Monday, September 19, 2011

អ្នក​បឹង​កក់​ដាក់​បណ្តាសា


អ្នក​បឹង​កក់​ដាក់​បណ្តាសា


ភ្នំពេញៈ​ ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ក្នុង​តំបន់​បឹង​កក់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ បាន​នាំ​គ្នា​ដុត​ធូប​ដាក់​បណ្ដា​សា​ដល់​ក្រុម​មន្ត្រី​ពុករលួយ​ទាំង​អស់ ឲ្យ​ជួប​តែ​ក្ដី​វិនាស​ទាន់​ហន់​។
ពិធី​ដាក់​បណ្ដា​សា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​មួយ​ចំនួន​បាន​ រងរ​បួស​ជា​ទម្ងន់​នៅ​ក្នុង​ការ​វាយ​បង្ក្រាប​យ៉ាង​ហិង្សាសា​ជា​ថ្មី​ដោយ​ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ដូន​ពេញ ​នៅ​ពេល​ដែល​ពួក​គាត់​បាន​នាំ​គ្នា​ប្រតិ​កម្ម​តប​ត ដើម្បី​ការ​ពារ​ផ្ទះ​របស់​ខ្លួន​ពី​ការ​វាយ​កម្ទេច​ចោល​ដោយ​គ្រឿង​ចក្រ​ របស់​ក្រុម​ហ៊ុន​ស៊ូកា​គូអ៊ីន​កាល​ពី​ថ្ងៃ​សុក្រ​។
នៅ​ក្រោម​ដំបូល​តង់​ គ្មាន​ជញ្ជាំង​បាំង​បិទ លោក​ដួង​ គា​ អាយុ​៤៣​ឆ្នាំ ​ដែល​ជា​មន្ត្រី​រាជ​ការ​ម្នាក់​ ធ្លាប់​មាន​ផ្ទះ​រស់​នៅ​សមរម្យ​នៅ​ភូមិ​២២ សង្កាត់​ស្រះ​ចក ​ខណ្ឌ​ដូន​ពេញ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​គោល​បំណង​នៃ​ពិធី​ដាក់​បណ្ដា​សា​នេះ​ថា​ ធ្វើ​ឡើង​ដើម្បី​បន់​ស្រន់​សុំ​ឲ្យ​ស្ដេច​យម​រាជ​ ជួយ​ផ្ដន្ទា​ទោស​ដល់​ជន​ពុក​រលួយ ​ដែល​បាន​ឃុប​ឃិត​គ្នា​វាយ​បំផ្លាញ​ផ្ទះ​របស់​គាត់ ​និង​អ្នក​ភូមិ​ផ្សេង​ទៀត​ក្នុង​តំបន់​បឹង​កក់​។
លោក​បាន​ថ្លែង​ថា​៖ «រដូវ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដូច្នេះ​ការ​ដាក់​បណ្ដា​សា​ពិត​ជា​ស័ក្ដិ​សិទិ្ធ​ ហើយ​ខ្ញុំ​ជឿ​ថា​មន្ត្រី​ពុក​រលួយ​ទាំង​នោះ​នឹង​ជួប​ក្ដី​វិនាស​ទាន់​ហន់​»។
កាល​ពី​ថ្ងៃ​សុក្រ ក្រុម​មន្ត្រី​និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​របស់​អាជ្ញាធរ​ ខណ្ឌ​ដូន​ពេញ​ ប្រមាណ​១០០​នាក់​ បាន​នាំ​គ្នា​ការ​ពារ​និង​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិក​និង​កម្ម​ករ​របស់​ ក្រុម​ហ៊ុន​ស៊ូកា​គូអ៊ីន ​ប្រើ​អេស្កា​វាទ័រ​ វាយ​កម្ទេច​លំ​នៅ​ដ្ឋាន​ចំនួន​៨​ខ្នង របស់​ប្រជា​ពល​រដ្ឋ​បឹង​កក់ ដែល​ស្ថិត​ក្នុង​ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន​។
