Sunday, January 23, 2011

កម្រងសំណួរ​ពាក់ព័ន្ធ​នឹង​ផ្នែក​ព្រហ្មទណ្ឌ

​សំណួរដកស្រង់ពីសិក្ខាសាលាស្តីពីការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ​កាលពីថ្ងៃ ទី២៧ ខែ សីហា ឆ្នាំ ២០០៩ នៅសណ្ឋាគារ ណាហ្គាវើល
១. នៅ​ពេល​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រព្រឹត្ត​បទ​ ល្មើស​ដែល​កម្រិត​នៃ​ការផ្តន្ទាទោស​តិច​ជាង​១​ឆ្នាំ ដូច​ជា​បទ​ល្មើស​ប្រើ​ប្រាស់​គ្រឿង​ញៀន​បទ​ល្មើស​ទាក់​ទិន​នឹង​ល្បែង​ស៊ី​សង ​ជា​ដើម តំណាង​អយ្យការ​បាន​ប្រើ​ប្រាស់​នីតិ​វិធី​បង្ហាញ​ខ្លួន​ភ្លាម​តាម​មាត្រា​៤៧ និង មាត្រា០៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​ដោយ​បញ្ជូន​សំណុំ​រឿង​និង​ជន​សង្ស័យ​មក​តុលាការ​ដើម្បី​ធ្វើ​ការជំនុំ​ ជម្រះ​ និង​ចេញ​សាល​ក្រមផ្តន្ទា​ទោស​ភ្លាម​។ ប៉ុន្តែ​ តាម​មាត្រា​៤៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នីតិវិធី​នេះ អាច​ប្រើ​ប្រាស់​បាន​ក្នុង​ករណី​បទ​ល្មើស​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​ ធានាគារ​យ៉ាង​តិច ១​ឆ្នាំ និង​យ៉ាង​ច្រើន ៥​ឆ្នាំ។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​ចៅ​ក្រម​សម្រេច​សេចក្តី​ភ្លាម ក៏​ការផ្តន្ទាទោស​តិច​ជាង​មួយ​ឆ្នាំ ហើយ​តុលាការ​ពុំ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ ​ដែល​មាន​វត្តមាន​នា​ពេល​សវនាការ​តាម​មាត្រា ៣៥៣ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ដែរ​។ ក្នុង​ករណី​បែប​នេះ តើ​អយ្យការ និង​តុលាការ ​គួរ​ចាត់​ការ​យ៉ាង​ដូចម្តេច​ចំពោះ​ជន​ជាប់​ចោទ (ឃុំ​ខ្លួន​បាន​ឬ​ទេ?) ឬ​ក៏​ត្រួវ​ដោះ​លែង​ជន​សង្ស័យ ឬ​ជន​ជាប់​ចោទ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​?
០២- នៅ​ពេល​ដែល​ជន​ល្មើស​ជា​អញ្ញា​ត​ជន​ ចៅ​ក្រម​ស៊ើប​សួរ​ ត្រូវ​ចេញ​ដី​ការ​លើក​លែង​ចោទ​ប្រកាន់​តាម​មាត្រា ​២៤៧​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​។ ប៉ុន្តែ​នៅ​ក្នុង​សំណុំ​រឿង​ខ្លះ ​នៅ​មាន​សេស​សល់​វត្ថុ​តាង​នៃ​បទ​ល្មើស​ដែល​តុលា​ការ​ត្រូវ​សម្រេច។​ តាម​នីតិ​វិធី​ដែល​បាន​អនុវត្ត​មុន​ពេល​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ចូល​ជា​ ធរ​មាន​ តុលាការ​ត្រូវ​ចេញ​សាល​ក្រម​ដើម្បី​សម្រេច​ពី​វត្ថុ​តាង​។ តាម​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ថ្មី​តើ​តុលាការ​ចាំ​បាច់​ត្រូវ​ចេញ​សាល​ ក្រម​សម្រេច​ពី​វត្ថុ​តាង​ដែរ​ឬ​ទេ ​បើ​អញ្ញាត​ជន​ត្រូវ​បាន​លើក​លែង​សម្រេច​រឹប​អូស​វត្ថុ​តាង​នៅ​ក្នុង​ដី​ការ ​សម្រេច​ តើ​កា​រ​ចាត់​ចែង​វត្ថុ​តាង​(លក់​ឡាយ​ឡុង​) អាច​ធ្វើ​ទៅ​បាន​ដែរ​ឬ​ទេ ​ក្នុង​ករណី​អញ្ញាត​ជន​? ចំពោះ​ប្រភេទ​នៃ​បទ​ល្មើស​ខ្លះ​ដូច​ជា​ បទ​ល្មើស​ព្រៃ​ឈើ ​បទ​ល្មើស​នេសាទ​ ពេល​ខ្លះ​សមត្ថកិច្ច​ចាប់​បាន​វត្ថុ​តាង​ប្រព្រឹត្ត​បទ​ល្មើស ​តែ​ពុំ​អាច​រក​ឃើញ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ឡើយ​។ តាម​ការ​អនុវត្ត​ដែល​បាន​ធ្វើ​កន្លង​មក​ តំណាង​អយ្យ​ការ​ បាន​ធ្វើ​ការ​បញ្ចូន​រឿង​មក​ជំនុំជ​​ម្រះ​ផ្ទាល់​ ដើម្បី​ចៅ​ក្រម​សម្រេច​រឹប​អូស​វត្ថុ​តាង​តាម​សាល​ក្រម។​ តើតាម​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌថ្មី​ អយ្យការ​និង​តុលាការ​ អាច​ធ្វើ​ចំណាត់​ការ​បែប​នេះ​បាន​ដែរ​ឬទេ? បើ​ពុំ​អា​ច​ធ្វើ​បាន​ តើ​ត្រូវ​ធ្វើ​តាម​នីតិ​វិធី​បែប​ណា?​
