រយៈពេល២០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ ‑ ២៣ តុលា ឆ្នាំ ២០១១ ពិតមែនតែកិច្ចព្រមរៀងនោះ បាននាំឱ្យកម្ពុជា ឯកភាពគ្នាងាកមករកតុចចារ និងឈានទៅដល់ការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញនៅឆ្នាំ ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ និងបង្កើតបាននូវច្បាប់រដ្ឋធម្មនុញ្ញនៅកម្ពុជាក៏ពិតមែន ប៉ុន្តែសន្តិភាពនោះ មិនទាន់បានធានា នូវស្ថិរភាព និងសុខសន្តិភាពទាំងស្រុងសម្រាប់ពលរដ្ឋកម្ពុជានោះទេ។
ការបញ្ចប់សង្គ្រាមបានជាស្ថាពរ គឺពិតជាកើតឡើងតាមរយៈនយោបាយឈ្នះ‑ឈ្នះ របស់សម្តេច ហ៊ុន សែន នៅចុងឆ្នាំ ១៩៩៨ ដែលបានរំលាយចោលទាំងស្រុងនូវអង្គការចាត់តាំងខ្មែរក្រហម និងបានធ្វើនូវសមាហរណកម្មពួកគាត់ចូលរួម កសាង និង អភិវឌ្ឍសង្គមជាតិមកដល់សព្វថ្ងៃ។
បើទោះជា រាជរដ្ឋាភិបាលធានាបាននូវ សុខ សន្តិភាព ស្ថេរភាពនយោបាយ និងគោរពយ៉ាងត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរកការពង្រឹងនីតិរដ្ឋ ការបង្រួបបង្រួមជាតិ ការឯកភាពទឹកដី រួមជាមួយនឹងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដើម្បីអភិវឌ្ឍប្រទេសឱ្យមានការរីកចំរើនស្ទើរគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះយ៉ាងណាក៏ដោយ ក៏ពួកក្រុមគណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច តែតែលើកឡើងដដែលជាដដែល ធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ថាពុំបានគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទៅវិញ។
យើងចោទជាសំនួរថា តើកិច្ចព្រមព្រៀងនោះកើតមកឯកឯង ដោយធ្លាក់ពីមេឃ ឬដោយសារពួកក្រុមអ្នករិះគន់សព្វថ្ងៃនេះជាអ្នកបង្កើត? ចំលើយពិតប្រាកដនោះ គឺ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ ទី២៣ ខែតុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរួមមួយរបស់ខ្មែរ ជាប្រវត្តិសាស្រ្ត ដោយមានប្រទេសចំនួន១៩ចូលរួម ហើយកិច្ចព្រមព្រៀងនេះបានផ្តើមចេញ ដោយសារស្ថាបនិកសន្តិភាពពីររូបដែលជាវីរៈជនដ៏ឆ្នើមរបស់កម្ពុជា គឺ សម្តេចព្រះមហាវីរៈក្សត្រខ្មែរព្រះបាទ នរោត្តមសីហនុ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នេះជាការលះបង់ដ៏ខ្ពស់បំផុត ដើម្បីសន្តិភាព និងការបង្រួបបង្រួមជាតិ របស់សម្តេចតេជោហ៊ុន សែន ដែលបានយាងព្រះមហាវីរៈក្សត្រខ្មែរព្រះបាទនរោត្តមសីហនុ ចូលស្រុកវិញ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ១៩៩១ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ដើម្បីប្រកាស ការឈប់បាញ់គ្នា រំសាយទ័ព និងរៀបចំការបោះឆ្នោតមួយដោយ(UNTAC)នៅឆ្នាំ១៩៩៣។
ដូច្នេះ ខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺសំដៅទៅលើការរួបរួមគ្នាដើម្បីសន្តិភាព ការផ្សះផ្សារគ្នាដើម្បីបញ្ចប់សង្គ្រាម ផ្ទុយទៅវិញ ការជំទាស់របស់បក្សប្រឆាំងកន្លងមកដែលមិនឱ្យមានការដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់ នោះហើយ គឺជាទង្វើផ្ទុយទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពីព្រោះក្រុមខ្មែរក្រហមពេលនោះនៅតែប្រកាសខ្លួនមិនចូលរួម និងមិនព្រមរំសាយកងទ័ពនោះទេ។
សន្តិភាពក្នុងពេលបច្ចុប្បន្ន ដែលកើតឡើងពីគោលនយោបាយឈ្នះ‑ឈ្នះ របស់សម្តេចតេជោ គឺត្រូវបានទទួលការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិនានា។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ នៅក្នុងវេទិកាអន្តរជាតិស្តីពី «សតវត្សរ៍អាស៊ី៖ បញ្ហាប្រឈមនឹងក្តីសង្ឃឹម ដែលត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ លោក Mushahid Hussain Sayed ជាអគ្គលេខាធិការនៃចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក (CAPDI) បានពិពណ៍នាយ៉ាងច្បាស់លាស់អំពី «គំរូកម្ពុជា» ដែលបានបង្កើតឲ្យមានសន្តិភាពមកដល់សព្វថ្ងៃ។
ជាមួយគ្នានេះ យើងសូមរំលឹកថា លោកឯកអគ្គរាជទូតជប៉ុន Yukio Imagawa ក៏បានសរសើរដោយស្មោះចំពោះសម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជាថា៖ «ក្រោយពីជម្លោះ កម្ពុជាបានទទួលនូវស្ថិរភាព ហើយ បច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោមការដឹកនាំ នៃរាជរដ្ឋាភិបាលដ៏ស្របច្បាប់របស់សម្តេចតេជោសែន នេះ។
ជារួមការចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា ពុំបានគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន គឺពុំបានឆ្លុះបញ្ចាំងពីការពិត និងទទួលស្គាល់នូវគុណបំណាច់របស់ថ្នាក់ដឹកនាំ ដែលបាននាំមកសន្តិភាពនោះទេ ដែលពួកក្រុមអ្នកប្រឆាំងខ្លួនឯងទៅវិញទេ ដែលកំពុងជាន់ឈ្លីច្បាប់រដ្ឋធម្មនុញ្ញ តាមរយៈការនិយាយបំភ្លើស គ្មានការពិត ប៉ុនប៉ងបំផ្លាញសន្តិភាពដែលមាននាពេលសព្វថ្ងៃ គឺដើម្បីបំរើតែនយោបាយផ្ទាល់ខ្លួន និងបក្សពួកតែប៉ុណ្ណោះ ដោយមិនបានគិតពីផលប្រយោជន៍ជាតិជាធំនោះឡើយ ហើយសន្តិភាព ក៏មិនមែនសម្រាប់ក្រុមអ្នកប្រឆាំងយកមកហែកចែកគ្នានោះដែរ គឺយើងត្រូវរួមគ្នាថែរក្សា៕
ទិត សារុនរ៉េត ទីប្រឹក្សាអមរាជបណ្ឌិតសភាកម្ពុជា
(ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១)
.......................................................
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and informaton regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Welcome all comments on this blog
ព្រឹតិ្តច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀត ឡើយ។ ព ច ក គ្រាន់ផ្តល់នូវចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕
No comments:
Post a Comment