Sunday, September 18, 2011

សង្គម​ស៊ីវិល​បារម្ភ​ពី​សិទ្ធិ​បញ្ចេញ​មតិ​របស់​ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នក​កាសែត



2011-09-17
មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​សេរីភាព​បញ្ចេញ​មតិ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត​នៅ​កម្ពុជា ថា កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​មាន​កម្រិត​ទាប។
ករណី​នេះ​បង្ក​ឲ្យ​ពួកគេ​បាន​ជាប់​បណ្ដឹង​នៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍ បទ​ញុះញង់ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជាដើម។ 
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ជួប​ប្រជុំ​គ្នា ពិភាក្សា​ពី​ការ​អនុវត្ត​ច្បាប់​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី ថា​គួរ​តែ​មាន​ការ​កែសម្រួល​ថែម​ទៀត ពីព្រោះ​ថា​ការ​បក​ស្រាយ​ច្បាប់​នេះ​បាន​ក្លាយ​ទៅ​ជា​ឧបករណ៍​នៃ​ការ​ប្ដឹងផ្ដល់ ប្រឆាំង​នឹង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ នាំ​ឲ្យ​សេរីភាព​បញ្ចេញ​មតិ​មាន​ការ​រឹត​ត្បិត។
លោក អ៊ិន គា ជា​ប្រធាន​សម្រប​សម្រួល​ស្ដី​ទី​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​ជា​អគ្គលេខាធិការ​សមាគម​អាដហុក។ លោក​មាន​ប្រសាសន៍​ថា បុគ្គលិក​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន ៣​នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​រតនគិរី កំពុង​តែ​ជាប់​បណ្ដឹង​នៅ​តុលាការ​ពី​បទ​បរិហារ​កេរ្តិ៍ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា។
លោក អ៊ិន គា មាន​ប្រសាសន៍​បន្ត​ថា ៖ «ដោយសារ​តែ​មាន​ការ​ប្ដឹងផ្ដល់​បែប​នេះ​ហើយ បាន​យើង​នៅ​តែ​មាន​ការ​បារម្ភ ជា​ចំណុច​មួយ​ដែល​យើង​គិត​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​វា​មិន​មាន​ការ​ទូលំទូលាយ​ដូច​ពី​មុន ហើយ​យើង​គិត​ថា រឿង​នេះ​នៅ​តែ​កើត​មាន​ត​ទៅ​ទៀត ការ​ជួយ​ដល់​ជន​រងគ្រោះ​វា​អាច​មាន​ការ​ចុះ​ថយ។ ដោយសារ​តែ​ច្បាប់​យើង​មិន​បាន​ឲ្យ​និយមន័យ​ច្បាស់លាស់​ថា​ស្អី​ទៅ​ជា​បទ​ញុះញង់ ថា​តើ​វា​ស្ថិត​នៅ​ក្នុង​លក្ខណៈ​បទ​ញុះញង់​ដែរ ឬ​អត់?បើ​យើង​គ្រាន់​តែ​ការពារ​មនុស្ស​ឲ្យ​គាត់​ចេះ​ប្រើប្រាស់​សិទ្ធិ និង​ការ​រំលោភ​សិទ្ធិ»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​កត់​សម្គាល់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​ការ​គំរាម​កំហែង ប្ដឹង​ផ្ដល់​អ្នក​កាសែត និង​សកម្មជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដោយ​ថា បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហួស​ព្រំដែន ជា​ការ​ញុះញង់ និង​បរិហារកេរ្តិ៍។
លោក​បន្ថែម​ថា ៖ «ច្បាប់​ដែល​មាន​ហើយ​ហ្នឹង​គឺ​ថា ឲ្យ​មាន​ការ​បកស្រាយ​ឲ្យ​ច្បាស់លាស់​ទៅ ឬ​ក៏​កែប្រែ ដូចជា​អ្នក​ជំនាញ​ការ​បារាំង សុំ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​មាត្រា ៤៩៥ ពី​បរិហារ​កេរ្តិ៍ ម៉្លោះ​ហើយ​យើង​គួរ​ពិនិត្យ​មើល​ទៅ ហើយ​បើ​ថា កែប្រែ​ឲ្យ​វា​ងាយ​សម្រាប់​បកស្រាយ​យក​ទៅ​អនុវត្ត​ក៏បាន ហើយ​កុំ​ឲ្យ​វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ខ្លាំង​ពេក»។ 
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ថា ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូ​ទៅ។ ប៉ុន្តែ​ការ​យល់​ឃើញ​ថា ច្បាប់​នេះ​គឺ​ជា​ឧបករណ៍​នៃ​ការ​ប្ដឹងផ្ដល់​ប្រឆាំង​នឹង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​នាំ​ឲ្យ​សេរីភាព​បញ្ចេញ​មតិ​មាន​ការ​រឹត​ត្បិត​នោះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល។
លោក ផៃ ស៊ីផាន ៖ «អ្នក​ដែល​យល់​ឃើញ​ថា ច្បាប់​ហ្នឹង​ជា​ឧបករណ៍​ដើម្បី​កម្រិត​នៃ​សេរីភាព​បញ្ចេញ​យោបល់ អ្នក​នោះ​ដែល​មាន​ឯកទេស​ត្រូវ​ប្រើប្រាស់​ការ​យល់​ដឹង​របស់​ខ្លួន ហើយ​បក​ស្រាយ​ឲ្យ​ជា​វិធី ឬ​ក៏​យុទ្ធនាការ​ប្រឆាំង​នៃ​ច្បាប់​នេះ​ជា​សេចក្ដី​ថ្លៃថ្នូរ ហើយ​ជា​អំពើ​ទទួល​ខុស​ត្រូវ​របស់​ជន​ណា​ដែល​យល់​ឃើញ​អ៊ីចឹង។ ដូច្នេះ​ច្បាប់​នេះ​យើង​អាច​និយាយ​ថា ការ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​នូវ​សណ្ដាប់​ធ្នាប់ ធានា​នូវ​ការ​គោរព​នូវ​ភាព​ជា​ឯកជន និង​សេចក្ដី​ថ្លៃថ្នូរ ព្រម​ទាំង​កិត្តិយស​របស់​បុគ្គល​ម្នាក់ៗ»
មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ច្បាប់ និង​សេរីភាព​បញ្ចេញ​មតិ នៅ​ថ្ងៃ​ទី​១៦ កញ្ញា ថា ក្នុង​ក្រមព្រហ្មទណ្ឌ​ថ្មី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ចុង​ឆ្នាំ​២០១០ កន្លង​ទៅ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ជាដើម ហើយ​ថា ករណី​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​តាម​រយៈ​ការ​ប្ដឹង​ផ្ដល់​ប្រឆាំង​នឹង​សកម្មជន ការពារ​សិទ្ធិ​មនុស្ស និង​ប្រជា​សហគមន៍​ពី​បទ​បរិហារ​កេរ្តិ៍ ឬ​បទ​ញុះញង់ នៅ​ខណៈ​ដែល​អ្នក​ទាំង​នេះ​ប្រឈម​នឹង​អ្នក​មាន​អំណាច​ក្នុង​ជម្លោះ​ដីធ្លី ដោយសារ​តែ​ការ​បកស្រាយ​ច្បាប់​ក្នុង​ន័យ​ចង្អៀត​របស់​មន្ត្រី​ច្បាប់៕

No comments:

Powered By Blogger