ដោយ តាំង សារ៉ាដា
2011-09-18
ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានរិះគន់ក្រមនីតិវិធីព្រហ្មទណ្ឌថ្មី ដែលចែងពីបទញុះញង់ថា កំពុងផ្ទុយទៅនឹងស្មារតីរដ្ឋ និងស្តង់ដារច្បាប់អន្តជាតិ។
មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានសម្ដែងការមិនពេញចិត្តចំពោះបទញុះញង់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌថ្មី ថាកំពុងអនុវត្តផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងប្រាស់ចាកពីឆន្ទៈនៃច្បាប់អន្តជាតិ។ ពួកគេព្រួយបារម្ភថា បទញុះញង់នេះអាចជាលទ្ធភាពថ្មីមួយរបស់រដ្ឋាភិបាល ក្នុងការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងអាចធ្វើឲ្យប៉ះទង្គិចដល់ដំណើរការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសកលនាពេលខាងមុខ។
នៅបន្ទាប់ពីសិក្ខាសាលាស្ដីអំពីការអនុវត្តច្បាប់ក្នុងក្រមព្រហ្មទណ្ឌថ្មី កាលពីថ្ងៃសុក្រ ទី១៦ ប្រធានអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុខ សំអឿន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រើប្រាស់ និងការចោទប្រកាន់ពីបទញុះញង់ទៅលើក្រុមសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងក្រុមសកម្មជននយោបាយនៅកម្ពុជា កំពុងមានលក្ខណៈវង្វេង ៖«បទញុះញង់នេះឲ្យនិយមន័យវាទូលំទូលាយពេក ដែលស្អីក៏ញុះញង់ដែរ។ ឥឡូវសូម្បីតែសកម្មជនពន្យល់ពីអត្ថន័យ ឬក៏ច្បាប់អីអ៊ីចឹងទៅ ក៏ចោទពីបទញុះញង់។ ហើយឥឡូវដល់ទៅតំណាងប្រជាពលរដ្ឋដែលគេរើសឲ្យទៅនិយាយតំណាងប្រជាពលរដ្ឋហ្នឹង វាទៅជាញុះញង់ដែរ ដល់អ៊ីចឹងទៅវាទៅជាវង្វេង។ បើតាមខ្ញុំមើល អាហ្នឹងវាមកពីនីតិវិធី ព្រោះតុលាការយើងឲ្យតែគេប្ដឹងហៅមកឃុំសិនចាប់សិន ដល់អ៊ីចឹងទៅធ្វើឲ្យប្រជាពលរដ្ឋខ្លាចប្រព័ន្ធតុលាការហ្នឹង។»
បទញុះញង់មានចែងក្នុងផ្នែកទី៣ នៃក្រមព្រហ្មទណ្ឌថ្មី ចាប់ពីមាត្រា៤៩៤ ដល់មាត្រា៤៩៨ មានចែងអំពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ញុះញង់ឲ្យមានការរើសអើង និងអំពើញុះញង់តាមផ្លូវសារព័ត៌មាន។ មាត្រា៤៩៤ ចែងថា ការប្រព្រឹត្តអំពើញុះញង់ធ្វើឡើងដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។ ការប្រព្រឹត្តដោយសំណេរ ឬគំនូរតាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល។ ម្យ៉ាងទៀត ប្រព្រឹត្តដោយមធ្យោបាយកាសែត វិទ្យុ ឬទូរទស្សន៍សម្រាប់សាធារណជន។
ចំណែកទោសនៃបទល្មើសទាំងនោះ គឺត្រូវជាប់ពន្ធនាគារពី ៦ខែ ដល់៣ឆ្នាំ ហើយពិន័យជាទឹកប្រាក់ពី ១លាន ដល់៦លានរៀល។
