តើអ្វីទៅជាបទបរិហារកេរ្តិ៍?
បរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ, ការសរសេរ,
ឬគំនូរដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសអ្នក ដទៃ។
ការបរិហារកេរ្តិ៍ក្លាយទៅជាបទល្មើសដែលអាចផ្តន្ទាទោសបាន
លុះត្រាណាតែការបរិហារកេរ្តិ៍ នោះធ្វើជាសាធារណៈ។ មានន័យថា
ការបរិហារកេរ្តិ៍ត្រូវបានធ្វើនៅទីកន្លែងសាធារណៈ ឬតាម មធ្យោ បាយណាមួយដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮឬឃើញសុះសាយជាសាធារណៈ
ដូចជា តាម កាសែត វិទ្យុ ទូរទស្សន៍ ឬអ៊ិនទែណែតជាដើម។
ពាក្យបរិហារកេរ្តិ៍នៅទីកន្លែងឯកជន មិនត្រូវបានផ្តន្ទា ទោសទេ។
ហេតុដូច្នេះហើយបានជាច្បាប់ខ្មែរមានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិនបទ បរិហារកេរ្តិ៍ជាឯកជនទេ។
តាមក្រមព្រហ្មទណ្ឌខ្មែរ បទបរិហារកេរ្តិ៍គឺជាបទល្មើសមជ្ឈិម
តែមិនមានទោសពន្ធនាគារទេ។
អ្នកដែលជាប់ទោសពីបទបរិហារកេរ្តិ៍នេះគ្រាន់តែត្រូវពិន័យជាប្រាក់ពី មួយសែន រៀលទៅដប់លានរៀល
និងត្រូវសងសំណងខូចខាតដល់ជនដែលត្រូវបរិហារកេរ្តិ៍ប៉ុណ្ណោះ។ មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា៖
គ្រប់ការអះអាងបំផ្លើស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នគឺជាការបរិហារកេរ្តិ៍។
ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល
បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយ ដូចតទៅ៖
១. តាមសំដី
ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២. តាមលិខិត ឬគំនូរ
ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬដាក់តាំងឲ្យសាធារណជនមើល។
៣. តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។
តើគ្រប់ការបរិហារកេរ្តិ៍សុទ្ទតែត្រូវបានផ្តន្ទាទោសទាំងអស់ដែរឬទេ?
ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន ដោយសាររដ្ឋធម្មនុញ្ញនិងច្បាប់ការពារសេរីភាពក្នុងការនិយាយ
ក្នុងការសរសេរ។
បទបញ្ញត្តិច្បាប់ស្តីពីបទបរិហារកេរ្តិ៍ ត្រូវថ្លឹង ថ្លែងសេរីភាព ក្នុងការ និយាយនិងសរសេរជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។
ដូច្នេះ ពាក្យខ្លះដែលចាត់ទុកថាបរិហារកេរ្តិ៍
អាចអនុគ្រោះពីការទទួលខុសត្រូវបានបើ ៖
១. ការនិយាយឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត
២ ការនិយាយឬការសរសេរនោះជាការពិត
៣. ការនិយាយឬការសរសេរនោះជាសេចក្តីថ្លែងមតិ។
តើអ្វីទៅដែលហៅថា”សុទ្ធចិត្ត”?
សុទ្ធចិត្ត តាមភាសាសាមញ្ញ គឺជាអ្វីដែលធ្វើឡើងដោយស្មោះសរគ្មានបង្កប់នូវគំនិតទុច្ចរិត។ ក្នុងន័យនៃច្បាប់បរិហារកេរ្តិ៍ សុទ្ធចិត្តមានន័យជាមូលដ្ឋានថាជនដែលត្រូវចោទថាបរិហារកេរ្តិ៍គេនោះ
បានបន្លឺពាក្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត
ដោយសារគាត់ចង់ឲ្យអ្នកដទៃទៀតដឹងពី រឿងអ្វីមួយ
តែគាត់មិននឹកស្មានថាពាក្យដែលបន្លឺនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត
