របាយការណ៏វិភាគ
សាលាដំបូងខេត្តរតនគិរីព្យាយាមរកកំហុសវាយប្រហារលើមន្ត្រីឆ្នើម សមាគមអាដហុក
១៣ ខែតុលា ឆ្នាំ២០១១
ទំនាក់ទំនង
លោក សឿង យ៉ារ៉ាត់ ពិការជើងដោយសារអង្គរក្សក្រុមហ៊ុនបាញ់ ០៩៧ ២៩៥១៨៦៦
លោកចៅក្រម ឡៅ ឡុច ០១២ ៦០០ ៦៥៥
លោក រដ្ឋា វិសាល ០១២ ៤៥១៦៧៥
លោកប៉ែន ប៊ុណ្ណារ៏ ០១៥ ៩៦៤០៥៦
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងអ្នកភូមិជនជាតិដើមភាគតិចទំពូន ១៣៦ គ្រួសារ ជាមួយក្រុមហ៊ុន DM Group លើទំហំដីសរុប ២៦០ ហិកតា អូសបន្លាយតាំងបីឆ្នាម២០០៥រហូតមក នៅមិនត្រូវបាន ចាត់វិធាន ការដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ ផ្ទុយទៅវិញ មានមនុស្ស១៨នាក់ អ្នកភូមិមាន១៣ នាក់ រួមជាមួយមន្ត្រីសិទ្ធិមនុស្ស៣នាក់ សកម្មជន ការពារព្រៃឈើ១នាក់ និងអ្នកសារពត៌មាន ក៏បានទទួលរងនូវការចោទប្រកាន់យ៉ាង អយុត្តិធម៌ពីតុលាការខេត្តរតនគិរី តាមបណ្តឹងរបស់ក្រុមហ៊ុនតាំង ពីឆ្នាំ២០០៨ រហូត មកក្នុងនោះមានសកម្មជនការពារសិទ្ធិមនុស្សម្នាក់ យ៉ាង ថន ធ្លាប់ជាប់ពន្ធនាគារជាង មួយឆ្នាំកាលពីថ្អៃទី២៧ វិច្ឆិកា ២០០៨។
រហូតមកដល់ឆ្នាំ២០១១ នេះ អស់ពីចៅក្រមមួយ ចូលដល់ចៅក្រមមួយទៀត តុលាការ ខេត្តនេះ នៅតែព្យាយាមស្វែងរកកំហុសមកលើលោក ប៉ែន ប៊ុណ្ណារ៏ ម្តងហើយម្តង ទៀត ក្នុងបំណង បំបាក់ស្មារតីមន្ត្រីសិទិ្ធមនុស្សឆ្នើមរូបនេះ។ ជាពិសេសបន្ទាប់ពី ចៅក្រម ថោ សារ៉នរកមិនឃើញកំហុសព្រហ្មទណ្ឌណាមួយមកលើ ប៉ែន ប៊ុណ្ណារ៏ សំណុំរឿងព្រហ្មទណ្ឌលេខៈ ២៨៣ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៨ នេះបានធ្លាក់មក លើចៅក្រមថ្មី ឈ្មោះឡៅ ឡុច បានយកមកចាត់ការម្តងទៀត។
នៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១១ ចៅក្រម ឡៅ ឡុច បានធ្វើការសាកសួរជនជាប់ចោទ ៣នាក់ មានលោក រដ្ឋា វិសាល មន្ត្រីវិទ្យុអាស៊ីសេរី លោក ឆាយ ធី អ្នកស៊ើបអង្កេត សមាគមអាដហុកប្រចាំខេត្តរតនគិរី និងលោក ប៉ែន ប៊ុណ្ណារ៏ ពីបទញុះញង់បង្កឲ្យមាន បទល្មើស។