លោក សុខ អឿន បានមានប្រសាសន៍បន្តថា និយមន័យដែលចែងក្នុងបទញុះញង់នេះ មានលក្ខណៈមិនប្រាកដប្រជា ហើយរដ្ឋាភិបាលគួរស្នើឲ្យសភាធ្វើការកែប្រែនិយមន័យនៃមាត្រាទាំងនេះឡើងវិញ ៖ «បើនិយាយពីនិយមន័យវិញ លុះត្រាតែ ឧទាហរណ៍ ខ្ញុំញុះញង់នរណាម្នាក់ទៅសម្លាប់អ្នកណាម្នាក់ ខ្ញុំញុះញង់ឲ្យប្លន់ ខ្ញុំញុះញង់ឲ្យប្រើអំពើហិង្សា អាហ្នឹងបានហៅថាញុះញង់។ បើគ្រាន់ដូចថា ឲ្យយោបល់ប្រជាពលរដ្ឋ ឲ្យពន្យល់ពីច្បាប់ដល់ប្រជាពលរដ្ឋថាធ្វើអញ្ចេះវាស្របច្បាប់ ឬក៏យើងទាមទារអី ឬក៏យើងធ្វើញត្តិទៅរដ្ឋាភិបាល អាហ្នឹងគេមិនហៅថាញុះញង់ទេ។ សព្វថ្ងៃស្អីក៏ដោយសុទ្ធញុះញង់ដែរ។»
ទោះបីជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌថ្មីនេះ មានសារសំខាន់ណាស់ ដើម្បីរក្សាស្ថិរភាពនយោបាយនៅកម្ពុជា ៖ «កិច្ចការពារសណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដូច្នេះប្រទេសកម្ពុជាគឺយើងចាប់ផ្ដើមពង្រឹងស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក មិនឲ្យប៉ះពាល់រូបរាងកាយ និងកិត្តិយស។ អាហ្នឹងជាការចាប់ផ្ដើមនៃសណ្ដាប់ធ្នាប់ និងវិធានថ្មី នៃបរិបទការរស់នៅរបស់កម្ពុជា។ អាស្រ័យដូចហេតុនេះ អ្វីដែលជាការចោទប្រកាន់មិនច្បាស់លាស់ ខុសពីស្មារតីនៃសារវន្តច្បាប់ គ្រាន់តែជាការប្រើពាក្យ និងបន្ទរសំឡេងក្នុងផ្លូវនយោបាយ។»
កន្លងមក សកម្មជនគណបក្សនយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីជាច្រើន បានរងនូវការចោទប្រកាន់ពីបទញុះញង់ ដូចជាករណីបុគ្គលិករបស់អង្គការ Licadho លោក លៀង សុខជឿន លោក សេង គុណការ មន្ត្រីអង្គការស្បៀងអាហារពិភពលោក លោក សម រង្ស៊ី ប្រធានបក្សជំទាស់ លោក មឿង សុន ប្រធានអង្គការទ្រទ្រង់អរិយធម៌ខ្មែរ សកម្មជនគណបក្សសិទ្ធិមនុស្សពីររូបក្នុងខេត្តកំពង់ចាម គឺលោក ផាន ផា និង អុំ យាន និងបុគ្គលិករបស់អង្គការការពារសិទ្ធិមនុស្ស Adhoc ចំនួន៣នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តរតនគីរី ដែលអ្នកទាំងអស់កំពុងជាប់បណ្ដឹងពីបទញុះញង់។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីការដូ លោក អំ សំអាត បានមានប្រសាសន៍ថា បទញុះញង់កំពុងពេញនិយមក្នុងសង្គមខ្មែរ ដែលផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់អាជ្ញាធរ និងតុលាការ ដើម្បីរឹតត្បិតដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ៖ «ថ្មីៗហ្នឹង បើក្នុងតុលាការ យើងឃើញមានប្រាំករណីដែលទាក់ទងរឿងហ្នឹង ទាំងប្រជាពលរដ្ឋ ទាំងសង្គមស៊ីវិល ទាំងសង្គមនយោបាយអីផ្សេងៗ។ នេះយើងឃើញនៅតុលាការ ប៉ុន្តែជាទូទៅដូចសង្គមស៊ីវិលដែលគាត់ចុះទៅធ្វើការអី ហើយត្រូវគេរារាំងតែងត្រូវអាជ្ញាធរសរសេររបាយការណ៍ចោទប្រកាន់ពីបទញុះញង់។»
