សេចក្តីប្រកាសព៌ត័មាន
អំពី
ការប្រើអំពើហិង្សារបស់កងកំលាំងប្រដាប់អាវុធមកលើអ្នកភូមិបឹងកក់
សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៏នៅកម្ពុជាថ្កោលទោសចំពោះការប្រើអំពើហិង្សារបស់សមត្ថកិច្ចចម្រុះ ដែលបានវាយបង្រ្កាបទៅលើអ្នកភូមិរងគ្រោះបឹងកក់ ដោយគ្រាន់តែធ្វើការទាមទារ តវ៉ាដោយអហឹង្សា នៅមុខសាលារាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១១នេះ។
អ្នកភូមិបឹងកក់បានទាមទារ អស់រយៈពេលជាង៥ឆ្នាំកន្លងមកហើយ បន្ទាប់ពីរដ្ឋាភិបាលបានយកដីអ្នកភូមិប្រគល់ឲ្យក្រុមហ៊ុនស៊ូកាគុអ៊ីនកាលពីឆ្នាំ២០០៧កន្លងមក។ ទំនាស់ដីបឹងកក់ មិនទទួល បានការដោះស្រាយដ៏ត្រឹមត្រូវនៅឡើយ។ រហូតមកដល់សព្វថ្ងៃនេះ ពួកគាត់បាននាំគ្នាបន្តការទាម ទារ ទទូចចង់ឲ្យសាលារាជធានីភ្នំពេញជួយដោះស្រាយ ដីអភិវឌ្ឍន៏នៅនឹងកន្លែង ស្របតាមគោលនយោបាយដោះស្រាយរបស់រដ្ឋាភិបាល និងដោះស្រាយផ្ទះរបស់ពួកគាត់ដែលត្រូវបានលិចលង់ដោយសារក្រុមហ៊ុនបូមខ្សាច់ពន្លិចជាបន្តបន្ទាប់មក។ នៅព្រឹកនេះបន្ទាប់ពីមានការជួបពិភាក្សា ជាមួយតំណាងសាលារាជធានីភ្នំពេញរួចមក ក្រុមសហគមន៏នៅតែបន្តការទាមទារតវ៉ា ពីព្រោះមិនមានលទ្ធផលជាវិជ្ជមាន។ កងកំលាំងប្រដាប់អាវុធរាប់រយនាក់ ក៏បានចូលវាយបំបែកអ្នកភូមិ ដោយធ្វើការវាយដំ ឆក់នឹងដំបងឆក់ ទាត់ ធាក់ ទៅលើអ្នក ភូមិយ៉ាងសាហាវឃោឃៅ នៅចំពោះមុខមន្ត្រីសាលារាជធានី ដែលកំពុងតែឈរឳបដៃមើលការប្រើអំពើហិង្សានេះ។
សមាគមអាដហុកឃ្លាំមើលយ៉ាងហ្មត់ចត់ បានឃើញហេតុការណ៏ដោយផ្ទាល់ភ្នែកនៅក្នុងអំពើវាយបង្រ្កាបនេះ យ៉ាងហោចណាស់មានអ្នកភូមិ៤នាក់ទទួលរងរបួសសន្លប់បែកក្បាលហូរឈាម នៅនឹងកន្លែង ដោយសារកងកំលាំងវាយដំ ឆក់នឹងដំបងឆក់ អ្នកភូមិ១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដាក់ក្នុងឡានទ្រុងពីកន្លែងកើតហេតុ ។ សកម្មភាពវាយបង្រ្កាបនេះ កំលាំងប្រដាប់អាវុធបាន ប្រើដំបងវាយដំ ឆក់នឹងដំបងឆក់ ទាត់ ធាក់ និងតាមរកចាប់ខ្លួនទៅលើក្រុមបាតុករជាបន្តបន្ទាប់ មើលទៅគួរឲ្យរន្ធត់។
សមាគមអាដហុកចាត់ទុកអំពើហិង្សានេះថា គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលធានាដោយរដ្ឋធម្មនុញ្ញ និងសេចក្តីថ្លែងការណ៏ជាសកលស្តីពីសិទិ្ធមនុស្ស ។ ការប្រើអំពើហិង្សារបៀបនេះមិនមែនជាដំណោះស្រាយដែលចាំបាច់ត្រូវយកមកប្រើប្រាស់ជាមួយនឹងប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ក្នុងទំនាស់ដីធ្លីនោះទេ ។ អំពើហិង្សានេះផ្តើមចេញពីកំលាំងប្រដាប់អាវុធចម្រុះ នៅចំពោះមុខមន្ត្រីសាលារាជធានី ដែលបើកដៃឲ្យមានការវាយបង្ក្រាបទៅលើអ្នកភូមិយ៉ាងសាហាវបែបនេះ ។ ជុំវិញករណីទំនាស់ដីធ្លីនៅបឹងកក់នេះ សាលារាជធានីមិនត្រឹមតែមិនបានរកដំណោះស្រាយជូនអ្នកភូមិរងគ្រោះប៉ុណ្ណោះទេ គេថែមទាំងប្រើអំណាច និងកំលាំងប្រដាប់អាវុធ ឲ្យទៅវាយដំលើអ្នកភូមិរងគ្រោះ ហើយទាត់ចោលនូវសិទិ្ធក្នុងការទាមទារតវ៉ា របស់អ្នកភូមិដែលធ្វើដោយអហិង្សា។
សមាគមអាដហុក សូមអំពាវនាវដល់ភ្នាក់ងាររដ្ឋាភិបាល ពិសេសសាលារាជធានីភ្នំពេញ សូមបញ្ឈប់ជាបន្ទាន់ចំពោះការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋដែលធ្វើការតវ៉ាដោយអហិង្សា និងសូមអំពាវនាវដល់ស្ថាប័នជាតិ និងអន្តរជាតិទាំងអស់ សូមជួយឲ្យមានការស៊ើបអង្កេត ចាត់វិធានការតាមផ្លូវច្បាប់ចំពោះការប្រើអំពើហិង្សាដ៏ព្រៃផ្សៃនេះ សូមឲ្យដោះលែង ព្រមទាំងបញ្ឈប់ការតាមចាប់ខ្លួនអ្នកភូមិតទៅទៀត និងបន្តការដោះស្រាយទំនាស់ដីធ្លីនេះ ដោយសន្តិវិធី ។
ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១១
ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទ
-លោក ចាន់ សុវ៉េត ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ០១៦ ៩៣៧ ៥៩១
-លោក នី ចរិយា ប្រធានផ្នែកសិទ្ធិដីធ្លីនៃសមាគមអាដហុក ០១១ ២៧៤ ៩៥៩
Welcome all comments on this blog
No comments:
Post a Comment