Monday, November 21, 2011

ហេតុផល​នាំ​ឲ្យ​កើត​មាន​អំពើ​ពុករលួយ​នៅ​ស្រុក​ខ្មែរ



2011-11-21
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បង្ហាញ​ថា អំពើ​ពុករលួយ​របស់​មន្រ្តី​ក្នុង​ក្រសួង​នានា​បាន​កើត​ឡើង​យ៉ាង​គំហុក ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក ហើយ​បាន​បន្ត​រហូត​ដល់​បច្ចុប្បន្ន។
តំណាង​ក្រសួង​នានា រួម​មាន​ក្រសួង​ការ​បរទេស ក្រសួង​មហាផ្ទៃ ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន ព្រម​ទាំង​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ជា​ដើម សុទ្ធ​តែ​បាន​ទទួល​ស្គាល់​ថា កន្លង​មក​ពិត​ជា​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ប្រាកដ​មែន។
ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​នេះ មន្ត្រី​តំណាង​ក្រសួង​ទាំង​អស់​បាន​លើក​អំពី​មូល​ហេតុ​ថា ដោយ​សារ​តែ​ប្រាក់​ខែ​មន្ត្រី​រាជការ​ទាប មិន​អាច​ទ្រទ្រង់​ជីវភាព​រស់​នៅ​បាន​ទើប​ធ្វើ​ឲ្យ​មាន​ការ​ទទួល​យក​សំណូក ឬ​បង្ខំ​ឲ្យ​គេ​សូក​ជា​ដើម។
តើ​ហេតុ​ផល​ទាំង​នេះ​ត្រឹម​ត្រូវ​ដែរ ឬ​ទេ?
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ។ លោក​បាន​កត់​សំគាល់​ទៅ​លើ​វិស័យ​អប់រំ​សិក្សា​ថា បញ្ហា​ប្រាក់​បៀវត្សរ៍​ទាប គឺ​ជា​ចំណែក​មួយ ប៉ុន្តែ​សំខាន់​គឺ​ត្រូវ​ពិនិត្យ​មើល​អំពើ​ពុក​រលួយ​នៃ​មន្ត្រី​ថ្នាក់​លើ ៖ «ដូច​ជា​ករណី​លោក​គ្រូ​អ្នក​គ្រូ​យក​លុយ​ពី​សិស្ស​បន្តិច​បន្តួច គ្រាន់​តែ​បង្គ្រប់​ក្រពះ​ខ្លួន ហើយ​យើង​បោស​ពី​ក្រោម​ឡើង​ទៅ​លើ មិន​មាន​ប្រសិទ្ធភាព​ទេ។ យន្តការ​ដើម្បី​បំបាត់​នូវ​អំពើ​ពុក​រលួយ យើង​ត្រូវ​បោស​សំអាត​ពី​លើ​ចុះ​មក​ក្រោម អា​ហ្នឹង​ហើយ​ដែល​មាន​ប្រសិទ្ធភាព។ បើ​យើង​ផ្ដោត​ទៅ​លើ​ស្ថាប័ន​អប់រំ យើង​ត្រូវ​បោស​សំអាត​ពី​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ រហូត​មក។ បើ​ថ្នាក់​លើ​អត់​មាន​អំពើ​ពុក​រលួយ លោក​គ្រូ​អ្នក​គ្រូ​ក៏​គាត់​មិន​អាច​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​បន្តិច​បន្តួច​នោះ​បាន​ដែរ...»
