MONDAY, 19 SEPTEMBER 2011 15:06 ផាក់ ស៊ាងលីកំពង់ធំៈ ជនភៀសខ្លួនដោយសារទឹកជំនន់កំពុងខ្វះទីជម្រក និងប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗ ខណៈចំនួនអ្នកស្លាប់សរុបដោយសារលង់ទឹកបានកើនឡើងដល់ ១១ នាក់។
លោក ឈីវ ប៊ុនស៊ឺ មេភូមិព្រែក ឃុំសម្បូរណ៍ស្រុកប្រាសាទសម្បូរណ៍ ឲ្យដឹងថា ពលរដ្ឋ ៤៦ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ប៉ុន្តែ លោកបញ្ជាក់ថា៖«ពួកគេទាំងអស់គ្នា ពុំមានជម្រកស្នាក់នៅទេ»។
លោក ឆែម ឈិន ជនរងគ្រោះម្នាក់ និងជាអ្នកធ្វើការងារស្ម័គ្រចិត្តឲ្យអង្គការទស្សនៈពិភពលោក បានសម្តែងនូវក្តីកង្វល់ពីបញ្ហាសុខភាពនៅកន្លែងស្នាក់នៅបណ្តោះអាសន្ននោះ ដោយសារតែការបន្ទោរបង់ពាសវាលពាសកាល ព្រោះតែពុំមានបង្គន់អនាម័យ។ លោកបន្តថា៖ «យើងបារម្ភថា យើងអាចនឹងឆ្លងជំងឺផ្សេងៗ»។ លោកបានបន្ថែមថា ជនភៀសខ្លួនទាំងនោះ កំពុងត្រូវការតង់កៅស៊ូ ដើម្បីបាំងធ្វើជាជម្រកស្នាក់នៅ។
យោងតាមលោក ឆែម ឈិន អង្គការទស្សនៈពិភពលោក បានចែកធុងចម្រោះទឹកស្អាត ចំនួន ១០ដល់ជនរងគ្រោះទាំងនោះ។
លោកស្រី ទេព តាំងអឿន សមាជិកក្រុមប្រឹក្សាឃុំសម្បូរណ៍ថ្លែងថា ពលរដ្ឋ ២៥៧ គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ន នៅកន្លែងទួលសុវត្ថិភាពពីរ ក្នុងឃុំនេះ តាំងពីពួកគេបានជម្លៀសចេញពីផ្ទះ ដែលត្រូវទឹកជន់លិច កាលពីថ្ងៃទី ១១ ខែកញ្ញាមក។
លោកស្រីបានបន្តថា មណ្ឌលសុខភាពឃុំសម្បូរណ៍ បានចែកជូននូវមុងការពារមូសជាង ១០០ រួមជាមួយថ្នាំសង្កូវមួយចំនួនដល់អ្នកភូមិ។ អ្នកស្រីបានលើកឡើងថា៖ «ពួកគេមួយចំនួនមានជំងឺរាករូស និងគ្រុនក្តៅ»។
លោក អ៊ុយ សំអាត ប្រធានអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា អង្គការ Caritas Cambodia រួមសហការជាមួយកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នឹងធ្វើការផ្តល់ជំនួយដល់ពលរដ្ឋជាងមួយពាន់គ្រួសារដែលរង គ្រោះធ្ងន់ធ្ងរបំផុត។
លោកកែវ វី ប្រធានខុទ្ទកាល័យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ពលរដ្ឋ ១១ នាក់ បានលង់ទឹកស្លាប់ គិតចាប់តាំងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦ ខែកញ្ញានេះ។ លោកបន្តថា ពលរដ្ឋ ៤៦៧២ គ្រួសារក្នុងខេត្តកំពង់ធំ រងគ្រោះដោយសារទឹកជំនន់ ហើយ១៧៧៧ គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះ។
លោកបន្តថា លំនៅដ្ឋាន ៦៤៧ ខ្នង សាលារៀន ២២ ដីស្រែ១៨៥ ហិកតា ចម្ការដំណាំ ៨៣ ហិកតា និងផ្លូវថ្នល់ប្រវែង ៥៤២៦០ ម៉ែត្រ ត្រូវទឹកជន់លិច»៕ CR
No comments:
Post a Comment