អ្នកឃ្លាំមើលនិយាយអំពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា
ដោយ តាំង សារ៉ាដា
2011-11-12
ក្រុមអ្នកការពារព្រៃឈើនៅកម្ពុជា ឲ្យដឹងថា ឈើប្រណិតៗជាច្រើននៅតាមតំបន់អភិរក្សនៅតែមានការបន្តកាប់លក់ទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង។
ក្រុមអភិរក្សព្រៃឈើនៅកម្ពុជា និយាយថា ឈើប្រណិតៗនៅក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្ដាល តំបន់ជម្រកសត្វបឹងពែរ និងនៅតំបន់ឧទ្យានជាតិវីរជ័យ កំពុងរងការកាប់លក់ទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង។
ក្រុមនេះនិយាយថា ឧកញ៉ា ទី្រ ភាព ដែលជាអ្នកជំនួញច្រើនមុខជាអ្នកជួយដល់គណបក្សកាន់អំណាចនៅកម្ពុជា ហើយមានបណ្ដាញជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ បានកាងឲ្យក្រុមហ៊ុនវៀតណាម មួយដែលគ្មានឈ្មោះពិតប្រាកដក្នុងការរួមដៃគ្នារកស៊ី ក្រោមផ្លាកដីព្រៃសម្បទានសេដ្ឋកិច្ច ឬគម្រោងអភិវឌ្ឍន៍ផ្សេងៗ។
ប្រធានអង្គការការពារធនធានធម្មជាតិ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា លោក ឈុត វុទ្ធី មានប្រសាសន៍ថា លោកឧកញ៉ា ទ្រី ភាព បានទទួលដីសម្បទានព្រៃឈើរាប់ពាន់ហិកតារក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្ដាល រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្រោមរូបភាពអភិវឌ្ឍន៍វារីអគ្គិសនី ប៉ុន្តែផ្ទុយទៅវិញវាជាការរកស៊ីកាប់ព្រៃប្រណិតៗ របស់ខ្មែរដោយផ្ទាល់ពីក្រុមឈ្មួញវៀតណាម ដែលទទួលការពារដោយឧកញ៉ា ទ្រី ភាព ប៉ុណ្ណោះ។
លោក ឈុត វុទ្ធី៖ «គាត់កាប់ទាំងអស់ក្នុងតំបន់ជួរភ្នំក្រវាញ ហើយទន្ទឹមនឹងនោះ ទ្រី ភាព ហ្នឹងគាត់ជាអ្នករៀបចំ ប៉ុន្តែអ្នកធ្វើ និងអ្នកអនុវត្ត គឺពី ៩០% ទៅ ១០០% ដែលរៀបចំដោយក្រុមហ៊ុនវៀតណាម។ ជាចំណុចមួយដែលជាអ្នករៀបចំអនុវត្តទៅលើការងារប្រតិបត្តិហ្នឹង មុខគឺ ទ្រី ភាព ទេ ប៉ុន្តែធាតុពិតដែលធ្វើហ្នឹង គឺចែកមុខសញ្ញាគ្នា គឺវៀតណាម បានកាប់រាប់សែនម៉ែត្រគូបចូលចង់លានម៉ែត្រគូបហើយបើនិយាយពីឈើវិញនៅតំបន់ជួរភ្នំកណ្ដាលហើយពីតំបន់ផ្សេងៗទៀត ហើយសព្វថ្ងៃនេះដែលកំពុងសន្សំចុងក្រោយនេះ គឺដឹកជញ្ជូនរាល់ថ្ងៃ មានឡាន Lexus, Land Cruiser, Rand Rover សុទ្ធតែប្រភេទឡានថ្លៃៗ ដែលដឹកឈើប្រណិតចេញ ហើយចេញហ្នឹងគឺឆ្លងកាត់តាមវៀតណាម ហើយចេញពីវៀតណាម ទៅប្រទេសចិន តែម្តង»។
