Monday, October 17, 2011

នយោបាយពន្ (Tax Policies)


The below is a value theory relating policy on Tax but we cut some part of interviewing that affecting the personality or individual. We just want to provide knowledge of people about the real meaning of State need Tax from the people.

If you need the whole content of interview you can link the original website after the content of interviewing:

បទសម្ភាសន៍លោកសាស្ត្រាចារ្យបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ ដា គណនេយ្យ ស្តីពីនយោបាយពន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា

ថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១១

លោកជុំ កុសល​
សំណួរ៖ ពាក់ព័ន្ធ​ទៅនឹង​រឿងពន្ធដារ​ សូមលោកសាស្ត្រាចារ្យ​បណ្ឌិត​ជួយ​ពន្យល់​ប្រជាពល​រដ្ឋ​​​បន្តិច​បាទ​ ដូចម្តេច​ដែល​ហៅ​ថាពន្ធ​?​

លោកសាស្ត្រាចារ្យ​បណ្ឌិត​ ហេង វ៉ាន់ដា​
ចម្លើយ៖​ ហេតុដូច​ម្តេចបានជាខ្ញុំយល់ដឹងច្រើនអំពីបញ្ហាពន្ធនេះ ពីព្រោះថាខ្ញុំមានអាជីព​ជា​អតីត​អ្នក​ធ្វើការ​ខាង​ពន្ធ​ដារ​តាំង​ពីឆ្នាំ១៩៨២​ រហូតដល់ឆ្នាំ​២០០៤​ គឺរយៈពេល២២​ឆ្នាំ​។​ពន្ធនេះ​វា​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​​ជាមួយ​គណនេយ្យ​ និង​សវនៈកម្ម​​នេះ​តែម្តង​​ បើសិន​​ជា​យើង​​មិនចេះ​​គណនេយ្យ​​​ក៏​យើង​​មិនយល់​​ពីបញ្ហា​ពន្ធ​ ហើយបើ​យើង​រៀន​អំពី​​ពន្ធ តែ​យើងមិនចេះ​​គណនេយ្យ​​ក៏អត់​​កើត​​ដែរ​​​​ ទាំងពីរ​នេះគឺស្ទើរតែ​ផ្សារ​សាច់​ផ្សារ​ឈាម​ចូលគ្នា​​​ គឺត្រូវចេះទាំង​ពីរ​​។ ដូចម្តេច​​ដែល​ហៅ​ថា​ពន្ធ?​​

ពន្ធគឺជាចំនួន​ទឹកប្រាក់​ដែលប្រជាពលរដ្ឋ​គ្រប់រូប​​ត្រូវមាន​កាតព្វកិច្ច​​ដក​ទឹកប្រាក់​​របស់​​ខ្លួន​​មួយ​ចំនួន​​ ដើម្បី​​បង់​​ជូនរដ្ឋ​​​ ដើម្បីរដ្ឋ​យកប្រាក់នេះ​ទៅធានា​​ចំណាយ​​សាធារណៈ​ ចំណាយទូទៅ​របស់រដ្ឋ​​ របស់​ជាតិ​​។​ បើយើង​មើលប្រវត្តិ​របស់ពន្ធ​កន្លង​មក​ គឺមានប្រវត្តិ​​ជា​យូរលង់​​ណាស់​​មក​ហើយ​ តាំង​​ពី​ជំនាន់​​ក្រិច​ ជំនាន់​​ឡាតាំង​​មកម្លេះ​​ ប៉ុន្តែ​យើងមិន​លើក​យក​​មក​និយាយ​​នៅ​​ពេល​នេះ​ទេ​ គឺ​កាត់​ត្រឹម​​តែ​ពន្ធ​ដែល​មាន​លក្ខណៈ​អភិវឌ្ឍ​​។

