មិន​ដឹង​ថា តើ​ភាគី​រដ្ឋាភិបាល​នឹង​យល់​ព្រម​​តាម​សំណើរ​របស់​មន្ត្រី​ក្រៅ​​​ រដ្ឋាភិបាល​ដែរ ឬ​យ៉ាង​នោះ​ទេ៕

http://www.rfa.org/khmer/indepth/ngo_draft_law-01212011064038.html


Welcome all comments on this blog

No comments:

Powered By Blogger