Thursday, January 10, 2013

ក្រុមអ្នកសិទ្ធិមនុស្សនៅរដ្ឋធានីវ៉ាស៊ីនតោនប្រតិកម្មនឹងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន


ក្រុមអ្នកសិទ្ធិមនុស្សនៅរដ្ឋធានីវ៉ាស៊ីនតោនប្រតិកម្ម​​​​នឹងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន
by VOA
សុខ ខេមរា
23 ធ្នូ 2012
វ៉ាស៊ីនតោន៖ ក្រុម​អ្នកជំនាញ​និង​មន្ត្រី​ស..អា​​​បាន​ជួបប្រជុំគ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ជជែក​ពិភាក្សាគ្នា​អំពី​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​ដែល​ត្រូវបាន​រិះគន់​ជា​អន្តរជាតិ។ ពួកគេ​យល់ឃើញថា​សេចក្តីប្រកាស​សិទ្ធិមនុស្ស​នេះ​ផ្តល់​ភាព​​​ស្របច្បាប់​ដល់​រដ្ឋាភិបាល​អាស៊ាន ដែល​រំលោភ​សិទ្ធិមនុស្ស​ជា​​​ជាង​ការពារ​សិទ្ធិ​ពលរដ្ឋ​​​៦០០រយ​លាន​នាក់​ក្នុង​តំបន់​អាស៊ាន។ 

កិច្ចពិភាក្សា​ស៊ី​ជម្រៅ​ជា​បន្តរ​បន្ទាប់​ពីរលើក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​រយៈពេល​​​៣​​​សប្តាហ៍​ចុងក្រោយ​នេះ​មានការ​ចូលរួម ជា​វាគ្មិន​ពី​លោក ដានីញែល ប៊ែ ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​​​ការ​​​បរទេស​ស..អា​ទទួលបន្ទុក​ផ្នែក​ប្រជាធិបតេយ្យ ពលកម្ម និង សិទ្ធិមនុស្ស មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន និង​ក្រុម​អ្នក​តាក់ តែង​គោលនយោបាយ​ក្នុងប្រទេស​អាមេរិក​មួយ​ចំនួន​ដែល​ចូលរួម​ជា​វាគ្មិន។ ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល​មកពី​តំបន់​អាស៊ាន​ក៍បាន​ចូលរួម​ដែរ​តែ​ការ ពិភាក្សា​ទាំងពីរ​លើក មិន​ត្រូវគេ​អនុញ្ញាតិ​ឲ្យ​មាន​ការថត​សំឡេង​និង​ដកស្រង់​សម្តី​មក​ផ្សាយ​នោះទេ។ 

ក្រុម​វាគ្មិន​បានលើកឡើងចំៗពី​បញ្ហា​សិទ្ធិ​ជាច្រើន​ដែល​នាំ​ឲ្យ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​មិន​ស្រប​នឹង​ស្តង់ដា​អន្តរជាតិ​ដូចជា​បញ្ហា​កម្រិត​សិទ្ធិ​ពលរដ្ឋ បញ្ហា​តុល្យភាព​រវាង​សិទ្ធិ​និង​ការទទួលខុសត្រូវ បញ្ហា​សិទ្ធិ​និង​សន្តិសុខ​ជាតិ​របស់​ប្រទេស​អាស៊ាននីមួយៗ បញ្ហា​សិទ្ធិ​និង​វប្បធម៌​និង​សាសនា និង​សីលធម៌​សាធាណៈ​របស់​ប្រទេសនីមួយៗ ដែល​គេ​បាន​និយាយ​ស្រដៀង​គ្នា​ថា​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នេះ​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​អាស៊ាន​យកទៅ​ប្រើប្រាស់​ដើម្បី​កៀបសង្កត់​សិទ្ធិសេរីភាព​ពលរដ្ឋ​របស់ខ្លួន។

លោក យ៉ាប់ យ៉ី សេង (Yap Swee Seng) នាយក​ប្រតិបត្តិ​នៃ​វេទិកា​អាស៊ី​សម្រាប់​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ (Asian Forum for Human Rights and Development) ដែលជា​អង្គការសិទ្ធិមនុស្ស​ក្នុង​តំបន់​មួយ​បាន​ថ្លែងប្រាប់​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា សេចក្តី​​​ប្រកាស​សិទ្ធិមនុស្ស​នេះ​នឹង​ក្លាយជា«គ្រោះថ្នាក់» ហើយនឹង «ផ្តល់​ភាពស្របច្បាប់»ដល់​វិធានការណ៍​​​របស់​រដ្ឋាភិបាល។

