Friday, November 25, 2011

ពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៤​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​អនុវត្ត​សាលដីកា​រឿង​ដី



2011-11-25
ប្រជាពលរដ្ឋ​ជាង ៣០០​នាក់ នៅ​ឃុំ​ត្រែងត្រយឹង ខេត្ត​កំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​បង្គោល ៩១ ទៅ ៩៤ ជា​ច្រើន​ម៉ោង ដើម្បី​ប្រឆាំង​នឹង​ការ​អនុវត្ត​សាលដីកា​​ចេញ​ពី​តុលាការ​កំពូល​ដែល​ខុស​ទីតាំង​ចំ​លើ​ដី​របស់​ពួកគេ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​នោះ លោក សេង អឿន បាន​ថ្លែង​ថា ពលរដ្ឋ​ដែល​បិទ​ផ្លូវ​ជាតិ​លេខ ៤​នេះ គឺ​ដើម្បី​ឲ្យ​លោក មុត តារា ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​កំពង់ស្ពឺ ធ្វើ​កិច្ចសន្យា​ថា បញ្ឈប់​ការ​អនុវត្ត​សាលដីកា​ដែល​ប៉ះ​ចំ​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​កំពុង​បង្ក​បង្កើន​ផល ពីព្រោះ​នៅ​ក្នុង​សាលា​ដីកា​នោះ បាន​ដាក់​ឲ្យ​អនុវត្ត​ដី​នៅ​ចំណុច​ភូមិ​ទី​៦ មិន​មែន​ភូមិ​ទី​៣ ដែល​ជា​ទីតាំង​មាន​ទំនាស់​នោះ​ទេ។
បុរស​អ្នក​ភូមិ​រូប​នេះ​បាន​បន្ត​ថា វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ ៦៦​គ្រួសារ​នៅ​ភូមិ​ទី​៣ ចំនួន ១៦០​ហិកតារ​នេះ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦ មក ជាមួយ​ភាគី​សមាគម​កសិករ មាន​ឈ្មោះ ចាន់ វាសនា ជា​តំណាង បាន​ប្ដឹង​ពី​ពលរដ្ឋ​ទៅ​តុលាការ​ខេត្ត​កំពង់​ស្ពឺ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល៖ «បិទ​ផ្លូវ​ចង់​ឲ្យ​លោក មុត តារា ព្រះរាជអាជ្ញា​នោះ​ប្រាប់​ថា លែង​អនុវត្ត​ហើយ ព្រោះ​ថា កន្លែង​នេះ​វា​ខុស​ទីតាំង​របស់​គាត់ កន្លែង​ដែល​គាត់​ត្រូវ​ឈូស​ឆាយ​យក​នោះ កន្លែង​គាត់​នៅ​ភូមិ​ទី​៦ ឯ​ណោះ»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក មុត តារា បាន​ថ្លែង​ថា ការ​អនុវត្ត​សាលដីកា​នេះ គឺ​ត្រូវ​ចំណុច​ភូមិ​ទី​៣ ដោយសារ​មាន​ការ​ផ្លាស់ប្ដូរ​ទីតាំង​រដ្ឋបាល​នៃ​ការ​គ្រប់គ្រង​ពី​ភូមិ​៦ មក​ឲ្យ​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ភូមិ​៣។ លោក​បន្ត​ថា ករណី​នេះ​លោក​នឹង​កោះ​ហៅ​សមត្ថកិច្ច អ្នក​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ដើម្បី​ជួប​ពិភាក្សា​គ្នា​ម្ដង​ទៀត។
អ្នក​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ លោក ឆេង សម្ផស្ស ដែល​បាន​ឃ្លាំមើល​ការ​តវ៉ា​នេះ បាន​ថ្លែង​ថា ការ​ចុះ​អនុវត្ត​សាលដីកា​នេះ ហាក់​មាន​ភាព​មិន​ប្រក្រតី​ដោយ​សារ​រឿង​ក្ដី​នេះ តុលាការ​កំពូល​បាន​បង្វែរ​ទៅ​ឲ្យ​សាលាឧទ្ធរណ៍​កោះ​ហៅ​ពលរដ្ឋ​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ខាង​មុខ៖ «ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នោះ វា​អត់​មាន​ដំណោះស្រាយ អត់​មាន​នរណា​ចុះ​មក​ដោះស្រាយ តុលាការ​គប្បី​ពិចារណា​សើរើ​រឿង​ក្ដី​នេះ​ឡើង​វិញ ថា តើ​ការ​អនុវត្ត​ខុស​ទីតាំង​អ៊ីចឹង គួរ​កាត់​ក្ដី​ឡើង​វិញ​របៀប​ម៉េចៗ យើង​មិន​គួរ​ប្រើ​អំពើ​ហិង្សា យក​វិធានការ​ដោះស្រាយ​បែប​ហ្នឹង ប្រជាពលរដ្ឋ​គាត់​មិន​ស្ងប់​ចិត្ត ត្រង់​ថា ការ​អនុវត្ត​វា​ខុស​ទិស​ដៅ​អ៊ីចឹង»
យ៉ាង​ណា​ក៏ដោយ បន្ទាប់​ពី​តវ៉ា​បិទ​ផ្លូវ​ជិត ៥​ម៉ោង​មក មេបញ្ជាការ​ប៉េអិម​ខេត្ត​កំពង់ស្ពឺ បាន​បាញ់​ទឹក និង​ប្រើ​ដំបង​ឆក់ ហើយ​បាញ់​កាំភ្លើង​ឡើង​លើ​ប្រមាណ ១០​គ្រាប់ ដើម្បី​បំបែក​ហ្វូង​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ដោយ​ជោគជ័យ។ ចំណែក​ប្រជា​ពលរដ្ឋ​ពុំ​ទាន់​ទទួល​បាន​ការ​លទ្ធផល​ពី​ការ​តវ៉ា​នោះ​ទេ៕

No comments:

Powered By Blogger