Tuesday, November 1, 2011

ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ខេត្ត​រតនគិរី​នៅ​តែ​មាន​គេ​លួច​កាប់



2011-10-31
មន្ត្រី​មូលដ្ឋាន​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា គេ​រក​ឃើញ​សកម្មភាព​លួច​កាប់​ឈើ​ប្រណិត​ចេញ​ពី​តំបន់​សួន​ឧទ្យាន​ជាតិ​វីរ​ជ័យ ដើម្បី​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។ ប៉ុន្តែ មន្ត្រី​មូលដ្ឋាន​បាន​អះអាង​ថា អ្នក​លួច​កាប់​ឈើ​នោះ គឺ​ជា​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​តំបន់​នោះ។
ឈើ​ប្រណីត​ប្រភេទ​ឈើ​បេង​ប្រមាណ ១០០ សន្លឹក ដែល​មាន​បរិមាណ​ជាង ៣ ម៉ែត្រ​គីប ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី ចាប់​រឹប​អូស​បាន​ពី​សកម្មភាព​លួច​កាប់​ឈើ​នាំ​ចេញ​ពី​សួន​ឧទ្យាន​ជាតិ​វីរ​ជ័យ។
ក្រុម​សមត្ថកិច្ច​បាន​រក​ឃើញ​ឈើ​ប្រណិត​នេះ​ត្រូវ​គេ​អារ​យក​មក​លាក់​ទុក​នៅ​ចំណុច​ព្រៃ​អូរ​អាឡៃ ក្នុង​ភូមិ​ឡាវ៉ឺយ ឃុំ​កុកឡាក់ ស្រុក​វ៉ឺនសៃ ជាប់​នឹង​សួន​ឧទ្យាន​ជាតិ​វីរ​ជ័យ កាល​ពី​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០១១ ហើយ​នៅ​វេលា​យប់​ថ្ងៃ​ដដែល​នោះ គេ​ឃើញ​ក្រុម​សមត្ថកិច្ច ដែល​មាន​មន្ត្រី​ព្រៃ​ឈើ និង​មន្ត្រី​យោធា​បាន​ដឹក​ជញ្ជូន​ឈើ​នោះ​នាំ​ចេញ​កាន់​ទី​រួម​ខេត្ត​រួច​ហើយ។
ជំទប់​ទី​មួយ​ឃុំ​កុកឡាក់ គឺ​លោក ផុន សឿង។ លោក​បាន​បញ្ជាក់​ថា ក្រុម​សហគមន៍​ភូមិ​ឡាវ៉ឺយ គឺ​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​លួច​កាប់​ឈើ​នោះ បំណង​លក់​ចេញ​ទៅ​ឲ្យ​ឈ្មួញ​អ្នក​ប្រមូល​ទិញ​នាំ​ចេញ។ ក៏​ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ថា តើ​ក្រុម​សហគមន៍​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ​នោះ​ទេ។
លោក​បន្ត​ថា​មិន​ទាន់​ឃើញ​មាន​ប្រជា​ពលរដ្ឋ​ជា​សហគមន៍​ណា​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ក្នុង​ករណី​លួច​កាប់​ឈើ​នោះ​នៅ​ឡើយ​ទេ។
លោក ផុន សឿង៖ «វា​កាប់​ឈើ​នៅ​អា​ព្រៃ​ការពារ​កាប់​ហើយ ទៅ​ទុក​នៅ​ក្រោយ​ភូមិ​ហ្នឹង។សហគមន៍​ហ្នឹង​ហើយ​ទៅ​កាប់​ឈើ​ហ្នឹង​មិន​ប្រាប់​យើង​ទេ ទៅ​កាប់​លួចៗ ដី​វីរ​ជ័យ​ហ្នឹង​ណា!»។
អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​សប្ដាហ៍​មុន​នេះ បាន​ចាប់​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ចំនួន​ពីរ​ក្រុម​មាន​គ្នា ៥ នាក់ ដែល​លួច​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​តំបន់​សួន​ឧទ្យាន​ជាតិ​វីរ​ជ័យ ក្នុង​ខេត្ត​រតនគិរី។ ក្នុង​នោះ​ជន​ជាតិ​វៀតណាម​ម្នាក់​ជាប់​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​មក​ប្រមាញ់​សត្វ​កម្រ និង ៤ នាក់​ទៀត​ជាប់​ចោទ​ពី​បទ​ចូល​មក​កាប់​ឈើ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ដោយ​ខុស​ច្បាប់។ជន​ជាតិ​វៀតណាម​ទាំង ៥ នាក់​នេះ បាន​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​រួច​ហើយ។
