Friday, December 9, 2011

យន្តការ​​របស់​​អាស៊ាន​ក្នុង​ការ​បញ្ឈប់​ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ



2011-12-08
អង្គការ​អន្តរជាតិ​ឈ្មោះ International Crisis Group មាន​ទីចាត់ការ​ធំ​នៅ​ទីក្រុង​ប្រ៊ូសសែល ប្រទេស​ប៊ែលហ្ស៊ិក ដែល​ធ្វើ​ការ​ខាង​ជួយ​ការពារ​មិន​ឲ្យ​មាន​វិបត្តិ​ទូទាំង​សកលលោក បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​៦ ធ្នូ ពិនិត្យ​មើល​ទម្ងន់​សភាពការណ៍​តានតឹង​យោធា និង​កិច្ច​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​តាម​ព្រំដែន​កម្ពុជា និង​ថៃ ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ ថា​តើ​គួរ​គេ​យក​ទុក​ជា​មេរៀន ឬ​ជា​គំរូ​សម្រាប់​ដោះស្រាយ​វិបត្តិ​ទៅ​អនាគត​បាន​ដែរ ឬ​ទេ?
RFA/Hang Savyouth
០៧-កុម្ភៈ-២០១១: រថយន្ត​យោធា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ទៅ​កាន់​ភូមិ​ថ្នល់​បំបែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​បាន​ចាប់​ផ្ដើម​កិច្ច​ប្រឹងប្រែង​ជួយ​រក​សន្តិភាព តាម​រយៈ​ការ​ចរចា​បញ្ឈប់​ការ​បាញ់​គ្នា រួច​ឈាន​ទៅ​រក​ការ​ដក​ទ័ព​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ក្រោយ​ពី​កងទ័ព​ទាំង​សង​ខាង​បាន​បាញ់​ផ្លោង​ដាក់​ទឹក​ដី​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឲ្យ​ពលរដ្ឋ​ទាំង​សងខាង ទាំង​ទាហាន ទាំង​ស៊ីវិល ជា​ពិសេស​ប្រជាពលរដ្ឋ​សាមញ្ញ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។
វិវាទ​ដណ្ដើម​កាន់កាប់​ប្រាសាទ​ព្រះវិហារ មិន​មែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​ក្លាយ​ជា​រឿង​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ខាង​អាវុធ​ដ៏​ក្ដៅ​គគុក បន្ទាប់​ពី​បាន​ស្ងាត់​ជ្រងំ​អស់​រយៈពេល​ជិត ៥០​ឆ្នាំ​មក​នោះ។
ថៃ​មិន​ពេញ​ចិត្ត​នឹង​កម្ពុជា ដែល​បាន​ចុះ​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្វី​បើ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ បាន​វិនិច្ឆ័យ​ថា ប្រាសាទ​នេះ​ស្ថិត​ក្នុង​ទីតាំង​ទឹក​ដី​ក្រោម​អធិបតេយ្យភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៦២ ទៅ​ហើយ យ៉ាង​ណា​ក៏ដោយ។
អ្នក​សង្កេតការណ៍​និយាយ​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត​មិន​មែន​មិន​ដឹង​មិន​ឃើញ​សញ្ញា​ជា​ច្រើន​ពី​ឆ្នាំ​២០០៨ មក​ទល់​ឆ្នាំ​២០១០ ថា​នឹង​អាច​មាន​ការ​ច្បាំង​គ្នា​នោះ​ទេ។
វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី ការ​ប្ដឹងផ្ដល់​ពី​សំណាក់​ក្រុម​អ្នក​ជាតិ​និយម ការ​វិនិច្ឆ័យ​របស់​តុលាការ និង​ការ​ប្រើ​លក្ខន្តិកៈ​រដ្ឋធម្មនុញ្ញ​បាន​រារាំង​មន្ត្រី​ថៃ មិន​អាច​ឲ្យ​ចរចា​ទ្វេ​ភាគី​ជាមួយ​កម្ពុជា ប្រកប​ដោយ​ប្រសិទ្ធភាព។ 
ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​សំដែង​ភាព​តឹងទ្រូង​នឹង​រឿង​ថៃ ហើយ​បាន​ថ្លែង​តិះដៀល​មេដឹកនាំ​ថៃ​ជា​សាធារណៈ ព្រម​ទាំង​បាន​តែងតាំង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែល​រដ្ឋាភិបាល​ថៃ តាម​រក​ចាប់​ខ្លួន ជា​ទីប្រឹក្សា​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ទៀត​ផង។
លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នា​ភ្នំពេញ នៅ​ថ្ងៃ​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ដោយ​ធានា​ដល់​សាធារណៈ​មតិ​ថា មិន​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​ទាំង​សង​ខាង​ឡើយ៖ «ខ្លួន​ខ្ញុំ​ជា​អ្នក​អញ្ជើញ​គាត់ ជា​អ្នក​ស្នើ​គាត់​ឲ្យ​ធ្វើ​ទីប្រឹក្សា​ឲ្យ​ខ្ញុំ និង​ទីប្រឹក្សា​រដ្ឋាភិបាល​លើ​បញ្ហា​សេដ្ឋកិច្ច។ ពិត​ហើយ គឺ​នៅ​ពេល​មាន​ការ​តែងតាំង​នេះ គឺ​មាន​ការ​ប្រតិកម្ម​ខុសៗ​គ្នា ក្នុង​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​ថៃ។ ឯកឧត្ដម ថាក់ស៊ីន ជា​អតីត​នាយករដ្ឋមន្ត្រី​គាត់​ជា​ជនជាតិ​ថៃ គាត់​មិន​អាច​មក​ធ្វើ​ការ​ឲ្យ​កម្ពុជា ដោយ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ថៃ​ទេ»
លោក ថាក់ស៊ីន ក៏​ឆ្លើយ​តប​វិញ​ដោយ​ប្ដេជ្ញា​ថា នឹង​ប្រឹង​ជួយ​អ្នក​ជិត​ខាង​របស់​លោក​ឲ្យ​អស់​សមត្ថភាព៖ «ដោយ​បាន​សេចក្ដី​ទុក​ចិត្ត​ពី​លោក (ហ៊ុន សែន) និង​ប្រជាជន​របស់​លោក​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​អនុញ្ញាត​ឲ្យ​បាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា។ យើង​នឹង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ»
វិទ្យាស្ថាន International Crisis Group បាន​ហៅ​សញ្ញា​ទាំង​អស់​នេះ​ថា​ជា​គ្រឿង​ផ្សំ​មួយ​ជំរុញ​ឲ្យ​វិវាទ​កម្ពុជា និង​ថៃ ក្លាយ​ទៅ​ជា​ការ​ប្រើ​កម្លាំង​អាវុធ​បាន ហើយ​ថា បញ្ហា​ដទៃ​ទៀត​បង្ហាញ​អំពី​ភាព​មិន​សកម្ម​របស់​អាស៊ាន ជាង​ការ​រក​សន្តិភាព​យ៉ាង​សកម្ម​របស់​អាស៊ាន តាម​បែប​អាស៊ាន​នោះ​ទៅ​វិញ។
ដំបូង​អាស៊ាន ក្នុង​នាម​ជា​ប្លុក​មួយ​ដោះ​បញ្ហា​កម្ពុជា និង​ថៃ មិន​ចេញ ហើយ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ ប៉ុន្តែ​រឿង​ហ្នឹង​ត្រូវ​បញ្ជូន​មក​អាស៊ាន វិញ ដែល​ចំ​ពេល​ប្រទេស​ឥណ្ឌូនស៊ី ធ្វើ​ជា​ប្រធាន​ប្រចាំ​ឆ្នាំ​២០១១។ ឥណ្ឌូនេស៊ី​ចាប់​ផ្ដើម​ផ្សះផ្សា​ជម្លោះ​ក្នុង​កាលៈទេសៈ​មួយ​ដែល​មេដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​កំពុង​ព្យាយាម​ស្វែង​រក​ផល​ចំណេញ​ខាង​នយោបាយ​ក្នុង​ស្រុក ដោយ​ដណ្ដើម​គ្នា​ចង់​បាន​ប្រជាប្រិយភាព​ចំពោះ​សាធារណជន តាម​រយៈ​ការ​បំផុស​ស្មារតី​ជាតិ​និយម​លើ​ពលរដ្ឋ​រៀង​ខ្លួន។ 