ដោយ​ភាព​រំជួល​ចិត្ត​ខ្លាំង​ពេក ក្រុម​អ្នក​ភូមិ​រង​គ្រោះ​ទាំង​នេះ ​បាន​បញ្ចេញ​ ប្រតិ​កម្ម​តប​ត​ ដោយ​ប្រើ​ដុំ​ថ្ម​ គប់​ទៅ​លើ​គ្រឿង​ចក្រ ដើម្បី​ការ​ពារ​លំ​នៅ​ដ្ឋាន​របស់​ខ្លួន​ និង​ដើម្បី​បញ្ឈប់​ការ​បំផ្លិច​បំផ្លាញ​នេះ ប៉ុន្តែ​ពួក​គាត់​ត្រូវ​រង​ការ​វាយ​បង្ក្រាប​ដោយ​ដំបង ខែល​ និង​ដុំថ្ម​ ពី​ក្រុម​កង​កម្លាំង​សមត្ថ​កិច្ច​​ចម្រុះ​ខណ្ឌ​ដូន​ពេញ ​ដែល​បាន​ឈរ​ចាំ​ជួយ​ការ​ពារ​​ក្រុម​ហ៊ុន​ប្រើ​គ្រឿង​ចក្រ​ ឈូស​បំផ្លាញ​​ផ្ទះ​ពល​រដ្ឋ​ឲ្យ​រាប​ដល់​ដី​នោះ​។
លោក​សួង​ សុ​ភ័ណ្ឌ ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ ២០​ ​ដែល​​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ ​ត្រូវ​បាន​ក្រុម​កម្លាំង​សម​ត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ដូន​ពេញ​​ជា​ច្រើន​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​ បាន​ចោម​រោម​ វាយ​សំពង​ ទាត់​ធាក់ រហូត​ដល់​បែក​ក្បាល​ដួល​សន្លប់​ភ្លាម​ៗ​ក្នុង​ថ្លុក​ឈាម​នៅ​លើ​ដី នៅ​នឹង​កន្លែង​ ហើយ​ក្រុម​សមត្ថ​កិច្ច​រាជ​ធានី​ ដែល​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ និង​មន្ត្រី​អង្គ​ការ​សង្គម​ស៊ី​វិល​ ហៅ​ថា សា​ហាវ​ព្រៃ​ផ្សៃ​ គ្មាន​ធម៌​មេ​ត្តា​នោះ បាន​បំបែក​គ្នា​ចេញ​អស់​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ឡើយ​។ ​លោក សុភ័ណ្ឌ ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​ មនុស្ស​ ជួយ​អន្ត​រា​គមន៍​ នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។
កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​មាន​អាការ​ល្អ​ប្រ​សើរ​ឡើង​វិញ ​លោក​ សុភ័ណ្ឌ​ បាន​អះ​អាង​ថា​ នគរ​បាល​ម្នាក់​ ក្នុង​ចំ​ណោម​ ៦​នាក់​ ដែល​បាន​ចោម​វាយ​​សំពង​លើ​​រូប​លោក​​ បាន​ផ្ដាច់​យក​ខ្សែ​ក​មាស​ទម្ងន់​ ៥ ​ជី​ របស់​លោក​​ មុន​ពេល​ពួក​គេ​វាយ​ឲ្យ​​សន្លប់​។
លោក​បាន​ថ្លែង​ថា​៖ ​«ខ្ញុំ​មិន​ដឹង​ថា​ តើ​គេ​[នគរ​បាល​]នោះ​ជា​នរណា​ ឬ​ឈ្មោះ​អ្វី​ទេ ​ព្រោះ​គ្នា​ច្រើន​។ ​ខ្ញុំ​គិត​ថា​ ទង្វើ​ពួក​គេ​មិន​ខុស​ពី​ចោរ​ប្លន់​នោះ​ទេ​»។
អ្នក​ស្រី​ឈួន លី​ចេង អាយុ​៣២ ឆ្នាំ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​ដែរ​នោះ​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន​ និង​អា​ជ្ញា​ធរ​បាន​ឃុប​ឃិត​គ្នា ​បំផ្លាញ​លំ​នៅ​ដ្ឋាន​របស់​អ្នក​ស្រី​ ដោយ​​ពុំ​បាន​ជូន​ដំណឹង​​ជា​មុន​។
អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «ខ្ញុំ​កំ​ពុង​អង្គុយ​លក់​ដូរ​ ស្រាប់​តែ​គេ​យក​គ្រឿង​ចក្រ ​[អេ​ស្កា​] ពីរ​គ្រឿង​មក​ឈូស​​កម្ទេច​តែ​ម្ដង​។ ខ្ញុំ​ស្ទើរ​តែ​ត្រូវ​ដំ​ថ្ម​ និង​ដែក​ដំបូល​ផ្ទះ​ ធ្លាក់​សង្កត់​ស្លាប់ ​ប្រសិន​បើ​គ្មាន​អ្នក​មក​អូស​ដៃ​ខ្ញុំ​ចេញ​ទេ​នោះ​។ ស​កម្ម​ភាព​រប​ស់​​ពួក​គេ សា​ហាវ​ព្រៃ​ផ្សៃ​បំ​ផុត​»។
