Tuesday, October 7, 2014

ច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅនៃ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម

ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
ចុះថ្ងៃទី​១៦ ខែកក្កដាឆ្នាំ២០១៤


ព្រះរាជក្រម
       យើង
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្រ្ដ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជា ករាជរដ្ឋបូរណសន្ដិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្រ្ដ ព្រះចៅក្រុងកម្ពុជាធិបតី

·         បានទ្រង់យល់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា
·         បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣
ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
·         បានទ្រង់យល់ព្រះរាជក្រមលេខ ​០២/នស/៩៥​ ចុះថ្ងៃទី២០​ ខែកក្ដដា​ ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃគណះរដ្ឋមន្រី្ដ
·         បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ១៩៩៨​ ប្រកាសឲ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
·         បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០០៧ ប្រកាសឲ្យប្រើ​ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
·         បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤​​ ចុះថ្ងៃទី​២៣​ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងយុត្ដិធម៍
·         បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា
ប្រកាសឲ្យប្រើ
ច្បាប់ស្ដីពីការរៀបចំ​និងការប្រព្រឹត្ដទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលរដ្ឋសភាបាន​អនុម័ត កាលពីថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង​ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ នាសម័យប្រជុំលើកទី ៥​ និតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របតាមនឹងរដ្ឋធម្មនុញក្នុងសេចក្ដីសម្រេចលេខ១៤៨/០០២/២០១៤ កបធ.ច ចុះថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៤ ហើយដែលមានសេចក្ដីទាំងស្រុងដូចតទៅ :



ច្បាប់
ស្ដីពី
ការរៀបចំ និងការប្រព្រឹត្ដទៅនៃ
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម









