ដោយ ឡេង ម៉ាលី
2011-11-04
អ្នកច្បាប់អន្តរជាតិពីររូប នៃក្រុមមេធាវីរបស់លោក នួន ជា គឺលោក ម៉ៃឃល ផេសមេន (Michiel Pestman) និងលោក អេនឌ្រូ អ៊ីននូហ្ស៊ី (Andrew Ianuzzi) កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នេះ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ។
លោក អេនឌ្រូ អ៊ីននូហ្ស៊ី ថ្លែងថា វត្តមានរបស់លោកនាពេលនោះគឺធ្វើឡើងតាមការកោះរបស់ព្រះរាជអាជ្ញា សុខ រឿន បន្ទាប់ពីលោកបានដាក់ពាក្យប្ដឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ១១រូប កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១។ លោកបន្តថា នេះមិនមែនជាការបើកសវនាការទេ គឺគ្រាន់តែជាការដាក់ជូនឯកសារគាំទ្រពាក្យបណ្ដឹងរបស់លោកតាមការទាមទាររបស់ព្រះរាជអាជ្ញា ដូចជាឯកសារយោងដែលទាក់ទិនសំណុំរឿង និងបញ្ជីសាក្សី។
កាលពីថ្ងៃទី២៤ ខែតុលា កន្លងមក លោក ម៉ៃឃល ផេសមេន និងលោក អេនឌ្រូ អ៊ីននូហ្ស៊ី បានដាក់ពាក្យបណ្ដឹងផ្ទាល់ខ្លួន ប្ដឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ចំនួន ១០រូប ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ពីបទជ្រៀតជ្រែកការងាររបស់សាលាក្ដីខ្មែរក្រហមក្នុងសំណុំរឿងលេខ ០០៣ និង ០០៤។ នៅបន្ទាប់ពីដាក់ពាក្យ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សុខ រឿន បានចេញដីកាកោះហៅដើមបណ្ដឹងទាំងពីរឲ្យចូលទៅបំភ្លឺដល់អយ្យការអមសាលាដំបូង។
ជំនួបជាមួយព្រះរាជអាជ្ញារងមានរយៈពេលជាង ៤៥នាទីម្នាក់ ក្នុងនោះលោកទាំងពីរបានបន្តស្នើសុំចៅក្រម សូមឲ្យចុះធ្វើការស៊ើបអង្កេតតាមបណ្ដឹងរបស់លោក។ លោកថ្លែងថា លោកនឹងត្រូវរង់ចាំមើលដំណើរការស៊ើបអង្កេតក្នុងរយៈពេល ២ខែ៕
No comments:
Post a Comment