លោក ឈុត វុទ្ធី មានប្រសាសន៍បន្តថា ក្រៅពីលោកឧកញ៉ា ទ្រី ភាព ដែលបានកាប់បំផ្លាញព្រៃឈើនៅតំបន់ជួរភ្នំក្រវាញនោះ គេក៏ឃើញលោក ទ្រី ភាព បានកាប់បំផ្លាញឈើប្រណិតធំៗបែបនេះដែរនៅតំបន់ជម្រកសត្វបឹងពែរ ស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្រោមផ្លាកការទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំជិត ១ម៉ឺនហិកតារ ដើម្បីធ្វើការអភិវឌ្ឍន៍។
លោក ឈុត វុទ្ធី ថ្លែងថា ឈើធំៗនៅតំបន់ជម្រកសត្វបឹងពែរ មាន បេង នាងនួន ផ្ចឹក ត្បៀក ដែលមានមុខកាត់ពី ៨តឹក ទៅមួយម៉ែត្រ ត្រូវបានក្រុមហ៊ុនវៀតណាមមួយដែលកាងដោយឧកញ៉ា ទ្រី ភាព កាប់ដឹកចេញក្នុងមួយថ្ងៃជិត ១០ឡាន ហើយក្នុងមួយឡានៗមានផ្ទុកឈើមិនតិចជាង ៤០ម៉ែត្រគូបនាំចេញទៅប្រទេសវៀតណាម កាត់តាមច្រកដើមដូង ៧ដើម ក្នុងខេត្តកំពង់ចាម។ លោកបន្តថា ឈើទាំងនោះត្រូវបង់ពន្ធឲ្យវៀតណាម ក្នុង១ម៉ែត្រគូបចំនួន ១ពាន់ដុល្លារសហរដ្ឋអាមេរិក។
លោកក៏បានឲ្យដឹងផងដែរថា ឈើគ្រញូងដែលសំបូរជាងគេគឺនៅតំបន់ភ្នំក្រវាញ ភាគកណ្ដាលក្នុងចំណុចភ្នំខ្មោចបានរងកាប់បំផ្លាញយ៉ាងហិនហោចដោយក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព។
លោកក៏បានឲ្យដឹងផងដែរថា ឈើគ្រញូងដែលសំបូរជាងគេគឺនៅតំបន់ភ្នំក្រវាញ ភាគកណ្ដាលក្នុងចំណុចភ្នំខ្មោចបានរងកាប់បំផ្លាញយ៉ាងហិនហោចដោយក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព។
លោកថាឈើគ្រញូងជាប្រភេទឈើមួយដែលមានតម្លៃខ្ពស់ជាងគេ សូម្បីតែបំណែកកម្ទេចកំទី រួមទាំងឫសរបស់វាផង ឈ្មួញអាចលក់ទៅឲ្យវៀតណាម ក្នុងតម្លៃ ៨ដុល្លារ ក្នុង១គីឡូក្រាម ហើយសម្រាប់ប្រភេទឈើឡាំងដែលមានប្រវែងជាង ២ម៉ែត្រ មុខកាត់ប្រវែងចាប់ពី ៥តឹក ហើយដែលមានកំរាស់ ១,២តឹកនោះ គេអាចលក់ឲ្យឈ្មួញវៀតណាម ក្នុងតំលៃ ៣ម៉ឺនដុល្លារ ហើយវៀតណាម អាចលក់បន្តទៅអោយចិនក្នុងតំលៃ ៦ម៉ឺនដុល្លារបានដោយងាយ។
លោកបន្តថា ដើមគ្រញូងមួយដើមដែលត្រូវប៉ាន់មានតំលៃ ១សែនដុល្លារ ហើយអាចលក់បានរហូតដល់ ៥សែនដុល្លារទៅឲ្យវៀតណាម ហើយវៀតណាម អាចលក់បានលើសពីចំនួននេះប្រាំដងទៅឲ្យចិន។
របាយការណ៍របស់អង្គការការពារធនធានធម្មជាតិបានបង្ហាញថា លោកឧកញ៉ា ទ្រី ភាព ក៏បានទទួលដីព្រៃសម្បទានសេដ្ឋកិច្ចជិត ១ម៉ឺនហិកតារផ្សេងទៀតក្នុងតំបន់ឧទ្យានជាតិវីរជ័យ ស្ថិតក្នុងខេត្តរតនគិរី ហើយសព្វថ្ងៃកំពុងកាប់បំផ្លាញព្រៃឈើនៅទីនោះយ៉ាងគគ្រឹកគគ្រេងលក់ទៅឲ្យប្រទេសវៀតណាម ផងដែរ។