ពន្ធ​វាខុស​ពីប្រាក់​បុណ្យកឋិន​ បុណ្យ​ផ្កា​ បុណ្យ​ផ្សេងៗ​ ដែល​ប្រជាពល​រដ្ឋ​បង់ដោយ​​ឧទ្ទិស បង់​ដោយចិត្ត​សទ្ធាជ្រះថ្លា​​ជូន​ទៅដើម្បីយក​ម​គ្គ យកផល​​។ ប៉ុន្តែ​​ពន្ធ​​មិនមែន​ជាទឹកប្រាក់​ដែលប្រជាពលរដ្ឋ​បង់ដូចបុណ្យ​កឋិន​​ ឬបុណ្យ​ផ្កានោះ​ទេ​ ពន្ធប្រជាពលរដ្ឋ​គឺត្រូវ​​តែ​មានកាតព្វកិច្ច​ប​ង់​ ហើយត្រូវ​បង់តាមច្បាប់​ទៅទៀត​​ ច្បាប់​កំណត់​​ឲ្យបង់​ប៉ុន្មាន​​គឺត្រូវ​​តែបង់​​ប៉ុន​​នោះ​​។​​ ប្រសិន​បើប្រ​ជាពល​រដ្ឋ​មិនបង់​ រដ្ឋក៏គ្មាន​ថវិកា​ឯណា​ទៅ​ធានា​​ចំណាយ​​ទូទាំង​ប្រទេស​ទេ​ ដូចជាចំណាយ​ការពារទឹកដី​ទៅ​លើកង​​ទ័ព​​ ចំណាយ​ទៅលើ​ប៉ូលីស​ ចំណាយ​ទៅលើមន្ត្រី​រាជការ​​ ចំណាយ​ទៅលើផ្លូវ​ថ្នល់ សាលារៀន មន្ទីរ​ពេទ្យ​ ។ល។​ ករណី​ដូចគ្រោះទឹក​ជំនន់​អញ្ចឹង គឺ​លុយ​របស់​ជាតិ​ដែលដក​ទុក​មួយចំនួន​​ដែលបាន​មកពីការបង់ពន្ធនេះ​គឺអាច​បង្វែរ​ទៅ​ជួយ​​ប្រ​ជា​ពលរដ្ឋ​​​​​​​។​ ទោះបី​វា​ខុស​ប្លែក​ពីបុណ្យកឋិន​ក៏ដោយ​ ក៏ការ​បង់ពន្ធ​របស់ប្រជាពលរដ្ឋ​​ទោះបី​តិចក្តី​ច្រើនក្តី​​តែងតែ​បន្សល់​នូវការ​ឈឺចាប់​​របស់​ប្រជាពលរដ្ឋ​ជានិច្ច​​ ហេតុដូច្នេះ​ហើយ​​បាន​ជាពន្ធ​ក្នុងពិភពលោក​ គេប្រើ​វិធីសាស្ត្រ​​ដើម្បី​ដកហូត​​។​

វិធីសាស្ត្រ​ដកហូត​ពីប្រជាពលរដ្ឋ​ ជួនកាល​​ឲ្យ​ដឹង​ខ្លួន​ ជួនកាល​មិន​ឲ្យ​ដឹង​ខ្លួន​​ ហើយពន្ធនេះ​គឺត្រូវបង់​គ្រប់ប្រភេទ​​តាំងពីកើត​មកក៏ត្រូវបង់ពន្ធ​ដែរ​ អ្នកខ្លះអត់ដឹងថា​ខ្លួន​ឯង​បង់ពន្ធ​ចាប់តាំងពីពេល​ចាប់កំណើត​ទេ​​។​

តាមពិត​ចាប់ពី​ចាប់កំណើ​តមក យើងទៅសុំ​បញ្ជីជាតិ​​ គឺចុះ​អត្រា​នុកូល​ដ្ឋាន ពេលនោះ​សាលា​សង្កាត់​​គេឲ្យ​យើង​បិទ​តែម​​ គឺពន្ធ​​តែម​​ មាន​ន័យ​ថា​ពន្ធ​ទៅ​លើ​កំណើត​របស់​មនុស្ស​​។ ដូច្នេះ​តាំងពីកើត​រហូត​ដល់ស្លាប់​គឺត្រូវបង់ពន្ធ​គ្រប់ពេល​ទាំង​អស់​​​ ដោយ​វិធីសាស្រ្ត​​គ្រប់បែបយ៉ាង​​ដោយ​សិល្ប៍វិធី​ផ្សេងៗ​​។ ហេតុម៉េច​​ បានជា​ចាំបាច់​ត្រូវប្រើសិល្ប៍​វិធី​ និង​បច្ចេកវិជា្ជ​​បែបនេះ​​ ពីព្រោះបើ​មិនប្រើវិធី​នេះទេគឺពិបាក​នឹងដក​យកណាស់​​ ហើយ​គេមិនឲ្យ​ទេ​​។​​