ជំពូកទី ១
បទប្បញ្ញិតទូទៅ
មាត្រា ១
          ច្បាប់នេះមានគោលដៅបង្កើត និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្ដទៅ​នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានា ករាជ្យនៃអំណាច តុលាការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ២
          ច្បាប់នេះ មានវិសាលភាពអនុវត្ដទៅលើចៅក្រម​និង ព្រះរាជអាជ្ញា ទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកកំណត់ផ្សេងពីនេះ
មាត្រា ៣
          វាក្យស័ព្ទបច្ចេកទេសដែលប្រើក្នុងច្បាប់នេះ មានន័យដូចខាងក្រោម
Ø  ចៅក្រម សំដៅដល់ចៅក្រមអាសនះ រួមមានជាអាទិ៍ ចៅក្រមជំនុំជម្រះក្ដី និងចៅក្រម​សើបសួរ​
Ø  ព្រះរាជអាជ្ញា សំដៅដល់ព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងអគ្គព្រះរាជអាជ្ញា
Ø  អង្គចៅក្រម សំដៅដល់ចៅក្រម​និងព្រះរាជអាជ្ញា​
ជំពូកទី ២
ការរៀបចំឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
ផ្នែកទី ១
សមាសភាពឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
មាត្រា​ ៤
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ និងរួមមាន​សមាសភាពដូចខាងក្រោម
                   ១-រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៍                           ជាសមាជិក
                   ២-ប្រធានតុលាការកំពូល                           ជាសមាជិក
                   ៣-អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល                           ជាសមាជិក
                   ៤-សមាជិក ០១(មួយ) រូប ជ្រើសតាំងដោយព្រឹទ្ធសភា តាមមតិភាគច្រើនដាចខាតនៃ សមាជិកព្រឹទ្ធសភាទាំងមូល ក្នុងចំណោមឥស្សរជនជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជន
ដែលមានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំ ឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ
                   ៥-សមាជិក ០១(មួយ) រូប​ ជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដាច់ខាតនៃ សមាជិករដ្ឋសភាទាំងមូល ក្នុងចំណោមឥស្សរជនជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជន
ដែលមានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំ ឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ
                   ៦-សមាជិក ០១(មួយ) រូប ជ្រើសតាំងដោយក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូលក្នុងចំណោមឥស្សរជនជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំ ឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ
                   ៧-សមាជិក ០១(មួយ) រូប ជ្រើសតាំងដោយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍ ក្នុងចំណោម ព្រះរាជអាជ្ញាពេញសិទិ្ធទាំងអស់
                   ៨-សមាជិក ០១​(មួយ) រូប ជាចៅក្រមនៃសាលាជម្រះជាន់ខ្ពស់ ជ្រើសតាំងតាមការ បោះឆ្នោតដោយចៅក្រមនៃសាលាជម្រះក្ដីជាន់ខ្ពស់
                   ៩-សមាជិក ០១​(មួយ) រូប ជាព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្ដីជាន់ខ្ពស់ ឬ ព្រះរាជអាជ្ញាបំរើការងារនៅក្រសួងយុតិ្ដធម៍ ជ្រើសតាំងតាម ការបោះឆ្នោតដោយ ព្រះរាជអាជ្ញាបម្រើការងារនៅមហាអយ្យការអមសាលាជម្រះក្ដីជាន់ខ្ពស់ និងនៅក្រសួងយុត្ដិធម៍
                   ១០-សមាជិក ០១​(មួយ) រូប ចៅក្រមពេញសិទិ្ធនៃសាលាដំបូង ជ្រើសតាំងតាមការបោះឆ្នោតដោយចៅក្រមពេញសិទិ្ធនៃសាលាដំបូងទូទាំងប្រទេស
