Monday, September 12, 2011

ក្រសួង​មហាផ្ទៃ​ពិនិត្យ​និង​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ


ក្រសួង​មហាផ្ទៃ​ពិនិត្យ​និង​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ

2011-09-10
សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ សមាគម​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស​មួយ ត្រូវ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​ត្រឡប់​មក​ក្រសួង​មហាផ្ទៃ​វិញ​ហើយ ដើម្បី​ធ្វើការ​កែប្រែ​ចំណុច​មួយ​ចំនួន​បន្ថែម​ទៀត។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ថា ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ និង​កែប្រែ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ សមាគម​មិន​មែន​រដ្ឋាភិបាល បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​នៅ​ពេល​កន្លង​មក។
លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​សប្ដាហ៍​មុន។ លោក​បញ្ជាក់​ថា ចំណុច​សំខាន់​ដែល​គណៈកម្មការ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​មាន​ពីរ​សំខាន់ ទី​១ បញ្ហា​ចុះ​ឈ្មោះ​របស់​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល ទី​២ ការ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ ដែល​បញ្ហា​ទាំង​ពីរ​នេះ​មាន​ការ​ស្នើ​សុំ​ធ្វើ​ឲ្យ​កែប្រែ​ពី​អង្គការ​សមាគម​ជា​ច្រើន​បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ។
លោក ខៀវ សុភ័គ បញ្ជាក់​ថា ៖ «មាន​ចំណុច​មួយ​គាត់​លើក​ឡើង​ថា មិន​បាច់​សហការ​ជាមួយ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ចំណុច​នេះ​មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​ថា បើ​សិន​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មិន​សហការ​ជាមួយ​រដ្ឋាភិបាល ពិសេស​អង្គការ​បរទេស តើ​គេ​ចូល​ប្រទេស​កម្ពុជា ដោយ​របៀប​ម៉េច?»
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា ក្រសួង​មហាផ្ទៃ​នឹង​ធ្វើការ​កែប្រែ​ខ្លឹមសារ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​បន្ថែម​ទៀត ដូចជា​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ រដ្ឋាភិបាល​គួរ​តែ​ទុក​ជម្រើស​នៃ​ការ​ចុះ​បញ្ជី​នេះ​ឲ្យ​អង្គការ សមាគម មាន​ន័យ​ថា បើ​គេ​ចង់​ចុះ​បញ្ជី​ក៏​បាន មិន​ចង់​ចុះ​បញ្ជី​ក៏​បាន ហើយ​បើ​កាលណា​ដាក់​កំណត់​ថា អង្គការ​សមាគម​ទាំង​អស់​ត្រូវ​តែ​ចុះ​បញ្ជី​ដូច​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សមាគម​ក្រៅ​ប្រព័ន្ធ​នៅ​តាម​ជន​បទ។
មន្ត្រី​ទំនាក់ទំនង​នៃ​អង្គការ​អុកស្វាម (Oxam) អាមេរិក លោក ស៊ាង សុលក្ខណ៍ មាន​ប្រសាសន៍​ថា ការ​កែប្រែ​ឡើង​វិញ​លើ​ចំណុច​ការ​ចុះ​បញ្ជី និង​ការ​ធ្វើ​របាយការណ៍​នេះ ជា​ចំណុច​វិជ្ជមាន​មួយ ប្រសិន​បើ​ក្រសួង​ធ្វើ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អង្គការ​សង្គម​ស៊ីវិល ពីព្រោះ​ថា ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​បច្ចុប្បន្ន គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។
លោក ស៊ាង សុលក្ខណ៍ បន្ថែម​ថា ៖ «ឃើញ​ថា មតិ​យោបល់​មួយ​ចំនួន​របស់​អង្គការ​សង្គម​ស៊ីវិល​ខាង​រដ្ឋាភិបាល លោក​បាន​យក​ដាក់​បញ្ចូល​មួយ​ចំនួន​ហើយ ប៉ុន្តែ​នៅ​មាន​មួយ​ចំនួន​ទៀត​នោះ​លោក​មិន​ទាន់​យក​ដាក់​នៅ​ឡើយ»
សេចក្ដី​ព្រាង​ច្បាប់​លើក​ទី​៣ កាល​ពី​ខែ​កក្កដា កន្លង​ទៅ ក្រសួង​មហាផ្ទៃ បាន​ធ្វើការ​កែប្រែ​​ចំណុច​មួយ​ចំនួន ដូចជា ក្រសួង​ពិនិត្យ​មើល​លើ​សំណុំ​លិខិត​សុំ​ចុះ​ឈ្មោះ​រយៈពេល ៩០​ថ្ងៃ គេ​បន្ថយ​មក​នៅ ៣៥​ថ្ងៃ​វិញ និង​ចំណុច​មួយ​ចំនួន​ទៀត។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើការ​កែប្រែ​ខ្លឹមសារ​ច្បាប់​នេះ​បន្ថែម​ទៀត ដូចជា​ការ​ធ្វើ​របាយការណ៍​លក្ខន្តិកៈ​បង្កើត​សមាគម អង្គការ​ ការ​កំណត់​ពន្ធអាករ​ក្នុង​ការ​ចុះ​បញ្ជី​ជាដើម។
សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា បាន​ចេញ​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា សាទរ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ក្រសួង​មហាផ្ទៃ កំពុង​ពិនិត្យ​កែ​សម្រួល និង​ពិចារណា​ឡើង​វិញ​នោះ ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​សុឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រកាន់​យក​ការ​សម្រប​សម្រួល​ជាមួយ​ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដើម្បី​ធ្វើការ​ជាមួយ​គ្នា។
សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​មាន ១១​ជំពូក និង ៥៨​មាត្រា។ សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​កំណត់​ថា ការ​ចុះ​បញ្ជី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ។ សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​ក្នុង​ស្រុក ត្រូវ​រៀបចំ​លក្ខន្តិកៈ​របស់​ខ្លួន មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ការ​កំណត់​ថ្លៃ​អាករ​ចុះ​បញ្ជី​ជាដើម៕

.......................................................
Law Journal of Cambodia (LJC) is a non-political and independent team who volunteer working for disseminating law in Cambodia. All our comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Welcome all comments on this blog

No comments:

Powered By Blogger