ដូច្នេះ​គឺត្រូវធ្វើការដកហូត​បន្តិចៗ​បែបនេះ​ពីប្រជាពលរដ្ឋ​ប្រចាំឆ្នាំ​​ ដើម្បី​ធានា​នូវការចំណាយ​​ទូទាំង​ប្រទេស​ប្រចាំឆ្នាំ​​ដែ​រ​​។ ​

ពន្ធនេះ​គេចែកចេញ​ជាពីរ​ប្រភេទ​ គឺ​ពន្ធប្រយោល​ ( Indirect Tax )​ និងពន្ធ​ដោយ​ផ្ទាល់​​ ( Direct Tax )​។​

ចំពោះ​ពន្ធ​ដោយប្រយោល​ ឧទាហរណ៍​​បើរដ្ឋ​ចង់ដក​ហូត​ពន្ធ​​ពី​​​ឯកឧត្តម​ គឺរដ្ឋ​មិនដក​ពីឯកឧត្តម​ទេ តែ​រដ្ឋ​​ត្រូវ​ទៅដកហូត​ពីនរណាមួយ​ផ្សេងទៀត​​ ហើយ​ឲ្យ​អ្នក​​ម្នាក់​​នោះ​​​ទៅប្រមូល​​ពីឯកឧត្តម​​មកឲ្យ​រដ្ឋ​​​វិញ​​ ដូចជា​ការចូលទៅហូបនៅ​ក្នុងភោជនីយដ្ឋាន​​ ការទិញ​​អីវ៉ាន់​​នៅ​​ក្នុង​ហាង​​ ឬការ​ទិញ​អ្វីៗ​​ជាដើម​​នៅតាម​ទីផ្សារ ឬនៅតាម​ទីសាធារណៈ​​ គឺរដ្ឋបានដកហូត​ពីយើង​គ្រប់​គ្នា​រួចហើយ​ តែយើងអត់ដឹងខ្លួនទេ​​​។

រីឯពន្ធដោយផ្ទាល់ គឺមានដូចជា​ ការបង់ពន្ធលើ​មធ្យោបាយ​​​ដឹកជញ្ជូន​ ពន្ធលើប្រាក់​ចំណេញ​ ពន្ធផ្ទេរកម្មសិទ្ធិផ្ទះ​ ជាដើម​។​

ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​ធំៗនៅក្នុងពិភពលោក គេតែងតែបញ្ចូល​នូវ​កម្មវិ​ធីសិក្សា​អំពី​ពន្ធ​នេះ​នៅ​ក្នុង​កម្មវិ​ធី​សិក្សា​ដល់​ថ្នាក់​កុមារដ្ឋាន​ ដើម្បីឲ្យជ្រួតជ្រាបពីបញ្ហាពន្ធនេះ​គឺបណ្តុះ វប្បធម៌បង់ពន្ធតាំងពីក្មេង​មក​ កុំឲ្យទើបតែ​ពេល​ធំហើយ​ទើបចាប់​ផ្តើម​យកពន្ធ​​ និងដើម្បី​កាត់បន្ថយ​នូវ​ការឈឺចាប់​កុំ​ឲ្យប្រជាពលរដ្ឋ​មាន​ការ​​ថ្នាំង​ថ្នាក់​ខ្លាំង​ពេក​​។​

លោកជុំ កុសល
សំណួរ៖​ នៅក្នុង​ពិភពលោក​នេះ​ប្រព័ន្ធពន្ធដារ តើគេផ្អែកទៅលើ​កត្តាអ្វីខ្លះ​ក្នុងការ​រៀបចំ​អត្រា​​ពន្ធ​​​?​

