Tuesday, May 21, 2013

អ្វីទៅជាបទបរិហារកេរ្តិ៍? What is defamation offense?



          តើអ្វីទៅជាបទបរិហារកេរ្តិ៍? 

បរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ, ការសរសេរ, ឬគំនូរ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់ កិត្តិយសអ្នក ដទៃ។

          ការបរិហារកេរ្តិ៍ក្លាយទៅជាបទល្មើសដែលអាចផ្តន្ទាទោសបាន លុះត្រាណាតែការ​បរិហារ​កេរ្តិ៍ នោះធ្វើជាសាធារណៈ។​  មានន័យថា ការបរិហារកេរ្តិ៍ត្រូវបានធ្វើនៅទីកន្លែង​សាធារណៈ ឬតាម មធ្យោ បាយណាមួយដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮឬឃើញ​សុះ​សាយ​ជាសាធារណៈ ដូចជា តាម កាសែត វិទ្យុ ទូរទស្សន៍ ឬអ៊ិនទែណែតជាដើម។ ពាក្យ​បរិហារកេរ្តិ៍នៅទីកន្លែងឯកជន មិនត្រូវបានផ្តន្ទា ទោសទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ច្បាប់​ខ្មែរ​​មានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិនបទ បរិហារកេរ្តិ៍ជាឯកជនទេ។

តាមក្រមព្រហ្មទណ្ឌខ្មែរ បទបរិហារកេរ្តិ៍គឺជាបទល្មើសមជ្ឈិម តែមិនមានទោស​ពន្ធនាគារ​ទេ។​  អ្នកដែលជាប់ទោសពីបទបរិហារកេរ្តិ៍នេះគ្រាន់តែត្រូវពិន័យជាប្រាក់ពី មួយសែន រៀលទៅដប់លាន​រៀល និង​ត្រូវ​សង​សំណង​ខូច​ខាត​ដល់​ជន​ដែល​ត្រូវ​បរិហារ​កេរ្តិ៍​ប៉ុណ្ណោះ។  មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា៖

គ្រប់ការអះអាងបំផ្លើស ឬ ការ​ទំលាក់​កំហុស​ដោយ​អសុទ្ធចិត្ត​លើ​អំពើ​ណា​មួយ​ដែល​​​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ឬ​កិត្តិស័ព្ទ​នៃ​បុគ្គល​ឬ​នៃ​ស្ថាប័ន​គឺ​ជា​ការ​បរិហារកេរ្តិ៍។

ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)​រៀល បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយ ដូច​តទៅ៖

១.         តាមសំដី ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​បញ្ចេញ​នៅ​ទី​សាធារណៈ​ ឬ​នៅ​ក្នុង​សាលប្រជុំសាធារណៈ។

២.        តាមលិខិត ឬគំនូរ ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ​ដែល​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចំណោម​​សាធារណជនឬដាក់តាំងឲ្យសាធារណជនមើល។

៣.        តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​។

តើគ្រប់ការបរិហារកេរ្តិ៍សុទ្ទតែត្រូវបានផ្តន្ទាទោសទាំងអស់ដែរឬទេ?
ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន ដោយ​សាររដ្ឋធម្មនុញ្ញនិង​ច្បាប់​ការពារ​សេរីភាព​ក្នុង​ការ​និយាយ ក្នុងការសរសេរ។  បទបញ្ញត្តិច្បាប់ស្តីពីបទបរិហារកេរ្តិ៍ ត្រូវថ្លឹង ថ្លែងសេរីភាព ក្នុងការ និយាយនិង​សរសេរ​ជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។

ដូច្នេះ ពាក្យខ្លះដែលចាត់ទុកថាបរិហារកេរ្តិ៍ អាចអនុគ្រោះពីការទទួលខុសត្រូវ​បាន​បើ ៖

១.       ការនិយាយឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត
២       ការនិយាយឬការសរសេរនោះជាការពិត
៣.      ការនិយាយឬការសរសេរនោះជាសេចក្តីថ្លែងមតិ។

តើអ្វីទៅដែលហៅថា”សុទ្ធចិត្ត”?