អ្នក​ស្រី​ហេង​ មុំ​ អាយុ​ ៥៤​ ឆ្នាំ ដែល​កាល​ពី​ថ្ងៃ​សុក្រ​ ផ្ទះ​របស់​គាត់​ ត្រូវ​បាន​គេ​វាយ​កម្ទេច​ដំបូង​ដែរ​​នោះ ​បាន​និ​យាយ​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា ​ពួក​គេ​ហៅ​គាត់​ទៅ​ចរចា ដោយ​ឲ្យ​តម្លៃ​ផ្ទះ​របស់​គាត់​ចំ​នួន​ ៨០ ០០០​ ដុល្លារ​និង​បាន​គំរាម​បូម​​ខ្សាច់​កប់​ពន្លិច និង​វាយ​កម្ទេច​ចោល​ប្រសិន​បើ​គាត់​មិន​ព្រម​ទទួល​យក​តម្លៃ​នេះ​។
អ្នក​ស្រី​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​បដិ​សេធ​ នូវ​តម្លៃ​ដែល​ពួក​គេ​បាន​ផ្ដល់​ឲ្យ ​ហើយ​ពួក​គេ​ធ្វើ​មក​លើ​គ្រួសារ​របស់​ខ្ញុំ​ ដូច​​អ្វី​ដែល​ពួក​គេ​បាន​គំរាម​​នោះ​មែន​»។
លោក​អំ ​សំ​អាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​ នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកា​ដូ ​បាន​ថ្កោល​ទោស​ចំ​ពោះ​ក្រុម​សម​ត្ថ​កិច្ច​ ដែល​បាន​ប្រើ​ហិង្សា​​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​បឹង​កក់​ថា ​ជា​ការ​រំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស​។ លោក​បាន​ថ្លែង​ថា៖​ «យើង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​យ៉ាង​ក្រៃ​លែង នៅ​ពេល​ដែល​ឃើញ​ក្រុម​កម្លាំង​ស​មត្ថ​កិច្ច បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរ​ឃៅ ទៅ​លើ​ប្រជា​ពល​រដ្ឋ​​បែប​នេះ​»។ លោក​បាន​អំពាវ​នាវ​ ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ជុំ​វិញ​ករណី​នេះ ​ និង​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​បុគ្គល ដែល​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជា​ពល​រដ្ឋ​។
មិន​មែន​មាន​តែ​សង្គម​ស៊ីវិល​ទេ​សមត្ថ​កិច្ច ​និង​មន្ត្រី​រាជ​ការ​មួយ​ចំនួន​ ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ផ្ទាល់​ភ្នែក ​បាន​សម្តែង​នូវ​ក្តី​អាណិត​អាសូរ​ដល់​ពល​រដ្ឋ​បឹង​កក់ ហើយ​បាន​រិះគន់​មន្ត្រី​ និង​កង​កម្លាំង​សមត្ថ​កិច្ច ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទាំង​នោះ​ថា៖ «ខ្វះ​សីល​ធម៌ ​និង​ខ្វះ​ការ​អប់រំ​អំពី​ច្បាប់ សិទ្ធិ​ តួ​នា​ទី​ និង​កាតព្វ​កិច្ច​របស់​កង​កម្លាំង​»។