លោកសាស្ត្រាចារ្យបណ្ឌិត​ ហេង វ៉ាន់ដា​
ចម្លើយ៖​ នៅក្នុងពិភពលោកការបង់ពន្ធ​​គឺគេកំណត់ទៅលើ​អត្រាពន្ធ បើអត្រាតិច​គឺ​ត្រូវ​បង់​តិច​ បើអត្រាច្រើន​គឺត្រូវ​បង់​ច្រើន​​។​

អត្រាដែលគេកំណត់ឡើងគឺមានពីរលក្ខណៈ​ គឺអត្រាកំណើន​តាម​ថ្នាក់ ហៅថា ( Progressive Rate ) ​និង​អត្រា​បន្ថយតាមថ្នាក់ ហៅថា ( Regressive Rate )។​ ឧទាហរណ៍ពន្ធអត្រាកំណើនតាមថ្នាក់ គឺ​ដូចជា​ការ​យកពន្ធ​លើ​អច​លនៈ​ទ្រព្យ​ដូច​សព្វថ្ងៃ​នេះ​អញ្ចឹង​​ ពន្ធលើប្រាក់ខែក៏អញ្ចឹងដែរ​ បើអ្នកណា​មានចំណូលកាន់តែខ្ពស់​ អត្រាពន្ធ​ក៏កាន់​តែខ្ពស់​ដែរ​។​គេធ្វើអញ្ចឹង ដើម្បីឲ្យប្រជាពលរដ្ឋ​ដែលមានប្រាក់ចំណូលមកនោះ​អាចបង់ពន្ធឲ្យ​មានលក្ខណៈ​យុត្តិធម៌​​​​សមស្រប​ នេះគេហៅថា​ Progressive ។​

រីឯអត្រាបន្ថយតាមថ្នាក់វិញ ពេលណា​ដែល​មាន​ចំណូល​កាន់តែខ្ពស់​ អត្រាពន្ធ​កាន់តែថយ​ ជួនកាលអត្រាពន្ធថយ ចុះនេះគេកំណត់ ( Fixe ) តែម្តង​។​ ឧទាហរណ៍ បើកាល​ណាគេ​ចង់​ទាក់​ទាញ​ពួកអ្នកវិនិយោគ ឲ្យមកវិនិយោគស្រុកគេ​ខ្លាំង គេតែង​តែ​យក​ពន្ធតាមអត្រាបន្ថយនេះឯង​ បើអ្នកឯង​ដាក់ទុន​វិនិយោគ​កាន់តែច្រើន​យកពន្ធកាន់តែតិច​ ហើយ​ពេល​ខ្លះអត់យកពន្ធទៀតផង​។​ ខ្ញុំសូមបញ្ជាក់ថា អត្រាពន្ធ​ពីរនេះ​គឺជាទស្សនៈ ឬជាគំនិតមួយ​ សម្រាប់​​ដល់អ្នករៀបចំច្បាប់ពន្ធ​ក្នុងពិភពលោក ពីព្រោះអ្នកណាក៏ដោយ អង្គភាព​ណាក៏​ដោយ​​នៅ​ពេល​ដែល​គេ​រៀប​ច្បាប់​ពន្ធ​គឺគេ​គិតទៅ​លើ​អត្រា​ពីរ​នេះ​ហើយ​​។​​​

លោកជុំ កុសល
សំណួរ៖​ សម្រាប់ប្រទេសយើង តើលោកបណ្ឌិតយល់ឃើញថា​នយោបាយពន្ធដារ​របស់​រដ្ឋាភិបាល​ ដែលរដ្ឋ​បាន​កំណត់​ពន្ធ​នោះ​ តើគ្រប់ហើយឬនៅ​ ហើយ​អត្រា​ពន្ធ​នោះគិត​របៀប​ណា និង​ផ្អែក​លើកត្តាអ្វីខ្លះ​​​?​ និងដូច​ការកំណត់​ពន្ធរបស់​ប្រទេស​នានាលើពិភពលោកដែរឬទេ?​

