ដោយ ទីន ហ្សាការីយ៉ា
2011-10-25
មេធាវីការពារក្ដីឲ្យលោក នួន ជា បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរ ដោយចោទប្រកាន់ថា មន្រ្តីទាំងនោះបានជ្រៀតជ្រែកយ៉ាងសកម្មក្នុងកិច្ចការតុលាការខ្មែរក្រហមតាំងពីដើមទីមក។
ក្រុមសហមេធាវីបរទេសរបស់លោក នួន ជា បានដាក់ពាក្យបណ្ដឹងទៅការិយាល័យព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ប្ដឹងមេដឹកនាំរដ្ឋាភិបាល និងសមាជិកជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចំនួន ១១រូប ពីបទជ្រៀតជ្រែកនៅក្នុងដំណើរការការងាររបស់សាលាក្ដីខ្មែរក្រហមលើសំណុំរឿង ០០៣ និង ០០៤។
មេធាវីបរទេសរបស់លោក នួន ជា លោក ម៉ៃឃើល ផេសមែន (Michiel Pestman) និងលោក អេនឌ្រូ ឡានូហ្ស៊ី (Andrew Ianuzzi) អ្នកទាំងពីរបានលើកឡើងថា ការដាក់ពាក្យបណ្ដឹងនេះ គឺដើម្បីសុំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ចាត់ការលើសមាជិករដ្ឋាភិបាល និងសមាជិកព្រឹទ្ធសភា រដ្ឋសភា ពីករណីព្រហ្មទណ្ឌ បន្ទាប់ពីបានពិនិត្យលើអង្គហេតុកន្លងមក គឺពួកគេបានប្រព្រឹត្ត និងប៉ះពាល់ដល់វិស័យយុត្តិធម៌របស់សាលាក្ដី។
លោក ម៉ៃឃើល ផេសមែន បានបញ្ជាក់អំពីការដាក់ពាក្យបណ្ដឹងដូច្នេះ៖ «យើងទើបតែបានដាក់ពាក្យបណ្ដឹងដែលបានចុះលេខ ២៧៧០ ហើយឥឡូវព្រះរាជអាជ្ញាទទួលកិច្ចការហ្នឹង។ យើងនឹងតាមដានរឿងហ្នឹងដោយប្រុងប្រយ័ត្ន។ យើងបាននិយាយជាមួយព្រះរាជអាជ្ញារងដោយផ្ទាល់ ហើយលោកធានាករណីហ្នឹង»។
នៅក្នុងពាក្យបណ្ដឹងរបស់សហមេធាវីបរទេសរបស់លោក នួន ជា ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ ដាក់ជូនទៅលោក យេត ចរិយា ជាព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញនោះ បានស្នើឲ្យតុលាការចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដោយអនុលោមតាមមាត្រា៤៣ និង ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងលោក ជា ស៊ីម លោក ហេង សំរិន លោក ហោ ណាំហុង លោក គាត ឈន់ លោក អ៊ុក ប៊ុនឈឿន លោក ស៊ីម កា លោក ខៀវ សុភ័គ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ខៀវ កាញារីទ្ធ លោក ផៃ ស៊ីផាន និងលោក គង់ សំអុល។
ខ្លឹមសារនៅក្នុងពាក្យបណ្ដឹងនេះបានបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០០៩ លោក គង់ សំអុល ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានរារាំងយ៉ាងសកម្មមិនឲ្យលិខិតរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត យាងព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីទៅធ្វើសក្ខីកម្មនៅសាលាក្ដីខ្មែរក្រហមក្នុងសំណុំរឿង០០២។
នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថាជាសាធារណៈនៅខែត្រតាកែវ លោកបានទទួលស្គាល់ការបដិសេធមិនឲ្យមានសាក្សីជាក់លាក់មួយចំនួននៅចំពោះមុខសាលាក្ដី។