កាល​ពី​ថ្ងៃ​ទី ១១ ​ខែ​សី​ហា ឆ្នាំ​២០១១ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ចេញ​នូវ​អនុ​ក្រឹត្យ​ថ្មី​មួយ​ ដោយ​សម្រេច​កាត់​ដី​ចំនួន​១២,៤៤​ហិកតា ​សម្រាប់​ផ្ដល់​ជា​ប្រទាន​កម្ម​ ជូន​អ្នក​ភូមិ​បឹង​កក់​ដែល​នៅ​សេស​សល់​ពី​ការ​បណ្ដេ​ញ​ចេញ​ ដើម្បី​បញ្ចប់​វិវាទ​ដី​ធ្លី​រវាង​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​បឹង​កក់​ និង​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន​ ដែល​បាន​អូស​បន្លាយ​ប្រមាណ​ជា​ ៥ ឆ្នាំ​មក​ហើយ​នេះ​ ។
លោក​សៀ​ ភារម្យ ប្រធាន​អង្គ​ការ​បេស​កកម្ម​សិទ្ធិ​លំ​នៅ​ដ្ឋាន​ បាន​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ អំពី​ជម្លោះ​​ជា​ថ្មី​ ដែល​កើត​ឡើង​ដោ​យ​​សារ​តែ​អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ ​បក​ស្រាយ​អត្ថន័យ ​និង​ខ្លឹម​សារ​របស់​អនុ​ក្រឹត្យ​លេខ ​១៨៣ មិន​បាន​ត្រឹម​ត្រូវ ដែល​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចំនួន​ជិត​ ១០០ ​គ្រួសារ ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​​ធ្លី​ ដែល​ផ្ដល់​ដោយ​អនុ​ក្រឹត្យ​ថ្មី​នេះ។ លោក​បាន​ថ្លែង​ថា​៖ «​អា​ជ្ញា​ធរ​រាជ​ធានី​ភ្នំ​ពេញ ទំនង​ជា​មាន​ចេតនា បក​ស្រាយ​ខ្លឹម​សារ​នៃ​អនុ​ក្រឹត្យ​លេខ​ ១៨៣ ​ឲ្យ​ខុស​ពី​អត្ថ​ន័យ​ដើម ​ដើម្បី​កាត់​យក​ចំ​ណែក​ដី​១២,៤៤ ហិក​តា​ ពី​ប្រជា​ពល​រដ្ឋ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​»។
លោក​ពេជ្រ​ ចាន់​ធា ​អាយុ​ ៤៤​ឆ្នាំ ជា​មន្ត្រី​រាជ​ការ​ម្នាក់ ​​រស់​នៅ​ភូមិ​ ២៣​ សង្កាត់​ស្រះ​ចក​ បាន​រិះ​គន់​ខ្លាំង​ៗ ​បន្ទាប់​ពី​ឃើញ​ការ​ឈូស​​កម្ទេច​ផ្ទះ ​និង​ការ​វាយ​ដំ​យ៉ាង​ហិង្សា​ កាល​ពី​ថ្ងៃ​សុក្រ​នោះ​ថា ​រដ្ឋា​ភិ​បាល​ កំពុង​មាន​មោទន​ភាព ​និង​កំពុង​តែ​អភិវឌ្ឍ​ប្រទេស​ឲ្យ​ទៅ​ជា​ព្រះ​រា​ជា​ណា​ចក្រ​អច្ឆរិយ ​ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​មួយ​ចំ​នួន​ កំពុង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជា​ពល​រដ្ឋ និង​កំពុង​កែ​ប្រែ​ជីវ​ភាព​ប្រជា​ពល​រដ្ឋ   «​ពី​ការ​រស់​នៅ​មាន​ទី​ជម្រក​ល្អ​រឹង​មាំ​មាន​សុវត្ថិ​ភាព​ និង​មាន​មុខ​របរ​សមរម្យ ទៅ​​ជា​រស់​នៅ​ក្រោម​ដំបូល​តង់​ និង​ដោយ​ភាព​ស្រេក​ឃ្លាន​»។
លោក​អភិបាល​រាជ​ធានី​ ​កែប ​ជុតិ​មា ​លោក​ទូច ណា​រ៉ុថ ស្នង​ការ​និង​​លោក​ឡាវ​ វ៉ាន់ ​អគ្គ​នា​យក​រង​ក្រុម​ហ៊ុន​ ស៊ូ​កា​គូ​អ៊ីន​ មិន​អាច​ទំនាក់​ទំ​នង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​​ទេ ​កាល​ពី​ម្សិល​មិញ​៕

No comments:

Powered By Blogger