លោកសាស្ត្រាចារ្យបណ្ឌិត​ ហេង វ៉ាន់ដា​
ចម្លើយ៖​ នៅក្នុងការយកពន្ធនៅប្រទេសគេ ជាពិសេសប្រទេស​​ G8 គឺគេយកទ្រឹស្តី​ទាំងបី​មក​ប្រើ​ ហើយអត្រាពន្ធ​របស់គេខ្ពស់​ៗ​ណាស់​​​​។ ឧទាហរណ៍ ពន្ធទៅលើសាជីវកម្ម​ដែល​បាន​បោះ​ភាគ​ហ៊ុនលក់នោះគឺ​អត្រាមានពី២០% រហូតដល់​៤០%​ ក្រុមប្រទេសទាំងអស់​នោះ​មិន​ដែល​មាន​ប្រទេស​​ណា​ដែល​ក្រោម​២០%​ទេ​​​។​ ប្រទេសកាណាដាមួយគឺ​មានពី១១% ទៅ១៩%​។​ បើពន្ធ​លើ​ប្រាក់​ចំណូលវិញគឺមានពី១៥% ទៅ​៤០% គឺអត្រានេះខ្ពស់ណាស់​។

ពន្ធលើ​ប្រាក់​ខែ​សម្រាប់​​ប្រទេស G8 នេះ គឺមានពី១២% ទៅ​៤៥% ឯណោះ​។ សម្រាប់ប្រទេស G12  គឺប្រទេស​នៅអាស៊ី​ប្រែប្រួល​ពីចន្លោះ១០% ទៅ៣០%​ ជាមធ្យមគឺ២០%។ សម្រាប់ប្រទេសចិន ពន្ធ​លើសាជីវកម្មគឺ​៣៣%​ ចំណែកពន្ធ​លើប្រាក់​ចំណូល​គឺ​៣០%​ មានន័យថាបើ ប្រាក់ខែ១០០ដុល្លារ គឺរដ្ឋដក​យក៣០ដុល្លារបាត់ទៅហើយ​។ សម្រាប់ប្រទេសក្រិច អៀរឡង់ ព័រទុយហ្គាល​ អេស្បាញ អ៊ីតាលី ដែល​ប្រុង​នឹងក្ស័យធន​នោះ​ អត្រាពន្ធគឺដូចគ្នា និងអាចតម្លើងថែមទៀត​។ សម្រាប់​​ប្រទេស​នៅ​អាស៊ាន​ គឺយើងឃើញមានប្រែប្រួល​ពី២០% ទៅ៣០%​ ហើយសម្រាប់ប្រទេសសាំង ហ្គាពួរ​មួយទេ​ដែល​មានត្រឹម​​១៧%​។

ឯពន្ធលើប្រាក់ចំណូលគឺប្រែប្រួលពី៥% ទៅ​​៣០%​។ រីឯសាំងហ្គាពួរ​គឺ​យក​ត្រឹម​២០%​ និងកម្ពុជា ផងដែរ​ ក្រៅពីនោះគឺយក​សុទ្ធតែខ្ពស់ទាំងអស់​​។ សម្រាប់ប្រទេស កម្ពុជាយើង​ គឺ​មានយកពន្ធ១៨ មុខហើយ​ ប៉ុន្តែគឺយើងយកមិនទាន់អស់មុខ​នៅឡើយ​ទេ​ បើប្រៀបធៀប​ជាមួយ​ប្រទេស​​នៅក្នុងពិភពលោក​​។ ហើយក​ត្តា​ដែល​គេរៀប​ចំអត្រាពន្ធនេះក៏​ឈរ​ទៅលើ​ កត្តា Progressive Regressive ដែលបង្កើតឡើងដោយលោក អាដាមស្មីត កាល់​ម៉ាក្ស និង​លោក​ចនម៉ាកេន​​ ដែរ​។​ ទាក់ទងដល់អត្រាពន្ធ ប្រទេសយើងនៅមានការអនុគ្រោះច្រើន​ ដូចជាពន្ធលើ​សាជីវ​កម្ម គឺ​យកត្រឹម​២០%​។​ យើងក៏មានការអនុវត្តពន្ធតាមប្រព័ន្ធRegressive ដែរ ដូចជា​អាករលើផលរបរ ដូចជា VAT អ្នកវិនិយោគជាដើម​។

