Tuesday, May 28, 2013

បទល្មើសញុះញង់ដោយផ្ទាល់

បទល្មើសញុះញង់ដោយផ្ទាល់

        តើបទល្មើសញុះញង់ដោយផ្ទាល់ខុសគ្នាពីការញុះញង់ដូចម្តេចខ្លះ?

 នៅក្នុងបទអត្ថាធិប្បាយពីមុន យើងបានពន្យល់ពីការញុះញង់ដែលជាផ្នែកមួយនៃ អំពើសមគំនិត។ ការញុះញង់ នោះគឺជាពាក្យដែលប្រើជាទូទៅ តែនៅក្នុងក្រមព្រហ្មទណ្ឌ គេប្រើពាក្យថា ការផ្តើមគំនិត ដែលឲ្យនិយមន័យ ដោយមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ។

     ការញុះញង់នៅក្នុងមាត្រា ២៨ នេះមិនមែនជាបទល្មើសទេ តែជាអំពើមួយដែល   ជួយឲ្យកើតបទល្មើសមួយ ក្នុងខណៈដែលអ្នកញុះញង់នោះមិនបានប្រព្រឹត្តបទល្មើស នោះទេ។ ដូចយើងដឹងហើយថា ក្នុងគោលការណ៍ ច្បាប់ព្រហ្មទណ្ឌទូទៅ បើគ្មានអំពើមួយចូលទៅក្នុងធាតុផ្សំសត្យានុម័ត អំពើនោះមិនអាចកើតជា បទល្មើស មួយបានទេ។ ការញុះញង់ ចូលក្នុងស្ថានការណ៍នេះ។ ដើម្បីឲ្យអ្នកញុះញង់ទទួលខុសត្រូវចំពោះបទល្មើសដែល កើតឡើង ច្បាប់ត្រូវតែដាក់ទណ្ឌកម្មអ្នកញុះញង់ ដូចអ្នកប្រព្រឹត្តដែរ តែគេមិនហៅការញុះ ញង់ជាបទល្មើសទេ។

       អ្វីដែលត្រូវចងចាំនោះគឺ ច្បាប់មិនផ្តន្ទាទោសដល់ការញុះញង់ណាដែលគ្មានបាន ផលនោះទេ។ មានន័យថា បើការញុះញង់មិននាំទៅដល់ការប្រព្រឹត្តបទល្មើស ឬ ការប៉ុនប៉ងប្រព្រឹត្តបទល្មើសទេនោះ ច្បាប់ក៏មិនផ្តន្ទាទោស ការញុះញង់នោះដែរ ទោះបីជា មតិសាធារណជនយល់ឃើញថាការញុះញង់នោះមិន សមស្របក្តី។ តាមទ្រឹស្តីនេះ ច្បាប់ផ្តន្ទាទោស​ការញុះញង់បាន លុះត្រាតែអំពើដែលប្រព្រឹត្តដោយអ្នកទទួលការញុះញង់ជាអំពើចូលជា បទល្មើសដែលត្រូវផ្តន្ទាដែរ ដូចជា ប្លន់ ឃាតកម្មជាដើម។

    ប៉ុន្តែ មានស្ថានការណ៍ខ្លះ អំពើដែលប្រព្រឹត្តដោយអ្នកទទួលការញុះញង់ជា អំពើដែលមិនអាចផ្តន្ទាទោសបាន ហើយអំពើញុះញង់នោះក៏ជាអំពើអាក្រក់ដែលត្រូវ​ចៀស​វាងដែរ។ ឧទាហរណ៍ លោក ក បញ្ចុះបញ្ចូលឲ្យកុមារា ខ លេបថ្នាំសម្លាប់ខ្លួនឯង។ ក្នុងករណីនេះ កុមារា ខ ប្រព្រឹត្តអត្តឃាតកម្ម ហើយអត្តឃាតកម្មមិនមែនជាបទល្មើស​ដែលត្រូវផ្តន្ទាទោសទេ។ លោក ក ជាមនុស្សអាក្រក់ណាស់ តែបើតាមគោលការណ៍​ទូទៅនៃច្បាប់ព្រហ្មទណ្ឌ គេមិន អាចដាក់ទោសលោក ក បានទេ ព្រោះអំពើអត្តឃាត​មិនអាចផ្តន្ទាទោសបាន។ ការនេះគេហៅថាភាពទាល់ ច្រកនៃច្បាប់។ ដូច្នេះ ពួកនីតិករ គឺអ្នកធ្វើច្បាប់(ដូចជាតំណាងរាស្ត្រ ឬរដ្ឋាភិបាល) ត្រូវតែដោះស្រាយបញ្ហា​នេះឲ្យចេញ។ ដំណោះស្រាយគឺបង្កើតបទល្មើសញុះញង់ដោយឡែកពីគេ ដែលគេហៅថា បទល្មើស​ញុះញង់ដោយ​ផ្ទាល់។ នេះជាវិធីនៃនីតិកម្មបែបបារាំង។ ចំពោះបញ្ហាអត្តឃាតនេះ គេ​បង្កើត​បទល្មើសមួយឈ្មោះថា បទល្មើសញុះ​ញង់ដោយផ្ទាល់​ឲ្យធ្វើអត្តឃាត។ ជាទូទៅ បទល្មើសញុះញង់ដោយផ្ទាល់នេះមិនទាមទារឲ្យមានលទ្ធផលទេ ព្រោះបទល្មើសបែបនេះ​ប្រកាន់យកវិធីទប់ស្កាត់។

ប្រសិនបើអ្នកចង់អានអត្ថបទនេះទាំងមូលសូមចូលទៅគេហទំព័រដើមគឺ www.facebook/pages/សេរីភាព-Sereipheap

Post a Comment