ចំណែកតំណាងរាស្ត្រចាស់វស្សាពីខាងគណបក្សកាន់អំណាច លោក ជៀម យាម បានទទួលស្គាល់ថា និយមន័យនៃបទញុះញង់គួរចែងឲ្យបានច្បាស់លាស់ជាងនេះ ដើម្បីកុំឲ្យមានការចោទប្រកាន់ដោយអយុត្តិធម៌ ៖ «ខ្ញុំសូមជម្រាបថា អាហ្នឹងចាំបាច់ណាស់ ដែលថ្ងៃក្រោយយើងត្រូវធ្វើយ៉ាងម៉េចធ្វើវិសោធនកម្មឲ្យបានច្បាស់លាស់ស្តីអំពីអត្ថន័យនៃបទញុះញង់នេះ ឲ្យបានច្បាស់លាស់។ ហើយយើងធ្វើការវិភាគឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងម៉េចឲ្យចៅក្រមស៊ើបអង្កេត ឬតុលាការយុត្តិធម៌ ក៏ដូចជាក្រុមនគរបាលយុត្តិធម៌ ដែលចុះធ្វើការស៊ើបអង្កេតហ្នឹង ឲ្យស្ដាប់ឲ្យបានច្បាស់លាស់ ហើយកុំឲ្យយកអាពាក្យហ្នឹងធ្វើការចោទប្រកាន់គេទាំងអយុត្តិធម៌។»
លោក Brad Adam នាយកប្រតិបត្តិសម្រាប់កិច្ចការតំបន់អាស៊ី ប្រចាំអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងតាមទូរស័ព្ទពីទីក្រុងឡុង្គ (London) ប្រទេសអង់គ្លេសថា បទញុះញង់ដែលចែងក្នុងក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា កំពុងធ្វើដំណើរផ្ទុយពីស្មារតីនៃច្បាប់អន្តរជាតិ និងគោលការណ៍ប្រជាធិបតេយ្យ ៖ «ការរិះគន់របស់ពលរដ្ឋទៅលើរដ្ឋាភិបាលមិនអាចចាត់ទុកថា ជាអំពើញុះញង់បានទេ ព្រោះនេះគ្រាន់តែសម្ដីខាងផ្នែកនយោបាយប៉ុណ្ណោះ។ រដ្ឋាភិបាលកម្ពុជាពិតជាប្រើប្រាស់បញ្ញត្តិច្បាប់នេះខុសទាំងស្រុងមកលើក្រុមអ្នករិះគន់ ហេតុដូច្នេះបានជារដ្ឋាភិបាលពេញចិត្តយកបទញុះញង់នេះមកចែងក្នុងច្បាប់។ នេះពិតជាច្បាប់ដែលគ្មានការចាំបាច់ និងគ្មានន័យអ្វីបន្តិចណាសោះ។ ច្បាប់នេះគួរចែងអំពីបទញុះញង់ឲ្យប្រើអំពើហិង្សាតែមួយគត់ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ ហើយត្រូវមាននិយមន័យឲ្យបានជាក់លាក់ជាទីបំផុត ដោយគ្មានការបន្លែបន្លំ។»
កម្ពុជាកន្លងមកបានប្រើប្រាស់បទបរិហារ និងផ្សាយព័ត៌មានមិនពិត ក្នុងក្រមព្រហ្មទណ្ឌសម័យអន្តរកាលយ៉ាងពេញនិយម ដើម្បីរឹតត្បិតក្រុមសកម្មជន ប៉ុន្តែបទបញ្ញត្តិទាំងនេះត្រូវបានលប់ចោលមិនដាក់បញ្ចូលក្នុងក្រមព្រហ្មទណ្ឌថ្មី ដោយសាររងនូវការរិះគន់ និងសម្ពាធជាច្រើនពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានដាក់បញ្ចូលបទញុះញង់ជំនួសដែលមានវិសាលភាព និងសមត្ថភាពដូចបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិតនោះដែរ។
