សេចក្តីថ្លែងការណ៍រួម
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ថ្កោលទោស ចំពោះការបង្រ្កាប
របស់សាលារាជធានីភ្នំពេញទៅលើក្រុមបាតុករអហិង្សា កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៣
ក្រុមអង្គការមិនមែនរដ្ឋាភិបាល
ធ្វើការលើកកំពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ថ្កោលទោស
ចំពោះការបង្រ្កាបយ៉ាងឃោរឃៅរបស់សាលារាជធានីភ្នំពេញ
ទៅលើក្រុមបាតុករអហិង្សា ជាពិសេស ស្រ្តីអ្នកតវ៉ាមកពីសហគមន៍ បឹងកក់
បុរីកីឡា ព្រលានយន្តហោះ ៣៤៧ និងអតីតសហគមន៍បឹងកក់ ដែលបានធ្វើការទាមទារឲ្យមានដំណោះស្រាយដីធ្លី
និងផ្ទះសំបែងឲ្យបានសមរម្យ និងឆាប់រហ័សដល់ពួកគាត់
និងសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ហិង្សាគ្រប់រូបភាពទៅលើអ្នកតវ៉ា។
កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ សហគមន៍បឹងកក់
បានធ្វើការទាមទារដោយអហិង្សាឲ្យរដ្ឋាភិបាលធ្វើការកំណត់ព្រំដី ១២.៤៤
ហិចតាឲ្យបានច្បាស់លាស់ និង ធ្វើការបញ្ចូលគ្រួសារដែលបានកាត់ចេញចំនួន ៦១ គ្រួសារ
ទៅក្នុងដី ១២.៤៤ហិចតានេះ ឲ្យបានត្រឹមត្រូវ ជាពិសេស
គឺទាមទារឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធធានាគារដោយគ្មានលក្ខខណ្ឌ។ លោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់បានមានប្រសាសន៍ថា “រហូតដល់ពេលនេះ
ពួកយើងនៅមិន ទាន់ដឹងថា កន្លែងណាគឺជាដី ១២.៤៤ ហិចតានៅឡើយទេ ហើយ គ្រួសារ ៦១
គ្រួសារនៅមិនទាន់បានប្លង់កម្មសិទ្ធិនៅឡើយទេ។ ហើយករណីបន្ទាន់ដែលសហគមន៍យើងខ្ញុំចង់បានគឺ
ការដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធធានាគារក្នុងពេលឆាប់ខាងមុខនេះ” ។
ជាមួយគ្នានេះដែរ សហគមន៍បុរីកីឡា
ទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការធ្វើយ៉ាងណាឲ្យក្រុមហ៊ុន ផាន់ អ៊ីមិច គោរពកិច្ចសន្យា សាងសង់អគារពីរបន្ថែម
ដើម្បីឲ្យពួកគាត់បានចូលទៅរស់នៅឲ្យបានសមរម្យ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានក្រុមហ៊ុននេះ
និងអជ្ញាធរកម្ទេចចោល កាលពីខែមករា ឆ្នាំ ២០១២។ លោកស្រី ជុំ ង៉ាន់ មានមានប្រសាសន៍ដែរថា
“រាល់ថ្ងៃពួកយើងខ្លះរស់នៅក្រោម ជណ្តើរ និងខ្លះរស់នៅក្រោមតង់ ក្បែរគំនរសំរាម
ហើយមានការខ្វះខាតខ្លាំងណាស់”។រីឯសហគមន៍ព្រលានយន្តហោះ និង សហគមន៍ ៣៤៧
ក៏ធ្វើការទាមទារឲ្យសាលារាជធានីភ្នំពេញធ្វើការដោះស្រាយសំណងសមរម្យ
ដល់ពួកគាត់នៅពេលដែលរដ្ឋាភិបាលត្រូវការដីរបស់ពូកគាត់ដើម្បីអភិវឌ្ឍន៍។
ចំពោះអតីតអ្នកសហគមន៍បឹងកក់ធ្វើការទាមទារនូវសំណងបន្ថែម បន្ទាប់ពីបានចាក់ចេញអស់រយៈពេលជាច្រើនឆ្នាំដោយបង្ខំ។
លោកស្រី សៀ ណារ៉េត បានមានប្រសាសន៍ថា “ពួកយើងចាកចេញ
គឺដោយការគំរាមពីអជ្ញាធរ ហើយពេលនោះផ្ទះរបស់ពួកយើងត្រូវបានក្រុមហ៊ុនបូមខ្សាច់ពន្លិច
ពួកយើងគ្មានជំរើសទេ គឺក្រៅតែពីបង្ខំចិត្តទទួលយកសំណងដែលមិនសមរម្យនេះ។
ពេលនេះពួកយើងរស់នៅវេទនាណាស់ ដូចនេះ
យើងត្រូវការឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហារបស់ពួកយើង”។
ខណៈដែលក្រុមបាតុករ កំពុងធ្វើការតវ៉ាដោយអហិង្សា និង
គ្មានអាវុធ ឬឧប្បករណ៍ប្រើហិង្សាណាជាប់នឹងខ្លួន អាជ្ញាធរបានប្រើប្រាស់កម្លំាងសន្តិសុខ ប៉ូលីស និងក្រុមបង្រ្កាប
ជាមួយនឹងរថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង បានបំបែកក្រុមអ្នកតវ៉ា
ដោយបាញ់ទឹកសំដៅទៅក្រុមអ្នកតវ៉ា ដោយគ្មានប្រណី
ដែលធ្វើឲ្យស្ត្រីអ្នកតវ៉ាមួយចំនួនរបូតសំលៀកបំពាក់ ខ្លះដួល និងរងបួស។ ក្នុងនោះស្រ្តីអ្នកតវ៉ាចំនួន
៣ នាក់បានដួលសន្លប់ គឺអ្នកស្រី បូ ឆវី
អ្នកស្រី ខែក ចាន់ស្មី និងអ្នកស្រី ង៉ែត ឃុន។
អង្គការមិនមែនរដ្ឋាភិបាល
សូមស្នើសុំដោយទទូចឲ្យអភិបាលរាជធានីភ្នំពេញ និង អជ្ញាធរពាក់ព័ន្ធ
ធ្វើការដោះស្រាយបញ្ហារបស់សហគមន៍ទាំងអស់ខាងលើ ប្រកបដោយឆន្ទៈ ពិតប្រាកដ។
យើងខ្ញុំសូមស្វាគមន៍ក្នុងការចូលរួម ជាអ្នកសង្កេតការណ៍
និងប្រឹក្សាយោបល់រាល់ដំណាក់កាលនៃការដោះស្រាយបញ្ហានីមួយៗ។
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែឧសភា ឆ្នំា ២០១៣
ព័ត៌មានបន្ថែមសូមទាក់ទង៖
·
លោក សុក សំអឿន ប្រធានសំរបសំរួលគណៈកម្មាធិការប្រព្រឹត្តិកម្ម
(CHRAC)
ទូរស័ព្ទលេខៈ ០១២ ៩០ ១១ ៩៩
·
លោក នី ចរិយា ប្រធានផ្នែកសើបអង្កេតសមាគមអាដហុក
(ADHOC)
ទូរស័ព្ទលេខៈ
០១១ ២៧ ៤៩ ៥៩
·
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន
អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
ទូរស័ព្ទលេខៈ
០៦០ ៣១ ៣៤ ៥១
·
លោក សឺន ជុំជួន ប្រធានកម្មវិធីអង្គការ
KKKHRDA
ទូរស័ព្ទលេខៈ ០១១ ៩៩៤ ៣៩៥