Tuesday, November 20, 2012

លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ


លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​

Original source from Cambodian Express News (CEN).

ភ្នំពេញ: ​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត កាលពី​ព្រលប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​សន្និសីទកាសែត ដោយ​ប្រកាស​នូវ​លទ្ធផល​កិច្ចប្រជុំ​របស់​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​អាស៊ាន​។

​លទ្ធផល​នៃ​កិច្ចប្រជុំ​ ទាំងនោះ រួមមាន​៖ ១-​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១​។ ២-​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​។ ៣-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​ចិន​។ ៤-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​ជប៉ុន​។ ៥-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​កូរ៉េ​។ ៦-​កិច្ចប្រជុំ​កំពូល អាស៊ាន បូក ៣ ( ចិន​-​ជប៉ុន​-​កូរ៉េ )​។ ៧-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​ឥណ្ឌា​។ ៨-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក​។ ៩-​កិច្ចសន្ទនា​អាស៊ាន​ជា​សកល​។ ១០-​កិច្ចប្រជុំ​កំពូល អាស៊ី​បូព៌ា និង​១១-​ពិធី​ប្រកាស ការចរចា​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ នៅក្នុង​តំបន់​។​

ក្នុងសន្និសីទកាសែត ដែលមិនបើកឲ្យសួរសំណួរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ដើម្បី​ពង្រឹង និង​ពង្រីក​សមិទ្ធផល ដែល​អាស៊ាន​សម្រេច​បាន​កន្លង​មក ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន នា​ឆ្នាំ​២០១២ ដែល​ចំ​ទៅនឹង​ឆ្នាំ​នៃ​ការ​ប្រារព្ធ ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៥ នៃ​ការបង្កើត​អាស៊ាន​ផងដែរ កម្ពុជា​បាន​ជ្រើសរើស​យក​ប្រធានបទ "​អាស៊ាន​៖ សហគមន៍​តែមួយ​-​វាសនា​តែមួយ​" ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​កិច្ចសហការ​រួម​របស់​អាស៊ាន ក្នុង​ការកសាង​សហគមន៍​អាស៊ាន ជា​មហា​គ្រួសារ​ជិតស្និទ្ធ​មួយ ដែល​មាន​ភាព​សុខដុម ទាំង​ផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ ដោយ​ឈរ​លើ​គោលការណ៍​វិធាន​នៃ​ច្បាប់ សុខសន្តិភាព និង​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​រម្លេច​នូវ​លទ្ធផល​សំខាន់ៗ​មួយចំនួន នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​រួមមាន​៖​

១-​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១៖

. ​យើង​បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ទាំង​នៅក្នុង​កិច្ចប្រជុំពេញអង្គ និង​កិច្ចប្រជុំ​ចង្អៀត​។ ជារួម អង្គប្រជុំ បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព ដែល​យើង​សម្រេចបាន និង​ការកំណត់​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ ដែល​យើង​ត្រូវ​បន្ត​ពុំ​ពារ​ជំនះ ក្នុង​ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន ផែនទី​ចង្អុល​ផ្លូវ សម្រាប់​ការកសាង​សហគមន៍​អាស៊ាន​ផ្អែក​តាម​សសរស្តម្ភ​សំខាន់​ទាំងបី គឺ​៖​សហគមន៍​នយោបាយ​-​សន្តិសុខ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​។​

.​ជាមួយគ្នានេះ ក្នុង​ការតាមដាន​ការអនុវត្ត “​របៀបវារៈ​ក្រុងភ្នំពេញ​ដែល​ថ្នាក់ដឹកនាំ​អាស៊ាន បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន លើក​ទី​២០ យើង​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋមន្ត្រី​អាស៊ាន ពិចារណា​លើ​អនុសាសន៍ ដែល​លើកឡើង​ក្នុង​របាយការណ៍​ត្រួតពិនិត្យ​ពាក់កណ្តាល​អាណ​តិ្ត នៃ​ការអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ សហគមន៍​សេដ្ឋកិ្ច​ច​អាស៊ាន ដើម្បី​កំណត់​ឲ្យឃើញ​នូវ​វិស័យ​អាទិភាព និង​ឯកភាព​លើ​វិធានការ​គោលនយោបាយ សម្រាប់​អនុវត្ត​នៅ​មុន​ឆ្នាំ​២០១៥​។ ដោយឡែក ក្នុង​ការអនុវត្ត​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន ថ្នាក់​ដឹកនាំ​អាស៊ាន បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន ជំរុញ​ដៃគូ​អាស៊ាន ឲ្យចូល​រួមចំណែក និង​ផ្តល់​ហិរញ្ញប្បទាន​ដល់​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន សម្រាប់​ការអនុវត្ត​គម្រោង​អាទិភាព​ទាំងអស់ ឲ្យបាន​ទាន់​ពេលវេលា​។​

