Friday, October 28, 2011

អ.ស.ប.​ព្រមាន​កម្ពុជា​កុំ​ឲ្យ​ជ្រៀតជ្រែក​សំណុំ​រឿង ០០៣ និង ០០៤



2011-10-21
មន្ត្រី​ផ្នែក​ច្បាប់ និង​អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) អ្នកស្រី ប៉ាទ្រីស៊ីយ៉ា អូប្រាយអេន កាល​ពី​ថ្ងៃ​ទី​២០ តុលា បាន​ព្រមាន​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ដល់​ដំណើរ​ការ​នាំ​ខ្លួន​ជនសង្ស័យ​បន្ថែម​មក​កាត់​ទោស​ករណី ០០៣ និង ០០៤។
Photo courtesy of ECCC
សាលាក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​ដើម្បី​ពិនិត្យ​កាយ​សម្បទា និង​ស្មារតី​របស់​ជន​ជាប់ចោទ​ពីរ​រូប​នៅ​ក្នុង​សំណុំ​រឿង​ ០០២ គឺ​លោក នួន ជា និង​អ្នក​ស្រី អៀង ធីរិទ្ធ កាល​ពី​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១១។
អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ តុលា បាន​ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល​មិន​ឲ្យ​និយាយ​ប៉ះពាល់​ដល់​កិច្ចការ​របស់​តុលាការ​ខ្មែរ​ក្រហម ជា​ពិសេស​ករណី ០០៣ និង ០០៤ ដែល​មាន​ជន​សង្ស័យ​បន្ថែម​ចំនួន ៥​នាក់ ដែល​អាច​នឹង​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​បន្ថែម។
សេចក្ដី​ថ្លែងការណ៍​របស់​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បញ្ជាក់​ថា មន្ត្រី​ផ្នែក​ច្បាប់ និង​អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ អ្នកស្រី ប៉ាទ្រីស៊ីយ៉ា អូប្រាយអេន(Patricia O’ Brien)  បាន​ប្រាប់​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហាម​ឃាត់​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ប៉ះពាល់​ដល់​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម ជា​ពិសេស ០០៣ និង ០០៤ និង​ដំណើរការ​យុត្តិធម៌​ ផ្សេងៗ​ទៀត។
អ្នកស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​តួនាទី​សហការ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម សម្រាប់​ដំណើរ​ការ​កាត់​ទោស​ជន​សង្ស័យ។
ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មន្ត្រី​ផ្នែក​ច្បាប់ និង​អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្ដី​ខ្មែរ​ក្រហម លោក ស៊ីកហ្រី្វដ ប៊្លុង (Siegfried Blunk) បាន​លាលែង​ពី​តំណែង​របស់​លោក កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។ លោក ប៊្លុង បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លាលែង​របស់​លោក​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះអាង​ថា ប្រសិន​បើ​តុលាការ​ខ្មែរ​ក្រហម​ចង់​កាត់​ក្ដី​ករណី ០០៣ និង ០០៤ តុលាការ​ត្រូវ​តែ​ប្រមូល​អីវ៉ាន់ ហើយ​ចាក​ចេញ​ពី​កម្ពុជា។
ចំណែក​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស ក៏​បាន​បញ្ជាក់​ថា រឿង​ចាប់​ខ្លួន​ជនសង្ស័យ​​បន្ថែម​មក​កាត់​ទោស​ជា​រឿង​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​ត្រូវ​កំណត់​ដោយ​កម្ពុជា។ លោក ប៊្លុង បន្ត​ថា កត្តា​ទាំង​នេះ​​ហើយ​ជា​មូលហេតុ​ដែល​លោក​មិន​អាច​ធ្វើការ​ដោយ​ឯករាជ្យ និង​គ្មាន​គំនាប។ 
ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​ហាមឃាត់​របស់​មន្រ្តី​អង្គការ​សហប្រជាជាតិ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា លោក សុខ អាន បាន​ប្រាប់​មន្ត្រី​ច្បាប់​អង្គការ​សហប្រជាជាតិ​ថា ភាគី​ជាតិ និង​អន្តរជាតិ ត្រូវ​មាន​សេចក្ដី​សម្រេច​ចិត្ត​រួម​គ្នា ដើម្បី​បំបាត់​ការ​បំប៉ោង​ព័ត៌មាន ការ​ដាក់​គំនាប និង​ការ​ជ្រៀតជ្រែក​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ភាគី​ខាង​ក្រៅ។ 
សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅ​សប្ដាហ៍​នេះ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បាន​ជ្រៀតជ្រែក​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម។ 
លោក កែវ រ៉េមី បាន​ចោទ​វិញ​ថា អង្គការ​សិទ្ធិ​មនុស្ស និង​បណ្ដាញ​សារព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក ជា​អ្នក​នៅ​ពី​ក្រោយ​ការ​លាលែង​តំណែង​របស់​លោក ប៊្លុង៖ «មិន​មែន​ទាក់ទង​រដ្ឋាភិបាល​ទេ គឺ​គាត់​ទាក់ទង​នឹង​គំនាប​ពី​អង្គការ​អន្តរជាតិ ដូចជា Human Rights Watch, OSJI ដែល​បង្ខំ​ឲ្យ​គាត់​លាលែង និង​ការ​យក​ចំណេញ​ពី​អ្នក​សារព័ត៌មាន​ខ្លះ ដែល​គេ​ហៅ​ថា ជ្រៀតជ្រែក​ផ្ទៃ​ក្នុង។ ចង់​និយាយ​ថា ដូច​ជា Wall Street Journal ក៏​បង្ខំ​ឲ្យ​គាត់​លាលែង ហើយ VOA ក៏​អ៊ីចឹង​ដែរ នៅ​បន្ត​កិច្ច​សម្ភាសន៍​កកូរកកាយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​តុលាការ​កូន​កាត់​របស់​យើង​នេះ។ អ៊ីចឹង​តាម​ពិត​អ្វី​ដែល​គាត់​លាលែង ដោយសារ​តែ​រង​សម្ពាធ​អ្នក​អស់​ហ្នឹង​ទេ...»
សេចក្ដី​ថ្លែងការណ៍​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា លោក សុខ អាន និង​មន្ត្រី​អង្គការ​សហប្រជាជាតិ បាន​ផ្ដោត​សំខាន់​ចំពោះ​សំណុំ​រឿង ០០២ ជា​សំណុំ​រឿង​សំខាន់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​តុលាការ​យុត្តិធម៌។ សាលាក្ដី​ខ្មែរ​ក្រហម នឹង​បើក​សវនាការ​ករណី ០០២ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ខាង​មុខ​នេះ៕ 

No comments:

Powered By Blogger