Friday, November 25, 2011

តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា?



2011-11-25
ការ​បំបាត់​បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ​គេ​សង្កេត​ឃើញ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ និង​ការ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត នៅ​តែ​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ក្រុមហ៊ុន​ឯកជន។
RFA/Sek Bandith
សកម្មភាព​ប្រជា​សហគមន៍​ជន​ជាតិ​ព្នង ដើរ​ល្បាត​កន្លែង​ដែល​មាន​បទ​ល្មើស​ព្រៃ​ឈើ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
បញ្ហា​នេះ​គេ​ឃើញ​កើត​មាន​សឹង​ពេញ​ផ្ទៃ​ប្រទេស​ទាំង​មូល​តែម្ដង ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គឺ​តាម​រយៈ​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រោម​ផ្លាក​បង្វែរ​ដី​ព្រៃ​ទៅ​ជា​ដី​កសិ​ឧស្សាហកម្ម។ បើ​ទោះ​បី​ជា​មាន​វិនាសកម្ម​ព្រៃ​ឈើ​យ៉ាង​ខ្លាំង កំពុង​ញាំញី​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​យ៉ាង​ណា​ក៏ដោយ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​នៅ​ឡើយ​ដែរ។ 
បញ្ហា​ព្រៃ​ឈើ​នៅ​កម្ពុជា មិន​មែន​ជា​បញ្ហា​ថ្មី​នោះ​ទេ សូម្បី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​ប្ដូរ​ជីវិត​របស់​លោក​ផង​ដែរ ប្រសិន​បើ​លោក​ទប់ទល់​បញ្ហា​នេះ​មិន​បាន​ទេ​នោះ៖ «សុំ​សាក​លមើល​ទៅ បើ​មិន​គោរព​ក៏​សុំ​សាក​លមើល​ទៅ បើ​មិន​ដក​យក​ព្រៃ បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​ក្រវាត់​ចោល ព្រោះ​នេះ​ជា​សម្ដី​របស់​នាយករដ្ឋមន្ត្រី។ ខ្ញុំ​សុខ​ចិត្ត​ចំណាយ​អី​ចំណាយ​ទៅ តែ​អា​រឿង​ចាញ់​ដោយ​ការ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​មិន​បាន​ធ្វើ​នេះ គឺ​ខ្ញុំ​មិន​ព្រម​ចាញ់​ទេ ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​បាន​ដែរ។ បើ​សិន​ធ្វើ​អ្វី​មួយ​ហើយ ហ៊ុន សែន ហ៊ាន​និយាយ គឺ​ហ៊ាន​ធ្វើ ចុះ​ខ្ញុំ​មិន​បាន​មក​បោក​ទេៗ ហើយ​ខ្ញុំ​ក៏​មិន​ចេះ​បោកៗ ហ៊ុន សែន គឺ​មិន​ចេះ​បោក ហ៊ុន សែន ប្រែ​មក​ថា​ត្រង់»
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​មិន​ចេះ​បោក​ទេ។ ដូច្នេះ​តើ​នរណា​ជា​អ្នក​បោក? 
រហូត​មក​ទល់​សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​កំពុង​រង​ការ​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​សឹង​ទូទាំង​ប្រទេស តាម​រយៈ​ផ្លាក​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ដែល​នៅ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​វិនាសកម្ម​ព្រៃ​ឈើ​ទាំង​នោះ​នៅ​ឡើយ។ 
ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​ខ្មែរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ក្រសួង​ដែល​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ ពីព្រោះ​ស្ថាប័ន​ទាំង​ពីរ​នេះ​ជា​អ្នក​ធ្វើ​របាយការណ៍​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជា​អ្នក​សំរេច។ 