ចំណែក​លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​នៃ​អង្គការ «ខារ៉ាម​កម្ពុជា» បាន​សំដែង​នូវ​ការ​យល់​ស្រប​គ្នា​ថា បញ្ហា​រដ្ឋ​ផ្ដល់​ប្រាក់​ខែ​ទាប ខ្វះ​សម្ភារៈ និង​ថវិកា សម្រាប់​មន្ត្រី​រាជ​ការ​បំពេញ​ការ​ងារ គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​នៅ​តាម​ក្រសួង​នានា។ ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា កត្តា​សំខាន់​គឺ​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹម​ត្រូវ​ឥត​លំអៀង ៖ «មិន​ប្រកាន់​ថា អ្នក​នេះ​អ្នក​នយោបាយ អ្នក​នោះ​មន្ត្រី​រាជការ​តូច​តាច អត់​បែង​ចែក​ឋានៈ​ថា​អ្នក​ធំ អ្នក​តូច អ្នក​មាន​អ្នក​ក្រ​នោះ​ទេ។ គោលការណ៍​ច្បាប់ គឺ​ស្មើ​ភាព​គ្នា។ ចំណុច​ទី​២ គឺ​ថា ប្រសិន​ប្រទេស​យើង​អាច​រៀបចំ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឱ្យ​បាន​ខ្ពស់ ឱ្យ​សម​នឹង​តម្លៃ​ទីផ្សារ ដែល​ប្រជា​ពល​រដ្ឋ​យើង​អាច​រស់​បាន ដែល​មន្ត្រី​រាជការ​អាច​រស់​បាន ពេល​ចុះ​ទៅ​ខេត្ត មាន​ប្រាក់​បេសកកម្ម ខ្ញុំ​ជឿ​ថា អាច​ជួយ​បាន​ច្រើន​ក្នុង​ការ​អនុវត្ត​កាត់​បន្ថយ​អំពើ​ពុក​រលួយ»
ប៉ុន្តែ​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ពុំ​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​តំណាង​ក្រសួង​នានា អំពី​បញ្ហា​ប្រាក់​ខែ​ទាប ហើយ​ថា​ចាំ​ឱ្យ​រដ្ឋ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​ឱ្យ​ចាយ​គ្រប់​សិន ទើប​ចាប់​ផ្ដើម​ទប់​ស្កាត់​អំពើ​ពុក​រលួយ​នោះ​ទេ។
លោក សុខ សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា។ លោក​បាន​បង្ហាញ​នូវ​ការ​យល់​ស្រប​ជា​មួយ​លោក ឱម យិនទៀង ត្រង់​ចំណុច​នេះ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​មន្ត្រី​រាជការ​មាន​ប្រាក់​បៀវត្សរ៍​គ្រប់គ្រាន់ អាច​ជា​កត្តា​មួយ​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​មួយ​ចំណែក ៖ «អំពើ​ពុក​រលួយ​នេះ គឺ​មាន​កត្តា​ច្រើន ហើយ​កត្តា​ដែល​ធំ​បំផុត​នោះ គឺ​ការ​អនុវត្ត​ច្បាប់។ ប្រសិន​ការ​អនុវត្ត​នោះ​នៅ​តែ​គិត​ថា​ប្រាក់​ខែ​តិច មិន​ហ៊ាន​ធ្វើ មិន​ដឹង​ជា​ឆ្នាំ​ណា​ទើប​អាច​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​បាន​ទេ។ ចំពោះ​មន្ត្រី​រាជការ ដែល​មាន​ប្រាក់​ខែ​ទាប​នោះ ព្រោះ​គាត់​អត់​បាន​ធ្វើ​ការ​រក​ស៊ី​អ្វី​ផ្សេង​ទៀត​ទេ គាត់​បំពេញ​ការ​ងារ​ឱ្យ​រដ្ឋ ហេតុ​នេះ​គាត់​ក៏​ត្រូវ​ការ​រស់​ដែរ សិទ្ធិ​រស់​រាន​របស់​គាត់ ឱ្យ​បាន​រស់​រាន​ដោយ​សមរម្យ។ ហេតុ​ដូច្នេះ រដ្ឋ​ត្រូវ​តែ​រក​មធ្យោបាយ​ដើម្បី​ដំឡើង​ប្រាក់​បៀវត្សរ៍​ឱ្យ​មន្ត្រី​រាជ​ការ​ទាំង​អស់ អាច​ធ្វើ​ការ​ដោយ​រស់​រាន ដោយ​សមរម្យ អា​ហ្នឹង​គឺ​ជា​រឿង ជា​ភារកិច្ច​របស់​រដ្ឋ។ ការ​ផ្ដល់​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជ​ការ​ឱ្យ​បាន​គ្រប់​គ្រាន់ ជា​កត្តា​មួយ​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ដែរ នេះ​ជា​ចំណុច​មួយ»
នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​នេះ តំណាង​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា អំពើ​ពុក​រលួយ​បាន​កើត​ឡើង​តាម​ដង​ផ្លូវ តាម​ពន្ធនាគារ។ ក្រៅ​ពី​រដ្ឋ​ផ្ដល់​ប្រាក់​ខែ​មន្ត្រី​ប៉ូលិស​នគរបាល​ទាប ចាយ​វាយ​មិន​គ្រប់​ហើយ​នោះ រដ្ឋ​ខ្វះ​ខាត​សម្ភារៈ និង​ថវិកា​សម្រាប់​ប៉ូលិស​ចុះ​អនុវត្ត​ការ​ងារ​ថែម​ទៀត គឺ​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ​លំបាក​បើក​មិន​បាន​ភ្លាម​ៗ​ទេ ហើយ​បើ​នៅ​តាម​ខេត្ត ប្រាក់​បេសកកម្ម​ពេល​ខ្លះ​អាច​យឺត​យ៉ាវ​រហូត​ដល់ ១​ឆ្នាំ​ក៏​មាន។ នៅ​ពន្ធនាគារ​ខ្លះ ខ្វះ​ទាំង​មធ្យោបាយ​ដឹក​អ្នក​ទោស ជួនកាល​ខ្ចី​ឡាន​គេ ជួនកាល​ជួល​ឡាន​ដឹក​អ្នក​ទោស​ក៏​មាន។ ទាំង​នេះ​ហើយ ដែល​ជា​មូលហេតុ​នាំ​ឱ្យ​កើត​ជា​បញ្ហា​យក​ប្រាក់​សេវាកម្ម​ផ្សេងៗ នៅ​ក្នុង​ក្របខ័ណ្ឌ​ជំនាញ។
ចំពោះ​បញ្ហា​អំពើ​ពុក​រលួយ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​យក​តម្លៃ​សេវា​ផ្សេងៗ​មិន​ស្រប​ច្បាប់​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ស្នើ​ឱ្យ​ក្រសួង​នីមួយៗ រៀបចំ​ដាក់​បញ្ចូល​ឱ្យ​ក្លាយ​ទៅ​ជា​តារាង​តម្លៃ​សេវា​ស្រប​ច្បាប់ ដើម្បី​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ពិនិត្យ​សម្រេច​ថា​តើ​គួរ​យក​តម្លៃ​សេវា​នោះ​ត្រឹម​ណា ឬ​មិន​គួរ។
ត្រង់​ចំណុច​នេះ លោក​មេធាវី សុខ សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា បាន​បក​ស្រាយ​វិធាន​នេះ​ទៅ​តាម​លក្ខណៈ​ច្បាប់ ដោយ​ផ្ដោត​ទៅ​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​តាម​ពន្ធនាគារ​កន្លង​មក ៖ «...រឿង​ពាក់ព័ន្ធ​នឹង​ពន្ធនាគារ គឺ​វា​ខុស​ពី​ក្រសួង​មន្ទីរ​ផ្សេងៗ​ទៀត។ ក្រសួង​មន្ទីរ​ផ្សេងៗ​ទៀត គឺ​ប្រជា​ពល​រដ្ឋ​ផ្ដល់​សេវា​ផ្សេងៗ ឱ្យ​ខ្លួន។ ក៏​ប៉ុន្តែ​រឿង​ពន្ធនាគារ​មិន​មែន​អ៊ីចឹង​ទេ គឺ​ជា​សិទ្ធិ ហើយ​ការ​លេង​សួរ​សុខ​ទុក្ខ​ក៏​ជា​រឿង​សិទ្ធិ​សេរីភាព ហើយ​ការ​ថែ​ទាំ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ ក៏​ជា​រឿង​សិទ្ធិ​សេរីភាព ព្រោះ​ថា​រដ្ឋ​បាន​យក​គេ​ទៅ​ឃុំ​ខ្លួន ទោះ​ជា​មាន​ទោស​ហើយ​ក៏​ដោយ មិន​ទាន់​មាន​ទោស​ក៏​ដោយ។ ហេតុ​ដូច្នេះ​មាន​តែ​រដ្ឋ​ហ្នឹង រក​មធ្យោបាយ​ផ្ដល់​ទៅ​ពន្ធនាគារ ផ្ដល់​ប្រាក់​បៀវត្សរ៍​ទៅ​មន្ត្រី​នគរបាល​នៅ​ពន្ធនាគារ​ឱ្យ​បាន​គ្រប់គ្រាន់ ផ្ដល់​អគារ ឬ​ម្ហូប​អាហារ​ដល់​អ្នក​ទោស​ឱ្យ​បាន​គ្រប់គ្រាន់ អា​ហ្នឹង​គឺ​ជា​ភារកិច្ច​របស់​រដ្ឋ»