«
ដូច្នេះ ឥឡូវនេះ​រដ្ឋាភិបាល​អាស៊ាន​អាចមាន​សំអាងថា​ពួកគេ​ចាត់វិធានការ​ស្របទៅនឹង​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នៅពេលដែល​រដ្ឋាភិបាល​ទាំងនោះ ពិតជា​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​នា​នា។ ដូច្នេះ ខ្ញុំ​គិតថា​ការ​ប៉ះ​ទង្គិច​ដ៏​អវិជ្ជមាន​នឹង​កើតឡើង»

លោក​បាន​ផ្តល់​ឧទាហរណ៍​មួយ​ថា​ពលរដ្ឋ​មាន​កាតព្វកិច្ច​រក្សា​សន្តិភាព​និង​សុវត្ថិភាព​សាធារណៈ ហើយ​ពួកគេ​មិន​អាច​ធ្វើបាតុកម្ម​បាន​ទេ​ឥឡូវ​នេះ។
 
ប្រទេស​អាស៊ាន​ភាគ​ច្រើន​ក្នុង​ចំណោម​១០​ប្រទេស​ត្រូវគេ​ចាត់ទុកថា​មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិន​ល្អ ហើយ​គ្មាន​សេរីភាព​ដែល​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ក្នុង​តំបន់ រួម​ទាំង​ស​..អា .. និង​សហភាព​អ៊ឺរ៉ុប។ ពួកគេ​ព្រួយ​បារម្ភ​ថា​សេចក្តីប្រកាស​នេះ​អាច ត្រូវគេ​ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស រឹត​ត្បិត​សេរីភាព​ពលរដ្ឋ​ ប៉ុន្តែ​មិនមែន​ដើម្បី​ការពារ​និង​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។

លោក​ស៊ូ​ណៃ ផា​ស៊ុ​ក (Sunai Phasuk) អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) របស់​ស..អា  បាន​ចាត់​ទុក​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ថា​ជា​សោកនាដកម្ម​មួយ។ លោក​បាន​ព្រមាន​ថា​អាស៊ាន អាច​រក្សា​បាន​អធិបតេយ្យភាព​ថា​ជា​អង្គការ​គោរព​សិទ្ធិមនុស្ស គិតពី​ផល​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ល្កឹកណា​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​ត្រូវគេកែ​ទម្រង់​ឲ្យ​ប្រសើរ។

«
សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​មិនមែន​ជា​ឯកសារ​ដែល​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​បន្ថែម​ទេ តែ​វា​ជា​ឯកសារ​ដែល​អនុញ្ញាតិ​ឲ្យ​សមាជិក​អាស៊ាន​មិន​គោរព​សិទ្ធិមនុស្ស។ ដូច្នេះ​មានតែ​ផ្លូវ​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​អាស៊ាន​មាន​កេរ្តិ៍ឈ្មោះ ហើយ​បើ​ចង់​ឲ្យ​គេ​ហៅ​ខ្លួន​ថា​ជា​ក្រុម​គោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់ នោះ​គឺ ត្រូវការ​សរសេរ​ឡើងវិញ​នូវ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​របស់ខ្លួន»

នៅក្នុង​សុន្ទរកថា​មួយ​មុន​នឹង​បើក​ការ​ជជែក​ពិភាក្សា​អំពី​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​លោក​អញ្ជើញ​ចូលរួម លោក​ឧបការី​រង​រដ្ឋមន្ត្រី ដា​នី​ញែ​ល ប៊ែ នៃ​ក្រសួង​ការបរទេស​ស..អា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ខកចិត្ត​និង​បារម្ភ​អំពី​ការ​តាក់តែង​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​មនុស្ស​ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៨​វិច្ឆិកា។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​សម្អាង​ថា​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សិទ្ធិ​និង​សេរី​ភាព​ជា​សកល។ លោក​មាន​ប្រសាសន៍​ដែរ​ថា៖