០៣- ចំពោះ​បទ​ល្មើស​មជ្ឈឹម​ ជន​ត្រូវ​ចោទ​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ ​តើ​ចៅក្រម​ស៊ើប​សួរ​ ចាំ​បាច់​ត្រូវ​តែ​ចេញ​ដី​ការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​ឬ​ទេ​ មុន​ពេល​បញ្ចប់​នីតិ​វិធី​ស៊ើប​សួរ​ ប្រសិន​បើ​ពុំ​មាន​ភស្តុ​តាង​ណា​មួយ​បញ្ជាក់​ពី​ការ​គេច​វេស​ ឬ​រឹង​រូស​របស់​ជន​ត្រូវ​ចោទ​នោះ?​
០៤- ក្នុង​ករណី​ខ្លះ​ក្រោយ​ពី​ការ​ស៊ើប​សួរ​ចប់​សព្វ​គ្រប់​ ចៅ​ក្រម​ស៊ើប​សួរ​យល់​ឃើញ​ថា​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​ជន​ត្រូវ​ចោទ ​ពី​បទ​ល្មើស​ (មជ្ឈឹម​ឬ​ឧក្រិដ្ឋ​) ដែល​ចោទ​ប្រកាន់​ដោយ​តំណាង​អយ្យ​ការ​ទេ​ហើយ​ជន​ត្រូវ​ចោទ​ ពុំ​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅ​ក្រម​ស៊ើប​សួរ​ ដោយ​មូល​ហេតុ​ផ្លាស់​ទី​លំនៅ​(​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ពី​ការ​គេច​ខ្លួន​ )។ ប៉ុន្តែ​យោង​តាម​មាត្រា​ ២៤៦​ និង​មាត្រា​ ២៤៧​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ថ្មី ​នាំ​ឲ្យ​​មាន​ការ​បក​ស្រាយ​ថា​ ចៅ​ក្រម​ស៊ើប​សួរ​អាច​ចេញ​ដី​ការ​លើក​លែង​ចោទ​ ប្រកាន់​តាម​មាត្រា ​២៤៧ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​បាន​ លុះ​ត្រា​តែ​បាន​បញ្ជូន​សំណុំ​រឿង​ឲ្យ​ព្រះរាជ​អាជ្ញា​ពិនិត្យ ​និង​ធ្វើ​ដី​កា​សន្និ​ដ្ឋាន​ស្ថាពរ​តាម​មាត្រា​ ២៤៦​សិន​ ទើប​បាន​។ ក្នុង​ករណី​នេះ​ នៅ​ពេល​ដែល​ ចៅ​ក្រម​ស៊ើប​សួរ​បញ្ជូន​សំណុំ​រឿង​ទៅ​ព្រះរាជ​អាជ្ញា​ពិនិត្យ​ ប៉ុន្តែ​ចៅ​ក្រម​ស៊ើប​សួរ​យល់​ឃើញ​ថា​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​ជន​ ត្រូវ​ចោទ​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចេញ​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ពុំ​មាន​លក្ខណៈ​សម​ ហេតុ​ផល​ ។ ក្នុង​ករណី​ខាង​លើ ​តើ​ចៅ​ក្រម​ស៊ើប​សួរ​ ត្រូវ​តែ​ចេញ​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ឬ​យ៉ាង​ណា?​
០៥- ប្រសិនបើ​ចៅ​ក្រម​ស៊ើប​សួរ​ បាន​បញ្ជូន​ជន​ជាប់​ចោទ​ទៅ​ជំ​នុំ​ជំរះ​ ដោយ​ពុំ​មាន​សាវ​តា​ជាតិ​គ្រប់​គ្រាន់​ ហើយ​ចៅ​ក្រម​ជំនុំ​ជំរះ​ បាន​ចេញ​សាល​ក្រម​របៀប​ ចាត់​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​ស្វែង​រក​សាវ​តា​ជាតិ​តែ​​ចៅ​ក្រម​ស៊ើប​សួរ​ពុំ​ អាច​រក​ឃើញ ​តើ​ចៅ​ក្រម​ស៊ើប​សួរ​ត្រូវ​ធ្វើ​ដូច​ម្តេច?​ តើ​ចៅ​ក្រម​ស៊ើប​សួរ​ អាច​ចេញ​ដី​កា​លើក​លែង​ចោទ​ប្រកាន់​បាន​ដែរ​ឬទេ?​
០៦​-តើ​សាល​ក្រម​របៀប​ណា ​ដែល​អយ្យការ​អាច​ប្តឹង​ឧទ្ធរណ៍​បាន​ផ្អែក​តាម​មាត្រា​ ៣៨៥​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ?​
០៧- ក្នុង​នីតិ​វិធី​បង្ហាញ​ខ្លួន​ភ្លាម​ តើ​សា​ល​ក្រម​ត្រូវ​ធ្វើ​ដូច​ម្តេច​ និង​សរសេរ​បែប​ណា ​ក្នុង​ករណី​សំណុំ​រឿង​នេះ​សាំញ៉ាំ​?
If you want you to know more, please link: http://www.bakc.org.kh/km/law-questions/4-2010-05-19-02-32-55.html


Welcome all comments on this blog

No comments:

Powered By Blogger