លោកជុំ កុសល
សំណួរ៖​ ថ្មីៗនេះ ......បាន​លើក​យកបញ្ហា​ពន្ធលើ​អចលនៈ​ទ្រព្យ​ដែល រាជរដ្ឋាភិបាល បានដាក់ចេញ និងបានអនុវត្ត​ទៅ​ហើយ​​​​នោះ​​សម្រាប់ប្រជាពល​រដ្ឋដែល​រស់នៅ​រាជ​ធានី និង​ទីប្រជុំជន ហើយមានសក្តានុពល​សេដ្ឋកិច្ច​ផ្នែក​​ពាណិជ្ជ​កម្ម​ ប៉ុន្តែមិនបានយកពន្ធ​លើអចលនៈទ្រព្យ​របស់​ប្រជាកសិករ​ ឬដីធ្លីប្រជា​ពលរដ្ឋ​​​ធ្វើ​កសិកម្ម​ គឺរដ្ឋាភិបាល លោកអត់បាន កំណត់ទេ ហើយពន្ធនោះគឺមាន​ភាព​អនុគ្រោះ​ថែមទៀត​គឺ​ត្រឹម​តែ០,១%​ គិតតម្លៃចាប់ពីមួយរយ លានរៀលឡើងទៅទើប​បានគិត​។ ការលើកឡើ..... ថាជាការគាប សង្កត់ប្រជាពលរដ្ឋបែបនេះ​ តើលោកបណ្ឌិតអាចធ្វើការប្រៀបធៀប​​ ថាការ​លើក​​ឡើង​​នេះជារឿង​ដែល​ត្រឹមត្រូវ​ ....?

លោកសាស្ត្រាចារ្យបណ្ឌិត​ ហេង វ៉ាន់ដា​
ចម្លើយ៖​ ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា ចំណូលពន្ធ​ ពេលដែលដកយកពីប្រជាពលរដ្ឋមក ពន្ធ​នេះ​ចូលទៅថវិកាជាតិ​ មិនអាចពន្ធដារណាយកលុយនេះទៅចាយបានទេ​។ បងប្អូនប្រជាពលរដ្ឋ នៅពេលដែល​ទទួលបង្កាន់​ដៃបង់​ពន្ធ​តាម​ចំនួន​​ទឹកប្រាក់ដែលខ្លួនបានបង់ហើយ គឺលុយ​នោះពិត​ជា​ចូល​​​រដ្ឋ​ហើយ​​មិនបាច់​ព្រួយ​ទេ​​។​ កាលណាចូលក្នុងថវិកាជាតិ លុយ​នោះត្រូវ​ចូលដល់សភា ហើយ​ទើប​សភាអនុមត្តិ​តាមសំណើសុំរបស់រដ្ឋាភិបាល​ សម្រាប់ចំណាយទៅលើអ្វី​ខ្លះ​ ហើយ​មិន​អាច​ចាយ​លើស​បាន​ទេ​​។ ហើយរដ្ឋប្រគល់ជូនបងប្អូនប្រជាពលរដ្ឋវិញ តាមរយះការ កសាងផ្លូវថ្នល់ សាលា​រៀន មន្ទីរពេទ្យ​ និងមានសិទ្ធិ​អាចប្រើប្រាស់បានស្មើៗគ្នា​​។ ពន្ធលើអចលនៈទ្រព្យ​គឺជា​ប្រភេទ​ពន្ធ​មួយ​ដែល​យក​​លើ​អ្នក​មាន និងថ្នាក់កណ្តាល​ មិនមែនយក លើបងប្អូន​ប្រជាពលរដ្ឋ តិចតួច​នោះ​ទេ​​​ដូច្នេះសូមបងប្អូនកុំព្រួយ​។​
.........ចំណែក​ឯរឿងបចេ្ចកទេសវិញ គឺអត់មានប៉ះពាល់អ្វីទេ​ចំពោះ​ប្រជាពលរដ្ឋតូចតាច​។​​

លោកជុំ កុសល
សំណួរ៖​ តើស្ថានភាពនៃវិបត្តិបំណុលមានសភាពយ៉ាងណាដែរ?