ឬ គាត់គ្មានចេតនាចង់បំផ្លាញមនុស្សនោះទេ។
ច្បាប់ខ្មែរយើងមិនបានកំណត់ថាកត្តាអ្វីខ្លះដែលហៅថាសុទ្ធចិត្តនោះទេ។ ប៉ុន្តែ
តុលាការបារាំង បានកំណត់កត្តាបួនយ៉ាងដែលអាចយកមកពិចារណាថា
តើពាក្យសំដីមួយជាពាក្យដែលបន្លឺឡើង ដោយសុទ្ធចិត្ត ឬ អសុទ្ធចិត្ត
មានន័យថាចង់បំផ្លាញគេឬយ៉ាងណា។ កត្តាទាំងបួនយ៉ាងនោះគឺ ៖
១. ជនដែលជាប់ចោទពីបទបរិហារកេរ្តិ៍
គ្មានភាពជាសត្រូវជាមួយនឹងមនុស្សត្រូវរងការបរិហារកេរ្តិ៍។ នេះមានន័យថា ជនជាប់ចោទមិនមែននិយាយបរិហារកេរ្តិ៍មនុស្សម្នាក់ទៀតដោយសារតែខ្លួនស្អប់គាត់
ឬមានគំនុំជាមួយគាត់ពីមុនមនោះទេ។
២ ពាក្យសំដីដែលជនជាប់ចោទនិយាយ
ឬសរសេរនោះធ្វើឡើងក្នុងគោលដៅសមស្រប
ដូចជាក្នុងគោលដៅចង់ឲ្យសាធារណជនចាប់អារម្មណ៍នឹងបញ្ហាអ្វីមួយដែលសំខាន់ ដល់សុខុមាលភាពរបស់សហគមន៍
ឬ សង្គម ឬ ប្រទេស។
៣. ពាក្យសំដីដែលជនជាប់ចោទបាននិយាយ
ឬសរសេរនោះត្រូវបានគាត់អង្កេតម៉ត់ចត់ ជាមួយប្រភព ឬឯកសារនានា
គឺមិនមែននិយាយ ឬសរសេរតាមការនឹកស្រម័យ របស់ ខ្លួននោះឡើយ។ ឧទាហរណ៍
អ្នកកាសែតមុននឹងសរសេរអត្ថបទមួយ គាត់បាន ព្យាយាម រកប្រភពមួយចំនួនដើម្បីបញ្ជាក់លើព័ត៌មានរបស់គាត់។
ការពិត ទោះបីគេព្យាយាមរកប្រភពបានច្រើនមកបញ្ជាក់យ៉ាងណាក្តី ពេលខ្លះ
ព័ត៌មានដែលផ្សាយនោះនៅតែមិនពិតហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ ទោះជាយ៉ាង ណាក្តី ក្នុងករណីបែបនេះ
អ្នកកាសែតនោះនៅទទួលបានទទួលគុណប្រយោជន៍ ពីកត្តាមួយ នៃបណ្តាកត្តាសុទ្ធចិត្តដែរ។
៤. ពាក្យសំដីដែលជនជាប់ចោទបាននិយាយឬសរសេរនោះមានតុល្យភាពឬមានការថ្លឹងថ្លែង។ នេះមានន័យថា
គាត់មិនមើលតែមួយជ្រុងនៃព័ត៌មានទេ គាត់ត្រូវបង្ហាញគ្រប់ជ្រុង ជ្រោយ នៃព័ត៌មាន។ ឧទាហរណ៏
អ្នកកាសែតដែលរាយការណ៏ពីអំពើពុករលួយ នៃមន្ត្រីរាជការណា ម្នាក់ ត្រូវបង្ហាញពីព័ត៌មានដែលផ្តល់ឲ្យដោយមន្ត្រីនោះដែរដើម្បីឲ្យគាត់មានឳកាសបំភ្លឺពីករណីរបស់គាត់ដែរ។ ម្យ៉ាងវិញទៀត ការប្រើសំដីត្រូវឲ្យល្មម
គឺមិនត្រូវហក់ចូលក្នុងការសន្និដ្ឋានថាអ្នកនេះជាឧក្រិដ្ឋជន ឬ
ជាជនក្បត់ជាតិនោះទេ។
តើពាក្យពិតជាបទបរិហារកេរ្តិ៍ដែរឬទេ?
ជាចំណុចគោល អ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃជាការបរិហារកេរ្តិ៍។
តែច្បាប់អនុគ្រោះ ដល់អ្នកនិយាយការពិត
ទោះបីពាក្យដែលបន្លឺឡើងនោះធ្វើឲ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃក៏ដោយ។ មានន័យថាច្បាប់មិនផ្តន្ទាទោសអ្នកដែលនិយាយឬសរសេរការពិត នោះទេ។
តើការនិយាយឬសរសេរសំដែងមតិជាបទបរិហារកេរ្តិ៍ដែលត្រូវផ្តន្ទាទោសដែរឬទេ?
រដ្ឋធម្មនុញ្ញខ្មែរ មាត្រា ៤១ ធានាសេរីភាពក្នុងការសំដែងមតិ។ ដូច្នេះ
ច្បាប់ក៏មិនដាក់ទោស ចំពោះការថ្លែងមតិដែរ។ បើក្រឡេកមើលមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំពីបទបរិហារ កេរ្តិ៍សាធារណៈ
មាត្រានេះផ្តន្ទាទោសតែការថ្លែងពី ”អំពើ” គឺអ្វីដែលបានធ្វើ
ឬព្រឹត្តិការណ៏ណាមួយដែលបានកើតឡើង តែមិនបានផ្តន្ទាទោសការថ្លែងមតិទេ។
មានសំណួរចោទសួរថាអ្វីជា
“អំពើ” អ្វីជា ”មតិ”?
