តើព្រះរាជក្រិត្យស្តីពី គោលការណ៍
និងបទបញ្ញត្តិអន្តរកាលនៃការធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ
និងរបស់នីតិបុគ្គលសាធារណៈ ដែលប្រកាសឲ្យ ប្រើដោយព្រះរាជក្រិត្យលេខ នស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី ០៨
ខែសីហា ឆ្នាំ២០០៦ មានលក្ខណៈត្រឹមត្រូវតាមបទដ្ឋានច្បាប់ដែរ ឬទេ ?
នៅក្នុងការវិភាគអត្ថបទច្បាប់នេះមិនមានគោលបំណងក្នុងការបន្តុះបង្អាប់ដល់រាជរដ្ឋាភិបាល រឺស្ថាប័នសាធារណះរបស់រដ្ឋឡើយ។ គោលបំណងសំខាន់ចំពោះអត្ថបទវិភាគខាងក្រោមនេះ
គឺសម្រាប់ការយល់ដឹងតែប៉ុណ្ណោះ។
ដោយសារស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទាមទារ
អោយកម្ពុជា ត្រូវមានច្បាប់សម្រាប់ការគ្របគ្រងលើការងារមួយចំនួនផងដែរ។ ច្បាប់មួយ
ចំនួន បានឆ្លងកាត់តាមនីតិវិធី ប៉ុន្តែមានច្បាប់មួយចំនួនតូចមិនត្រូវបានឆ្លងតាមលំដាប់លំដោយ នៃការ បង្កើតវានោះឡើយ។ មូលហេតុថា ច្បាប់ខ្លះមិនឆ្លងតាមដំណើរការត្រឹមត្រូវ
នោះ ត្រូវគេបកស្រាយ ថា ជាករណីបន្ទាន់បង្ខំ ហើយជាតម្រូវការចាំបាច់សម្រាប់សង្គមជាតិ
ដូច្នេះគេមិនចាំបាច់ឆ្លងកាត់ តាមដំណើរ ការតាមដំដាប់លំដោយឡើយ។
យើងសូមលើកយកតែករណីច្បាប់មួយមកជម្រាបជូនតែប៉ុណ្ណោះគឺ ព្រះរាជក្រិត្យបង្កើត ច្បាប់ស្តីពីការធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណះរបស់រដ្ឋទៅជាទ្រព្យសម្បត្តិ
ឯកជនរបស់ រដ្ឋ។ មូលហេតុដែលយើងលើកយកតែព្រះរាជាក្រិត្យនេះ
មកបកស្រាយពីព្រោះ យើងគិតថា ព្រះរាជក្រិត្យនេះ
ជះឥតទ្ធិពលយ៉ាងខ្លាំងដល់ជម្លោះដីធ្លីនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។
តើព្រះរាជក្រិត្យមួយនេះស្របច្បាប់ដែររឺទេ?
នៅក្នុងសៀវភៅរបស់បណ្ឌិតសាយ បូរី "នីតិរដ្ឋបាលទូទៅ"
បោះពុម្ពលើកទី៣ ឆ្នាំ២០០៦ ចាប់ពីទំព័រ៧៤ ដល់ទំព័រ១០៩ តទៅនេះហៅថា ឯកសារ សាយ បូរី
បានពិភាក្សានូវអំណាចរបស់ អង្គនីតិបញ្ញត្តិ និងប្រតិបត្តិ។ លោកក៏បានលើកនូវករណីព្រះរាជក្រិត្យមានពីរប្រភេទគឺព្រះរាជក្រិត្យ
ជាបទបញ្ជា (គ្មាននៅចែងនៅក្នុងរដ្ឋធម្មនុញ្ញទេ) និងព្រះរាជក្រិត្យ ឯកត្តភូត (សម្រាប់ការតែងតំាង និងការចាត់តាំង)។
នៅក្នុងឯកសាររបស់សាយ បូរីបានលើកឡើងអំពីទំលាប់របស់ស្រុកខ្មែរគឺ "កូនមាន់
កើត មុនមេមាន់" មានន័យថា មិនទាន់មានច្បាប់អនុញ្ញាតអោយធ្វើអ្វីមួយផង
គេធ្វើមុនបាត់ទៅហើយ។ ជួនកាលគេឃើញមានបទបញ្ជាដែលចេញដោយព្រះរាជក្រិត្យខ្លះមិនទាំងយោងច្បាប់អ្វីទាំងអស់
(ឯកសារសាយ បូរី ទំព័រ៨៧)។
បើយើងក្រឡេកមើលនៅក្នុងច្បាប់ភូមិបាលឆ្នាំ
២០០១ វិញ យើងឃើញថា មាត្រា ១៦កថា ខណ្ឌទី៤ចែងថា
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅពេលបាត់បង់ផលប្រយោជន៌សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ន តាមរយៈច្បាប់អនុប្បយោគ។ តែបែរជា គណៈរដ្ឋមន្រី្តបានស្នើទៅព្រះរាជាឡាយព្រហស្តលេខាលើរាជក្រិត្យស្តីពីការធ្វើអនុប្ប