វិទ្យុអាស៊ីសេរីនៅមិនអាចសុំសេចក្ដីអត្ថាធិប្បាយពីលោក ទ្រី ភាព បានទេ ទាក់ទិនទៅនឹងការចោទប្រកាន់នេះ។
កាលពីឆ្នាំ២០០៨ អង្គការឃ្លាំមើលបរិស្ថានពិភពលោក (Global Witness) បានរាយការណ៍ថា ឧកញ៉ា ទ្រី ភាព ជាអ្នកនៅពីក្រោយក្រុមហ៊ុនរបស់វៀតណាមមួយ ឈ្មោះ Hongfu ដែលរកស៊ីកាប់បំផ្លាញព្រៃឈើរាប់ម៉ឺនហិកតារនៅកម្ពុជា។ ឧកញ៉ា ទី្រ ភាព ក៏មានបើកបនល្បែងស៊ីសងផងដែរ ក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម-កម្ពុជា។ របាយការណ៍នោះក៏បានឲ្យដឹងផងដែរថា ឧកញ៉ា ទ្រី ភាព គឺជាមនុស្សដែលមានអំណាច និងជាមនុស្សពូកែរកលុយឲ្យគណបក្សប្រជាជនកម្ពុជា។
លោក ឈុត វុទ្ធី មានប្រសាសន៍ថា លោកឧកញ៉ា ទ្រី ភាព មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងការសម្របសម្រួលឲ្យទទួលបានគោលការណ៍សម្បទានដីព្រៃពីរដ្ឋាភិបាល៖ «ធនធានទាំងអស់នៅក្នុងស្រុកខ្មែរសព្វថ្ងៃហ្នឹង គឺបានទៅលើក្រុមហ៊ុនមួយចំនួនមានអំណាច មានទំនាក់ទំនងចូលជ្រៅជាមួយទីស្ដីការគណៈរដ្ឋមន្ត្រី។ ហើយការសម្រេចនេះភាគច្រើនដែលខ្ញុំសង្កេតឃើញឈ្មោះចេញមកមាន សាស់ លាស់។ ខ្ញុំឃើញឯកសារចុងក្រោយហ្នឹងជាមួយ សាស់ លាស់ នេះតែម្ដង នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ ប្រព័ន្ធទាំងអស់ហ្នឹង បើសិនជាយើងឆ្លុះបញ្ចាំងទៅលើច្បាប់វិញ នៅលើព្រៃឈើ ទៅលើច្បាប់តំបន់ការពារ ទៅលើច្បាប់រដ្ឋធម្មនុញ្ញ ទៅលើអនុក្រឹត្យនៃដីសម្បទានសេដ្ឋកិច្ច យើងឃើញថា អត់គោរពទៅនឹងគោលការណ៍នៃដីសម្បទានសេដ្ឋកិច្ចនោះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា រាល់ដីសម្បទានទាំងអស់អាចប្រគល់ឲ្យក្រុមហ៊ុនឯកជនសម្រាប់តែតំបន់ព្រៃឈើរេចរឹលប៉ុណ្ណោះ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះគេសង្កេតឃើញរដ្ឋាភិបាលបានផ្ដល់សម្បទានដីព្រៃស្រោង ឬតំបន់ព្រៃក្រាសរាប់ម៉ឺនហិកតារក្នុងកុងត្រា ៩៩ឆ្នាំទៅឲ្យក្រុមហ៊ុនទាំងនោះ ដែលភាគច្រើនជាក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិន។
ក្រុមអ្នកឃ្លាំមើលបរិស្ថាននៅកម្ពុជា ព្រួយបារម្ភថា ពលរដ្ឋខ្មែរនឹងអាចរងការអន្តរាយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយនេះកាន់តែជាបន្ទុកធ្ងន់ដល់រដ្ឋាភិបាលសម្រាប់យុទ្ធនាការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន។ ប៉ុន្តែកាលពីចុងឆ្នាំ២០០៧ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងរដ្ឋសភាថា ដើម្បីឲ្យសេដ្ឋកិច្ចរបស់កម្ពុជា ដើរទាន់សភាពការណ៍ គេត្រូវធ្វើការផ្លាស់ប្ដូរពីដីព្រៃទៅជាដីកសិឧស្សាហកម្ម។