អំពើកើតឡើងដោយមនុស្សធ្វើ
និយាយរួមគឺជាព្រឹត្តិការណ៏កើតឡើងដោយស្នាដៃអ្នកណាមួយ (យើងមិននិយាយពីបាតុភូតធម្មជាតិនៅទីនេះទេ)។
ដូច្នេះ ព្រឹត្តិការណ៏ជាអ្វីដែលយើង អាច ផ្ទៀងផ្ទាត់បានថា វាពិតជាបានកើតឡើងមែន
ឬពិតជាមិនបានកើតឡើងទេ។
មតិមិនមែនជាព្រឹត្តិការណ៏ទេ។
មតិជាការយល់ឃើញរបស់មនុស្សម្នាក់លើបញ្ហាណាមួយឬលើព្រឹត្តិការណ៍ណា មួយ។
ដូច្នេះ គេមិនអាច ថាមតិមួយពិត ឬមិនពិតទេ
តែគេអាចនិយាយថា “មតិរបស់លោកអាច ទទួលយកបាន ឬមិនអាច ទទួល យក បាន”
“មតិរបស់លោកសមរម្យដែរ” ឬ “មតិរបស់លោកមិន សមរម្យទេ”។
ឧទាហរណ៍នៃ ”អំពើ” ៖
កាលពីខែមិនាព្រះរាជអាជ្ញានៃតុលាការខេត្តព្រះសីហនុបានទៅ អនុវត្តសាល ក្រមបណ្តេញអ្នកភូមិទឹកផុស។
ឧទាហរណ៍នៃ “មតិ” ៖
ការបណ្តេញអ្នកភូមិទឹកផុសចេញពីភូមិជាការមិនសមរម្យ ព្រោះគាត់បាន រស់នៅលើទឹកដីនេះយូរហើយ។
អំពើ៖ គេអាចផ្ទៀងផ្ទាត់បានថាការបណ្តេញចេញបានកើតឡើងពិតមែននៅកែវផុស ព្រោះគេអាច មើលតាមរបាយការណ៍សារពត៌មាន
ឬចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង។
មតិ ៖ នេះជាមតិរបស់មនុស្សម្នាក់ ថាការបណ្តេញចេញនេះមិនសមរម្យ។
មនុស្សខ្លះថាមិន សមរម្យ បើគិតទៅតាមការកាន់កាប់ដីយូរមកហើយ
រីឯមនុស្សខ្លះទៀតថាសមរម្យ បើយោងទៅតាមការសំរេចរបស់ សាលក្រមតុលាការ។
មនុស្សពីរនាក់អាចមើលរឿងតែមួយតែឃើញខុសគ្នា ទៅតាមការយល់ឃើញរបស់ខ្លួន។
តើអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន?
អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន លុះត្រាតែជននោះយល់ឃើញថា
កតិ្តយស របស់ខ្លួនត្រូវបានប៉ះពាល់។ ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ
ព្រះរាជអាជ្ញាមិន អាចផ្តើមបណ្តឹងនេះដោយឯកឯងបានទេ។
កងនគរបាលក៏មិនអាចប្តឹងអ្នកណាម្នាក់ ពីបទបរិហារកេរ្តិ៍ ជំនួស ឲ្យជនរងគ្រោះពីបទបរិហារកេរ្តិ៍បានដែរ។
បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរងគ្រោះ។
តើពេលណាកិត្តិយសរបស់អ្នកណាម្នាក់ត្រូវបានប៉ះពាល់?
កិត្តិយសត្រូវបានប៉ះពាល់នៅពេល ពាក្យសំដីដែលប្រើនោះធ្វើឲ្យជនរងគ្រោះនោះ ចុះថយ ឬបាត់បង់ការរាប់អានពីសង្គម
បាត់បង់ឳកាសការងារ ឳកាសសេដ្ឋកិច្ច។ល។ ឧទាហរណ៍ ការនិយាយថាហាងទំនិញមួយលក់របស់ក្លែងក្លាយ
ធ្វើឲ្យម្ចាស់ហាងនោះបាត់បង់នូវអតិថិជន របស់គេ។
ការនិយាយថាអ្នកណាម្នាក់ជាឧក្រិដ្ឋជន ជាមនុស្សពុករលួយ ធ្វើឲ្យជននោះបាត់បង់ ការរាប់អានពីអ្នកដទៃ ធ្វើឲ្យសង្គមស្អប់ខ្ពើម
ឬបាត់បង់ការងារ។
No comments:
Post a Comment