ដោយ វោហារ ជាតិ
2011-07-21
តំណាងមន្ត្រីសង្គមស៊ីវិលចំនួន ១៣អង្គការ បានចូលជួបមន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២១ កក្កដា ដើម្បីពិភាក្សាគ្នាអំពីការបំបាត់អំពើពុករលួយ។
ចំណុចសំខាន់ៗដែលលើកឡើងក្នុងកិច្ចប្រជុំនោះរួមមាន ការយកពន្ធផ្លូវ និងពន្ធយានយន្តលើសកំណត់ ព្រមទាំងការទប់ស្កាត់អំពើពុករលួយដែលនឹងអាចកើតឡើងចំពោះការយកពន្ធលើអចលនទ្រព្យ ដែលរដ្ឋាភិបាលកម្ពុជា ទើបតែបង្កើតនៅពេលថ្មីៗនេះ។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានឱ្យដឹងថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនបានចូលជួបប្រជុំជាមួយតំណាងមន្ត្រីអង្គការ និងតំណាងសង្គមស៊ីវិលទេ ប៉ុន្តែតំណាង គឺលោកស្រី ជិន ចាន់មុនី ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានជួបជំនួស។
លោកបានបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំរយៈពេល ២ម៉ោងនោះ ៖ «ជាលទ្ធផលអង្គភាពប្រឆាំងអំពើពុករលួយសន្យាថា នឹងចាត់វិធានការម៉ឺងម៉ាត់លើរាល់ការបារម្ភរបស់សង្គមស៊ីវិល ដូចជាការប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរ និងពន្ធលើអចលនទ្រព្យ និងការអនុវត្តខុសច្បាប់ចរាចរណ៍ ជាពិសេសការផាកពិន័យលើសច្បាប់កំណត់នេះ...»។
នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំរវាងសង្គមស៊ីវិលជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងបំណងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីលប់បំបាត់អំពើពុករលួយនៅក្នុងសង្គមកម្ពុជា ខណៈដែលមានការរិះគន់ពីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយជាមនុស្សរបស់រដ្ឋាភិបាល ដែលមិនអាចធ្វើអ្វីឲ្យប៉ះពាល់ដល់មន្ត្រីរដ្ឋាភិបាលបានទេ៕
No comments:
Post a Comment