លោក ឈុត វុទ្ធី៖ «ខ្ញុំ​គិត​ថា ប្រមុខ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន ដែល​គាត់​ជា​អ្នក​ធ្វើ​ក្រដាស​វាយ​តំលៃ​ជូន​ទៅ​ឧបនាយករដ្ឋមន្ត្រី ហើយ​ឧបនាយករដ្ឋមន្ត្រី​ជា​អ្នក​ស៊ីញេ សំរេច​ដោយសារ​ការ​វាយ​តំលៃ​របស់​ក្រសួង​សាមី ហើយ​ក្រសួង​សាមី គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ ព្រោះ​បច្ចុប្បន្ន​នេះ​លក់​ខ្លាំង​ជាង​គេ គឺ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​សហការ​គ្នា​លក់»
លោក​ថ្លែង​បន្ត​ថា ក្រុម​បច្ចេកទេស​សិក្សា​ស្រាវជ្រាវ​វាយ​តំលៃ​របស់​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន តែង​បាន​ទទួល​ប្រាក់​សំណូក​រាប់​ម៉ឺន​រាប់​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ក្រុមហ៊ុន​ឯកជន ដែល​ជា​អ្នក​ដាក់​ពាក្យ​សុំ​សិទ្ធិ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​នានា។ 
មន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​អភិរក្ស​ព្រៃ​ឈើ​រូប​នោះ​បាន​នៅ​ឡើយ​ទេ។ 
ទាក់ទិន​នៅ​នឹង​ការ​ធ្វើ​ឲ្យ​ខូចខាត​ដល់​បរិស្ថាន លំនៅឋាន និង​ធនធាន​ធម្មជាតិ​ដោយ​ស្ថាប័ន​រដ្ឋ មាត្រា ៣៩ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ តវ៉ា​ទាមទារ​សំណង​ជួសជុល​ការ​ខូចខាត ដែល​បណ្ដាល​មក​ពី​អំពើ​ខុស​ច្បាប់​នៃ​ស្ថាប័ន​រដ្ឋ និង​អំពើ​ខុស​ច្បាប់​នៃ​បុគ្គលិក​របស់​ស្ថាប័ន​រដ្ឋ​ទាំង​នោះ។ 
លោក ឈុត វុទ្ធី មាន​ប្រសាសន៍​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក គេ​នៅ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ព្រៃ​ឈើ​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ៖«យើង​សង្កេត​ឃើញ​តាំង​ពី​ពេល​មុន​មក ប្រតិបត្តិការ​ធំៗ ជា​ពិសេស​សម្ដេច​បាន​បញ្ជា​ផ្ទាល់​ដោយ​ខ្លួន​គាត់។ ក្រោយ​ពី​ជាប់​មួយ​រយៈ​ពេល​មក ក៏​រួច​ទៅ​វិញ។ បញ្ហា​នេះ​យើង​មិន​ដឹង​ថា យ៉ាង​ម៉េច​បាន​ជា​សម្ដេច​គាត់​អនុគ្រោះ​ឲ្យ​អ្នក​ទាំង​អស់​នោះ​ដោះ​លែង​ទៅ​វិញ ដោយសារ​មាន​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ ឬ​មួយ​អ្នក​ណា​មិន​ដឹង​បាន​ជា​សម្ដេច​គាត់​បាន​លើក​លែង​ទោស​ទៅ​វិញ»
ការ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិតៗ រាប់​លាន​ម៉ែត្រ​គូប គេ​ឃើញ​កើត​មាន​ចាប់​តាំង​ពី​ខេត្ត​កោះកុង កំពង់ធំ រហូត​ដល់​ខេត្ត​ពោធិ៍សាត់ ព្រះវិហារ ធ្លាយ​ដល់​បណ្ដា​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខណៈ​ឈើ​ទាំង​នោះ​ភាគ​ច្រើន​លក់​ទៅ​ឲ្យ​ប្រទេស​វៀតណាម។ 
អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស កាល​ពី​ឆ្នាំ​ពី​២០០៨ បាន​រក​ឃើញ​ថា ព្រៃឈើ​របស់​ខ្មែរ​កាល​ពី​ឆ្នាំ​១៩៦៩ មាន​រហូត​ដល់​ទៅ ៧៣% នៃ​ផ្ទៃ​ដី​ទាំង​មូល។ ចំនួន​នេះ​បាន​ធ្លាក់​នៅ ៥៩% ក្នុង​ឆ្នាំ​១៩៩៧ ហើយ​បន្ត​ធ្លាក់​មក​ត្រឹម ៣៥% ក្នុង​ឆ្នាំ​២០០៨។
អង្គការ​នេះ​ក៏​បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា គ្រួសារ​អ្នក​លួច​ជាតិ​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៧ ថា ក្រុម​អ្នក​រក​ស៊ី​ឈើ​នៅ​កម្ពុជា មាន​ចំណង​សាច់សាលោហិត​ជាមួយ​ក្រុម​មន្ត្រី​មាន​អំណាច​របស់​រដ្ឋាភិបាល ក្នុង​នោះ​មាន​លោក​ឧកញ៉ា ហ៊ុន តូ លោក ឌី ចូច ហៅ ហ៊ុន ចូច លោកស្រី សេង ឃាង អតីត​ភរិយា​របស់​លោក ឌី ចូច លោកស្រី ជឹង សូភាព ហៅ​យាយ ភូ លោក​ឧកញ៉ា ព្រឹទ្ធ​សមាជិក ឡៅ ម៉េងឃិន លោក​ឧកញ៉ា ទ្រី ភាព លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​ទៀត មាន​ទាំង​ស្ថាប័ន​ស៊ីវិល នគរបាល រួម​ទាំង​កងទ័ព​ផង​ដែរ។ 
