Thursday, May 30, 2013

សេចក្តីថ្លែងការណ៍រួម

សេចក្តីថ្លែងការណ៍រួម
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ថ្កោល​ទោស ចំពោះការបង្រ្កាប របស់សាលារាជធានី​ភ្នំពេញទៅលើក្រុម​បាតុករ​អហិង្សា កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៣


       ក្រុមអង្គការមិនមែនរដ្ឋាភិបាល ​ធ្វើការលើកកំពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា​ ថ្កោល​ទោស ចំពោះការបង្រ្កាបយ៉ាងឃោរឃៅ​របស់សាលារាជធានី​ភ្នំពេញ ទៅលើក្រុមបាតុករអហិង្សា ជាពិសេស ស្រ្តីអ្នកតវ៉ាមកពីសហគមន៍ បឹងកក់ បុរីកីឡា ព្រលានយន្តហោះ ៣៤៧ និងអតីតសហគមន៍​បឹងកក់ ដែលបានធ្វើការទាមទារឲ្យមានដំណោះស្រាយដីធ្លី និង​ផ្ទះសំបែង​ឲ្យ​បានសមរម្យ និងឆាប់​រហ័ស​ដល់ពួកគាត់​ និងសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់​ហិង្សា​គ្រប់​រូប​ភាព​ទៅលើ​អ្នក​តវ៉ា។​

       កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ សហគមន៍បឹងកក់ បានធ្វើការទាម​ទារដោយអហិង្សាឲ្យ​រដ្ឋាភិបាលធ្វើការកំណត់ព្រំដី ១២.៤៤ ហិចតាឲ្យបានច្បាស់លាស់ និង ធ្វើការ​បញ្ចូល​គ្រួសារដែលបានកាត់ចេញចំនួន ៦១ គ្រួសារ ទៅក្នុងដី ១២.៤៤​ហិចតានេះ ឲ្យ​បានត្រឹមត្រូវ ជាពិសេស​ គឺទាមទារឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធធានាគារដោយ​គ្មាន​លក្ខខណ្ឌ។ លោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់បានមានប្រសាសន៍ថា រហូតដល់​ពេលនេះ ពួកយើងនៅមិន ទាន់ដឹងថា កន្លែងណាគឺជាដី ១២.៤៤ ហិចតានៅឡើយទេ ហើយ គ្រួសារ ៦១ គ្រួសារនៅមិនទាន់បានប្លង់កម្មសិទ្ធិនៅឡើយទេ។ ហើយករណីបន្ទាន់​ដែលសហគមន៍​​យើងខ្ញុំចង់បានគឺ ការដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធធានាគារ​ក្នុងពេល​ឆាប់ខាងមុខនេះ
       ជាមួយគ្នានេះដែរ សហគមន៍បុរីកីឡា ទាមទារ​ឲ្យរដ្ឋាភិបាលចាត់វិធានការធ្វើយ៉ាងណា​ឲ្យ​ក្រុម​ហ៊ុន ផាន់ អ៊ីមិច គោរពកិច្ចសន្យា សាងសង់អគារពីរបន្ថែម ដើម្បីឲ្យពួកគាត់បានចូល​ទៅ​រស់​​នៅ​​​ឲ្យ​បាន​សមរម្យ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានក្រុមហ៊ុននេះ និងអជ្ញាធរ​កម្ទេច​ចោល កាលពីខែមករា ឆ្នាំ ២០១២។ ​លោកស្រី ជុំ​ ង៉ាន់ មានមានប្រសាសន៍ដែរថា រាល់ថ្ងៃពួក​យើង​ខ្លះរស់នៅក្រោម ជណ្តើរ និងខ្លះរស់នៅក្រោមតង់ ក្បែរគំនរសំរាម ហើយមាន​ការខ្វះខាត​ខ្លាំងណាស់រីឯសហគមន៍ព្រលានយន្តហោះ និង សហគមន៍​ ៣៤៧ ក៏ធ្វើការ​ទាមទារឲ្យសាលារាជធានីភ្នំពេញធ្វើការដោះស្រាយសំណងសមរម្យ​ ដល់ពួកគាត់នៅពេល​ដែលរដ្ឋាភិបាលត្រូវការដីរបស់ពូកគាត់ដើម្បីអភិវឌ្ឍន៍។ ចំពោះអតីតអ្នកសហគមន៍បឹងកក់ធ្វើ​ការទាមទារនូវសំណងបន្ថែម​ បន្ទាប់ពីបានចាក់ចេញ​អស់រយៈពេលជាច្រើនឆ្នាំដោយបង្ខំ។ លោកស្រី សៀ ណារ៉េត បានមានប្រសាសន៍ថា ពួកយើងចាកចេញ គឺដោយការគំរាមពីអជ្ញាធរ ហើយពេលនោះផ្ទះរបស់ពួកយើងត្រូវបានក្រុមហ៊ុនបូមខ្សាច់ពន្លិច ពួកយើងគ្មានជំរើសទេ គឺក្រៅតែពីបង្ខំចិត្តទទួលយកសំណងដែលមិនសមរម្យនេះ។ ពេលនេះពួកយើងរស់នៅ​វេទនាណាស់ ដូចនេះ យើងត្រូវការឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហារបស់ពួកយើង
  ខណៈដែលក្រុមបាតុករ កំពុងធ្វើការតវ៉ាដោយអហិង្សា និង គ្មានអាវុធ ឬឧប្បករណ៍ប្រើហិង្សាណាជាប់នឹងខ្លួន អាជ្ញាធរបានប្រើប្រាស់កម្លំាងសន្តិសុខ ប៉ូលីស និងក្រុមបង្រ្កាប ជាមួយ​នឹង​រថយន្តពន្លត់​អគ្គីភ័យចំនួន ៣ គ្រឿង បានបំបែកក្រុមអ្នកតវ៉ា ដោយបាញ់ទឹក​សំដៅទៅ​ក្រុមអ្នក​តវ៉ា ដោយគ្មាន​ប្រណី ដែលធ្វើឲ្យស្ត្រីអ្នកតវ៉ាមួយចំនួនរបូតសំលៀកបំពាក់ ខ្លះដួល និងរង​បួស។ ក្នុងនោះស្រ្តីអ្នកតវ៉ាចំនួន ៣ ​នាក់​បានដួល​សន្លប់ គឺអ្នកស្រី បូ ឆវី អ្នកស្រី ខែក ចាន់ស្មី និងអ្នកស្រី ង៉ែត ឃុន។​​
អង្គការមិនមែនរដ្ឋាភិបាល សូមស្នើសុំដោយទទូចឲ្យអភិបាលរាជធានីភ្នំពេញ និង អជ្ញាធរ​ពាក់ព័ន្ធ ធ្វើការដោះស្រាយបញ្ហារបស់សហគមន៍ទាំងអស់ខាងលើ ប្រកបដោយឆន្ទៈ ពិតប្រាកដ។ យើងខ្ញុំសូមស្វាគមន៍ក្នុងការចូលរួម ជាអ្នកសង្កេតការណ៍ និង​ប្រឹក្សាយោបល់រាល់​ដំណាក់​កាល​​នៃការដោះស្រាយបញ្ហានីមួយៗ។

រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែឧសភា ឆ្នំា ២០១៣

ព័ត៌មានបន្ថែមសូមទាក់ទង៖
·         លោក សុក សំអឿន ប្រធានសំរបសំរួលគណៈកម្មាធិការប្រព្រឹត្តិកម្ម (CHRAC)
ទូរស័ព្ទលេខៈ  ០១២​ ៩០ ១១ ៩៩
·         លោក នី ចរិយា ប្រធានផ្នែកសើបអង្កេតសមាគមអាដហុក (ADHOC)
ទូរស័ព្ទលេខៈ ០១១ ២៧ ៤៩ ៥៩ 
·         លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
ទូរស័ព្ទលេខៈ ០៦០​ ៣១ ៣៤ ៥១
·         លោក សឺន ជុំជួន ប្រធានកម្មវិធីអង្គការ KKKHRDA

ទូរស័ព្ទលេខៈ  ០១១ ៩៩៤ ៣៩៥        
Post a Comment