                   ១១-សមាជិក ០១(មួយ) រូប ជាព្រះរាជអាជ្ញាពេញសិទ្ធិនៃអយ្យការអមសាលាដំបូង​ជ្រើសតាំងតាមការបោះឆ្នោតដោយព្រះរាជអាជ្ញាពេញសិទ្ធិនៃអយ្យការអមសាលាដំបូងទូទាំងប្រទេស ។ 
          សមាជិកឧត្ដមប្រឹក្សានៃអង្គចៅក្រមទាំងអស់ខាងលើ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ។
រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍លើកសេចក្ដីព្រាងព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រចំពោះកិច្ចការនេះ ។
          បែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងសមាជិកឧត្ដមក្រុមប្រឹក្សា​នៃអង្គចៅក្រមដូចមានក្នុងចំណុចទី ៨​ ដល់ចំណុចទី ១១ នៃមាត្រានេះ ត្រូវបានកំណត់ដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងយុត្ដិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធម៍ បន្ទាប់ពីទទួលបានការឯកភាពពីសមាជិកភាគច្រើននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។
មាត្រា​ ៥
          សមាជិកជ្រើសតាំងនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មានអាណត្ដិ ០៥ (ប្រាំ) ឆ្នាំ ហើយត្រូវ បញ្ចប់នៅពេលសមាជិកជ្រើសតាំងថ្មីត្រូវបានតែងតាំង​ ។ សមាជិកជ្រើសតាំងនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម អាចឈរឈ្មោះជាថ្មីសម្រាប់អាណត្ដិបន្ដបន្ទាប់ទៀតបាន ។ ការបោះឆ្នោតជ្រើសតាំងសមាជិក​ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រុម ត្រូវ​ចាប់ផ្ដើមរៀបចំរយះពេល ៩០​ (កៅសិប) ថ្ងៃ មុនពេលបញ្ចប់អាណត្ដិ នីមួយៗ ។
          ក្នុងករណីដែលសមាជិកណាម្នាក់នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ទទួលមរណភាព​ លាលែង ចេញពីតំណែង ឬបាត់បង់លក្ខណសម្បត្ដិដូចមានកំណត់ក្នុងមាត្រា ៤​ ខាងលើ ឬស្ថិតក្នុងស្ថានភាពមិន អាចបំពេញមុខងាររបស់ខ្លួនបានដោយប្រការណាមួយ សមាជិកនេះត្រូវជំនួសដោយសមាជិកថ្មីសម្រាប់ ថិរវេលាដែលនៅសល់សម្រាប់អាណត្ដិននោះ តាមបែបបទ ដូចមានចែងក្នុងមាត្រា ៤ ខាងលើនេះ ។
រដ្ឋមន្ដ្រីក្រសួងយុត្ដិត្រូវរៀបចំចាត់ចែងកិច្ចការនេះជាបន្ទាន់ ។
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម អាចសម្រេចដកតំណែងសមាជិកជ្រើលតាំងណាម្នាក់របស់ខ្លួនបានដោយ​ មូលហេតុនៃការរំលោភបំពានធ្ងន់ធ្ងរលើបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ឬការធ្វើសកម្មភាពនានា ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។   ការ សម្រេចដក សមាជិកជ្រើសតាំងរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមណាម្នាក់  តម្រូវឲ្យមានការយល់ ព្រមពីសមាជិកចំនួនយ៉ាងតិច ០៨​ (ប្រាំបី)​ រូប នៃចំនួនសមាជិកទាំងមួយ ។ សមាជិកឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយគ្នានការព្យួរទោសពី  បទឧក្រិដ្ឋ
ឬបទមជ្ឈិមដែលប្រព្រឹត្ដដោយចេតនា ត្រូវដកចេញពីមុខដំណែងដោយស្វ័យប្រវត្ដិ ។​ សមាជិកថ្មីដែល
ត្រូវចូលកាន់តំណែងជំនួស ត្រូវអនុវត្ដតាមបទប្បញ្ញាត្ដិនៃច្បាប់នេះ ។
មាត្រា​ ៦
          មុខងារជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មានវិសមិតភាពជាមួយនឹងការបំពេញ មុខ ងារជាចៅក្រម ឬព្រះរាជអាជ្ញា នៅតាមសាលាជម្រះក្ដី​ និងអង្គការអយ្យការអមសាលាជម្រះក្ដី​ នៅក្នុង អាណត្ដិរបស់ខ្លួនជា  សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម លើកលែងតែ   ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ។
          សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម​ដែលមានវិសមតិភាពមុខងារ ដូចមានចែងក្នុង  កថា
ខណ្ឌខាងលើ ត្រូវស្នើសុំផ្ដាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា នៅតាមសាលាជម្រះក្ដី​ និងអង្គការ អយ្យការអមសាលាជម្រះក្ដី ។