យោគពី ទ្រព្យសម្បត្តិសាធារណះរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដោយ អោយអំណាចទៅ រដ្ឋាភិបាលធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅទ្រព្យឯកជនរបស់រដ្ឋ
ដោយ អនុក្រិត្យទៅវិញ។
ទ្រព្យសម្បត្តិឯកជនរបស់រដ្នអាចជាកម្មវត្ថុនៃការលក់
ការដូរ ការបែងចែកឬផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ (មាត្រា
១៧(១) នៃច្បាប់ភូមិបាល២០០១)។ ចំពោះទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយ
ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះមិនអាច កំណត់ អាជ្ញាយុកាលបានទេ(មាត្រា ១៦(១) នៃច្បាប់ភូមិបាល)។ ចំពោះទ្រព្យដែលចាត់ទុក ថាទ្រព្យ សាធារណៈរបស់រដ្ឋមានចែងនៅក្នុងមាត្រា
១៥ នៃច្បាប់ភូមិបាល២០០១)។
ជាគោលការណ៌
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាស អោយ ប្រើរដ្ឋធម្មនុញ្ញ
ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ
និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រិត្យ តាមការស្នើសុំពីគណៈរដ្ឋមន្រ្តី (មាត្រា ២៨ថ្មីនៃ រដ្ឋធម្មនុញ្ញ)។
ព្រះមហាក្សត្រមិនអាចប្រកាសអោយប្រើច្បាប់
ឬបង្កើតច្បាប់ណាមួយបានឡើយ បើរដ្ឋធម្មនុញ្ញ មិនបានប្រទាននូវសិទិ្ធទាំងនោះអោយ
ពីព្រោះព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច (មាត្រា១៧នៃរដ្ឋធម្មនុញ្ញ)។
ទោះបីជាព្រះរាជក្រិត្យនេះប្រើប្រាស់សម្រាប់អន្តរកាលក៏ដោយ
ក៏យើងគិតថា ព្រះរាជក្រិត្យ មិនគួរផ្តល់អំណាចអោយអង្គនីតិប្រត្តិក្នុងការធ្វើច្បាប់ណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញដែរ
ពីព្រោះ មានតែអង្គនីតិបញ្ញត្តិ (រដ្ឋសភា
និងព្រឹទ្ធសភា) ប៉ុណ្ណោះដែលមានអំណាចធ្វើច្បាប់ ហើយអំណាច
នេះមិនអាចត្រូវបានផ្ទេរទៅអោយអង្គការណាមួយឡើយ (មាត្រា ៩០(១)ថ្មី និងមាត្រា ៩៩(១)ថ្មី)។
បើយើងពិនិត្យមើលសេចក្តីយោងរបស់ព្រះរាជក្រិត្យនេះវិញមានដូចខាងក្រោម៖
១-រដ្ឋធម្មនុញ្ញ
២- ព្រះរាជក្រិត្យស្តីពីតែងតាំងរាជរដ្ឋាភិបាល
៣- ព្រះរាជក្រមប្រកាសអោយប្រើច្បាប់ស្តីពី
ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្នមន្រ្តី
៤- ព្រះរាជក្រមប្រកាសអោយប្រើច្បាប់ស្តីពី
ប្រព័ន្ធហិរញ្ញវត្ថុ និងច្បាប់ទាំងឡាយដែលធ្វើ វិសោធនកម្មនៃច្បាប់នេះ
៥-ព្រះរាជក្រមប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
៦-ព្រះរាជក្រមប្រកាសអោយប្រើច្បាប់ស្តីពី
របបហិរញ្ញវត្ថុ និងទ្រព្យរបស់ខេត្តក្រុង
៧-ព្រះរាជក្រមប្រកាសអោយប្រើច្បាប់ភូមិបាល
៨- យោងតាមសំណើរនិងការឯកភាពពីគណៈរដ្ឋមន្រី្តក្នុងសម័យប្រជុំពេញអង្គ
តើសេចក្តីយោងខាងលើនេះមានលក្ខណៈត្រឹមត្រូវដែរឬទេ?