សុទ្ធចិត្ត តាមភាសាសាមញ្ញ គឺ​ជា​អ្វី​ដែល​ធ្វើ​ឡើង​ដោយ​ស្មោះ​សរ​គ្មាន​បង្កប់​នូវ​គំនិត​ទុច្ចរិត។  ក្នុងន័យនៃច្បាប់បរិហារកេរ្តិ៍ សុទ្ធចិត្ត​មាន​ន័យ​ជា​មូលដ្ឋាន​ថា​ជន​ដែល​ត្រូវ​ចោទ​ថា​បរិហារ​កេរ្តិ៍គេនោះ បានបន្លឺពាក្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត ដោយសារ​គាត់ចង់ឲ្យអ្នកដទៃទៀតដឹងពី រឿងអ្វីមួយ តែ​គាត់​មិន​នឹក​ស្មាន​ថា​ពាក្យ​ដែល​បន្លឺ​នោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត ឬ គាត់គ្មានចេតនាចង់បំផ្លាញមនុស្សនោះទេ។

ច្បាប់ខ្មែរយើងមិនបានកំណត់ថាកត្តាអ្វីខ្លះដែលហៅថាសុទ្ធចិត្តនោះទេ។ ប៉ុន្តែ តុលាការ​បារាំង បានកំណត់កត្តាបួនយ៉ាងដែលអាចយកមកពិចារណាថា តើពាក្យសំដី​មួយ​ជា​ពាក្យដែលបន្លឺឡើង ដោយសុទ្ធចិត្ត ឬ អសុទ្ធចិត្ត មានន័យថាចង់បំផ្លាញគេឬយ៉ាងណា។ កត្តាទាំងបួនយ៉ាងនោះគឺ ៖

១.       ជនដែលជាប់ចោទពីបទបរិហារកេរ្តិ៍ គ្មាន​ភាព​ជា​សត្រូវ​ជា​មួយ​នឹង​មនុស្ស​ត្រូវ​រង​ការ​បរិហារកេរ្តិ៍។​ នេះមានន័យថា ជន​ជាប់​ចោទ​មិន​មែន​និយាយ​បរិហារ​កេរ្តិ៍​មនុស្ស​ម្នាក់​ទៀត​ដោយសារតែខ្លួនស្អប់គាត់ ឬមាន​គំនុំ​ជា​មួយ​គាត់​ពី​មុន​ម​នោះទេ

២       ពាក្យ​សំដី​ដែល​ជន​ជាប់​ចោទ​និយាយ ​ឬ​សរសេរ​នោះ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​សមស្រប ដូចជាក្នុងគោលដៅចង់ឲ្យសាធារណជនចាប់អារម្មណ៍​នឹង​បញ្ហា​អ្វី​មួយ​ដែលសំខាន់ ដល់សុខុមាលភាពរបស់សហគមន៍ ឬ សង្គម ឬ ប្រទេស

៣.      ពាក្យ​សំដី​ដែល​ជន​ជាប់​ចោទ​បាន​និយាយ​ ឬ​សរសេរ​នោះ​ត្រូវ​បាន​គាត់​អង្កេត​ម៉ត់ចត់ ជាមួយប្រភព ឬឯកសារនានា គឺ​មិន​មែន​និយាយ ​ឬ​សរសេរ​តាម​ការ​នឹក​ស្រម័យ របស់ ខ្លួននោះឡើយ។ ឧទាហរណ៍ អ្នក​កាសែត​មុន​នឹង​សរសេរ​អត្ថបទមួយ គាត់បាន ព្យាយាម រកប្រភពមួយចំនួនដើម្បីបញ្ជាក់លើ​ព័ត៌មាន​របស់​គាត់។ ការពិត ទោះ​បី​គេ​ព្យាយាម​រក​ប្រភព​បាន​ច្រើន​មក​បញ្ជាក់​យ៉ាង​ណា​​ក្តី ពេលខ្លះ ព័ត៌មាន​ដែល​ផ្សាយ​នោះ​នៅ​តែ​មិន​ពិត​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កិត្តិយសអ្នកដទៃ។ ទោះជាយ៉ាង ណាក្តី ក្នុងករណីបែបនេះ អ្នក​កាសែត​នោះនៅទទួលបានទទួលគុណប្រយោជន៍ ពីកត្តាមួយ នៃបណ្តាកត្តាសុទ្ធចិត្តដែរ