មាត្រា​ ៧
          ព្រះប្រធាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ទ្រង់អាចចាត់តាំងព្រះរាជតំណែងម្នាក់របស់ព្រះអង្គ ឲ្យធ្វើជាអធិបតីនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបាន ។ ព្រះរាជតំណែងដែលទទួលបានកាតចាត់ តាំង ដឹកនាំ និងចាត់ចែងការងាររបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម​ ត្រូវរាយការណ៍ឲ្យបានទៀងទាត់ អំពីសកម្មភាពរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមថ្វាយ ព្រះប្រធាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
          ព្រះរាជតំណែងមិនចូលរួមក្នុងការធ្វើសេចក្ដីសម្រេច       របស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម  ឡើយ ។ ប៉ុន្ដែ ក្នុងករណីដែលរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍ ឬប្រធានតុលាការកំពូល    ត្រូវបានចាត់តាំងជា
ព្រះរាជតំណាង រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍ ឬប្រធានតុលាការកំពូល   មានសិទ្ធិចូលរួមធ្វើសេចក្ដីសម្រេច
របស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចសមាជិកដទៃទៀតដែរ ។
ផ្នែកទី ២
អគ្គលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
មាត្រា​ ៨
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មានអគ្គលេខាធិការដ្ឋានមួយស្ថិតនៅក្រោមរដ្ឋបាលកណ្ដាលនៃ ក្រសួងយុត្ដិធម៍ ដើម្បីធ្វើជាសេនាធីការសម្រាប់គាំទ្រដល់កិច្ចតំណើរការរប​ស់ខ្លួន ។អគ្គលេខាធិការដ្ឋាន
នៃ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដឹកនាំដោយអគ្គលេខាធិការមួយរូប    មានឋានះស្នើររដ្ឋលេខាធិការ
ឬរដ្ឋមន្ដ្រី និងមានអគ្គលេខាធិការរងមួយចំនួនតាមការចាំបាច់ ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ។
          អគ្គលេខាធិការ និងអគ្គលេខាធិការរងនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវតែងតាំងដោយព្រះ រាជក្រឹត្យ ឬអនុក្រឹត្យ តាមសំណើររបស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍     បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយ សមាជិកទាំងអស់នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។ អគ្គលេខាធិការ   និងអគ្គលេខារងនៃឧត្ដមក្រុម
ប្រឹក្សានៃអង្គចៅក្រម ត្រូវជ្រើសរើសចេញពីឥស្សរជន ឬមន្ដ្រីរាជការ​ និងត្រូវមានបទពិសោធន៍បម្រើការ ងារក្នុងជំនាញច្បាប់​ រដ្ឋបាល ឬហិរញ្ញវត្ថុ យ៉ាងតិចចំនួន ១០(ដប់) ឆ្នាំ ។  មន្រ្ដីរាជការបម្រើការងារក្នុង អគ្គលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម   ត្រូវ​មានក្របខណ្ឌរបស់ខ្លួននៅក្រសួងយុត្ដិធម៍ ។អគ្គលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមអាចមានមន្ដ្រីជាប់កិច្ចសន្យា ដើម្បីជួយការងារ របស់ខ្លួនតាមការចាំបាច់ ។ អគ្គលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបែងចែកជា នាយក  ដ្ឋាន ដែលដឹកនាំដោយប្រធាន ០១ (មួយ) រូប និងអនុប្រធានមួយចំនួនតាមការចាំបាច់ ។
          ការរៀបចំ និងការប្រព្រឹត្ដទៅនៃអគ្គលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវកំណត់ ដោយអនុក្រឹត្យ ។
មាត្រា ៩
          អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម     អមដោយមន្ដ្រីមួយ ចំនួននៃអគ្គលេខាធិការដ្ឋាននេះ តាមការចាំបាច់   ជាលេខាកត់ត្រាសម្រាប់រាល់កិច្ចប្រជុំរបស់ឧត្ដមក្រុម ប្រឹក្សានៃអង្គចៅក្រម និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។