នៅខែកញ្ញា ឆ្នាំ២០០៩ ដដែល លោក ជា ស៊ីម ជាប្រធានព្រឹទ្ធសភា លោក ហេង សំរិន ជាប្រធានរដ្ឋសភា លោក គាត ឈន់ ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសមាជិកសភាពីររូបទៀត គឺលោក អ៊ុក ប៊ុនឈឿន និងលោក ស៊ីម កា ការិយាល័យសហចៅក្រមស៊ើបអង្កេតបានកោះហៅ ប៉ុន្តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគាត់ចូលខ្លួនតាមដីកានេះឡើយ ហើយក៏ពុំបានបញ្ជាក់ហេតុផលច្បាស់លាស់នោះដែរ ដោយគេបានប្រើប្រាស់អភ័យឯកសិទ្ធិជាសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
ពាក្យបណ្ដឹងក៏បានលើកអំពីការថ្លែងរបស់មន្ត្រីជាន់ខ្ពស់បីរូបទៀត ដូចជា លោក ផៃ ស៊ីផាន លោក ហោ ណាំហុង និងការព្រមានរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានលើកឡើងនៅក្នុងឆ្នាំ២០១១ ថា ជនជាតិបរទេសដែលចង់ស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ គួរវេចខ្ចប់ខោអាវ និងត្រឡប់ទៅផ្ទះវិញជាដើម។
លោកមេធាវីបញ្ជាក់ថា សកម្មភាពរបស់មន្ត្រីរដ្ឋាភិបាលទាំងនេះវាឆ្លុះបញ្ចាំងអំពីការជ្រៀតជ្រែកលើកិច្ចការរបស់សាលាក្ដីខ្មែរក្រហម។ លោកបានស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញ ចាត់ការលើបណ្ដឹងរបស់គាត់ ដោយមិនត្រូវការអនុញ្ញាត ឬពិភាក្សាជាមួយរដ្ឋសភា ដើម្បីធ្វើការស៊ើបអង្កេត និងចោទប្រកាន់ចំពោះមន្ត្រីទាំងនោះដែលបានប្រព្រឹត្តបទល្មើស។
បន្ទាប់ពីការដាក់ពាក្យបណ្ដឹងនេះបានប៉ុន្មានម៉ោងនៅថ្ងៃទី២៤ ខែតុលា នេះ មន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានធ្វើសន្និសីទសារព័ត៌មាន។ លោកបានប្រតិកម្មថា ការដាក់ពាក្យបណ្ដឹងរបស់មេធាវីរបស់លោក នួន ជា នេះ វាជារឿងនយោបាយមួយដែលគេដឹងខ្លួនថា មិនអាចឈ្នះក្ដីនូវការបើកសវនាការបន្តរបស់សាលាក្ដីខ្មែរក្រហមលើករណី ០០២ នៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខ ហើយពួកគេបានទម្លាក់កំហុសមកលើសមាជិករដ្ឋាភិបាលទៅវិញ។
លោកបន្តថា៖ «អានេះជារឿងមួយដែលគាត់បង្វែរសមរភូមិទេ។ ខ្ញុំសោកស្ដាយថា មេធាវីគាត់មានតួនាទីត្រូវស្រាវជ្រាវឯកសារដើម្បីការពារកូនក្ដីរបស់គាត់ ក៏ប៉ុន្តែខ្ញុំមើលទៅគាត់អត់ធ្វើការលើរឿងហ្នឹងទេ»។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ការដាក់ពាក្យបណ្ដឹងនេះជាសិទ្ធិរបស់ក្រុមមេធាវីបរទេសរបស់លោក នួន ជា៖ «ហើយអ្វីដែលសំខាន់គឺសាលាក្ដីខ្មែរក្រហមបានបញ្ជាក់រួចមកហើយនៅក្នុងការធ្វើកិច្ចការរបស់ខ្លួនប្រកបដោយភាពឯករាជ្យ»។
ការដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ របស់សហមេធាវីបរទេសការពារក្តីលោក នួន ជា ជាអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានរដ្ឋសភាសម័យខ្មែរក្រហមនោះ ជាពាក្យបណ្ដឹងលើកទី២ បន្ទាប់ពីបណ្ដឹងលើកទី១ ដែលក្រុមមេធាវីបរទេសនេះបានប្ដឹងសាលាក្ដីខ្មែរក្រហមពីរឿងពុករលួយ តែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ មិនចាត់ការ។
