ដោយ កែវ និមល
2011-09-17
ប្រជាពលរដ្ឋជាង ៥០០នាក់មកពីភូមិចំនួន៦ ក្នុងឃុំ២ នៃស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាបិទផ្លូវជាតិលេខ៧ មិនឲ្យរថយន្តបើកបរឆ្លងកាត់។ ការបិទផ្លូវនេះដើម្បីតវ៉ាចំពោះក្រុមហ៊ុនវិនិយោគដែលបានយកដី និងឈូសឆាយបំផ្លាញដំណាំពួកគាត់។
យានយន្តជាច្រើនគ្រឿងដែលធ្វើដំណើរលើផ្លូវជាតិលេខ៧ ពីភ្នំពេញ ទៅក្រចេះ ត្រូវជាប់គាំងត្រង់ចំណុចមុខសាលាឃុំស្វាយជ្រះ ជាង ៤ម៉ោង នៅថ្ងៃទី១៧ ខែកញ្ញានេះ។
អ្នកភូមិបាននិយាយថា ការបិទផ្លូវនេះដើម្បីឲ្យអាជ្ញាធរថ្នាក់ខេត្ត និងក្រសួងជំនាញនានាបានដឹងឮ និងជួយអ្នកស្រុកក្នុងការទាមទារឲ្យក្រុមហ៊ុនវិនិយោគដីដាំដំណាំឧស្សាហកម្ម នៅឃុំស្វាយជ្រះ កាត់ដីដំណាំចំនួន ៥.៦០០ហិកតាររបស់ប្រជាជនចេញពីទំហំដីរួមរបស់ក្រុមហ៊ុន ដែលមានចំនួន ២៦.០០០ហិកតារ។
ក្រុមហ៊ុនដែលមានទំនាស់ជាមួយអ្នកភូមិនោះមានឈ្មោះថា ឌូវទៀន រ៉ាប់ប័រ និង ឌូវទៀន ក្រចេះ។ ភូមិទាំង៦ ដែលមានប្រជាជនមកតវ៉ាមាន ៥ភូមិ មកពីឃុំស្វាយជ្រះ គឺភូមិរំពុក ដូនមារ តាសោម ស្រែចារ តាពុម។ ចំណែកភូមិមួយទៀតដែលបានចូលរួមដែរ គឺភូមិចឹង នៃឃុំខ្សឹម។
ការបិទផ្លូវជាតិលេខ៧នេះ ចាប់ផ្ដើមពីម៉ោង ៨ព្រឹកដោយមានដាក់ឈើសសរធំៗរាំងផ្លូវ និងមានមនុស្សប្រុសស្រីនាំគ្នាអង្គុយស្ទាក់លើផ្លូវជាតិមិនឲ្យមានយានយន្តឆ្លងកាត់។ អាជ្ញាធរខេត្តក្រចេះ បានបញ្ជូនប៉ូលិស និងប៉េអឹមសរុបប្រមាណ ៥០នាក់ទៅកន្លែងកើតហេតុតែមិនមានការប៉ះទង្គិចណាមួយកើតមានទេ។
ដោយមានការចរចាជាច្រើនលើកចូលរួមពីលោក អឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ លោក ជួង ស៊ាងហាក់ ស្នងការប៉ូលិសខេត្ត និងលោក ស៊ុំ ជួន គណៈអភិបាលស្រុកស្នួល រួចមក ប្រជាពលរដ្ឋបានយល់ព្រមលើកឈើចេញ បើកផ្លូវជាតិឲ្យរថយន្តនានាចរាចរណ៍ឡើងវិញ នៅម៉ោង ១២ និង ១៥នាទី នៅថ្ងៃដដែល។
ក្រុមប្រជាពលរដ្ឋយល់ព្រមបញ្ចប់ការរាំងផ្លូវដោយសារមានកិច្ចសន្យាណាត់ជួបគ្នាដោះស្រាយម្ដងទៀត នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ នៅសាលាឃុំស្វាយជ្រះ រវាងប្រជាជន និងអាជ្ញាធរមានសមត្ថកិច្ច និងតំណាងក្រុមហ៊ុន។
លោក ស៊ុំ ជួន ជាប្រធានគណៈអភិបាលស្រុកស្នួល។ លោកបានមានប្រសាសន៍ថា ការណាត់ជួបគ្នានៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ និងមានតំណាងក្រសួងជំនាញចូលរួមដែរ។
ប្រជាពលរដ្ឋមួយរូបក្នុងចំណោមអ្នកតវ៉ា បានឲ្យដឹងថា បើសិនជាការដោះស្រាយនៅថ្ងៃ២០ មិនបានជោគជ័យតាមសំណូមពររបស់ប្រជាជនទេ គេនឹងបន្តការតវ៉ាបន្តទៅទៀត។
ខេត្តក្រចេះ មានក្រុមហ៊ុនប្រមាណ ៤៨ បោះទុនវិនិយោគ និងទទួលបានដីសម្បទានសេដ្ឋកិច្ច។ ក្នុងចំណោមស្រុកទាំង៥ របស់ខេត្ត ស្រុកស្នួល មានទំនាស់ដីច្រើនជាងគេ បើប្រៀបធៀបជាមួយស្រុកផ្សេងទៀតរបស់ខេត្ត។ ស្រុកទាំង៥ មានស្រុកចិត្តបុរី ស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសប់ និងស្រុកឆ្លូង៕
No comments:
Post a Comment