. ​យើង​បាន​អនុម័ត​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី សិទ្ធិមនុស្ស និង​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ភ្នំពេញ​។ បន្ថែម​លើ​ពីនេះ ថ្នាក់​ដឹកនាំ​អាស៊ាន ក៏បាន​អនុម័ត​លើ​សេចក្តីប្រកាស​រួម​របស់​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ អាស៊ាន ស្តីពី ការបង្កើត​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន អាស៊ាន និង​បាន​ឯកភាព​គ្នា​បង្កើត​មជ្ឈមណ្ឌល​នេះ នៅ​កម្ពុជា​ព្រមទាំង បានអនុម័ត​ផងដែរ នូវ​ផែនការ​សកម្មភាព​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បាលី លើក​ទី​៣ (២០១៣-២០១៧)​។​

.​ថ្នាក់​ដឹកនាំ​អាស៊ាន​បានអនុម័ត​តែងតាំង​ឯកឧត្តម ឡេ​ឡួង​មិញ ជា​អគ្គលេខាធិការ​អាស៊ាន​សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ ២០១៣-២០១៧​។​

. ​ថ្នាក់​ដឹកនាំ​អាស៊ាន បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់ និង​ឯកភាព​គ្នា លើកស្ទួយ​បន្ថែមទៀត​នូវ​តួនាទី​ស្នួល​របស់​អាស៊ាន ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​នយោបាយ ក្នុង​ក្របខ័ណ្ឌ ដែល​មាន​ស្រាប់ ក្នុងនោះ រួមមាន​៖ អាស៊ាន​បូក​១ អាស៊ាន​បូក​៣ វេទិកា​តំបន់​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន​បូក​។​

.​ក្នុង​ការពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា ថ្នាក់​ដឹកនាំ​អាស៊ាន បាន​គាំទ្រ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការចូលរួម​របស់​កម្ពុ​ជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន នៅក្នុង​កិច្ចប្រជុំ​កំពូល G20 ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង ឡូ​សកា​បូស ប្រទេស ម៉ិក​ស៊ី​កូ កាលពី​ថ្ងៃ​ទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០១២ កន្លងទៅនេះ​។​

.​ចំពោះ​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ថ្នាក់​ដឹកនាំ​អាស៊ាន បាន​ឯកភាពគ្នា​ថា ត្រូវ​បន្ត​ដោះស្រាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ចិន ដែល​មាន​ស្រាប់ ដោយ​មិន​ឲ្យ​អន្តរជាតូ​នីយកម្មប​ញ្ហា​នេះ​។ បន្ថែម​ពីលើ​នេះ យើង​បាន​ឯកភាព​គ្នា​ផ្តល់​សារៈសំខាន់​ទៅលើ​ការគោរព និង​ការអនុវត្តឲ្យ​បាន​ពេ​ញ​លេញ និង​មាន​ប្រសិទ្ធភាព​នូវ "​សេចក្តីថ្លែងការណ៍​ស្តីបី​ការប្រតិបត្តិ របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​"(DOC) ដោយ​ឈរ​លើ​គោលការណ៍​ណែនាំ ដែល​ត្រូវបាន​អនុម័ត កាលពី​ឆ្នាំ​២០១១ កន្លងទៅ ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាពជឿជាក់​គ្នា​ទៅវិញទៅមក​។ ទន្ទឹម​នេះ​ថ្នាក់ដឹកនាំ​អាស៊ាន បាន​គាំទ្រ​ព្រះរាជាណាចក្រ​ថៃ ក្នុងឋានៈ​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន ចិន ឲ្យ​បន្ត​ធ្វើការ ជាមួយ​ចិន ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​រៀបចំ​ការ​ចរចា "​ក្រម​ប្រតិ​តិបត្តិ​នៅ​សមុទ្រចិន​ខាងត្បូង​" ឲ្យបាន​សម្រេច​នៅ​ពេល​អនាគត​។​

