Friday, September 16, 2011

ADB៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១១​កើន​ដល់ ៦,៨%



2011-09-14
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១១ កើន​ដល់​ចំនួន ៦,៨%។ ការ​ព្យាករណ៍​គឺ​មាន​ការ​កើន​ឡើង​បន្តិច បើ​ប្រៀបធៀប​ការ​ព្យាករ​កាល​ពី​ខែ​មេសា ក្នុង​ឆ្នាំ​២០១១ ដដែល​នេះ ដែល​មាន​ត្រឹម ៦,៥% ប៉ុណ្ណោះ។
RFA/Sok Serey
១៤-កញ្ញា-២០១១៖ អ្នក​ជំនាញ​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​កម្ពុជា លោក ភីតថឺ ប្រឹមប៊ូល (Peter Brimble) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១១ នា​រាជធានី​ភ្នំពេញ។
ការ​ព្យាករ​នេះ​គឺ​ខុស​គ្នា​ទៅ​នឹង​ការ​ប្រកាស​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថ្មីៗ​នេះ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ឆ្នាំ​២០១១ គឺ​មាន​ចំនួន ៦% ប៉ុន្តែ​ការ​ព្យាករ​ថ្មី​មួយ​បាន​អះអាង​ថា គឺ​មាន​ចំនួន ៨,៧%។
អ្នក​ជំនាញ​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​កម្ពុជា លោក ភីតថឺ ប្រឹមប៊ូល (Peter Brimble) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា ប្រទេស​កម្ពុជា ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ក្រៅ​ប្រទេស ៖ «ការ​នាំ​ចេញ​សម្លៀក​បំពាក់​បាន​កើន​ឡើង​ឆាប់​រហ័ស ដែល​មិន​បាន​រំពឹង​ទុក​មុន។ នេះ​ជា​ការ​ជំរុញ​យ៉ាង​ខ្លាំង​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា។ បញ្ហា​កំពុង​តែ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ពេល​នេះ គឺ​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​តម្លៃ​ថ្លៃ​ធ្លាក់​ចុះ​យ៉ាង​យឺតៗ។ រី​ឯ​តម្លៃ​អគ្គិសនី​ឡើង​ខ្ពស់»
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា នឹង​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​រឹងមាំ​សម្រាប់​ឆ្នាំ​២០១១ នេះ ដោយសារ​តែ​ការ​ងើប​ឡើង​វិញ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​កំណើន​អ្នក​ទេសចរណ៍ ព្រមទាំង​ការ​ពង្រីក​នៃ​ផលិតផល​កសិកម្ម​ផ្សេងៗ។
ប៉ុន្តែ​ធនាគារ​នេះ​បាន​បញ្ជាក់​ថា កំណើន​យឺតៗ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​អាច​នឹង​បង្អាក់​សន្ទុះ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១២ ខាង​មុខ។ អតិផរណា​គឺ​រំពឹង​ថា ចំនួន​ជា​មធ្យម ៥,៥% នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២។
លោក សាំង ច័ន្ទហង្ស គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ព្យាករ​នេះ​មិន​ទាន់​អាច​ចាត់​ជា​ផ្លូវការ​បាន​នៅ​ឡើយ​ទេ។
អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក ភីតថឺ ប្រឹមប៊ូល បាន​មាន​ប្រសាសន៍​ថា អ្នក​ជំនាញ​សេដ្ឋកិច្ច​មក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ធនាគារ​ពិភពលោក (World Bank) និង​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្រម​ទាំង​មន្ត្រី​ជំនាញ​មក​ពី​ឧត្ដមក្រុមប្រឹក្សា​ជាតិ​កម្ពុជា នឹង​ជួប​ប្រជុំ​គ្នា​នៅ​ចុង​ឆ្នាំ​២០១១​នេះ ឬ​ដើម​ឆ្នាំ​២០១២ នៅ​ប្រទេស​កម្ពុជា ដើម្បី​វាយ​តម្លៃ​លើ​បរិយាកាស​នៃ​ការ​ធ្វើ​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា៕

No comments:

Powered By Blogger