៤.       ពាក្យ​សំដី​ដែល​ជន​ជាប់​ចោទ​បាន​និយាយ​ឬ​សរសេរ​នោះ​មាន​តុល្យភាព​ឬ​មានការថ្លឹងថ្លែង។ នេះមានន័យថា គាត់មិនមើលតែមួយជ្រុងនៃព័ត៌មានទេ គាត់ត្រូវបង្ហាញគ្រប់ជ្រុង ជ្រោយ នៃព័ត៌មាន។ ឧទាហរណ៏ អ្នក​កាសែត​ដែល​រាយការណ៏ពីអំពើពុករលួយ​ នៃមន្ត្រីរាជការណា ម្នាក់ ត្រូវ​បង្ហាញ​ពី​ព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​មន្ត្រី​នោះ​ដែរ​ដើម្បី​ឲ្យ​គាត់​មាន​ឳកាស​បំភ្លឺ​ពី​ករណី​របស់​គាត់​ដែរ។ ម្យ៉ាងវិញទៀតការប្រើសំដីត្រូវឲ្យល្មម គឺ​មិន​ត្រូវ​ហក់​ចូល​ក្នុង​ការ​សន្និដ្ឋាន​ថា​អ្នកនេះជាឧក្រិដ្ឋជន ឬ ជាជនក្បត់ជាតិនោះទេ។

តើពាក្យពិតជាបទបរិហារកេរ្តិ៍ដែរឬទេ?

ជាចំណុចគោល អ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃជាការបរិហារកេរ្តិ៍។ តែច្បាប់អនុគ្រោះ ដល់អ្នកនិយាយការពិត ទោះ​បី​ពាក្យ​ដែល​បន្លឺ​ឡើង​នោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កត្តិយសអ្នកដទៃក៏ដោយ។ មាន​ន័យ​ថា​ច្បាប់​មិន​ផ្តន្ទាទោស​អ្នក​ដែល​និយាយ​ឬ​សរសេរ​​ការពិត នោះទេ។

តើការនិយាយឬសរសេរសំដែងមតិជាបទបរិហារកេរ្តិ៍ដែលត្រូវផ្តន្ទាទោសដែរឬទេ?

រដ្ឋធម្មនុញ្ញខ្មែរ មាត្រា ៤១ ធានាសេរីភាពក្នុងការសំដែងមតិ។ ដូច្នេះ ច្បាប់ក៏មិនដាក់​​ទោស​ ចំពោះការថ្លែងមតិដែរ។ បើក្រឡេកមើលមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំពីបទបរិហារ កេរ្តិ៍សាធារណៈ មាត្រានេះផ្តន្ទាទោសតែការថ្លែងពី ”អំពើ” គឺអ្វីដែលបានធ្វើ ឬ​ព្រឹត្តិការណ៏​ណា​មួយ​ដែល​បាន​​កើតឡើង តែមិនបានផ្តន្ទាទោសការថ្លែងមតិទេ។

មានសំណួរចោទសួរថាអ្វីជា “អំពើ”  អ្វីជា ”មតិ”?

អំពើកើតឡើងដោយមនុស្សធ្វើ និយាយ​រួម​គឺ​ជា​ព្រឹត្តិការណ៏​កើត​ឡើង​ដោយ​ស្នា​ដៃ​អ្នក​ណាមួយ (យើងមិននិយាយពីបាតុភូតធម្មជាតិនៅទីនេះទេ)។ ដូច្នេះ ព្រឹត្តិការណ៏​ជា​អ្វី​ដែល​យើង អាច ផ្ទៀងផ្ទាត់បានថា វាពិតជាបានកើតឡើងមែន ឬពិត​ជា​មិន​បាន​កើត​ឡើង​ទេ។  មតិ​មិន​មែន​ជា​ព្រឹត្តិការណ៏ទេ។ មតិ​ជា​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់​លើ​បញ្ហា​ណា​មួយ​ឬលើព្រឹត្តិការណ៍ណា មួយ។ ដូច្នេះ គេមិនអាច​ ថាមតិមួយពិត ឬមិនពិតទេ តែ​គេ​អាច​និយាយថា “មតិរបស់លោកអាច ទទួលយកបាន ឬមិនអាច ទទួល យក បាន” “មតិ​របស់​លោក​សមរម្យដែរ” ឬ “មតិរបស់លោកមិន សមរម្យទេ”។