លោក ច័ន្ទ សារុន៖ «ឬកៅស៊ូបានតំលៃថ្លៃរដ្ឋាភិបាលសម្រាប់កាប់ព្រៃឈើដាំកៅស៊ូ ឬដូងប្រេងភ្លាម។ ឥឡូវនេះនៅពេលដែលកៅស៊ូមានតំលៃចុះគេក៏សម្រេចកាប់កៅស៊ូចេញហើយដំាដូងប្រេងវិញ។ នេះឃើញទេគឺរបៀបអ៊ីចឹង។ បើសិនជាដីនេះវាផ្ដល់សេដ្ឋកិច្ចខ្ពស់ឲ្យប្រទេសជាតិ ហើយព្រៃហ្នឹងវានឹងបម្រុងខូចទៅហើយនោះ ទុកធ្វើអីទៀត? មិនត្រូវផ្ទេរវាជាប្រញាប់ឲ្យមកជាដីដែលមានសេដ្ឋកិច្ចខ្ពស់? នេះជាផលប្រយោជន៍នៃការផ្ទេរនេះ»។
ទោះបីជាមានការអះអាងរបស់លោក ច័ន្ទ សារុន យ៉ាងនេះក៏ដោយ ក៏ក្រុមអ្នកឃ្លាំមើលអំពីសកម្មភាពជួញដូរព្រៃឈើនៅកម្ពុជា បានជំទាស់ទៅនឹងគោលការណ៍នេះ ដោយសារឈ្មួញខ្លះបានយករូបមន្តដូច្នេះជាលេសក្នុងការរកស៊ីកាប់ឈើខុសច្បាប់ទៅវិញ គឺធ្វើឡើងក្រោមផ្លាកសម្បទានដីព្រៃសេដ្ឋកិច្ចដើម្បីការអភិវឌ្ឍ។
មន្ត្រីផ្នែកស៊ើបអង្កេតនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃឈើមិនត្រឹមតែផ្ដាច់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យផលទៅលើអនុផលព្រៃឈើប៉ុណ្ណោះទេ តែវាការបំផ្លាញយ៉ាងហិនហោចដល់ប្រព័ន្ធការពារបរិស្ថាន និងការធ្វើឲ្យឡើងកំដៅផែនដីផងដែរ។
លោក ឈឹម សាវុធ៖ «គ្រាន់តែតំបន់ព្រៃឡង់មួយវាប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារទៅហើយ ក្នុងហ្នឹងប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលអាស្រ័យផលលើអនុផលព្រៃឈើ មានវល្លិ ជ័រទឹក ដែលត្រូវបានគេកាប់បំផ្លាញដើមជ័ររបស់គាត់អស់រាប់ម៉ឺនដើមទៅហើយ។ អាហ្នឹងគឺវាប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ អាហ្នឹងយើងតែអនុផលព្រៃឈើដែលគាត់យកមកចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់គាត់។ តែនៅកន្លែងដទៃផ្សេងៗទៀត ដូចជានៅក្រវាញ និងតំបន់ផ្សេងទៀត វាបានប៉ះពាល់ដំណាំវិលជុំរបស់គាត់»។
គេសង្កេតឃើញព្រៃឈើប្រហែល ៧០% នៃផ្ទៃដីកម្ពុជា ទាំងមូលបានរងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យក្នុងទសវត្សឆ្នាំ១៩៩០ ហើយនៅក្រោយរបត់នយោបាយផ្លាស់ប្ដូរក្នុងឆ្នាំ១៩៩៣ គេឃើញបញ្ហាព្រៃឈើបានធូរស្រាលបន្តិច ប៉ុន្តែចាប់តាំងពីទសវត្សឆ្នាំ២០០០ មក គេឃើញបញ្ហាបំផ្លាញព្រៃឈើ និងធនធានធម្មជាតិបានកើតមានឡើងវិញកាន់តែធ្ងន់ធ្ងរជាងមុខទៅទៀត។