ក្រុមអ្នកឃ្លាំមើលបានសម្ដែងការព្រួយបារម្ភចំពោះលទ្ធភាពរបស់អាជ្ញាធរ ឬតុលាការក្នុងការយកបទញុះញង់មកកៀបសង្កត់ដល់ក្រុមសកម្មជននយោបាយក្នុងរដូវបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ និងការបោះឆ្នោតសកលនាឆ្នាំ២០១៣។
ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គុល បញ្ញា មានប្រសាសន៍ថា ដំណើរការបោះឆ្នោតនាពេលខាងមុខ អាចញាំញីទៅដោយបទញុះញង់ ដែលអាចនាំឲ្យសិទ្ធិសេរីភាពរបស់ពលរដ្ឋរួមចង្អៀត និងពោពេញទៅដោយភាពអយុត្តិធម៌ ៖ «ព្រោះថាមុនពេលបោះឆ្នោតនេះ ក៏មានសកម្មភាពរបស់គណបក្សមួយចំនួនដែរ ដែលធ្វើសកម្មភាពជាបណ្ដើរៗ ហើយ។ ឥឡូវនេះមិនត្រឹមតែប្រធានគណបក្សទេ សូម្បីតំណាងសហគមន៍ដែលមានបញ្ហារឿងដីធ្លី ឬអ្នកសារព័ត៌មានអីហ្នឹង សុទ្ធតែកំពុងប្រឈមនឹងគេប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌថ្មីទាក់ទិននឹងបទញុះញង់ ហើយនិងជេរប្រមាថហ្នឹង ដើម្បីយកមកចោទប្រកាន់ ហើយនិងយកមកកាត់ទោស។ អាហ្នឹងដែលជាការព្រួយបារម្ភរបស់យើង។»
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា គណបក្សកាន់អំណាចគួរមានសេចក្ដីក្លាហាន និងស្មោះត្រង់ប្រកបដោយយុត្តិធម៌ ក្នុងការចូលរួមប្រកួតការបោះឆ្នោតនាពេលខាងមុខ ៖ «គណបក្សកាន់អំណាចបើចង់ប្រកួតគ្នាក្នុងការបោះឆ្នោត សូមកុំចងដៃចងជើងបក្សគេ។ វាមិនដែលប្រកួតគ្នាម្នាក់ចងដៃម្នាក់ចងជើង ហើយម្នាក់លាដៃលាជើងអ៊ីចឹងទេ។ អាការចាប់សកម្មជនហ្នឹង ដូចចងដៃចងជើងគណបក្សសិទ្ធិមនុស្ស ហើយបបួលគណបក្សសិទ្ធិមនុស្សប្រកួតគ្នាអ៊ីចឹង។ អ៊ីចឹងការបោះឆ្នោតនេះប្រសិនបើគណបក្សកាន់អំណាចនៅតែធ្វើអ៊ីចឹងទៀត វានឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ហើយ។ ម្យ៉ាងទៀតវាពិតប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។»
អ្នកវិភាគឯករាជ្យអំពីវិស័យច្បាប់ និងនីតិរដ្ឋនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា អាជ្ញាធរ ឬតុលាការគួរកុំភ័ន្តច្រឡំពាក្យណែនាំទៅជាពាក្យញុះញង់ក្នុងការចោទប្រកាន់ទៅលើក្រុមសកម្មជននោះ៕
.......................................................
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and informaton regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Welcome all comments on this blog
No comments:
Post a Comment