ឧទាហរណ៍នៃ ”អំពើ” ៖ កាលពីខែមិនា​ព្រះ​រាជអាជ្ញា​នៃ​តុលាការ​ខេត្ត​ព្រះ​សីហនុ​បានទៅ​ អនុវត្ត​​សាល ក្រមបណ្តេញអ្នកភូមិទឹកផុស។

ឧទាហរណ៍នៃ “មតិ” ៖ ការ​បណ្តេញ​អ្នក​ភូមិ​ទឹក​ផុស​ចេញ​ពី​ភូមិ​ជា​ការ​មិនសមរម្យ ព្រោះគាត់បាន រស់នៅលើទឹកដីនេះយូរហើយ។

អំពើ៖ គេ​អាច​ផ្ទៀង​ផ្ទាត់​បាន​ថា​ការ​បណ្តេញ​ចេញ​បាន​កើត​ឡើង​ពិត​មែន​នៅ​កែវផុស​ ព្រោះគេអាច​ មើលតាមរបាយការណ៍សារពត៌មាន ឬចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង។

មតិ ៖ នេះជាមតិរបស់មនុស្សម្នាក់ ថាការបណ្តេញចេញនេះមិនសមរម្យ។ មនុស្ស​ខ្លះថាមិន សមរម្យ បើគិតទៅតាមការកាន់កាប់ដីយូរមកហើយ​ រីឯ​មនុស្ស​ខ្លះ​ទៀត​ថា​សមរម្យ​ បើ​យោង​ទៅតាមការសំរេចរបស់ សាលក្រមតុលាការ។ មនុស្ស​ពីរ​នាក់​អាច​មើល​រឿង​តែ​មួយ​តែ​ឃើញខុសគ្នា ទៅតាមការយល់ឃើញរបស់ខ្លួន។

តើអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន?

អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន លុះត្រាតែជននោះយល់​ឃើញ​ថា កតិ្តយស របស់ខ្លួនត្រូវបានប៉ះពាល់។ ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទ​ល្មើស​ព្រហ្មទណ្ឌ ព្រះរាជអាជ្ញាមិន អាចផ្តើមបណ្តឹងនេះដោយឯកឯងបានទេ។ កង​នគរបាល​​ក៏មិនអាចប្តឹងអ្នកណាម្នាក់​ ពីបទបរិហារកេរ្តិ៍ ជំនួស ឲ្យជនរងគ្រោះពីបទ​បរិហារកេរ្តិ៍​បាន​ដែរ។ បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរងគ្រោះ។

តើពេលណាកិត្តិយសរបស់អ្នកណាម្នាក់ត្រូវបានប៉ះពាល់?

កិត្តិយសត្រូវបានប៉ះពាល់នៅពេល ពាក្យសំដីដែលប្រើនោះធ្វើឲ្យជនរងគ្រោះនោះ ចុះថយ ឬបាត់បង់ការរាប់អានពីសង្គម បាត់បង់ឳកាសការងារ ឳកាសសេដ្ឋកិច្ច។ល។ ឧទាហរណ៍ ការនិយាយថាហាងទំនិញមួយលក់របស់ក្លែងក្លាយ ធ្វើឲ្យម្ចាស់ហាងនោះបាត់​បង់​នូវអតិថិជន របស់គេ។ ការនិយាយថាអ្នកណាម្នាក់ជាឧក្រិដ្ឋជន ជាមនុស្សពុករលួយ ធ្វើឲ្យជននោះបាត់បង់ ការរាប់អានពីអ្នកដទៃ ធ្វើឲ្យសង្គមស្អប់ខ្ពើម ឬបាត់បង់ការងារ។
Post a Comment