ជំពូកទី ៣
កិច្ចដំណើរការនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
មាត្រា ១០
          រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍កោះប្រជុំឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម តាមព្រះរាជបញ្ជានៃព្រះប្រធាន នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។ សមាជិកនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០៤ (បួន)រូបយ៉ាង តិច អាចស្នើរឲ្យមានកិច្ចប្រជុំរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបាន ។      រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍ត្រួវ
រៀបចំទូលថ្វាយព្រះប្រធាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ស្នើរសុំព្រះរាជតម្រិះដើម្បីកោះប្រជុំ ។
មាត្រា ១១
          ការប្រជុំរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងទុកជាបានការ លុះត្រាតែមានសមាជិកចូលរួម
ប្រជុំចំនួន០៦ (ប្រាំមួយ) រូប យ៉ាងតិច ។
          ការសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដែលយកជាការបាន ត្រូវមានសំឡេងយ៉ាងតិច ០៦(ប្រាំមួយ) សំឡេង តាមការបោះឆ្នោតជាសម្ងាត់ ។ព្រះប្រធាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមិន ចូលរួមក្នុងការធ្វើសេចក្ដីសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមឡើយ ។
          ក្នុងករណីបន្ទាន់ចាំបាច់ និងតាមសំណើររបស់សមាជិកចំនួន ០៦ (ប្រាំមួយ) យ៉ាងតិចនៃឧត្ដម ក្រុមប្រឹក្សានៃអង្គចៅក្រម ការសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម អាចធ្វើឡើងបានតាមរយះ ការបោះឆ្នោតជាសម្ងាត់ ដោយប្រយោលបាន ។ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍ត្រូវរៀបចំកិច្ចការនេះបន្ទាប់ពី 
ទទួលបានព្រះរាជតម្រិះពីព្រះប្រធាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។
មាត្រា ១២
          សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងលេខាកត់ត្រា និងអ្នកអមលេខាកត់ត្រាត្រូវរក្សាការសម្ងាត់នៃកិច្ចប្រជុំ ។
មាត្រា ១៣
          រាល់កិច្ចការរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ទាក់ទងនឹងការលើកសេចក្ដីព្រាងព្រះរាជក្រឹត្យ ថ្វាយព្រះមហាក្សត្រ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍ត្រូវរៀបចំការនេះក្នុងនាមឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។
រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៍ គឺជាតំណាងឲ្យឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនៅក្នុងទំនាក់ទំនងជាមួយបុគ្គល ឯកជន ឬបុគ្គលសាធារណះនានា និងមានភារកិច្ចចាត់ចែងកិច្ចការរដ្ឋបាលរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គ ចៅក្រម ដោយមានអគ្គលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជាសេនាធិការ ។
មាត្រា ១៤
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវរៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់អំពីរបៀបរបប ការងាររបស់ខ្លួន ។ បទបញ្ជាផ្ទៃក្នុងត្រូវ​មានសំឡេងអនុម័តយ៉ាងតិច ០៦ (ប្រាំមួយ) សំឡេង នៃចំនួន សមាជិកទាំងអស់នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។
មាត្រា ១៥
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានកញ្ចាប់ថវិការបស់ខ្លួន ដែលផ្គត់ផ្គងដោយថវិកាជាតិ​ ។ រដ្ឋ  មន្ដ្រីក្រសួងយុត្ដិធម៍ជាអាណាប័កទទួលសិទិ្ធដោយពេញច្បាប់ ពីព្រះប្រធាននៃឧត្ដមក្រុមប្រឹក្សានៃអង្គ ចៅក្រម ។
មាត្រា ១៦
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវ​ទទួលប្រាក់បំណាច់មុខងារ ប្រាក់បំណាច់ម៉ោងប្រជុំ និងរបប ឧបត្ថម្ភនានាសម្រាប់ការបំពេញមុខងាររបស់ខ្លួន ។
          សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមអាចជ្រើសរើសប្រាក់បំណាច់មុខងារតែមួយគត់​ ក្នុងចំណោមបា្រក់បំណាច់មុខងារដែលខ្លួនមានសិទិ្ធទទួល ។
មាត្រា ១៧
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមប្រើប្រាស់ត្រារបស់ខ្លួន នៅក្នុងការបំពេញការងារ ។

