មតិរិះគន់ចំពោះការប្រតិបត្តិការងារក្នុងរដ្ឋាភិបាលកម្ពុជា
ដោយ ទីន ហ្សាការីយ៉ា
2011-09-06
ក្រុមអ្នកតាមឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា កំពុងតែអនុវត្តច្បាប់បែបអានាធិបតេយ្យ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយបានរិះគន់ថា ការបង្ក្រាបបទល្មើសនីមួយៗដែលកើតមានក្នុងសង្គម អាចធ្វើឡើងទៅបានលុះត្រាតែមានបញ្ជាពីអ្នកដឹកនាំប្រទេស ទើបមន្ត្រីក្រោមបង្គាប់ចាប់ផ្តើមមានវិធានការបង្ក្រាបបទល្មើសទាំងនោះ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយបានលើកឧទាហរណ៍កន្លងមក ដូចជាករណីបង្ក្រាបកុងត្រូលជជុះ ការបង្ក្រាបបទល្មើសនេសាទ និងការបញ្ជាឲ្យមន្ត្រីក្រសួងពាក់ព័ន្ធពិនិត្យមើលលើករណីកម្មកររោងចក្រពុលសន្លប់ កាលពីពេលថ្មីៗនេះជាដើម។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានពន្យល់ថា មន្ត្រីអនុវត្តច្បាប់របស់រដ្ឋាភិបាលមួយចំនួនបច្ចុប្បន្នលែងគិតអំពីការអនុវត្តច្បាប់ត្រឹមត្រូវហើយ ព្រោះគេគិតថា ការអនុវត្តច្បាប់នោះវានឹងមិនមានផលប្រយោជន៍សម្រាប់ពួកគាត់ទេ ដូច្នេះគេគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង ហើយរង់ចាំការបញ្ជាពីនាយករដ្ឋមន្ត្រីម្ដងម្កាល ទើបគេចាប់ផ្ដើមប្រតិបត្តិការងារនោះ។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ហង្ស ឆាយា បានបញ្ជាក់ថា ការអនុវត្តច្បាប់នៅប្រទេសកម្ពុជា ផ្ទុយពីរបបលទ្ធិប្រជាធិបតេយ្យ ពីព្រោះថា ការអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋានគេធ្វើទៅតាមទម្លាប់ ចាំតែទទួលបញ្ជាពីថ្នាក់ដឹកនាំប្រទេសបញ្ជា ដែលបញ្ហានេះជាបញ្ហាមួយមិនមាននិរន្តរភាពនោះឡើយ។
No comments:
Post a Comment