លោកសាស្ត្រាចារ្យបណ្ឌិត​ ហេង វ៉ាន់ដា
ចម្លើយ៖​ ទាក់ទងទៅនឹងវិបត្តិបំណុល បើយើងសម្លឹងទៅមើល​សហរដ្ឋអាមេរិក និងប្រទេស​នៅ​អ៊ឺរុប​ ជាពិសេស​វិបត្តិ​នៅប្រ​ទេសអ៊ីតាលី គឺបារាំង និងអង់គ្លេស ​មិនសប្បាយចិត្តទេ។​ ខ្ញុំមាន​តួលេខ​ច្បាស់លាស់​ ការមានបំណុល​នេះដោយ​សារការ​រកស៊ីខាត​មិនចំណេញ​ជាច្រើនដង និង​ការ​ខ្ចី​បុល​គេបន្ថែមទៀត​។​

បើកាលណា​ខ្ចីគេហើយ គ្មានកាលវិភាគសងគេ​ឲ្យបានត្រឹមត្រូវ​ទេ​​​​ នោះ​វានឹង​ឈាន​ទៅរកការក្ស័យធនជាក់ជាមិនខាន​។​ ចំពោះប្រទេសអាមេរិក បំណុលគឺមាន​ការកើន​ឡើង​សម្បើម​ណាស់​ បំណុលនៅប្រទេសអ៊ឺរុបទាំងអស់ មិនស្មើនឹង​បំណុល​នៅប្រទេស​អាមេរិក​មួយទេ​។ ប្រទេស​នៅអ៊ឺរុបក៏បំណុលកាន់តែកើនខ្លាំងណាស់ដែរ​ ទោះបីជាប្រទេសបារាំង និង​អង់គ្លេស ប្រកាស​កាត់​បន្ថយ​ចំណាយសាធារណៈ បង្កើនចំណូលពន្ធ​ ក៏នៅតែជួបនូវវិបត្តិដដែល​។​ ដើម្បី​ចៀសវាង​នូវបញ្ហានេះ គឺ​មាន​តែការ​កាត់​បន្ថយនូវ​ការរស់នៅក្នុងឋានៈជាប្រទេស​ដែល​ខ្ពង់ខ្ពស់​បំផុត​ ឲ្យ​ធ្លាក់ចុះទាបមកនៅស្មើនឹង​ប្រទេស​នៅអាស៊ីតែ​ប៉ុណ្ណោះ​។ បើពីមុនធ្លាប់ហូប ហាំប៊ឺហ្គ័រ បី ត្រូវ​កាត់​បន្ថយ​មកនៅត្រឹមពីរ​ តែ​បើនៅតែ​មិនកើន​ទៀតមាន​តែបន្ថយ​ពាក់​កណ្តាលទៀត​​​ រហូតទាល់​តែ​មាន​លំនឹង​ ពីព្រោះនេះគឺជាការវិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក​ និងការវិវឌ្ឍនូវវណ្ណៈ​។ ទាំង​នេះ​គឺ​ជាអ្វី​ដែល​ខ្ញុំ​បានជម្រាប​ជូន​ ដែលជាវិធីសាស្ត្រ​ដើម្បីកាត់បន្ថយបំណុល​​ មានន័យថា​កាត់​បន្ថយ​​ឋានៈ​ប្រទេស​របស់​ខ្លួនពី​ប្រទេស​ដែល​មានភាព​ស៊ីវីល័យ​ ឲ្យចុះ​មកនៅ​ស្មើ​ជាមួយ​ប្រទេស​គេ​ផ្សេងៗ​​ទៀត​៕​​

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​ 



.......................................................
 Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and informaton regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Welcome all comments on this blog 
 ព្រឹតិ្តច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀត ឡើយ។ ព​ ច ក​ គ្រាន់ផ្តល់នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕

No comments:

Powered By Blogger