.​អាស៊ាន ក៏​បាន​បញ្ជាក់​ឡើងវិញ​អំពី​ការគាំទ្រ​របស់​ខ្លួន ចំពោះ​ការរំសាយ​កម្មវិធី​អាវុយ​នុយក្លេអ៊ែ នៅ​ឧបទ្វីប​កូរ៉េ ដោយ​សន្តិវិធី​ជាពិសេស​ការជំរុញឲ្យ​ចាប់ផ្តើម​ការចរចារ ៦​ភាគី​ឡើងវិញ ឲ្យបាន​ឆាប់​។​

២-​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​
. ​អង្គប្រជុំ បាន​បញ្ជាក់​អំពី​តួនាទី​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន ដែល​កំពុងតែ​ដើរ​តួនាទី​កាន់តែ​សំខាន់​ឡើង ក្នុង​ការលើក​កំពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការកែលម្អ​បរិយាកាស​វិនិយោគ​ក្នុង​តំបន់​អាស៊ាន​។ អង្គប្រជុំ​បាន​ស្វាគមន៍​ចំពោះ​អនុសាសន៍ នៃ​របាយការណ៍​អង្កេត​ស្រាវជ្រាវ ឆ្នាំ​២០០១-២០១២ ស្តី​ពី​ភាព​ប្រកួតប្រជែង​របស់​អាស៊ាន និង​បាន​ភាព​លើ​តម្រូវការ​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​ទាក់ទាញ​វិស័យ​ឯកជន និង​សហគ្រាស​ធន​តូច និង​មធ្យម​។​

៣-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើ​ទី​១៥

. ​ថ្នាក់​ដឹកនាំ​អាស៊ាន​-​ចិន បាន​ឯកភាពគ្នា​ជំរុញ​ការអនុវត្តឲ្យ​មានប្រ​សិទ្ធ​ភាព និង​ឲ្យបាន​ទាន់​ពេលវេលា​នូវ​ផែនការ​សកម្មភាព ២០១១-២០១៥ ដើម្បី​អនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​ -​ចិន សម្រាប់​សន្តិភាព និង​វិបុលភាព​។ ទន្ទឹម​នេះ​ថា្នក់​ដឹកនាំ​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​គាំទ្រ​ចិន ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ សម្រាប់​ការកសាង​សហគមន៍​អាស៊ាន និង​ការតភ្ជាប់​អាស៊ាន ជាពិសេស​ការគាំទ្រ​ចំពោះ​របៀបវារៈ​ភ្នំពេញ​។​    ​
​    ​
.​យើង​បាន​ កត់សម្គាល់​ពី​សារៈសំខាន់​នៃ​ពិធីសារ​ទី​៣ ដែល​ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​និង​ពិធីសារ សម្រាប់​រួមបញ្ចូល​វិធានការ​កាត់បន្ថយ​របាំ​ង​បច្ចេកទេស​លើ​ពាណិជ្ជកម្ម និង​ភូត្ត​គាម​អនាម័យ ទៅ​ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម សម្រាប់​បើកផ្លូវ​បន្ថែម​ដល់​អាស៊ាន​ចិន ចំនួន ៥០០ ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើន​ការវិនិយោគ​ផ្ទាល់​ពី​ចិន​ឲ្យដល់​កម្រិត ១០ ពាន់​លាន​ដុល្លារ​អាមេរិក ព្រមទាំង​ធ្វើឲ្យ​លំហរ​ទេ​ចសចរ​ទៅវិញទៅម​ក កើនឡើង រហូតដល់ ១៥ លាន​នាក់ នៅ​ឆ្នាំ​២០១៥​។​
​    ​
.​ថ្នាក់​ដឹកនាំ​ អាស៊ាន​-​ចិន​បាន​ពិភាក្សាគ្នា ប្រកបដោយ​ផ្លែផ្កា និង​បាន​អនុម័ត​នូវ “​សេចក្តីប្រកាស​រួម​ស្តីពី​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ១០​ឆ្នាំ នៃ​សេចក្តីថ្លែងការណ៍ ស្តីពី ប្រតិបត្តិការ​របស់​ភាគី​នៅ​សមុទ្រចិន​ខាងត្បូង​ក្នុងទិសដៅ​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការប្តេជ្ញាចិត្ត​ប​របស់​អាស៊ាន​-​ចិន លើ​គោលការណ៍​ទាំងឡាយ នៃ DOC តាមរយៈ​ការជំរុញ​អនុវត្ត​នូវ​វិធានការ​សំខាន់ៗ មួយចំនួន រួមបញ្ចូល​ទាំង​ការ​ធ្វើ​រួមគ្នា ឈានទៅរក​ការអនុម័ត​ក្រម​ប្រតិបត្តិ នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ឈរ​លើ​មូលដ្ឋាន កុងសង់ស៊ីស ដើម្បី​ដោះស្រាយ​នៅ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ដើម្បី​លើកកម្ពស់​សន្តិភាព​, ស្ថិរភាព​, មិត្តភាព​, ការជឿ​ទុកចិត្ត​គ្នា និង​កិច្ចសហប្រតិបត្តិការ​តំបន់​។​