«
សមាគម​អាស៊ាន ក្នុង​ថានៈ​ជា​សមាគម​រួម​គ្នា​ដ៍​ខ្លាំង​មួយ ជា​រដ្ឋាភិបាល​ប្រកប​ដោយ​ការ​ជឿ​ទុកចិត្ត​នោះ គ្មានអ្វី​ត្រូវ​ភ័យខ្លាច​ពី​ការ​អនុញ្ញា​ត្តិ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​សេរីភាព​និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន របស់​ពួកគេ​ដោយ​សេរី​នោះ​ទេ។ អាស៊ាន​អាច​ធ្វើ​បាន​និង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ» 

ដោយ​បាន​ការពារ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស លោក រ៉ា​ហ្វែនឌី ឌី​ចាម៉ីន (Rafendi Djamin) អ្នក​តំណាង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាន​ចូលរួម​តាក់តែង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ក្នុង​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​នៃ​សិទ្ធិមនុស្ស​អាស៊ាន(អៃ​ចា)ថ្លែង​ថា៖ 

«
នេះ​គឺជា​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស។ ដោយសារតែ​ជា​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស វា​ជា​រឿង​សាមញ្ញ​ពេក​ក្នុង​ការ​និយាយ​ថា​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន គ្រាន់តែ​ការពារ​រដ្ឋាភិបាល​អាស៊ាន។ ការ​ពិត​គឺ​ថា​បញ្ហា​វិបត្តិ​សង្គម​សេដ្ឋកិច្ច សឹងតែ​គ្រប់​រឿង​រ៉ាវ រួម​ទាំង​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ កំពុង​ក្លាយជា​ការ​ប្តេជ្ញាចិត្ត​​របស់​អាស៊ាន​រួច​ទៅ​ហើយ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ក្នុង​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន។ រឿង​នេះ​គួរតែ​ត្រូវ​បាន​អនុវត្ត»

ស្រដៀង​គ្នា​នេះ​ដែរ ថ្លែង​ប្រាប់​វី​អូ​អេ​ក្រោយ​ពី​កិច្ចពិភាក្សា​ចុង​ក្រោយ​មួយ លោកស្រី គ្រីស្ទីណា សឺណា (Christina Cerna) សាស្ត្រាចា​រ្យ​មួយរូប​នៃ​សកលវិទ្យា​ល័យ ច​ច​ថោ​ន ( Georgetown) បាន​គាំទ្រ​ចំពោះ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​ដោយ​ចាត់ ទុក​ថា​សេចក្តីប្រកាស​នេះ​គឺជា​ឧបករណ៍​រួមមួយ​ដែល​ផ្តល់​សិទ្ធិ​ជាច្រើន ដល់​ពលរដ្ឋ អាស៊ាន​រួមទាំង​សិទ្ធិ​ជន​ស៊ីវិល​និង​នយោបាយ សិទ្ធិ​វប្ប​ធ​ម៍​និង សេដ្ឋកិច្ចសង្គម សិទ្ធិ​ក្នុងការ​អភិវឌ្ឍ និង​សិទ្ធិ​មាន​សុខសន្តិភាព​ជាដើម។

«
ដូច្នេះ​សេចក្តី​ប្រកាស​នេះ បាន​ក្លាយជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា។ ហើយ​ខ្ញុំ​គិត​ថា សម្រាប់​​​មនុស្ស​ជា​ច្រើន​ កិច្ចការ​ឥតខ្ចោះ​គឺជា​សត្រូវ​នៃ​កិច្ចការ​ដ៍​ល្អ ទោះជា​សេចក្តីប្រកាស​នេះ​មិនមាន​ភាព​ឥតខ្ចោះ​ក៏​ដោយ ក៏​វា​ជា​រឿង​រំភើប​ណាស់​ហើយ​ៗ​វា​ជា​ជំហ៊ាន​ទៅ​មុខ​ដ៍​អស្ចារ្យ​ដែរ»

លោកស្រី គ្រីស្ទីណា សឺណា បាន​ផ្តល់​ទំនុកចិត្ត​ដល់​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​គណៈកម្មការ​ អន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស និង​រដ្ឋាភិបាល​អាស៊ាន​ចាប់អារម្មណ៍ ហើយ​កែលំអ​សេចក្តី​ប្រកាស​សិ​ទ្ធិ​មនុស្ស​អាស៊ាន​នេះ។

