Sunday, November 13, 2011

សកម្មជន​ការពារ​ព្រៃឡង់​​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស


សកម្មជន​ការពារ​ព្រៃឡង់​​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស

2011-11-12
ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​រវាង​ប្រជា​សហគមន៍​ព្រៃឡង់ និង​កង​កម្លាំង​ប្រដាប់​អាវុធ មាន​នគរបាល និង​កង​រាជ​អាវុធហត្ថ​នៅ​ចំណុច​ភូមិ​ជាំប្រអប់ ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
RFA/Uon Chhin
១០-វិច្ឆិកា-២០១១៖ ក្បួន​របស់​សកម្មជន​ការពារ​ព្រៃឡង់ ដង្ហែ​ឆ្ពោះ​ទៅ​ក្រុមហ៊ុន​វៀតណាម CRCK នៅ​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។
តំណាង​ប្រជា​សហគមន៍​ព្រៃឡង់​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ខេត្ត​ស្ទឹងត្រែង លោក យ៉ែម សុខខូយ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ប្រជា​សហគមន៍​ព្រៃឡង់​ចំនួន​ប្រមាណ​ជាង ៣០០​នាក់ ដែល​កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ បាន​ដុត​ឈើ​នៅ​ទី​តាំង​អាជីវកម្ម​ឈើ​ខុស​ច្បាប់​មួយ​កន្លែង​នៅ​ភូមិ​ជាំប្រអប់ បន្ទាប់​មក​កង​កម្លាំង​ប្រដាប់​អាវុធ​ស្រុក​សណ្ដាន់​ប្រមាណ ១០០​នាក់ បាន​ឡោមព័ទ្ធ​ចាប់​លោក ឈុត វុទ្ធី ដែល​ជា​នាយក​នៃ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដោយ​ចោទ​លោក​ថា ជា​អ្នក​ញុះញង់​ប្រជា​សហគមន៍។
នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ថ្លែង​ថា ទង្វើ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចំពោះ​រូប​លោក និង​ប្រជា​សហគមន៍ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ នៅ​ពី​ក្រោយ​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ឆេង សុភ័ស្ត មាន​ប្រសាសន៍​ថា ទាក់ទិន​នឹង​បញ្ហា​នេះ គួរ​តែ​មាន​ការ​ចរចា​គ្នា​រវាង​អាជ្ញាធរ និង​លោក ឈុត វុទ្ធី។
ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា គិត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ បាន​រក​ឃើញ និង​ដុត​បំផ្លាញ​ឈើ​ខុស​ច្បាប់ យ៉ាង​ហោច​ណាស់​ជាង ២០​កន្លែង ដែល​មួយ​កន្លែងៗ​មាន​គំនរ​ឈើ​ពី ១០ ទៅ ២០​ម៉ែត្រ​ត្រីគុណ ចាប់​រណារ​សម្រាប់​អារ និង​ផ្ដួល​រំលំ​ដើម​ឈើ​បាន​ចំនួន ៣​គ្រឿង និង​កៅឡាក់​មួយ​គ្រឿង ដែល​ជា​ភស្តុតាង​នៃ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់៕

No comments:

Powered By Blogger