៤-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​១៥៖
. ​យើង​បាន​គូ​បញ្ជាក់​ពី​ចំណងមិត្តភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ជប៉ុន ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​តំបន់ និង​ជំរុញ​ការចែករំលែក​វិបុលភាព ដូចដែល​បាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម ស្តីពី ការលើកកម្ពស់​ភាពជា​ដៃគូ​អាស៊ាន​-​ជប៉ុន ដើម្បី​វិបុលភាព​រួមគ្នា​។​
​    ​
. ​ថ្នាក់​ដឹកនាំ​អាស៊ាន បាន​កត់សម្គាល់​នូវ​កំណើន​នៃ​វិស័យ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ជប៉ុន និង​បាន​ស្វាគមន៍​ការអនុម័ត​ផែនទី​ចង្អុល​ផ្លូវ ១០​ឆ្នាំ សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន​-​ជប៉ុន និង​ការជំរុញ​ឲ្យ​បញ្ចប់​កា​រ​ចរចា ស្តីពី ពាណិជ្ជកម្ម សេវាកម្ម និង​វិនិយោគ ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​ជប៉ុន​ឲ្យបាន​កាន់តែ​ឆាប់​។​
​    ​
.​ ថា្នក់​ដឹកនាំ​អាស៊ាន​បាន​គាំទ្រ​ចូល​រួមវិភាគទាន​យ៉ាងច្រើន​របស់​ជប៉ុន ក្នុង​ការអនុវត្ត​ផែនការមេ ស្តីពី ការតភ្ជាប់​អាស៊ាន និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្មវិធី​ផ្លាស់ប្តូរ​យុវជន​របស់​ជប៉ុន តាមរយៈ​គម្រោង គី​ហ្សូ​ណា និង​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា និង​យ៉ាង​សកម្ម​របស់​ជប៉ុន ចំពោះ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​សម្របសម្រួល​មនុស្សធម៌ ក្នុង​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA center)

៥-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ លើក​ទី​១៥
. ​ថ្នាក់​ដឹកនាំ​អាស៊ាន​-​កូរ៉េ​បាន​ស្វាគមន៍ ចំពោះ​វឌ្ឍនភាព​របស់​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​តំបន់​ទាំងពីរ​។ ជាមួយនេះ យើង​បាន​ឯកភាព​គ្នា​ជា​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ទ្វេ​ទិស អាស៊ាន​-​កូរ៉េ ឲ្យ​កើនឡើង​ដល់ ១៥០ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៥​។​
​    ​
.​ថ្នាក់​ ដឹកនាំ​អាស៊ាន​-​កូរ៉េ បាន​ប្តេជ្ញា​ពង្រឹង​បន្ថែម​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌​រវាង​អាស៊ាន​-​កូរ៉េ​។​

.​ថ្នាក់​ដឹកនាំ​អាស៊ាន បាន​ទទួលស្គាល់​នូវ​ការចូលរួម​ចំណែក​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការកសាង​សហគមន៍​អាស៊ាន ជាពិសេស​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​សេចក្តី​ថ្លែងការណ៍ ទន្លេ​ហាន់ ស្តីពី​ការបង្កើត​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​មេគង្គ​-​កូរ៉េ ដើម្បី​វិបុលភាព​ទ្វេ​ទិស និង​ឈាន​ទៅរក​ការបង្កើត​មូលនិធិ​សហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ​។​

