Friday, October 21, 2011

អាពាហ៍ពិពាហ៍​ប្រទាក់​ក្រឡា​ដើម្បី​អំណាច


Listen to Radio Free Asia:   http://www.rfa.org/khmer/

អាពាហ៍ពិពាហ៍ប្រទាក់ក្រឡាដើម្បីអំណាច
ដោយ តាំង សារ៉ាដា
2011-10-20
ក្រុមអ្នករិះគន់និយាយថា ការប្រទាក់ក្រឡានៃរចនាសម្ព័ន្ធអំណាចតាមរយៈចំណងអាពាហ៍ពិពាហ៍របស់ បុត្រាបុត្រីនៃក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា គឺគ្រាន់តែជាការស្វែងរកការការពារសន្តិសុខនៃ​ មុខតំណែង អំណាច និងមុខជំនួញរបស់គេប៉ុណ្ណោះ។
អំពើពុករលួយជាលក្ខណៈប្រព័ន្ធបានចាក់ឫសយ៉ាងជ្រៅ និងស្មុគស្មាញនៅក្នុងសង្គមកម្ពុជា តាមរយៈគ្រួសារ​ និយម បក្សពួកនិយម ហើយដែលកត្តាទាំងនេះ បាននាំឲ្យមានការព្រួយបារម្ភចំពោះលទ្ធភាពនៃការរំលោភ​ អំណាច។
អ្នកវិភាគផ្នែកទស្សនៈវិទ្យាសាស្ត្រនយោបាយ លោក ចិត្ត ជលសា មានប្រសាសន៍ថា គ្រួសារនិយមក្នុងជូរអ្នក​ មានអំណាចនាំមកនូវមនោសញ្ចេតនា មនោសញ្ចេតនាអាចនាំមកនូវអំពើពុករលួយយ៉ាងសុខសាន្ត ដោយសារ​ ស្ថាប័នអនុវត្តច្បាប់ខ្លាចមិនហ៊ានប្ដឹង មិនហ៊ានចាប់ចង មិនហ៊ានកាត់សេចក្ដីនោះឡើយ៖ «ប្រព័ន្ធហ្នឹងវាមានលក្ខណៈ ស្មុគស្មាញរហូតដល់មានការប្រព្រឹត្តអំពើពុករលួយធំដំហើយទៅជារឿង អាងខ្នង និងអន្តរាគមន៍។ ហើយវប្បធម៌អន្តរាគមន៍កម្ពុជាហ្នឹងកើតចេញអំពីសាច់ញាតិបងប្អូន តាំងពីតូចរហូតដល់​ ធំហ្នឹងឯង។ ហើយវប្បធម៌បែបនេះគឺជាវប្បធម៌មួយដែលធ្ងន់ធ្ងរបំផុត ដែលនាំឲ្យអ្នកមានអំណាចជិះជាន់អ្នក​ ក្រីក្រ នាំឲ្យអ្នកមានលុយធ្វើអ្វីស្រេចតែនឹងចិត្ត នាំឲ្យប្រទេសខិតទៅរកភាពវិនាស»