រដ្ឋធម្មនុញ្ញៈ មិនមានមាត្រាណាមួយដែលប្រទាននូវអំណាចអោយព្រះមហាក្សត្រឡាយ
ព្រះ ហត្ថលេខាលើច្បាប់ណាមួយដែលមិនបានឆ្លងកាត់រដ្ឋសភាឡើយ។ ហើយក៏គ្មានមាត្រា
ណាមួយ ដែលចង្អុលអោយរដ្ឋភិបាល(គណៈរដ្ឋមន្រី្ត)ធ្វើច្បាប់ណាមួយដែរ។ ហើយរដ្ឋាភិបាល ជាពិសេស គណៈរដ្ឋមន្រ្តីគ្មានអំណាចណាមួយក្នុងការស្នើសុំព្រះមហាក្សត្រអោយប្រគល់នូវ
អំណាចណាមួយ ដោយមិនបានឆ្លងកាត់រដ្ឋសភាដែរ។ ថ្វីត្បិតនាយករដ្ឋមន្រ្តី(ក្នុងនាមគណៈរដ្ឋមន្រ្តី) មានសិទ្ធិផ្តួច ផ្តើម ធ្វើច្បាប់(មាត្រា៩១ថ្មីនៃរដ្ឋធម្មនុញ្ញ)ក៏ដោយ
ក៏ច្បាប់នោះត្រូវតែ បញ្ជូនអោយអង្គនីតិបញ្ញត្តិ អនុម័តដែរ បើមិនអញ្ចឹងទេ នោះអំណាចនីតិប្រតិបត្តិ
រំលោភនូវ អំណាចនីតិបញ្ញត្តិហើយ។
ច្បាប់ស្តីពី
ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្នមន្រ្តី (តទៅនេះហៅថា ច្បាប់ គណៈរដ្ឋមន្រ្តី)ៈ នៅក្នុងមាត្រា១នៃច្បាប់នេះបានចែងថា "រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា
ជា អង្គនីតិប្រតិបត្តិមានភារកិច្ចកំណត់ និងអនុវត្តនយោបាយរបស់រដ្ឋតាមគោលការណ៏ ដែលមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
រាជរដ្ឋាភិបាលធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ
លើក លែងតែសមត្ថកិច្ចរបស់អង្គការនីតិបញ្ញត្តិ និងអង្គការតុលាការ...."។ ម្យ៉ាងទៀត នៅក្នុង មាត្រា ១៣
បានកំណត់ថា នាយករដ្ឋមន្រ្តីចុះហត្ថលេខា លើអនុក្រិត្យសេចក្តីសម្រេច និងសារាចរ
របស់គណៈរដ្នមន្រ្តី។ លិខិតបទដ្ឋាននានាដែលមានអនុភាពទូទៅរបស់រាជរដ្ឋាភិបាល ត្រូវតែបានចុះ ក្នុងរាជកិច្ច។
តាមខ្លឹមសារនៃមាត្រាខាងលើយើងឃើញថា រដ្ឋាភិបាលមិនមានអំណាចធ្វើច្បាប់ណាមួយតាម
ទំនើងចិត្តរបស់ខ្លួនឡើយ លើកលែងតែមានរដ្ឋធម្មនុញ្ញ ឬច្បាប់ណាមួយប្រគល់អំណាច អោយ តែប៉ុណ្ណោះ។
ច្បាប់ភូមិបាលៈ
ដូចដែលយើងបានជជែកនៅផ្នែកខាងលើរួចហើយ គឺច្បាប់ភូមិបាល (មាត្រា
១៦ (៤))គឺតម្រូវអោយរដ្ឋត្រូវបង្កើតច្បាប់ជាមុនសិន
ទើបរដ្ឋាភិបាលមានសិទ្ធិក្នុងការធ្វើអនុបយោគសម្រាប់ក្នុងកិច្ចអភិវឌ្ឍន៌សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើយើងពិនិត្យមើលសេចក្តីយោងផ្សេងទៀតពីចំណុចទី៤ដល់ទី៦ខាងលើវិញ
យើងឃើញ ថាការយោងច្បាប់ទាំងអស់នោះមិនស៊ីសង្វាក់អ្វីបន្តិចសោះទៅនឹងខ្លឹមសារនៃព្រះរាជក្រិត្យស្តីពី គោលការណ៍ និងបទបញ្ញត្តិអន្តរកាលនៃការធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈនិងច្បាប់ភូមិបាលសោះឡើយ។
