Friday, September 16, 2011

សង្គម​ស៊ីវិល​ប្រជុំ​ចែក​រំលែក​បទពិសោធន៍​ទប់ស្កាត់​អំពើ​ពុករលួយ



2011-09-15
ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ពី​បញ្ហា​អំពើ​ពុករលួយ​នៅ​កម្ពុជា ដែល​អាច​ឲ្យ​មាន​ការ​រាំង​ស្ទះ​ក្នុង​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត។
បញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ កញ្ញា ក្នុង​បំណង​បង្កើត​បណ្ដាញ​សង្គម​ស៊ីវិល​មួយ ដើម្បី​ពិភាក្សា​គ្នា​ថា តើ​អំពើ​ពុករលួយ​នៅ​កម្ពុជា មាន​អ្វី​ខ្លះ ហើយ​ត្រូវ​ដោះស្រាយ​របៀប​ណា។
ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​អន្តរជាតិ​មួយ​ចំនួន និង​មន្ត្រី​អង្គទូត​នានា បាន​ជួប​ជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ពី​ការ​ទប់ស្កាត់​អំពើ​ពុករលួយ និង​វិធីសាស្ត្រ​ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា។
នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ ស្ដី​ពី​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​សកម្មភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​មជ្ឈមណ្ឌល​ព័ន្ធកិច្ច​ឯកភាព​គ្រីស្ទ​បរិស័ទ​ភ្នំពេញ ថ្ងៃ​ទី​១៥ កញ្ញា លោក ហង្ស ឆាយា អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព ហៅ​កាត់​ថា ធី.អាយ.ស៊ី. (TIC) បញ្ជាក់​ថា ក្រុម​សង្គម​ស៊ីវិល នឹង​ពិភាក្សា​វែក​ញែក​គ្នា​រក​ការ​ដោះស្រាយ​មួយ​ពី​បញ្ហា​ដែល​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ។
លោក​ថា ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត ពីព្រោះ​ភាព​ក្រីក្រ​នៅ​តែ​មាន។ ដូច្នេះ​ហើយ​សង្គម​ស៊ីវិល​ចង់​ឃើញ​ការ​វិនិយោគ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​មាន​សន្ទុះ​ជាង​នេះ ហើយ​មាន​និរន្តរភាព​មិន​ត្រូវ​រាំង​ស្ទះ​ដោយ​អំពើ​ពុករលួយ។
លោក ហង្ស ឆាយា ៖ «កម្ពុជា​យើង​នេះ​ការងារ​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​ពុករលួយ ម្ល៉ោះ​ហើយ​វា​អាច​ជា​រឿង​មួយ​រសើប ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​អ្វី​ដែល​គោលបំណង​កិច្ច​ការងារ​កម្មវិធី​មួយ​ចំនួន​របស់ ធី.អាយ.ស៊ី. ហ្នឹង គឺ​ថា អត់​មាន​អ្វី​គួរ​ឲ្យ​ពិបាក ឬ​ក៏​មិន​អាច​ទទួល​បាន​ទេ គោល​បំណង​យើង​គឺ​ថា ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ ឬ​ក៏​ប្រឆាំង​អំពើ​ពុករលួយ​នេះ ម្ល៉ោះ​ហើយ​អត់​មាន​ប្រឆាំង​រដ្ឋាភិបាល ធ្វើការ​សហការ​ជាមួយ​រដ្ឋាភិបាល​វិញ។ យើង​ឃើញ​ថា អត់​មាន​ហេតុផល​អី​រដ្ឋាភិបាល​មិន​ជ្រោម​ជ្រែង​កិច្ច​ការងារ​របស់ ធី.អាយ.កម្ពុជា​យើង​នេះ​ទេ»
សន្និសីទ​ថ្នាក់​ជាតិ​ស្ដី​ពី​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​សកម្មភាព​ប្រឆាំង​អំពើ​ពុករលួយ​នោះ គេ​ក៏​បាន​អញ្ជើញ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​ចូលរួម​ដែរ ក៏​ប៉ុន្តែ​លោក​រវល់។
យ៉ាង​នេះ​ក្ដី លោក កែវ រ៉េមី អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ស្វាគមន៍​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ចំណែក​ការងារ​ដល់​អង្គភាព។ លោក​សំណូមពរ​ថា សង្គម​ស៊ីវិល​ដែល​បាន​សហការ​ផ្ដល់​ព័ត៌មាន​អំពើ​ពុករលួយ​គួរ​ផ្ដល់​នូវ​ភស្តុតាង​ពាក់ព័ន្ធ​បន្ថែម​ជៀសវាង​ការ​ចង្អុល​បង្ហាញ​ដោយ​គ្មាន​ភស្តុតាង។
អ្នកស្រី ខារ៉ូល រ៉ដលី (Carol Rodley) ឯកអគ្គរាជទូត​នៃ​សហរដ្ឋ​អាមេរិក បាន​រៀបរាប់​ថា អំពើ​ពុករលួយ​គឺ​ជា​ឧបសគ្គ​ដល់​អភិបាលកិច្ច​ល្អ រារាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ហើយ​ជា​ញឹកញាប់ ​វា​បាន​ជះ​ផល​អាក្រក់​ដល់​ប្រជាជន និង​ប្រទេស​ជាតិ​ទន់​ខ្សោយ។ អំពើ​ពុករលួយ​រារាំង​ប្រទេស​នានា ដូចជា​កម្ពុជា​ជាដើម មិន​ឲ្យ​សម្រេច​បាន​នូវ​សក្ដានុពល​ពេញលេញ​របស់​ខ្លួន។ អំពើ​ពុករលួយ​ទាញ​យក​ជា​មូលហេតុ​ដែល​វិនិយោគិន​អន្តរជាតិ រារែក​ក្នុង​ការ​មក​វិនិយោគ ហើយ​បំផ្លាញ​សេចក្ដី​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល​និង​នីតិរដ្ឋ។
អ្នកស្រី ផែននី រីចឆាដ (Penny Richard) ឯកអគ្គរាជទូត​អូស្ត្រាលី បាន​បង្ហាញ​ពី​វិធី​សាស្ត្រ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ប្រទេស​អូស្ត្រាលី​ថា ការ​អនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​អូស្ត្រាលី​ឆ្នាំ​១៩៩៥ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​បុគ្គលិក​ក្រុមហ៊ុន​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​ដោយសារ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ។ អ្នកស្រី​ថា ប្រសិន​ជា ពលរដ្ឋ​អូស្ត្រាលី បង់​សំណូក ឬ​មាន​ន័យ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ ក៏​គេ​អាច​កាត់​ទោស​នៅ​ក្នុង​តុលាការ​អូស្ត្រាលី​បាន​ដែរ។
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​អន្តរជាតិ​មួយ​ចំនួន និង​មន្ត្រី​អង្គទូត​នានា បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ គឺ​ត្រូវ​ការ​កិច្ច​ប្រឹង​ប្រែង​រួម​គ្នា​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម ព្រម​ទាំង​ដៃគូ​អភិវឌ្ឍន៍ ផ្នែក​ឯកជន សង្គម​ស៊ីវិល និង​បុគ្គល​ម្នាក់ៗ ពុំនោះ​ទេ អំពើ​ពុករលួយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​វិនិយោគ ការ​បង្កើត​ការងារ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​របស់​ប្រទេស​កិត្តិយស​ជាតិ និង​ធំ​បំផុត​គឺ​បាត់បង់​ប្រាក់​ចំណូល​ជាតិ៕

No comments:

Powered By Blogger