ជំពូកទី ៤
សមត្ថកិច្ចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
ផ្នែកទី ១
សមត្ថកិច្ចទូទៅរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
មាត្រា ១៨
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេច និងលើកសេចក្ដីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ​ ការផ្ដាច់ពីមុខងារ ការដាក់ឲ្យនៅក្រៅក្របខ័ណ្ឌ ការដាក់ឲ្យនៅទំនេរ និងការលុបឈ្មោះចៅ ក្រមទាំងអស់ ។
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្ដីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង​ ការផ្លាស់ ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឲ្យនៅទំនេរ​ ការដាក់ឲ្យនៅក្រៅក្របខណ្ឌ​ និងការលុបឈ្មោះព្រះរាជអាជ្ញា ទាំងអស់ តាមសំណើររបស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍ ។    ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានពិគ្រោះ  យោបល់ជាចាំបាច់ចំពោះសំណើរខាងលើ ។
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមផ្ដល់យោបល់ចំពោះការដំឡើងថ្នាក់ និងការដំឡើងឋានន្ដរស័ក្ដិ  ឲ្យចៅក្រម​ និងព្រះរាជអាជ្ញាទាំងអស់ តាមបែបបទ​​ និងលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីលក្ខន្ខិកះ នៃចៅក្រម និង ព្រះរាជអាជ្ញា ។
មាត្រា ១៩
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវពិគ្រោះមតិជាចំាបាច់ ដើម្បីផ្ដល់យោបល់លើសេចក្ដីស្នើរច្បាប់ ឬសេចក្ដីព្រាងច្បាប់ ដែលទាក់ទងដល់ការរៀបចំវិស័យតុលាការ និងការប្រព្រឹត្ដទៅនៃវិស័យនេះ​  ។ យោបល់របស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវផ្ដល់យ៉ាងយូរ ក្នុងរយះពេល ៣០​ (សាមសិប) ថ្ងៃគិតពី ថ្ងៃដែលទទួលសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់ ពីរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៍ ។ ក្នុងករណីប្រញាប់រយះ ពេលនេះអាចបន្ថយមកត្រឹម ១០(ដប់) ថ្ងៃ ។
          ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យ និងសម្រេចលើក្រមសីលធម៍ចៅក្រម និងព្រះរាជអាជ្ញា ។
ផ្នែកទី ២
សមត្ថកិច្ចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
ក្នុងមុខការដាក់វិន័យ និងព្រះរាជអាជ្ញា