កាសែត Asia Time Online កាលពីឆ្នាំ២០០៧ បានចុះផ្សាយបន្តតាមកាសែតភ្នំពេញប៉ុស្តិ៍ថា មង្គលការរបស់​ កូនអ្នកមានអំណាចនៅកម្ពុជាភាគច្រើនរៀបចំឡើងក្នុង ហេតុផលនយោបាយ អំណាច និងលុយកាក់។
កាសែតនោះបានរាយការណ៍ថា អ្នកស្រី ហ៊ុន គឹមឡេង ដែលត្រូវជាកូនស្រីរបស់លោក ហ៊ុន ណេង អភិបាល ខេត្តកំពង់ចាម និងជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបការជាមួយ​​​លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ខណៈលោក ហ៊ុន សៀងហេង កូនប្រុសរបស់ ហ៊ុន ណេង បានរៀបការ​ ជាមួយអ្នកស្រី សុខ សុភ័ក្រ្ត កូនស្រីរបស់លោក សុខ ផល ស្នងការរងនៃអគ្គស្នងការនគរបាលជាតិ។
ចំណែកលោក ហ៊ុន ម៉ានិត អាយុ២៩ឆ្នាំ ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរៀប​ មង្គលការជាមួយអ្នកស្រី ហុក ចិន្តាវី កូនស្រីរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ដែល បានស្លាប់ដោយធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ២០១០។ កូនប្រុសរបស់លោក ហ៊ុន សែន ម្នាក់ទៀតឈ្មោះ ហ៊ុន ម៉ានី អាយុ២៨ឆ្នាំ បានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយអ្នកស្រី យឹម ឆាយលីន ដែលជាកូនស្រីរបស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ។ រីកូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ទៀតឈ្មោះ ហ៊ុន ម៉ាលី អាយុ២៧ឆ្នាំ បានរៀបការជាមួយ​ លោក សុខ ពុទ្ធីយុទ្ធ ជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាដៃស្ដាំរបស់លោក ហ៊ុន សែន និងជារដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក សុខ អាន ក៏មានតួនាទីជាប្រធានអាជ្ញាធរខ្លឹមជាច្រើន ទៀត ក្នុងនោះរួមមានអាជ្ញាធរអប្សរា និងអាជ្ញាធរប្រេងកាតកម្ពុជាជាដើម។
លោក ហ៊ុន សែន និង លោក សុខ អាន មានទំនាក់ទំនងអំណាចយ៉ាងជិតស្និតជាមួយគ្នាចាប់តាំងពីទសវត្សទី ៨០ ខណៈលោក ហ៊ុន សែន ជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយលោក សុខ អាន កាលណោះជាអគ្គនាយក​ នៃការិយាល័យកិច្ចការបរទេស ហើយឥឡូវអ្នកទាំងពីរជាដន្លងនឹងគ្នា។ ចំណែកភរិយារបស់លោក ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហម ខណៈលោកស្រី សុខ អាន អានី ជាភរិយារបស់​ លោក សុខ អាន ជាអនុប្រធានកាកបាទក្រហមនោះ។

កាសែត Asia Time Online បានចុះផ្សាយផងដែរថា កូនស្រីរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិឈ្មោះ ហេង សំអាន បានរៀបការជាមួយលោក ប៉ែន កុសល់ ជាទីប្រឹក្សារបស់លោក ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ហើយលោក ខេង ជាប្អូនថ្លៃរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច។ ចំណែកកូនប្រុសរបស់លោក ខេង ឈ្មោះ សុខា រៀបការជាមួយអ្នកស្រី កែ ស៊ុនសុភី ជាកូនស្រីរបស់លោក កែ កឹមយ៉ាន អតីតអគ្គមេបញ្ជាការ​ នៃកងយុទ្ធពលខេមរៈភូមិន្ទ។
ដោយឡែកកូនស្រីរបស់លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឈ្មោះ ចម និមល ជាទីប្រឹក្សារបស់​ លោក ហេង សំរិន ហើយកូនស្រីរបស់លោកម្នាក់ទៀតឈ្មោះ ចម គ្រឹស្នា បានរៀបការជាមួយលោក សុខ ខាន់ កូនប្រុសរបស់លោក សុខ អាន។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការភ្ជាប់សាច់សារលោហិតរវាងកូនរបស់អ្នកមានអំណាច និងកូនអ្នកមាន​ អំណាចនោះ គឺកាន់តែឆ្លុះបង្ហាញឲ្យឃើញអំពីការពង្រឹងរបបសក្ដិភូមិក្នុង ចង្កោមឥស្សរជននយោបាយជាន់​ ខ្ពស់។

អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការចង​ ចំណងអាពាហ៍ពិពាហ៍របស់កូនអ្នកកាន់អំណាចដូច្នេះ គឺមិនមែនជាសញ្ញាល្អនោះទេសម្រាប់ប្រទេស ពីព្រោះវា​ អាចនាំមកនូវការបង្កើតច្បាប់នានាមានលក្ខណៈលំអៀងទៅរក តែក្រុមអ្នកកាន់អំណាចប៉ុណ្ណោះ៖ «នេះមិនល្អ​ ទេ យ៉ាងម៉េចដល់តែចាក់ស្រេះអ៊ីចឹងទៅជាថ្នាក់ដឹកនាំអ៊ីចឹង គឺស្រទាប់មួយហ្នឹង គឺកាន់អំណាចរហូតទៅ ហើយ​ ពេលធ្វើច្បាប់ទម្លាប់អីសម្រាប់តែការពារផលប្រយោជន៍ ពង្រឹងអំណាចរបស់ខ្លួនហ្នឹង។ ហើយបើ​ យើងយក​ ទ្រឹស្ដីកាលម៉ាក់មកនិយាយវិញ គឺស្រទាប់ហ្នឹងគឺធ្វើអីរៀបចំតែស្ថាប័នរដ្ឋអីទាំងអស់ គឺដើម្បីតែការពារផល ប្រយោជន៍ និងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏កៀបសង្កត់ស្រទាប់ក្រោមៗ ហើយមិនល្អទេ ដែលវាតែង​ តែមានបដិវត្តន៍ពីដើមៗ ហើយយើងក៏ធ្លាប់ជួបប្រទះអ៊ីចឹងដែរ»

អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍កាលពីដើមខែតុលាកន្លងទៅនេះថា អំណាចនៃសេចក្ដីស្រលាញ់គឺពិបាកក្នុងការហាមប្រាមការរៀបការរវាង បុរស និងស្ត្រីណាស់ ហើយក៏មិន​ អាចមានការរើសអើងនោះដែរ។ លោកថ្លែងបន្តថា ការរៀបអាពាហ៍ពិពាហ៍នៃកូនរបស់ឥស្សរជននយោបាយនៅ​ កម្ពុជានោះគ្រាន់តែ ការចៃដន្យប៉ុណ្ណោះ ហើយដែលមិនមែនការពង្រឹងអំណាចដូចការចោទប្រកាន់នោះឡើយ៖ «យើង ឃើញថាក្មេងប្រុស និងក្មេងស្រីស្រឡាញ់គ្នា គឺជាការស្រឡាញ់របស់គេ ហើយមិនអាចមានការរើសអើង​ ថាអ្នកនេះជាកូនអ្នកនោះ អ្នកនោះកូនអ្នកនេះ ដែលមកចងក្រងជាមួយគ្នា។ អាហ្នឹងជារឿងចៃដន្យមួយ ដែលយើងមើលឃើញកូនអ្នកធំៗ ដែលជាឥស្សរជនហ្នឹងចងក្រងជាអាពាហ៍ពិពាហ៍ អាហ្នឹងគឺយើង​ ឃើញហើយ។ ប៉ុន្តែមិនមែនបានសេចក្ដីថាអាពាហ៍ពិពាហ៍ជាចំណងនៃការពង្រឹងអំណាច របស់ខ្លួនទេ។ មិនអាចថាអ៊ីចឹងបានទេ អ្នកមានអំណាចនៅតែទទួលទណ្ឌកម្មនៅពេលប្រព្រឹត្តខុស»

ទាក់ទិនទៅនឹងសិល្បៈនៃការរចនាអំណាចតាមរយៈចំណងគ្រួសារ និងបក្សពួកនៅកម្ពុជានេះផងដែរ លោក​ បណ្ឌិត សុខ ទូច សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយបានមានប្រសាសន៍នៅក្នុង វេទិកាអ្នកស្ដាប់វិទ្យុ​ អាស៊ីសេរីកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ នេះ ដោយឲ្យនិយមន័យអំពីពាក្យថា អំណាចមានលក្ខណៈច្រើន ប្រភេទ ក្នុងបរិបទគ្រួសារនិយម ការដឹកនាំ និងការធ្វើជំនួញ៖ «អំណាចជាទី សក្ការ ពីព្រោះអំណាចសម្រាប់​ ទ្រទ្រង់របររកស៊ី ទ្រទ្រង់វង្សត្រកូល ទ្រទ្រង់គំនិតណាមួយ ឧទាហរណ៍អំណាចជាទីសក្ការ មានន័យថា យ៉ាងម៉េច គឺមានន័យថា ប្រសិនបើអំណាចនោះបានទៅដល់ដៃបុរសណាម្នាក់ ដែលគេចង់កែសង្គម វាធ្វើឲ្យសង្គមហ្នឹងរីកចម្រើន ហើយប្រសិនបើអំណាចហ្នឹងបានទៅដល់ដៃអ្នករកស៊ីខុសច្បាប់នោះ វាងាយស្រួល»

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនិយាយថា ចំណងសាច់សាលោហិតរបស់ក្រុមឥស្សរជន​ នយោបាយជាន់ខ្ពស់នោះ គឺជាសក្ដានុពលមួយសម្រាប់ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​ កាន់អំណាចអាចបន្តត្រួតត្រាអំណាចរបស់ខ្លួនបានជា ច្រើនជំនាន់ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសថា លោកនឹងបន្តដឹកនាំរហូតដល់អាយុ៩០ឆ្នាំ៕

Copyright © 1998-2011 Radio Free Asia. All rights reserved.

No comments:

Powered By Blogger