លោក អេនឌ្រូ ជាមេធាវីរបស់លោក នួន ជា បានអះអាងថា ការដាក់ពាក្យបណ្ដឹងលើកទី២នេះ លោកសង្ឃឹមថា តុលាការនឹងចាត់វិធានការខុសពីករណីបណ្ដឹងពុករលួយរបស់លោកពីលើកមុន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានសាទរចំពោះការដាក់ពាក្យបណ្ដឹងប្ដឹងមន្ត្រីរដ្ឋាភិបាលរបស់មេធាវីលោក នួន ជា នេះ ដើម្បីឲ្យតុលាការធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់អំពីការលូកដៃរបស់រដ្ឋាភិបាលទៅលើដំណើរការរបស់សាលាក្ដីខ្មែរក្រម ពីព្រោះថាប្រជាពលរដ្ឋខ្មែរភាគច្រើនក៏ដឹងអំពីភាពមិនឯករាជ្យរបស់សាលាក្ដីនេះដែរ។
ប៉ុន្តែយ៉ាងនេះក្ដី លោក អ៊ូ វីរៈ បានពន្យល់ថា លោកសង្ឃឹមតិចណាស់ដែលថា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ នឹងបើកការស៊ើបអង្កេតលើករណីនេះ៖ «មុនហ្នឹងយើងទុកចិត្តលើតុលាការនេះ ដល់ពេលឥឡូវនេះដល់ពេលស៊ើបអង្កេតហើយ ពីព្រោះប្រជាពលរដ្ឋរបស់យើងមិនមានការទុកចិត្តរហូតមក»។
អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ អ្នកស្រី ប៉ាទ្រីស៊ីយ៉ា អូប្រាយអិន (Patricia O’ Brien) ទទួលបន្ទុកកិច្ចការច្បាប់ បានមកជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ស្ដីពីការវិវឌ្ឍន៍ថ្មីៗរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី២០ ខែតុលា។
សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរថា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចការរបស់សាលាក្ដី និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ព្រមទាំងមានមោទនភាពចំពោះតុលាការនេះដែលទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន។
សេចក្ដីប្រកាសព័ត៌មានរបស់តុលាការខ្មែរក្រហម កាលពីថ្ងៃទី២០ ខែតុលា បានឲ្យដឹងថា នៅក្នុងជំនួបរវាងលោក សុខ អាន និងអ្នកស្រី ប៉ាទ្រីស៊ីយ៉ា អូប្រាយអិន អ្នកស្រីបានទទូចខ្លាំងដល់រដ្ឋាភិបាលកម្ពុជា ឱ្យទប់ស្កាត់រាល់សេចក្ដីថ្លែងការណ៍ណាមួយជំទាស់នឹងដំណើរការករណី ០០៣ និង ០០៤ ហើយទប់ស្កាត់រាល់ការជ្រៀតជ្រែកណាមួយក្នុងដំណើរការរបស់សាលាក្ដី ទោះក្នុងមធ្យោបាយណាក៏ដោយ។ អ្នកស្រីបញ្ជាក់ថា កាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវសហការយ៉ាងពេញលេញជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
លោក កែវ រ៉េមី បានបដិសេធថា អ្នកស្រី ប៉ាទ្រីស៊ីយ៉ា អូប្រាយអិន មិនបានស្នើឲ្យរដ្ឋាភិបាលទប់ស្កាត់ការចេញសេចក្ដីថ្លែងការណ៍ណាមួយជំទាស់នឹងដំណើរការលើសំណុំរឿង ០០៣ និង ០០៤ នៅក្នុងកិច្ចជំនួបពិភាក្សារវាងអ្នកស្រី និងលោក សុខ អាន នោះទេ។
ទោះជាយ៉ាងណាក៏ដោយ ការមកជួបពិភាក្សាគ្នារវាងមន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីរដ្ឋាភិបាល ក្រោយមកមានករណីមេធាវីបរទេសលោក នួន ជា ដាក់ពាក្យប្ដឹងមន្ត្រីរដ្ឋាភិបាលនេះនៅបន្ទាប់ពីសហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ស៊ីកហ្រី្វដ ប៊្លុង (Siegfried Blunk) បានលាលែងពីតំណែងរបស់លោកកាលពីថ្ងៃទី៩ ខែតុលា ដោយលោកចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថា បានដាក់សម្ពាធទៅលើដំណើរការរបស់សាលាក្ដីខ្មែរក្រហម៕
No comments:
Post a Comment