ទាក់ទិន​ទៅ​នឹង​ការ​ស្វែង​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​ព្រៃ​ឈើ​នេះ​ដែរ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ដំណើរ​ការ​នីតិ​រដ្ឋ​កម្ពុជា មាន​ប្រសាសន៍​ថា ទាំង​សង្គម​ស៊ីវិល និង​សហគមន៍ អភិរក្ស​ព្រៃឈើ​ត្រូវ​ចងក្រង និង​សរសេរ​ពាក្យ​បណ្ដឹង​អំពី​សកម្មភាព​ល្មើស​ច្បាប់​ទាំង​ឡាយ ប្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ ឬ​ទៅ​តុលាការ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «អា​ហ្នឹង​ទាល់​តែ​មាន​អ្នក​ណា​សើរើ ហើយ​ប្រៀបធៀប​សកម្មភាព​ហ្នឹង​ទៅ​លើ​ច្បាប់​ជា​ធរមាន តើ​ល្មើស​ត្រង់​ណា​ខ្លះ? ហើយ​ក៏​អាច បើ​សិន​ជា​មាន​ភិនភាគ​ថា មាន​បទល្មើស​ព្រហ្មទណ្ឌ ហ្នឹង​ក៏​អាច​សរសេរ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​បញ្ជា​ទៅ​អគ្គ​ព្រះរាជអាជ្ញា ឲ្យ​គាត់​ចាត់ការ ឬ​ព្រះរាជអាជ្ញា​អម​តុលាការ​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ ប្រសិន​បើ​នៅ​កំពង់ស្ពឺ គឺ​ឲ្យ​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កំពង់ស្ពឺ បាទ!»
នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ទី​២២ វិច្ឆិកា ថា កម្ពុជា​សំបូរ​ទៅ​ដោយ​ព្រៃ​ប្រឹក្សា និង​ធនធាន​រ៉ែ តែ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​ក្នុង​តំបន់។ លោក​បន្ត​ថា ៣០% នៃ​ចំនួន​ពលរដ្ឋ​សរុប ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រីក្រ ហើយ​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៩០% រស់​នៅ​តាម​ទី​ជនបទ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របរ​កសិកម្ម ខណៈ​កសិករ​ត្រូវ​ការ​ទឹក​ដី និង​ព្រៃ​ឈើ ដែល​ជា​ធនធាន​ដ៏​សំខាន់។
លោក​ថ្លែង​បន្ត​ថា ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​មិន​បាន​បែងចែក​ដី​សង្គមកិច្ច​ឲ្យ​បាន​ច្រើន​ដល់​ពលរដ្ឋ​ក្រីក្រ​នោះ​ទេ តែ​បែរ​ជា​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​សែន​ហិកតារ​ទៅ​ក្រុមហ៊ុន​ឯកជន​ទៅ​វិញ៖ «បើ​យើង​ប្រៀបធៀប​មើល​ពី​ទំហំ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច យើង​ឃើញ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​មាន​ភាព​យឺតយ៉ាវ ដែល​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​យើង​ដែល​ជា​ប្រជាជន​ខ្វះ​ដីធ្លី​នោះ តាម​តួលេខ​យើង​ឃើញ​ថា ជិត ២០% ដែល​ពុំ​មាន​ដីធ្លី​សំរាប់​ធ្វើ​កសិកម្ម»
ក្រុម​អ្នក​ឃ្លាំមើល​អំពី​បទល្មើស​ព្រៃឈើ និង​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រហែល ១,៧​លាន​ហិកតារ និង​សម្បទាន​ដី​រ៉ែ​ទំហំ ១,៩​លាន​ហិកតារ​ផ្សេង​ទៀត​ដល់​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន និង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន​៥៕

No comments:

Powered By Blogger