តាមការសាកសួររបស់លោកចៅក្រម ឡៅ ឡុច ទៅលើលោក រដ្ឋា វិសាល មន្ត្រីវិទ្យុ អាស៊ីសេរី នៅក្នុងបន្ទប់ ចៅក្រមរូបនោះបានឈ្លេចសួរយកចំលើយអំពីទង្វើរបស់ លោក ប៉ែន ប៊ុណ្ណារ៏ កន្លង មកតាំងពីឆ្នាំ២០០៨ នៅពេលដែលលោក ប៉ែន ប៊ុណ្ណារ៏ ធ្វើការផ្សព្វផ្សាយជាមួយសហគមរងគ្រោះអំពីសិទិ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ ច្បាប់ និងយុទ្ធសាស្ត្រតស៊ូមតិ សំរាប់ការពារដី និងធន ធានធម្មជាតិ ដែលកំពុងតែមាន ទំនាស់ជាមួយក្រុមហ៊ុន DM Group។ នៅក្នុងការ សាកសួរ លោករដ្ឋា វិសាល បាន ឆ្លើយប្រាប់ចៅក្រមថា លោក ប៉ែន ប៊ុណ្ណារ៏ បានទៅធ្វើការ ផ្សព្វផ្សាយ ដល់អ្នក ភូមិពិត ប្រាកដមែន តែលោក ប៉ែន ប៊ុណ្ណារ៏ គាត់បានពន្យល់ ពីការតស៊ូ មតិដោយសន្តិវិធី និង ហាមឃាត់នូវការប្រើអំពើហឹង្សា មានន័យថា ការដោះស្រាយ ទំនាស់ ដោយសន្តិវិធី និងតាមច្បាប់ជានិច្ច។
លោក ឆាយធី បានឆ្លើយបំភ្លឺចៅក្រមថា កាលពីឆ្នាំ២០០៨ លោកមានតួនាទីជាសកម្ម ជនរបស់ អាដហុកតែប៉ុណ្ណោះ លោកមិនដឹងអំពីរឿងនេះទេ។ គាត់បានដើរតាមលោក ប៉ែន ប៊ុណ្ណារ៏ ជាច្រើន ដងក្នុងការជួយផ្សព្វផ្សាយណែនាំសហគមន៏អំពីសិទ្ធិមនុស្ស និងច្បាប់ ជាពិសេសការតស៊ូមតិដោះ ស្រាយទំនាស់ដោយសន្តិវិធី។
នៅពេលរសៀល លោកចៅក្រមបានសាកសួរលោកប៉ែន ប៊ុណ្ណារ៏ អំពីការឆេះស្ពាន ក្រុមហ៊ុន កាល ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៨ នៅពេលដែលលោកប៉ែន ប៊ុណ្ណារ៏ បាន ដឹកនាំក្រុមសិទ្ធិមនុស្សរបស់ ព្រឹទ្ធសភាទៅទស្សនកិច្ច សិក្សាស្វែងយល់ពីស្ថានភាព ទំនាស់ដីធ្លីនៅបាតាង។ លោក មិនបានដឹក នាំអ្នកភូមិឲ្យប្រើអំពើហឹង្សានោះទេ រាល់ សកម្មភាពផ្សព្វផ្សាយ លោកប៉ែន ប៊ុណ្ណារ៏ តែងតែពន្យល់ និងហាមឃាត់អ្នកភូមិសូម កុំឲ្យប្រើអំពើហឹង្សាយកមកដោះស្រាយ ទំនាស់។
លោកប៉ែន ប៊ុណ្ណារ៏ និងលោក ឆាយ ធី ត្រូវបានអតីតចៅក្រមស៊ើបអង្កេត លោក ថា សារ៉ន បានធ្វើ ការសាកសួរម្តងរួចមកហើយកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩ ដោយមិនអាចរកឃើញនូវកំហុស ព្រហ្មទណ្ឌណាមួយឡើយ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១នេះ បន្ទាប់ពីសាកសួរចប់ចៅក្រមនៅមិនទាន់សំរេច នៅឡើយ ។