នៅ​ថ្ងៃ​ចន្ទ ទី ៣១ ខែ​តុលា ឆ្នាំ ២០១១ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី ដើម្បី​បញ្ជាក់​ពី​ករណី​រក​ឃើញ​ឈើ​ប្រណិត ដែល​គេ​កាប់​ខុស​ច្បាប់​នោះ​បាន​នៅ​ឡើយ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក រស់ សារ៉ាំ បាន​បញ្ជាក់​ថា លោក​បាន​ទទួល​សេចក្ដីរាយការណ៍​តាម​ទូរស័ព្ទ​ពី​ករណី​នេះ​ហើយ គឺ​ឈើ​ដែល​រឹបអូស​បាន មាន​ចំនួន​ប្រមាណ ៨០ សន្លឹក។ ក៏​ប៉ុន្តែ លោក​មិន​ទាន់​បាន​ដឹង​ថា តើ​ស្ថាប័ន​ជំនាញ​ព្រៃ​ឈើ​ចាត់​វិធានការ​បែប​ណា​នៅ​ឡើយ​ទេ​ក្នុង​រឿង​នេះ។
លោក រស់ សារ៉ាំ៖ «គ្រាន់​ឮ​សូរ​ថា​ចាប់​បាន​ឈើ​ជា​បន្ទះៗ ជា​ចំនួន​សន្លឹក។ ដូច​ជា​អត់​មាន​នរណា​រាយការណ៍​ពី​រឿង​ចាប់​មនុស្ស​ទេ ថា​វា​នៅ​ខាង​ក្រោយ​ចម្ការ​របស់​គេ។ខ្ញុំ​ថា​អ៊ីចឹង​ដាក់​កម្លាំង​ឲ្យ​យាម​ទៅ ប៉ុន្តែ ប្រើ​កម្លាំង​មនុស្ស​ឲ្យ​បាន​ច្រើន ហើយ​តាំង​ពី​ហ្នុង​មក​អត់​ឃើញ​នរណា​រាយការណ៍​ឲ្យ​ខ្ញុំ​ទៀត​ទេ»។
ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ​ជា​ច្រើន ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​រក​ឃើញ​មាន​គេ​លួច​កាប់ និង​អារ​ច្រៀក​នាំ​ចេញ​ទៅ​ទីផ្សារ​ពី​សួន​ឧទ្យាន​ជាតិ​វីរ​ជ័យ​ជា​បន្ត​បន្ទាប់ នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ជា​ពិសេស តំបន់​កន្ទុយ​នាគ ដែល​កើត​មាន​រឿង​អាស្រូវ​លួច​កាប់​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ខុស​ច្បាប់ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០០៤ ពាក់ព័ន្ធ​ទៅ​នឹង​អតីត​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតគិរី​ចំនួន ១១ នាក់។
សេចក្ដីរាយការណ៍​ពី​បុគ្គលិក​បណ្ដា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​តំបន់​សួន​ឧទ្យាន​ជាតិ​វីរ​ជ័យ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១១ រហូត​បច្ចុប្បន្ន  មាន​ក្រុម​ជន​ជាតិ​វៀតណាម​ជា​ក្រុមៗ រាប់​រយ​នាក់ ភាគ​ច្រើន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន បាន​ឆ្លង​ចូល​មក​តំបន់​កន្ទុយ​នាគ ដើម្បី​កាប់​ឈើ​គ្រញូង​ដោយ​មិន​ខ្លាច​ញញើត និង​ក្រុម​សមត្ថកិច្ច​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ឡើយ៕

No comments:

Powered By Blogger