បើទោះបីជាមានបញ្ហាបែបនេះកើតមានយ៉ាងណាក៏ដោយ ក៏លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីចុងខែកញ្ញា បានថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិថា កម្ពុជាប្ដេជ្ញាចិត្តទប់ទល់នឹងការឡើងកម្ដៅផែនដី ព្រមទាំងការពារដល់បរិស្ថានក្នុងតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការការពារព្រៃឈើរបស់ខ្លួន។
លោក ម៉ាគើស ហាដឃើ (Marcus Hardtke) ដែលជាអ្នកឃ្លាំមើលឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា អស់រយៈពេលជាង ១០ឆ្នាំមកហើយនោះ បានថ្លែងតាមទូរស័ព្ទកាលពីដើមខែតុលា ថា ការថ្លែងអំពីការការពារបរិស្ថានតាមរយៈការអភិរក្សព្រៃឈើនៅកម្ពុជា គ្រាន់តែជាពាក្យនិយាយឲ្យពីរោះស្ដាប់ប៉ុណ្ណោះ តែតាមធាតុពិត តំបន់អភិរក្សព្រៃឈើជាច្រើនដែលជាដែនជម្រកសត្វនោះ ត្រូវបានគេលក់ដូរទៅឲ្យឈ្មួញឯកជនយ៉ាងសប្បាយ។
លោក ម៉ាគើស ហាដឃើ៖ «ការនិយាយបែបជាលក្ខណៈការទូតខាងក្រៅ ស្ដាប់ទៅវាល្អមើលណាស់ ប៉ុន្តែតាមការពិតជាក់ស្ដែងវាមិនដូច្នោះទេ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានក៏ធ្លាប់និយាយនៅឯសន្និសីទមួយ អំពីការបម្រែបម្រួលអាកាសធាតុក្នុងទីក្រុងភ្នំពេញដែរ ហើយសារសំខាន់នៃការការពារព្រៃឈើដែរ ប៉ុន្តែនៅពេលដំណាលគ្នានោះ តំបន់អភិរក្សព្រៃឈើទាំងអស់ សុទ្ធត្រូវបានលក់ទៅឲ្យក្រុមហ៊ុនឯកជនដើម្បីកាប់សម្អាតដាំដំណាំកសិឧស្សាហកម្មទៅវិញ។ ខ្ញុំគិតថា បញ្ហានោះវាមិនល្អទេ»។
លោក ម៉ាគើស ថ្លែងបន្តថា ប្រទេសវៀតណាម កំពុងនាំចូលឈើជាច្រើនពីតាមប្រទេសក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដូចជាប្រទេសឡាវ និងកម្ពុជាជាដើម ពីព្រោះវៀតណាម មានរោងចក្រធំជាច្រើនដែលអាចមានសមត្ថភាពក្នុងការកែច្នៃឈើទាំងអស់ដើម្បីលក់បន្តជាចំហទៅប្រទេសចិន។
លោកថ្លែងបន្តថា ពលរដ្ឋខ្មែរត្រូវតែចេះការពារសហគមន៍ព្រៃឈើរបស់ខ្លួនដោយខ្លួនឯងតាមរយៈការបញ្ចេញព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យពិភពលោកបានដឹងឮ ហើយម្យ៉ាងវិញទៀតពួកគេមិនត្រូវជឿតែទៅលើក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនោះឡើយ ពីព្រោះអ្នកទាំងនោះហាក់កំពុងជួយដល់ការរកស៊ីឈើខុសច្បាប់ទៅវិញ។
គេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រដ្ឋាភិបាលបានបណ្ដុះ និងបំបៅកូនឈើជាង ៦០លានដើម នៅឆ្នាំ២០០៨ ហើយចំនួនបានកើនឡើងជាង ៨៨លានដើមនៅឆ្នាំ២០០៩។ គេហទំព័ររបស់ក្រសួងនេះ ក៏បានបង្ហាញផងដែរថា រដ្ឋាភិបាលបានដាំកូនឈើលើផ្ទៃដីប្រមាណ ១សែនហិកតារ កាលពីឆ្នាំ២០០៩។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ចំនួនទាំងនេះមិនសមាមាត្រគ្នាទៅនឹងចំនួនព្រៃឈើដែលឈ្មួញបានកាប់បំផ្លាញតាមរយៈគោលការណ៍ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនោះឡើយ។
របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៧ បានរកឃើញថា ការអនុវត្តគោលនយោបាយដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងមិនបានត្រឹមត្រូវ មានន័យថា ប្រតិបត្តិការកាប់ព្រៃឈើបានកើតឡើងឆ្ងាយពីកន្លែងនៃការអនុញ្ញាតនោះទៅទៀត ហើយបញ្ហានេះបានកើតមានឡើងជាលក្ខណៈប្រព័ន្ធ ក្នុងការដកយកឈើប្រណិតៗ និងធនធានដ៏មានតម្លៃរបស់ប្រទេស។
ទាំងមន្ត្រីក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម នៅមិនទាន់អាចបញ្ជាក់បានទេអំពីគោលនយោបាយសម្បទានដីព្រៃទាំងនេះ ដែលកំពុងរងការចោទប្រកាន់ថា ជាអ្នករកស៊ីជាមួយឈ្មួញបរទេសក្នុងលក់ឈើដ៏មានតម្លៃរបស់ខ្មែរ។
គេហទំព័ររបស់ទស្សនាវដ្ដី Southeast Asia Globe កាលពីពាក់កណ្ដាលខែសីហា បានរាយការណ៍ថា ក្នុងរយៈពេលប្រាំអាទិត្យ ចាប់ពីថ្ងៃទី៣ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់អភិរក្សចំនួន ៦កន្លែងដល់ក្រុមហ៊ុនឧស្សាហកម្ម ដែលមានផ្ទៃដីទំហំ ៤ម៉ឺន៦ពាន់ហិកតារ។
កាលពីឆ្នាំ២០០៧ អង្គការឃ្លាំមើលបរិស្ថានពិភពលោក (Global Witness) បានរកឃើញថា ក្រុមឈ្មួញធំៗដែលរកស៊ីកាប់ព្រៃឈើ និងបំផ្លាញធនធានធម្មជាតិនៅកម្ពុជា ដែលរួមមានលោកសមាជិកព្រឹទ្ធសភា ឧកញ៉ា លី យ៉ុងផាត់ លោកសមាជិកព្រឹទ្ធសភា ឧកញ៉ា ឡៅ ម៉េងឃិន អ្នកស្រី ជឹង សុភាព ហៅយាយ ភូ លោកឧកញ៉ា ទ្រី ភាព លោក ឧកញ៉ា អាន ម៉ារាឌី លោក ឌី ចូច ហៅ ហ៊ុន ចូច និងក្រុមមន្ត្រីក្រសួងកសិកម្មជាច្រើនទៀត។
អង្គការនេះក៏បានឲ្យដឹងផងដែរថា ឈើប្រណិតៗដ៏មានតំលៃជាច្រើន ដូចនៅបណ្ដាខេត្តក្នុងភូមិភាគឦសាន បូព៌ា បស្ចិម និងអាគ្នេយ៍ ត្រូវបានក្រុមឈ្មួញ និងក្រុមមន្ត្រីមានអំណាចឃុបឃិតជាមួយក្រុមហ៊ុនបរទេសកាប់លក់រាប់លានម៉ែត្រគូប រហូតមកទល់សព្វថ្ងៃ៕
No comments:
Post a Comment