បើវិភាគផ្នែកច្បាប់ពីនីតិវិធីវិញ តុលាការខេត្តនេះមានភាពអយុត្តិធម៌ លំអៀងទៅលើ ក្រុមហ៊ុន ដោយព្យាយាមចាត់ការបណ្តឹងប្រឆាំងនឹងអ្នកភូមិក្រីក្រ ប្រឆាំងនឹងអ្នកជួយ គាំទ្រសហគមន៏រងគ្រោះ ។ ចំណែកបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះដែលបានដាក់ទៅ តុលាការកន្លងមក តុលាការនេះមិនបានចាត់វិធានការតាមផ្លូវច្បាប់ណាមួយទាល់តែ សោះ ជាក់ស្តែង ជនជាតិទំពូនម្នាក់ឈ្មោះ សឿង យារ៉ាត់ ត្រូវបានអង្គរក្សក្រុមហ៊ុន DM Group បាញ់បំបាក់ភ្លៅ បណ្តាលឲ្យពិការមួយជីវិត បាន ដាក់បណ្តឹងព្រហ្មទណ្ឌ ទៅតុលាការ រហូតមកដល់ពេលនេះ មិនទាន់មានការកោះហៅសាកសួរ ឬតាមចាប់ ខ្លួនជនល្មើសទាល់តែសោះ ទោះជាមានភស្តុតាង សាក្សីបានឃើញ ថាអង្គរក្សជាជនដៃដល់នោះ បានបាញ់យ៉ាងជាក់ស្តែងមកលើលោក សឿង យ៉ារ៉ាត់ កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៩ ក៏ដោយ ក៏តុលាការខេត្តរតនគិរី មិនយកមកចាត់ ការចាប់ជន ល្មើសផ្តន្ទាទោសទាល់ តែសោះ។
និងមានករណីមួយទៀតកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ២០០៨ ខ្ទមចាំចំការរបស់អ្នកភូមិ ត្រូវបានកង កំលាំងការពារក្រុមហ៊ុនដុតបំផ្លាញចោលគ្មានសល់។ ករណីនេះក៏មិន មានណាត់ការពី តុលាការ ខេត្តនេះទាល់តែសោះ។
ករណីទំនាស់ដីធ្លីនេះ យើងអាចនិយាយបានថា តុលាការនេះមិនមានភាពឯករាជ្យ មានភាពលំអៀងទៅភាគីក្រុមហ៊ុន មានចេតនាឃុបឃិតវាយប្រហារអ្នកការពារសិទ្ធិ មនុស្សទោះជារកមិនឃើញ នូវកំហុសព្រហ្មណទណ្ឌណាមួយក៏ដោយ។
អានុសាសន៏ៈ រដ្ឋាភិបាលមិនត្រូវទុកបណ្តោយឲ្យតុលាការខេត្តនេះ ចូលរួមជាមួយក្រុម ហ៊ុនទុច្ចរិត ធ្វើការគៀបសង្កត់ ធ្វើទុក្ខបុកម្នេញមកលើអ្នកភូមិរងគ្រោះ ដោយមិនបាន ផ្តល់យុត្តិធម៌ជូនអ្នក ភូមិទាល់តែសោះតែបែរជាចាត់វិធានការផ្នែកច្បាប់ដើម្បី ប្រយោជន៏ក្រុមហ៊ុនទៅវិញ។ តុលាការ បែបនេះ មិនគួរមានវត្តមានដើម្បីឲ្យប៉ះពាល់ ដល់កិត្តិយសតុលាការដទៃទៀត ដែលបានផ្តល់នូវភាពយុត្តិធម៌ ។
រដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់កុំទុកបណ្តោយឲ្យតុលាការជាឧបសគ្គក្នុងការអភិវឌ្ឍន៏ ប្រទេសជាតិ ជាពិសេសជាគំរូមិនល្អ ដឹងសុះសាយជាសាធារណៈអាចនឹង ប៉ះពាល់ដល់យុទ្ធសាស្ត្រ កំណែទំរង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១
No comments:
Post a Comment