. ​ថ្នាក់​ដឹកនាំ​អាស៊ាន​-​កូរ៉េ បាន​គូសបញ្ជាក់​ជាថ្មី អំពី​ជំហរ លើ​ការលុបបំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ប្រកប​ដោយ​សន្តិវិធី នៅ​ឧបទ្វីប​កូរ៉េ ជាពិសេស​ការជំរុញ​ឲ្យមាន​ការ​ចរចា ៦ ភាគី​ឡើងវិញ ឲ្យបាន​ឆាប់រហ័ស​។​

៦-​កិច្ចប្រជុំ​កំពូល អាស៊ាន បូក ៣ ( ចិន​-​ជប៉ុន​-​កូរ៉េ )
. ​អង្គប្រជុំ​បាន​កត់សម្គាល់​ដោយ​ការពេញចិត្ត អំពី​វឌ្ឍនភាព​នៃ​កិច្ច​សហ​ប្រតិប្តតិការ​អាស៊ាន បូក​បី និង​ការរួមចំណែក​យ៉ាង​សកម្ម​របស់​ប្រទេស​បូក​បី ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​គាំទ្រ​ការអនុវត្ត​គម្រោង​អាទិភាព ដែល​មាន​ក្នុង​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​។​

.​អង្គប្រជុំ​ បាន​អនុម័ត​សេចក្តីប្រកាស​រួម របស់​ថ្នាក់ដឹកនាំ​អាស៊ាន បូក​បី ស្តីពី ការ​រំ​ឮ​ក​ខួប​អនុស្សាវរីយ៍ លើក​ទី​១៥ នៃ​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន​បូក​បី ហើយ​ប្រទេស​បូក​បី បាន​សន្យា​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុងការ​ធ្វើ​សមាហរណកម្ម និង​ការកសាង​សហគមន៍​សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១៥​។​

. ​ជាមួយនេះ ប្រទេស​បូក​បី បាន​គាំទ្រ​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​។ អង្គប្រជុំ​បាន​អនុម័ត សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​ស្តីពី​ភាព​ជា​ដៃគូ​អាស៊ាន​បូក​បី ក្នុង​ការតភ្ជាប់​។ ក្នុងនោះ ដៃគូ​អាស៊ាន បូក​បី ក៏​បាន​សន្យា​ផ្តល់​ការគាំទ្រ​បន្ថែម ដើម្បី​ពន្លឿន​ការអនុវត្ត​ផែនការ​មេ​នេះ​។​

.​លើសពីនេះ យើង​បាន​ស្វាគមន៍​របាយការណ៍​ក្រុម​ចក្ខុវិស័យ​អាស៊ី​បូព៌ា ២ ស្តីពី ការឈាន​ទៅ​សម្រេច​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូ​ព៌ា ឆ្នាំ​២០២០ និង​បាន​យល់ព្រម​លើកស្ទួយ​ការយល់ដឹង​ពី​វប្បធម៌ និង​ទេសចរណ៍​ក្នុង​តំបន់​បន្ថែមទៀត​។​

៧-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​ឥណ្ឌា លើក​ទី​១០
. ​យើង​បាន​អបអរសាទរ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព សម្រាប់​អនុវត្ត​ភាពជា​ដៃគូ អាស៊ាន​-​ឥណ្ឌា ដើម្បី​សន្តិភាព វឌ្ឍនភាព និង​វិបុលភាព​រួមគ្នា ( ២០១០-២០១៥ ) និង​បាន​គាំទ្រ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​រំ​ឮ​ក​ខួប​អនុស្សាវរីយ៍ ២០ ឆ្នាំ នៃ​ទំនាក់ទំនង​អាស៊ាន​-​ឥណ្ឌា ដែល​គ្រោង​ប្រព្រឹត្តទៅ នៅក្នុង​ខែ​ធ្នូ ខាងមុខ នៅ​ប្រទេស​ឥណ្ឌា​។​

