Monday, September 12, 2011

កម្ពុជា​ត្រូវ​ការ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រេង​និង​ឧស្ម័ន​​ដែល​ល្អ


កម្ពុជា​ត្រូវ​ការ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រេង​និង​ឧស្ម័ន​​ដែល​ល្អ

2011-09-09
ប្រទេស​កម្ពុជា គ្រោង​បើក​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ប្រេងកាត និង​ឧស្ម័ន​នៅ​ឆ្នាំ​២០១២ ខាង​មុខ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អាជីវកម្ម និង​ចំណូល​ធនធាន​ប្រេង និង​ឧស្ម័ន​នោះ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា និង​ចងក្រង​នៅ​ឡើយ។
RFA/Sok Serey
០៩-កញ្ញា-២០១១៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន នៅ​ក្នុង​សន្និសីទ​កាសែត​នា​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។
មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​ជំនាញ​កំពុង​តែ​មមាញឹក​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន ដើម្បី​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​ល្អ និង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ នៅ​មុន​ពេល​ការ​ឆ្លង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ។
ប្រភព​បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ​មាន​ចំនួន​២ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​យកពន្ធ​លើ​ប្រាក់​ចំណូល​ប្រេង​កាត និង​ឧស្ម័ន ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ។  
រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា មន្ត្រី​ជំនាញ​កំពុង​តែ​សិក្សា និង​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន​នេះ​បាន​ចំនួន​ភាគ​ច្រើន​ហើយ។
លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «គឺ​យើង​សិក្សា​ច្រើន យើង​ទាក់ទង​នឹង​អ្នក​ជំនាញការ​ក៏​ទាក់ទង​ដែរ ទាក់ទង​នឹង​ច្បាប់​អន្តរជាតិ​ក៏​យើង​ទាក់ទង​ដែរ ដើម្បី​ឲ្យ​យើង​ធ្វើ​យ៉ាងម៉េច​ឲ្យ​ច្បាប់​ប្រេងកាត​មួយ​ដែល​ល្អ ហើយ​ដែល​រួម​ចំណែក​ឲ្យ​បាន​ច្រើន​បំផុត​ដល់​ការ​អភិវឌ្ឍ​កម្ពុជា។ ព្រោះ​រឿង​ហ្នឹង​មិន​អាច​បរទេស​ណា​មក​ធ្វើ​ជំនួស​យើង​ក្នុង​បរិបទ​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា​ទេ»។ 
លោក សុខ អាន មិន​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ អំពី​កាលបរិច្ឆេទ​ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ឆ្លង​កិច្ច​ប្រជុំ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ណា?
កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ប្រទេស​កម្ពុជា នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង ១២​យប់។
មាន​មន្ត្រី​ជំនាញ​មក​ពី​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញ​មក​ពី​អង្គការ យូអ៊ិនឌីភី (UNDP) បាន​ចូលរួម​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ។  
ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សម្ពន្ធភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ប្រេង ឧស្ម័ន និង​រ៉ែ លោក ម៉ម សម្បត្តិ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពិភាក្សា​ឲ្យ​បាន​ច្រើន​ពី​សង្គម​ស៊ីវិល​នៅ​មុន​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​ឆ្លង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។
លោក​បន្ថែម ៖ «ចង់​ឲ្យ​ខ្លឹមសារ​ច្បាប់​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផ្ដល់​សម្បទាន ការ​ធ្វើ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​ជាមួយ​រដ្ឋាភិបាល ហើយ​និង​ដំណើរការ​នៃ​ការ​គ្រប់គ្រង​នេះ​ឲ្យ​វា​មាន​លក្ខណៈ​តម្លាភាព»។ 
សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា បាន​បញ្ជាក់​នៅ​ឆ្នាំ​២០០៥ ថា ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) របស់​សហរដ្ឋអាមេរិក បាន​រក​ឃើញ​អណ្ដូង​ប្រេងកាត​ចំនួន ៤​កន្លែង នៅ​ប្លុក​អេ (block A) នៅ​បាត​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ៕


.......................................................
Law Journal of Cambodia (LJC) is a non-political and independent team who volunteer working for disseminating law in Cambodia. All our comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Welcome all comments on this blog

No comments:

Powered By Blogger