មាត្រា​ ២០
          ក្នុងការដាក់វិន័យចំពោះចៅក្រម ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវប្រជុំក្រោមរូបភាពជាក្រុម ប្រឹក្សាវិន័យក្រោមអធិបតីភាពតុលាការកំពូល ។ ក្នុងមុខការដាក់វិន័យព្រះរាជអាជ្ញា ឧត្ដមក្រុមប្រឹក្សា​នៃ
អង្គចៅក្រមត្រូវប្រជុំក្រោមរូបភាពជាក្រុមប្រឹក្សាវិន័យ​ ក្រោមអធិបតីភាពនៃអគ្គព្រះរាជអាជ្ញាអមតុលាការ កំពូល ។ ក្នុងករណីទាំងនេះព្រះមហាក្សត្រ និងរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍មិនចូលរួមក្រុមប្រឹក្សាវិន័យទេ ។
          ក្នុងករណីសំណុំរឿងទាក់ទងនឹងប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ក្រុមប្រឹក្សាវិន័យត្រូវប្រជុំក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ ឬព្រះរាជតំណាង ។ រដ្ឋមន្ដ្រីក្រសួង យុត្ដិត្រូវចូលរួមប្រឹក្សាវិន័យទេ ។
          ចៅក្រម ឬព្រះរាជអាជ្ញាដែលជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយដែលមានសំណុំ រឿងវិន័យ​ពាក់ព័ន្ធនឹងខ្លួន មិនអាចចូលរួមប្រជុំក្នុងឋានះជាសមាជិកក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿងនោះបានឡើយ ។
មាត្រា​ ២១
          ត្រូវបង្កើតឲ្យមានក្រុមអធិការកិច្ចនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម​ ដើម្បីជួយការងាររបស់ក្រុម ប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការស៊ើបអង្កេត និងស្រាវជ្រាវ សំណុំរឿងវិន័យ ។ សមាសភាពនៃក្រុមអធិការកិច្ចនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវតែងតាំងដោយព្រះរាជក្រឹត្យបន្ទាប់ ពីបានទទួលការសម្រេចតាមមតិភាគច្រើននៃសមាជិករបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម​​ ។ ក្រុមអធិការកិច្ចនេះដឹកនាំដោយសហប្រធាន ដែលសហប្រធាន ០១​ (មួយ) រូប ទៀតត្រូវជ្រើសរើសក្នុងចំណោមព្រះរាជអាជ្ញា ដែលមានឋានន្ដរស័ក្ដិជាឧត្ដមព្រះរាជអាជ្ញា ។
          មុខងារលម្អិត ព្រមទាំងការរៀបចំ​ និងការប្រព្រឹត្ដទៅនៃក្រុមអធិការកិច្ចនៃឧត្ដមក្រុមប្រឹក្សានៃអង្គ ចៅក្រមត្រូវកំណត់ដោយក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។
មាត្រា​ ២២
          ក្រុមអធិការកិច្ច បំពេញការងារតាមការចាត់តាំងរបស់ប្រធានក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម ។ ក្នុងក្របខណ្ឌនៃការបំពេញការងាររបស់ខ្លួន ក្រុមអធិការកិច្ចអាចស្នើសុំពិនិត្យសំណុំ រឿងនានា ដែលមានការពាក់ព័ន្ធនិងសំណុំរឿងវិន័យ ឬមានប្រយោជន៍ដល់សំណុំរឿងវិន័យ ។ ក្នុងករណី ចាំបាច់ ក្រុមអធិការកិច្ច អាចស្នើសុំការបំភ្លឺពីគ្រប់បុគ្គលនានាបាន ។ ចៅក្រម និងព្រះរាជអាជ្ញាដែលមិន ផ្ដល់កិច្ចសហការតាមការស្នើសុំរបស់ក្រុមអធិការកិច្ច ត្រូវចាត់ទុកជាកំហុសវិន័យដែលត្រូវកត់ត្រាចូលក្នុងកំណត់ហេតុអធិការកិច្ច ។
មាត្រា​ ២៤
          បន្ទាប់ពីទទួលសំណុំរឿងវិន័យ និងប្រសិនបើយល់ឃើញថា ជាការចំាបាច់ប្រធានក្រុមប្រឹក្សា វិន័យ អាចចាត់ឲ្យមានការស្រាវជ្រាវបន្ថែម ដោយប្រើយន្ដការក្រុមអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យ ។
មាត្រា ២៥
          ប្រធានក្រុមប្រឹក្សាវិន័យ កោះប្រជុំក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។ សំណុំរឿងវិន័យ ព្រមទាំងសំណុំរឿងឯកសាពាក់ព័ន្ធនិងវិន័យរបស់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវផ្ញើរជូនទៅ សមាជិកទាំងអស់នៃក្រុមប្រឹក្សាវិន័យយ៉ាងតិច ១០ (ដប់) ថ្ងៃ មុនថ្ងៃប្រជុំ ។ ចៅក្រម ឬព្រះរាជអាជ្ញាដែលជាប់ពាក់ព័ន្ធនិងសំណុំរឿងវិន័យនេះ មានសិទ្ធិដឹងអំពីបទវិន័យដែលចោទប្រកាន់លើខ្លួន និងមានសិទ្ធិការពារខ្លួនដោយខ្លួនឯង ឬដោយមានជំនួយពីមេធាវីនៅចំពោះមុខក្រុមប្រឹក្សាវិន័យ នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។
          ការប្រជុំរបស់ក្រុមប្រឹក្សាវិន័យត្រូវធ្វើឡើងជាអសាធារណះ ។ ប្រធានក្រុមប្រឹក្សាវិន័យ អាចអញ្ចើញបុគ្គលពាក់ព័ន្ធនានាឲ្យចូលរួមក្នុងការប្រជុំរបស់ខ្លួនបាន បើយល់ឃើញថាជាការចំាបាច់ ។ សមាជិក ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងបុគ្គលដែលចូលរួមប្រជុំក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវរក្សាការសម្ងាត់នៃអង្គប្រជុំ​ ។
          កូរ៉ុមប្រជុំក្រុមប្រឹក្សាវិន័យ​ ត្រូវអនុវត្ដដូចគ្នានឹងកូរ៉ុមប្រជុំរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដូចមានចែងក្នុងមាត្រា ១១ នៃច្បាប់នេះ ។
          នីតិវិធីលំអិតសម្រាប់កិច្ចដំណើរការនៃក្រុមប្រឹក្សាវិន័យ ត្រូវកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុម ប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។
មាត្រា​ ២៦
          ក្នុងករណីរកឃើញកំហុស ក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់ទណ្ឌកម្មវិន័យ ដូចមានចែងក្នុងច្បាប់ស្ដីពីលក្ខន្ដិកនៃចៅក្រម និងព្រះរាជអាជ្ញា ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ត្រូវមានសំអាងហេតុ និងសំអាងច្បាប់ ។
          ការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ត្រូវអនុវត្ដដូចគ្នានឹងការសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដូចមានចែងក្នុងមាត្រា ១១ នៃច្បាប់នេះ ។
          សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ​ ត្រូវដាក់ជូនឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីពិនិត្យ និងសម្រេច ។ សេចក្ដីសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា ។
          ក្នុងករណីដែលទណ្ឌកម្មវិន័យថ្នាក់ទី ២ ត្រូវបានប្រកាស ឧត្ដមក្រុមប្រឹក្សា​នៃអង្គចៅក្រមលើក   ​     
សេចក្ដីស្នើថ្វាយព្រះមហាក្សត្រអំពីកិច្ចការនេះ ។

