Tuesday, November 1, 2011

ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​រក​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះ​ដី



2011-11-01
ប្រជាពលរដ្ឋ​នៅ​ភូមិ​៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​នេះ បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត ស្វែង​រក​អន្តរាគមន៍​ពី​អភិបាល​ខេត្ត ដើម្បី​សុំ​ពន្យារ​ពេល​ការ​អនុវត្ត​សាលក្រម​រឹប​អូស​ដី​ពី​ប្រជាពលរដ្ឋ​ជាង ១៣០​គ្រួសារ ទៅ​ឲ្យ​អ្នក​ឈ្នះ​ក្ដី​ឈ្មោះ ចាន់ កាំង។
RFA/Mom Sophon
១-វិច្ឆិកា-២០១១៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​៣ សង្កាត់១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត ដើម្បី​ស្វែង​រក​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះ​ដី។
ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា មន្ត្រី​ខេត្ត​មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​របស់​ពួកគាត់​ទេ ហើយ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​លិខិត​ដាក់​ទៅ​កាន់​តុលាការ​វិញ។
ប្រជាពលរដ្ឋ​បាន​ត្រឡប់​ទៅ​លំនៅ​រៀងៗ​ខ្លួន​វិញ បន្ទាប់​ពី​បាន​ជួប​ប្រជុំ​គ្នា​ប្រមាណ ២​ម៉ោង​រួច​មក។
កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​តុលា ឆ្នាំ​២០១១ ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ឈរ​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៤ ​ម្ដង​រួច​មក​ហើយ នៅ​ត្រង់​ចំណុច​មុខ​សាលា​បឋមសិក្សា ហ៊ុន សែន ឃ្លាំង​លើ សង្កាត់​លេខ​មួយ ដើម្បី​ទាមទារ​​ឲ្យ​តុលាការ​ខេត្ត​ព្រះសីហនុ ផ្អាក​សកម្មភាព​ចុះ​អនុវត្ត​សាលក្រម​រឹប​អូស​យក​ដី​របស់​ពួកគាត់ ដែល​តុលាការ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ខាង​មុខ​នេះ៕

No comments:

Powered By Blogger