តាមទ្រឹស្តីបើយោងច្បាប់ខុសនោះ
ច្បាប់ដែលចេញនោះខុសច្បាប់ហើយ ពីព្រោះយោង លើអ្វីដែលខុស។
ម្យ៉ាងទៀតបើយើងពិនិត្យលើខ្លឹមសារនៃព្រះរាជក្រិត្យស្តីពីគោលការណ៌
និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
បានប្រគល់នូវអំណាចដល់រដ្ឋាភិបាលក្នុងការចាត់ចែងទ្រព្យរដ្ឋទាំងនោះដោយអនុក្រិត្យ (មាត្រា ៥)។ ចំណុចនេះផងដែរក៏បើកសិទ្ធិអោយរដ្ឋាភិបាលបកស្រាយលើខ្លឹមសារនៃមាត្រា
៣ ដែលថា ទ្រព្យប្រភេទណាជាទ្រព្យសម្បត្តិលែងជាតម្រូវការនៃផលប្រយោជន៌សាធារណៈឬទ្រព្យនោះបាត់បង់លក្ខណៈសម្បត្តិពេញលេញរបស់ខ្លួនក្នុងការបម្រើប្រយោជន៌សាធារណៈ
ឬទ្រព្យសម្បត្តិនោះ លែងជាការ ប្រើប្រាស់ផ្ទាល់ដោយសាធារណជន។
យើងសង្កេតឃើញថា
ពេលខ្លះស្ថាប័នរដ្ឋាភិបាលមួយចំនួនបានដូរទ្រព្យសម្បត្តិរបស់រដ្ឋតាមទំនើងចិត្តទៅអោយឯកជនក្រោមលេសថា ធ្វើអោយអាគាររដ្ឋ ឬស្ថាប័ននោះមានភាពទំនើបកម្មជាដើម។
ហើយពេលខ្លះធ្វើអនុបយោគលើដីរបស់ពលរដ្ឋដែលរស់នៅជាយូរយារណាស់មកហើយ
ដោយធ្វើដីនោះសម្រាប់ដីប្រយោជន៌សាធារណៈបន្ទាប់ទៀតគេផ្ទេរដីនោះ ជាដីឯកជនរបស់រដ្ឋ
ហើយក៏ត្រូវលក់បន្តទៅអោយឈ្មួញក្រោមលេសថា សម្រាប់កិច្ចអភិវឌ្ឍ សេដ្ឋកិច្ចរបស់ជាតិ។ ហើយនៅក្នុងមាត្រា៦ទៀតសោត បានកំណត់ថា បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រិត្យនេះត្រូវទុកជានិរាករណ៏ (អាចមានន័យថា ព្រះរាជក្រិត្យអាចលុបចោលច្បាប់ភូមិបាល២០០១ឬ? ពីព្រោះនៅក្នុងមាត្រា១៦(៤)នៃច្បាប់ភូមិបាលកំណត់ថា
ច្បាប់អនុបយោគ ត្រូវបង្កើតជាមុនសិនទើបអាចធ្វើអនុប្បទានទ្រព្យណាមួយរបស់រដ្ឋបាន)។ តែរដ្ឋមិនបាន បង្កើតច្បាប់ទេ បែជាចេញព្រះរាជក្រិត្យបទបញ្ជាមួយអោយអំណាចដល់អង្គការនិតិប្រតិបត្តិទៅវិញ។
ផលវិបាកៈ កាលណាអង្គការរដ្ឋណាមួយចេញច្បាប់ដោយបំពាននឹងរដ្ឋធម្មនុញ្ញ
ឬ ច្បាប់ផ្សេងៗ ប្រទេសនោះនឹងមិនអាចក្លាយជានីតិរដ្ឋឡើយ ហើយការដោះស្រាយបញ្ហានៅក្នុងសង្គមនឹងមិនអាចធ្វើទៅបានឡើយ។
ការរំលោភបំពានរបស់អង្គការនីតិប្រតិបត្តិមក លើអង្គការនីតិបញ្ញត្តិ
ជាបញ្ហាមួយដែលធ្វើអោយរដ្ឋនោះមិនមានការបែងចែកអំណាចដាច់ពីគ្នា។
ហើយគ្មានអំណាចណាមួយត្រួតពិនិត្យលើអំណាចណាមួយ។ តើរដ្ឋនោះនឹងដើរទៅទិសខាងណាទៅ?
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and information regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព ច ក គ្រាន់ផ្តល់នូវចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕
No comments:
Post a Comment