នៅ​ប្រទេស​ថៃ មាន​ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejjajiva) ហើយ​ចូល​ចិត្ត​លោក ហ៊ុន សែន រី​ឯ​ក្រុម​អាវ​លឿង គាំទ្រ​ជំហរ​នយោបាយ​លោក អាភីស៊ិត រឿង​ប្រាសាទ​ព្រះវិហារ ហើយ​ប្រឆាំង​នឹង​លោក ថាក់ស៊ីន។ 
វិទ្យាស្ថាន International Crisis Group សរសេរ​ថា មក​ទល់​ពេល​នេះ ការ​ឈប់​បាញ់​គ្នា និង​ការ​ដកទ័ព​រៀងៗ​ខ្លួន​ពី​តំបន់​ប្រាសាទ​ព្រះវិហារ មិន​ទាន់​សន្មត​ថា ការ​បញ្ឈប់​ភាព​ប្រទូសរ៉ាយ​ដោយ​កម្លាំង​សឹក​រវាង​ប្រទេស​ទាំង​ពីរ​ជា​អចិន្ត្រៃយ៍​នោះ​ឡើយ។ 
នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែល​ឡើង​កាន់​អំណាច​ដោយ​ឈ្នះ​ឆ្នោត​លើ​លោក អាភីស៊ិត ក៏​រវល់​នឹង​បញ្ហា​ទឹក​ជំនន់ មិន​ទាន់​បាន​បង្ហាញ​វិធានការ​ធានា​ថា វិវាទ​រឿង​ប្រាសាទ​ព្រះវិហារ​នោះ​ចប់​ជា​ស្ថាពរ​នោះ​ដែរ។ នៅ​ដើម​ឆ្នាំ​២០១១ ឥណ្ឌូនេស៊ី​បាន​សម្រេច​កិច្ច​ត្រឹមតែ​ធានា​ឲ្យ​ភាគី​ទាំង​ពីរ​ឈប់​បាញ់​គ្នា​ចាប់​ពី​ខែ​ឧសភា មក​តែប៉ុណ្ណោះ។ ប៉ុន្តែ​វិទ្យាស្ថាន International Crisis Group ថា កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​មាន​តែ​ត្រឹម​មាត់​ទទេ​រវាង​មន្រ្តីៗ​ទាំង​សង​ខាង ដោយ​ឥត​មាន​ចុះ​ហត្ថលេខា​ឲ្យ​មាន​ជា​ឯកសារ​ផ្លូវ​ការ​នៅ​ឡើយ​ទេ។
ចំពោះ​ការ​វាយ​តម្លៃ​លើ​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា លោក​ឃើញ​បញ្ហា​មិន​ខុស​ពី​របាយការណ៍​ចេញ​ពី​ថ្ងៃ​ទី​៦ ធ្នូ កន្លង​ទៅ​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត ឆ្នាំ​ក្រោយ​នេះ​អាច​មាន​ការ​លំបាក​កាន់​តែ​ច្រើន​ក្នុង​រឿង​ព្រំដែន។ 
លោក ឡៅ ម៉ុងហៃ៖ «អាស៊ាន​អត់​មាន​យន្តការ​ទៅ​បង្ខំ​សមាជិក​ប្រទេស​ជា​សមាជិក​ណា​មួយ​បាន​ទេ គ្រាន់តែ​ជា​ផ្លូវ​ទូត មិន​ត្រង់​ចំពោះ ហើយ​អត់​មាន​ទណ្ឌកម្ម​ទៅ​ទៀត។ យើង​ហ្នឹង​មាន​ការ​លំបាក​បន្តិច​ទៅ​ទៀត ដោយសារ​កម្ពុជា​យើង​ហ្នឹង ឆ្នាំ​ក្រោយ​ជា​ប្រធាន។ ពី​មុន​ឥណ្ឌូនេស៊ី ជា​ប្រធាន យើង​អាច​តវ៉ា​ទៅ​ឥណ្ឌូនេស៊ី។ ឥឡូវ​នេះ យើង​តវ៉ា​យ៉ាង​ម៉េច យើង​ជា​ប្រធាន ដូច្នេះ​ជា​ប្រធាន​ផង ជា​ភាគី​ផង គេ​អាច​ចោទ​ប្រកាន់​ថា យើង​អត់​មាន​អព្យាក្រឹតភាព​ក្នុង​នាម​ជា​ប្រធាន។ តាម​យោបល់​ខ្ញុំ ថៃ​ហ្នឹង​ចេះ​តែ​បណ្តែតៗ​ទៅ ដល់​ខ្មែរ​យើង​ធ្វើ​ប្រធាន​ទៅ។ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល ដូច​ជា​ចង់​ឲ្យ​ថៃ​ជួប​ប្រជុំ​ដក​កងទ័ព តាម​ដីកា​បង្គាប់​របស់​តុលាការ​អន្តរជាតិ»
លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនា​ការ​សម័យ​សាធារណរដ្ឋ​ខ្មែរ និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ក៏​បង្ហាញ​ទស្សនៈ​របស់​លោក​ប្រហាក់ប្រហែល​គ្នា​ដែរ ចំពោះ​របាយការណ៍​នោះ។ លោក​ថា អាស៊ាន​ជា​ប្លុក​សុភាព​រាបសា ទន់ភ្លន់​ហួស​ពេក​ក្នុង​ការ​ផ្សះផ្សា​ជម្លោះ​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​របស់​ខ្លួន​ផ្ទាល់។ ក្នុង​នាម​ជា​ក្រុម​មាន​អំណាច​ក្នុង​ភូមិភាគ​នេះ គេ​មាន​ជោគជ័យ​ក្នុង​ការ​ជួបជុំ​គ្នា ប៉ុន្តែ​សោកស្ដាយ​ត្រង់​ថា គេ​ឥត​មាន​ឆន្ទៈ ឥត​មាន​គំនិត​ផ្ដើម​ក្នុង​បញ្ហា​ធំៗ ដូចជា​ការ​ធានា​ឲ្យ​មាន​សន្តិភាព និង​សន្តិសុខ​ជាដើម។ ចំពោះ​រឿង​ព្រះវិហារ​អាស៊ាន អាច​ដើរ​តួ​ប្រសើរ​ជា​អ្នក​ចរចា​នាំ​ពាក្យ​ពី​ម្ខាង​ទៅ​ម្ខាង តែ​ជា​ស្ពាន​មួយ​អត់​មាំ​រវាង​កម្ពុជា និង​ក្រុមប្រឹក្សា​សន្តិសុខ​សហ​ប្រជាជាតិ ដែល​កម្ពុជា អាច​ធ្វើ​ក្នុង​នាម​ខ្លួន​ដោយ​ខ្លួន​ឯង​បាន​នោះ។
លោក​បញ្ជាក់​ដូច្នេះ​អំពី​អាស៊ាន៖ «ជា​ក្រុម ជា​ប្លុក ជា​សមាគម ជួបជុំ​ប្រជាជន​អាស៊ាន​ទាំង ១០​ប្រទេស​នោះ វា​ល្អ​ហើយ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេងៗ និង​ទាក់ទង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ពី​រឿង​ព្រះវិហារ​ហ្នឹង គឺ​ថា អាស៊ាន​ដូច​ជា​គ្មាន​ដោះ​រួច​អី​ទេ ពីព្រោះ​អាស៊ាន ដូច​ជា​គ្មាន​មនោសញ្ចេតនា ឬ​គ្មាន​មធ្យោបាយ ឬ​គ្មាន​ការ​ពិចារណា​ឲ្យ​បាន​ដឹង ហ៊ាន​ធ្វើ​ការ​រឿង​ជម្លោះ​ហ្នឹង។ ជម្លោះ​រវាង​កម្ពុជា និង​ថៃ ជា​រឿង​ធំ​ណាស់ ចំពោះ​អាស៊ាន ដែល​កើត​ឡើង គឺ​សម្រាប់​អាស៊ាន ដើម្បី​រៀបចំ​កុំ​ឲ្យ​មាន​ជម្លោះ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ក្នុង​ក្របខ័ណ្ឌ​សមាជិក​អាស៊ាន​ហ្នឹង​ឯង។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា ក្នុង​ពេល​នេះ អាស៊ាន​មិន​បាន​រៀបចំ​ឲ្យ​បាន​មធ្យ័ត ឲ្យ​បាន​ជោគជ័យ​អ្វី​ទេ។ អាស៊ាន​ហ្នឹង​បើ​ឲ្យ​គ្រាន់​តែ​ជួប​ជុំ​គ្នា សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​បាន តែ​ឲ្យ​ក្រៅ​ពី​ហ្នឹង​មិន​ទៅ​ជា​ស្អី​ទេ»
ក្រុម​សង្កេតការណ៍​នៃ​វិទ្យាស្ថាន International Crisis Group បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អាស៊ាន​គួរ​តែ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ទប់ស្កាត់​មុន​ហេតុការណ៍​កើត​ឡើង​ជា​ចំហ​ក្នុង​ប្រទេស​ជា​សមាជិក រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​គួរ​តែ​មាន​កម្លាំង​នយោបាយ​ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​រួម​គ្នា​របស់​គេ។
អាស៊ាន​មិន​អាច​ពឹង​ផ្អែក​លើ​ភ័ព្វសំណាង​ថា ឆ្នាំ​នេះ​មាន​ឥណ្ឌូនេស៊ី ជា​អ្នក​ខ្នះខ្នែង​ជួយ​រក​សន្តិភាព​ឲ្យ​ប៉ុណ្ណឹង​នោះ​ទេ។ អាស៊ាន​គួរ​តែ​មាន​យន្តការ​ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​សមាជិក​របស់​ខ្លួន​ទាន់​ពេល​វេលា ឬ​ដើម្បី​ការពារ​ទុក​ជា​មុន​មិន​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​ជា​ជាង​ពឹង​ផ្អែក​លើ​ការ​ដូរ​វេន​គ្នា​ធ្វើ​ប្រធាន៕

No comments:

Powered By Blogger