.​យើង​វាយតម្លៃ​ខ្ពស់​ ចំពោះ​របាយការណ៍​របស់​ក្រុម​ឥស្សរជន​ឆ្នើម​អាស៊ាន​-​ឥណ្ឌា ដែល​បាន​ផ្តល់​នូវ​អនុសាសន៍ និង​ស្នើឡើង​វិធានការ​ជាក់ស្តែង ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​ឥណ្ឌា ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ឈាន​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត​។​

.​យើង​សង្ឃឹមថា ការចរចា​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អាស៊ាន​-​ឥណ្ឌា សម្រាប់​វិស័យ​សេវា និង​វិនិយោគ នឹង​ត្រូវបាន​បញ្ចប់​នៅ​ក្នុង​ពេល​ឆាប់ៗ ខាងមុខនេះ​។ យើង​បាន​ស្វាគមន៍​ការគាំទ្រ​របស់​ឥណ្ឌា ក្នុង​ការអនុវត្ត​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន តាមរយៈ​ការបង្កើត​ឲ្យមាន​នូវ​ការពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់ ជាប្រចាំ​រវាង​មន្ត្រី​អាស៊ាន និង​ឥណ្ឌា ក្នុង​គោលដៅ​សម្របសម្រួល និង​គាំទ្រ​ការអភិវឌ្ឍន៍​ផ្លូវ​ហា​វ៉េ ដែល​ត​ភ្ជាប់​ពី​ឥណ្ឌា មក​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ​។​

៨-​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក លើក​ទី​៤

. ​យើង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​របាយការណ៍​របស់​ក្រុម​ឥស្សរជន​ឆ្នើម​អាស៊ាន​-​អាមេរិក ដែល​បាន​ផ្តល់​ចក្ខុវិស័យ និង​អនុសាសន៍​ល្អៗ ក្នុង​ការលើកកម្ពស់​ភាព​ជា​ដៃគូ​អាស៊ាន​-​អាមេរិក ឲ្យ​ឈាន​ដល់​កម្រិត​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៥​។ អង្គប្រជុំ​បាន​គាំទ្រ​សេចក្តីស្នើឲ្យ​ពន្លឿ​ន​ការអនុវត្ត​ផែនការស​កម្ម​ភាព ដើម្បី​អនុវត្ត​ភាពជា​ដៃគូ​ស៊ីជម្រៅ​អាស៊ាន​-​អាមេរិក ក្នុង​បុព្វហេតុ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​យូរអង្វែង ក្នុង​ពិភពលោក​។​

.​យើង​បាន​ស្វាគមន៍​ចំពោះ​ការបន្ត​គាំទ្រ​របស់​ សហរដ្ឋអាមេរិក ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​សម្រាប់​ការកសាង​សហគមន៍​អាស៊ាន ការតភ្ជាប់​អាស៊ាន និង​ការអភិវឌ្ឍ​តំបន់​មេគង្គ​ក្រោម ដើម្បី​ជំរុញ​សមាហរណកម្ម​តំបន់​។​

៩-​កិច្ចសន្ទនា​អាស៊ាន​ជា​សកល
. ​កិច្ចសន្ទនា​អាស៊ាន​ជា​សកល ត្រូវបាន​រៀបចំ​ជា​លើកដំបូង ដោយ​កម្ពុជា​ធ្វើជា​ប្រធាន​ដឹកនាំ​។ កិច្ចសន្ទនា​កម្រិត​ខ្ពស់​នេះ គឺជា​សមិទ្ឋិផលដ៍​សំខាន់​ថ្មី​មួយទៀត​របស់​អាស៊ាន​។​