«
ដូច​ខ្ញុំ​បាន​និយាយ​គឺ​ខ្ញុំ​គិតថា​ក្តីបារម្ភ​ចម្បង​នៃ​សង្គម​ស៊ីវិល​ឥឡូវនេះ​គួរតែ​ដឹង​ពី វិធី​ដាក់ពាក្យ​ប្តឹងទៅ​អៃ​ចា ធ្វើ​អ្វីមួយ​អំពី​រឿង​ទាំងនេះ ហើយ​បង្កើត​ឲ្យ​មានយន្ត ការណ៍​ការពារ។ សេចក្តីប្រកាស​នេះ​គឺ​គ្រាន់តែ​ជា​ក្រដាស​ទេ ល្កឹ​កណា​គ្មាន យន្តការ​ការពារ វា​គ្មាន​ន័យ​ទេ។ ហើយ​វា​ស្រេច​តែ​អង្គការ​សង្គម​ស៊ីវិល​និង ជនរងគ្រោះ​ដែល​ត្រូវ​រំលោភបំពាន​ក្នុង​ការនាំ​បទល្មើស​ឲ្យ​មានការ​ចាប់អារម្មណ៍ ពី​អៃ​ចា​តែប៉ុណ្ណោះ»

ក្រុម​មន្ត្រី​អាស៊ាន​បាន​អះអាង​ថា​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ជា​សេចក្តី​ប្រកាស​ដែលមាន​បទដ្ឋាន​អន្តរជាតិ​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​ជា​សាកល។

ទោះជា​យ៉ាងណា​ក៍ដោយ​លោករ៉ូប៊ឺត ហឺមែន (Robert Herman) នាយករង​នៃ​កម្មវិធី​តំបន់ របស់​អង្គការ​ហ្វ្រីដឹម​ហៅស៍ (Freedom House) ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយ​មាន​មូលដ្ឋាន​នៅ​ស..អា​ បាន​ថ្លែង​ប្រាប់​វី​អូ​អេ​ថា​សេចក្តី​ប្រកាស​នេះ​មិន​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​ទេ​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​អាស៊ាន​បកស្រាយ​ដើម្បី​រឹត​ត្បិត​អ្នក​នយោបាយ សង្គម​ស៊ីវិល និង​ពលរដ្ឋ​របស់​ខ្លួន​នៅពេល​សម្តែង​មតិ​ជំទាស់។ 

«
ដូច្នេះ ខ្ញុំ​គិតថា នេះ​ជា​ផ្លូវ​គ្រោះថ្នាក់​ណាស់។ ដូច​អស់លោក​ដឹង​ហើយ​ថា សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​នេះ​ជា​ឯកសារ​មាន​ជីវិត​មួយ។ដូច្នេះ​ខ្ញុំ​គិតថា​នឹងមាន​ការបន្ត​ជំរុញ និង​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម​ស៊ីវិល​នានា​ក្នុង​ការ​ពង្រឹង ប្រើប្រាស់​និង​ធ្វើ​ឲ្យ​ឯកសារ​កាន់​តែ​ប្រសើរ​ឡើង»

មាន​សិទ្ធិ​មួយ​ចំនួន​ដែល​ក្រុម​ប្រទេស​អាស៊ាន​មិន​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស ដូចជា​សិទ្ធិ​ជួប​ប្រជុំ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច នឹង​សិទ្ធិ​ខាង​ផ្នែក​យែនឌ័រ​ជាដើម។ ក្រៅពី​ទទូច​ដល់​ពលរដ្ឋអាស៊ាន​ផង​នោះ ក្រុម​អ្នក​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​នឹង​អន្តរជាតិ​ថ្លែង​ថា​ពួកគេ​នឹង​ប្រើប្រាស់​សេចក្តីប្រកាស​សិទ្ធិមនុស្ស​ជា​សាកល និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំនួស​វិញ។
 
ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​ មាន​តែ​ប្រទេស​ឥណ្ឌូនេស៊ី​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អង្គការ ហ្វ្រីដឹម ហៅស៍ ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​សេរីភាព​នៅ​ឆ្នាំ២០១២៕

No comments:

Powered By Blogger