ជំពូកទី ៥
អន្ដរប្បញាតិ្ដ
មាត្រា ២៧
          សម្រាប់អំឡុងពេលនៃការរៀបចំសមាសភាពថ្មីនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចមានចែងក្នុងមាត្រា ៤ នៃច្បាប់នេះ សមាសភាពនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានមុនច្បាប់នេះចូលជា ធរមាន ត្រូវបន្ដការងាររបស់ខ្លួន ដោយអនុលោមតាមបទប្បញ្ញាតិ្ដនៃច្បាប់នេះ រហូតដល់ពេលដែល សមាសភាពថ្មីត្រូវមាត្រា ៦ នៃច្បាប់នេះមិនត្រូវយកមកអនុវត្ដឡើយ ។
មាត្រា​ ២៨
          រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៍ ត្រូវរៀបចំឲ្យមានការបោះឆ្នោតជ្រើសតាំងសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចមានចែងចាប់ពីចំនុចទី ៨ ដល់ចំនុចទី ១១​ នៃមាត្រា ៤ នៃច្បាប់នេះក្នុងអំឡុងពេល​ ០៣(បី) ខែ បន្ទាប់ពីច្បាប់នេះចូលជាធរមាន ។
          បែបបទ និងនីតិវិធីនៃការបោះឆ្នោតលើកទី ១ សម្រាប់ការជ្រើសតាំងសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម​ ដូចមានចែងក្នុងកថាខណ្ឌទី ៣ នៃមាត្រា ៤ នៃច្បាប់នេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍ ។
មាត្រា ២៩
          សម្រាប់អំឡុងពេលដែលក្រុមអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមពុំទាន់ត្រូវបានតែងតាំងតាមបញ្ញាត្ដិនៃមាត្រា ២១ នៃច្បាប់នេះប្រធានក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម អាចចាត់ឲ្យចៅក្រម ឬព្រះរាជអាជ្ញាដែលបម្រើការងារនៅតាមសាលា ជម្រះក្ដីនិងតាមអយ្យការសាលាជម្រះក្ដី ដើម្បីឲ្យចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតលើសំណុំរឿងវិន័យបាន ។
មាត្រា ៣០
          បទប្បញ្ញត្ដិនៃមាត្រា ៦ នៃច្បាប់នេះ​ មិនត្រូវយកមកអនុវត្ដឡើយ​ ចំពោះការបំពេញមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា​ នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលប្រព្រឹត្ដឡើងក្នុងរយះពេលកាលកម្ពុជាប្រជាធិបតេយ្យ ។
          ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបានប្រកាស
ឲ្យប្រើដោយព្រះរាជក្រមលេខ ០៩ ន..៩៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៩៤ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ដិដែលផ្ទុយពីនេះ 

ជំពូកទី ៦​
អវសានប្បញ្ញាត្ដិ
មាត្រា​ ៣១
ទុកជានិរាករណ៍ ហើយត្រូវជំនួយដោយច្បាប់នេះ ។



ព្រះហស្ដលេខា និង​ព្រះរាជលញ្ជករ
នរោត្ដម សីហមុនី

បានយកសេចក្ដីគោរពជម្រាបជូន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្ដី
រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៍
ហត្ថលេខា
អង្គ វង្សវឌ្ឍនា

បានយកសេចក្ដីកា្របបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្ដលេខា
នាយករដ្ឋមន្រ្ដី
ហត្ថលេខា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ធ្វើនៅព្រះបរមរាជវាំងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤


.......................................................
 Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and information regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia If you want to join with group to discuss law please link here: http://www.facebook.com/groups/405507152815204/ Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយ ទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព​ ច ក​ គ្រាន់ផ្តល់ នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕
Powered By Blogger