.​ក្នុង​ កិច្ចសន្ទនា​នេះ អង្គប្រជុំ បាន​ផ្លាស់ប្តូរ​យោបល់ ដើម្បី​ជំរុញ​ការអនុវត្តន៍​របៀបវារៈ​ក្រុងភ្នំពេញ ក្នុងនោះ រួមមាន ការតភ្ជាប់​អាស៊ាន​ការគាំទ្រ​ហិញ្ញ​វត្ថុ និង​បច្ចេកទេស ចំពោះ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន និង​ការ​ពន្លឿន​ការអនុវត្តន៍​គម្រោង​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ការកាត់បន្ថយ​ គម្លាត នៃ​ការអភិវឌ្ឍន៍ ក្នុងចំណោម​ប្រទេស​ជា​សមាជិក សំរាប់​ការឈាន​ទៅ​សម្រេចបាន នូវ​ការកសាង​សហគមន៍​អាស៊ាន ឆ្នាំ​២០១៥​។ បន្ថែម​លើ​នេះ កិច្ចសន្យា​នេះ ក៏​បាន​ជួយ​លើកកម្ពស់​មុខមាត់ និង​តួនាទី​របស់​អាស៊ាន នៅ​ក្នុង​ការចូលរួម​ពិភាក្សា និង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នានា សំរាប់​តំបន់ និង​សកលលោក​ផងដែរ​។ អង្គប្រជុំ បាន​ស្នើ​ឲ្យ​ពិនិត្យ​ពិចារណា បន្ត​រៀបចំ​កិច្ចសន្យា​នេះ ស្របគ្នា​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ពេល​អនាគត​។​

១០-​កិច្ចប្រជុំ​កំពូល អាស៊ី​បូព៌ា លើក​ទី​៧

 . ​អង្គប្រជុំ​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​ប្រកបដោយ​ផ្លែផ្កា​ក្នុង​កិច្ចប្រជុំពេញអង្គ និង​កិច្ចប្រជុំ​ចង្អៀត ព្រមទាំង​បាន​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្តី​ពី​គំនិត​ផ្តួចផ្តើម​របស់​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​សម្រាប់​ អភិវឌ្ឍន៍ និង​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​៧ ស្តី​ពី​ការឆ្លើយ​តនៃ​តំបន់​ចំពោះ​ការគ្រប់គ្រង​ជំងឺគ្រុនចាញ់ និង​ការដោះស្រាយ​ភាព​សាំ នៃ​ឱសថ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​។​

.​ ជារួម កិច្ចប្រជុំ​កំពូល​នេះ​បាន​ឆ្លុះ​បញ្ជាំង​ពី​វឌ្ឍនភាព​លើ​វិស័យ​អាទិភាព​ ចំនួន ៦ រួមមាន វិស័យ​ហិរញ្ញវត្ថុ​ថាមពល ការអប់រំ​ការការពារ​ជំងឺ​ផ្តាសាយ​បក្សី ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការតភ្ជាប់​។​

.​យើង​បាន​ស្វាគមន៍ ចំពោះ​ការសន្យា​ចូលរួម​ជា​វិភាគទាន របស់​ប្រទេស​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា ដល់​ការជំរុញ​អនុវត្តន៍​ផែនការ ស្តីពី ការតភ្ជាប់​អាស៊ាន​។

.​យើង​ បាន​ព្រមព្រៀង និង​ស្វាគមន៍ ចំពោះ​ការសន្យា​គាំទ្រ​របស់​ប្រទេស​ជា​មាជិក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ ​ព៌ា ដើម្បី​បន្ត​ពង្រឹង​កិច្ច​ប្រតិបត្តិការ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ សម្របសម្រួល​ជំនួយ
​មនុស្សធម៌​ក្នុង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ( AHA Center) ឲ្យមាន​ប្រសិទ្ធភាព​។​

១១. ពិធី​ប្រកាស​ចាប់ផ្តើម​ការចរចា សម្រាប់​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ ក្នុង​តំបន់​
. ​ដោយឡែក បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូ​ព៌ា លើក​ទី​៧ ថា្នក់​ដឹកនាំ​អាស៊ាន និង​ថ្នាក់ដឹកនាំ​ប្រទេស​ជា​ដៃគូ​នៃ​សេដ្ឋកិច្ច​ព្រមព្រៀង​ពាណិជ្ចកម្ម​សេរី ​អាស៊ាន ចំនួន ៦ ទៀត គឺ​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋ​កូរ៉េ និង​ណូវ៉ែលស​ហ្សេ​ឡ​ង់ បាន​ធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​ការចាប់ផ្តើម​ការចរចា សំរាប់​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ក្នុង​តំបន់​សំដៅ​ពង្រីក​វិសាលភាព​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​បូក​មួយ និង​ធ្វើឲ្យ​កិច្ចព្រមព្រៀង​នេះ មាន​លក្ខណៈ​កាន់តែ​ទំនើប និង​មាន​ប្រសិទ្ធភាព​៕​

No comments:

Powered By Blogger