រី​ឯ​លោក យ៉ាណាវុធ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខារ៉ាម​កម្ពុជា បាន​វិភាគ​ថា យន្តការ​នេះ​អាច​ជួយ​សម្រាល​បញ្ហា​លំបាក​ខ្លះ​របស់​ពលករ-ពលការិនី​ខ្មែរ ពិសេស​អ្នក​ដែល​ត្រូវ​ចេញ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ៖ «...សេវា​ពិនិត្យ​សុខភាព ពេល​ដែល​ពលករ​លោក​ចេញ​ទៅ​ក្រៅ​ប្រទេស ទី​២ ឧទាហរណ៍​តម្លៃ​ប៉ាសស្ព័រ ដាក់​ទៅ​ក្នុង​តារាង​ឱ្យ​ច្បាស់​លាស់ ថា​យក​តម្លៃ​លើ​លិខិត​ឆ្លង​ដែន​ប៉ុន្មាន ពិនិត្យ​សុខភាព​ប៉ុន្មាន តម្លៃ​បង់​ផ្លូវ​ច្បាប់​ផ្សេង​ៗ ប៉ុន្មាន។ កាល​ណា​រៀបចំ​តារាង​ហ្នឹង​ច្បាស់​លាស់ ហើយ​មាន​ការ​ផ្សព្វ​ផ្សាយ​ហើយ ប្រជា​ពល​រដ្ឋ ជា​ពិសេស​ពលករ លោក​ប្រាកដ​ជា​ដឹង​ហើយ អ៊ីចឹង​មិន​អាច​បង់​តម្លៃ​អ្វី​ឱ្យ​ខ្ពស់​លើស​ពី​អ្វី​ដែល​ខាង​ក្រសួង​បាន​កំណត់​ទេ»
ប៉ុន្តែ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​បាន​ចាត់​ទុក​យន្តការ​កំណត់​តារាង​តម្លៃ​សេវា​នេះ ថា​មាន​ប្រសិទ្ធភាព​តិច​តួច​ក្នុង​ការ​ទប់​ស្កាត់ បំបាត់​អំពើ​ពុក​រលួយ​នៅ​តាម​ក្រសួង​នានា ៖ «...រឿង​ពុក​រលួយ ដែល​មន្ត្រី​មាន​អំណាច មាន​តួនាទី​ធំៗ គេ​ពុក​រលួយ​លុយ​ច្រើន​ជាង​លុយ​សេវា លុយ​សេវា​នេះ គ្រាន់​តែ​ជា​រឿង​បន្ទាប់​បន្សំ​ទេ។ ហេតុ​ផល​យើង​មើល​ឃើញ​នៅ​ក្នុង​ក្រសួង​សង្គម​កិច្ច​ថ្មី​ៗ​នេះ មន្ត្រី​ធំ​ៗ ដែល​លួច​លុយ​ជាតិ ៥​លាន​ដុល្លារ ហើយ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ហ្នឹង​បាន​ទទួល​កំហុស​ថា ខ្លួន​បាន​ប្រព្រឹត្តិ ខ្លួន​បាន​ធ្វើ​ឱ្យ​បាត់​លុយ​ពិត​ប្រាកដ​មែន។ សំណុំ​រឿង​ទាំង​អស់​ហ្នឹង ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បិទ​សំណុំ​រឿង​ហ្នឹង ហើយ​ថ្មី​ៗ​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​លើក​ឡើង​ថា រឿង​ហ្នឹង​ត្រូវ​បិទ​តែ​សំណុំ​រឿង។ អា​ហ្នឹង ដែល​វា​អត់​ប្រសិទ្ធភាព ហើយ​ធ្វើ​ឱ្យ​ប្រជា​រាស្ត្រ​ពល​រដ្ឋ ដែល​គេ​ខំ​តាម​សម្លឹង​មើល បែរ​ជា​ខក​ចិត្ត​ទៅ​វិញ»
ជុំវិញ​យន្តការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ការ​កោះ​ប្រជុំ​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​តាម​ក្រសួង​រដ្ឋ​នានា​នេះ មន្ត្រី​គណ​បក្ស​ប្រឆាំង និង​អង្គការ​ពុំ​មែន​រដ្ឋាភិបាល​ខ្លះ​ទៀត​បាន​ចាត់​ទុក​ថា គឺ​ជា​ជំហាន​មួយ​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​បាន​គូស​បញ្ជាក់​ដូច​ៗ​គ្នា​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​តែ​មាន​ជំហរ​ឯករាជ ដោយ​មិន​ត្រូវ​មាន​មន្ត្រី​រដ្ឋាភិបាល​ជា​បង្អែក​ឡើយ។ នោះ​ទើប​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​ពុក​រលួយ​ទាំង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ទាំង​មន្ត្រី​តូច​តាច ព្រម​ទាំង​ការ​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​មិន​លំអៀង ប្រកប​ដោយ​គតិយុត្តិ៕

No comments:

Powered By Blogger